ប្រធានគណៈប្រតិភូខាងភាគីកម្ពុជា លោក ហោ ណាំហុង មានប្រតិកម្មភ្លាមៗក្រោយការឡើងបកស្រាយរបស់ភាគីថៃថា ថៃចេះតែបកស្រាយដោយគ្មានមូលដ្ឋានត្រឹមត្រូវ។
នៅថ្ងៃទីពីរនៃសវនាការផ្ទាល់មាត់នៅក្រុងឡាអេ នេះ លោក វិរ៉ាឆៃ ផ្លាសៃ (Virachai Plasai) ដែលជាឯកអគ្គរាជទូតថៃ ប្រចាំប្រទេសហូល្លង់ដ៍ និងជាតំណាងរបស់រាជរដ្ឋាភិបាលប្រទេសថៃ បានថ្លែងនៅចំពោះមុខអង្គតុលាការនៃក្រុងឡាអេ ថា អនាគតរបស់ប្រទេសកម្ពុជា និងប្រទេសថៃ មានទំនាក់ទំនងនឹងគ្នាទៅវិញទៅមក។ លោកបញ្ជាក់ថា ព្រំដែនមិនមែនធ្វើឡើងដើម្បីបំបែកជាតិពីរទេ តែជាការផ្ដល់ឱកាសអោយមានកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដែលផ្ដល់ផលប្រយោជន៍អោយគ្នាទៅវិញទៅមក។
ទន្ទឹមនឹងនេះដែរ លោក វិរ៉ាឆៃ ផ្លាសៃ បានចោទថា សំណើសុំអោយតុលាការបកស្រាយសាលក្រមឆ្នាំ១៩៦២ របស់កម្ពុជា ជាការរំលោភនីតិវិធីរបស់តុលាការ។ លោកលើកហេតុផលថា សាលក្រមឆ្នាំ១៩៦២ នោះ ជាសាលក្រមមួយច្បាស់លាស់ណាស់ទៅហើយ ហើយកម្ពុជា ក៏ទទួលយកដោយសុខស្រួលនៅពេលនោះ មិនគួរណាឡើយ ៥០ឆ្នាំក្រោយមក កម្ពុជាបែរជាមកប្តឹងអោយមានការបកស្រាយជាថ្មីនោះទេ។
មានប្រតិកម្មតបទៅថៃ វិញនេះ លោក ហោ ណាំហុង ប្រាប់វិទ្យុអាស៊ីសេរី ថា អ្វីដែលភាគីថៃ លើកឡើងនោះ គឺជាការដោះសាមួយដែលមិនត្រូវតាមច្បាប់៖ «ការបកស្រាយរបស់ថៃ ជាការបកស្រាយរបៀបទាល់ច្រក ចេះតែរកលេសផ្សេងៗ ខុសពីការពិត។ គេយកផែនទីច្រើនយកមកលើកសំអាងតែខុសពីផែនទីដែលតុលាការផ្អែកលើនៅឆ្នាំ១៩៦២ ដើម្បីចេញសាលក្រមឆ្នាំ១៩៦២។ គេផ្អែកលើមូលហេតុផ្សេងៗដែលមិនទាក់ទងនឹងផ្លូវច្បាប់»។
បន្ទាប់ពីការថ្លែងបើករបស់លោក វិរ៉ាឆៃ ផ្លាសៃ មក មេធាវីរបស់ប្រទេសថៃ ចំនួន ៥នាក់ បានឡើងបកស្រាយម្ដងម្នាក់។ លោកមេធាវី ដូណល់ ម៉ាករេយ (Mr. Donald McRay) ដែលបានឡើងថ្លែងមុនគេ បញ្ជាក់បន្ថែមថា អ្វីដែលកម្ពុជា ចង់បាននោះ គឺជាការប៉ុនប៉ងកែប្រែសាលដីកាឆ្នាំ១៩៦២ ដើម្បីចង់បានការសម្រេចចិត្តមួយដែលតុលាការនេះបានបដិសេធកាលពីឆ្នាំ១៩៦២។
លោកជម្រាបអង្គតុលាការថា តុលាការក្រុងឡាអេ កាលពីឆ្នាំ១៩៦២ មិនបានកំណត់ថា ខ្សែបន្ទាត់ព្រំដែនដែលមាននៅលើផែនទីក្នុងឧបសម្ពន្ធ១នោះ ថាជាព្រំដែននៃប្រទេសកម្ពុជា និងថៃទេ។ លោកអះអាងថា តុលាការបាននិយាយចំណុចនេះច្បាស់ណាស់។ លោកបន្តថា ប្រសិនបើតុលាការក្រុងឡាអេ នេះ បានបដិសេធសំណូមពររបស់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៦២ ម្ដងរួចទៅហើយនោះ នៅពេលនេះតុលាការក៏មិនអាចបកស្រាយបានដែរ។
លោក ហោ ណាំហុង ប្រធានប្រតិភូរបស់កម្ពុជា ក៏មានប្រតិកម្មតបទៅភាគីថៃ វិញលើចំណុចនេះដែរ៖
ជុន ច័ន្ទបុត្រ៖ ចុះអ្វីដែលថៃ និយាយថា ការដែលសុំអោយបកស្រាយនេះមិនកើតទេ ពីព្រោះថាតុលាការកាលពីឆ្នាំ១៩៦២ បដិសេធម្ដងហើយនោះ អាហ្នឹងយ៉ាងម៉េចដែរឯកឧត្តម?
ហោ ណាំហុង៖ កាលណោះ កាលឆ្នាំ១៩៦២ យើងបានសុំអោយតុលាការបកស្រាយរឿងបញ្ហាព្រំដែន។ ប៉ុន្តែយើងបានលើកនៅចុងក្រោយនាទី អ៊ីចឹងហើយបានតុលាការឆ្លើយថា គ្មានពេលដោះស្រាយបញ្ហានេះទេ មិនមែនមានន័យថា ទាត់ចោលនោះទេ។ ដោយសារយើងលើកយឺតពេក តុលាការគ្មានពេលដោះស្រាយ។ ប៉ុន្តែបញ្ហាយើងលើកពេលនេះ មិនមែនបញ្ហាព្រំដែនទេ តែបញ្ហាបកស្រាយសាលក្រមឆ្នាំ១៩៦២។ ថៃទាមទារដី ៤,៦គីឡូម៉ែត្រការ៉េ មិនមែនយើងអ្នកទាមទារទេ ថៃអ្នកទាមទារ ហើយចំពោះយើងតាមផែនទីឧបសម្ពន្ធ១ គឺតំបន់ ៤,៦ ស្ថិតនៅក្នុងតំបន់ជុំវិញតំបន់ប្រាសាទព្រះវិហារ ដែលតុលាការបានកំណត់នៅឆ្នាំ១៩៦២។
ក្នុងការបកស្រាយនៅថ្ងៃនេះ ភាគីថៃ ព្យាយាមប្រាប់អង្គតុលាការថា រឿងក្ដីនេះចប់ហើយ តុលាការមិនត្រូវបកស្រាយអ្វីទេ។ ជាងនេះទៅទៀត ក្រុមមេធាវីរបស់ថៃ ថែមទាំងលើកឡើងថា សវនាការពេលនេះធ្វើឡើងនាំអោយតែខាតពេលឥតប្រយោជន៍តែប៉ុណ្ណោះ។
ក្រោយស្ដាប់ការបកស្រាយពេញមួយថ្ងៃមក លោក ហោ ណាំហុង បានប្រាប់វិទ្យុអាស៊ីសេរី ថា ភាគីថៃ និយាយមិនបានការ៖
ជុន ច័ន្ទបុត្រ៖ ឯកឧត្តម ពីខាងអាស៊ីសេរី សុំមួយម៉ាត់ទៀត។ បន្ទាប់បានស្ដាប់ខាងភាគីថៃ និយាយពេញមួយថ្ងៃនេះមកហើយ ឯកឧត្ដមគិតថា ចំណុចរបស់គេយ៉ាងម៉េចដែរ ឯកឧត្តម?
ហោ ណាំហុង៖ ថៃគេឆ្លើយដដែលៗ តែប៉ុណ្ណឹង។ រួចស្អែក (១៨ មេសា) នេះ យើងនឹងឆ្លើយហើយ។
ជុន ច័ន្ទបុត្រ៖ យើងមានចំនុចខ្លាំង ដែលអាចឆ្លើយទប់ទៅគេវិញយ៉ាងណាដែរ ស្អែកនេះ?
ហោ ណាំហុង៖ ចំណុចខ្លាំងយើង គឺត្រង់ថា សាលក្រមឆ្នាំ១៩៦២ ផ្អែកជាដាច់ខាតជាមូលដ្ឋានជាបឋមលើផែនទីឧបសម្ពន្ធ១ ដើម្បីកំណត់តំបន់ជុំវិញព្រំដែន ដែលថៃត្រូវដកទ័ព។ ដូច្នេះយើងត្រូវផ្អែកលើផែនទីឧបសម្ពន្ធ១នេះ ពីព្រោះយើងចោទសួរថា តើតំបន់វិញព្រំដែននៅឯណា? នេះជាសំណួរមួយ។ ដូច្នេះតំបន់ជុំវិញព្រះវិហារ ផ្អែកលើផែនទីឧបសម្ពន្ធ១នេះ។
នៅថ្ងៃព្រហស្បតិ៍ ទី១៨ មេសា នេះ ភាគីខ្មែរនឹងឆ្លើយតបវិញជាចុងក្រោយ ហើយនៅថ្ងៃបន្ទាប់ គឺថ្ងៃសុក្រទី ១៩ ភាគីថៃ ក៏នឹងមានឱកាសឡើងបង្ហាញជាចុងក្រោយដែរ។ តុលាការពិភពលោកនេះនឹងចេញសេចក្ដីសម្រេចមួយនៅខែកញ្ញា ឬ តុលា ចុងឆ្នាំនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។