តើការឡើងកាន់តំណែងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃមានលក្ខណៈខុសគ្នាយ៉ាងណា?
2023.08.24

កម្ពុជា និងថៃដែលជាប្រទេសមានព្រំប្រទល់ជាប់គ្នាមាននាយករដ្ឋមន្ត្រីថ្មីក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី២២ សីហា។ សម្រាប់កម្ពុជា នាយករដ្ឋមន្ត្រីថ្មីគឺ កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត ពីគណបក្សប្រជាជនកម្ពុជា។ រីឯប្រទេសថៃវិញ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ដែលជាអ្នកជំនួញស្តុកស្ដម្ភ មកពីគណបក្សភឿថៃ។ តើការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំប្រទេសទាំងពីរនេះមានលក្ខណៈខុស និងដូចគ្នាយ៉ាងណាខ្លះ?
ប្រទេសថៃបានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ ដោយមានគណបក្សនយោបាយចំនួន៦៧ ចូលរួមប្រកួតប្រជែង។ លទ្ធផលបោះឆ្នោតបង្ហាញថា មានគណបក្សចំនួន ១៨ឈ្នះបានអាសនៈក្នុងរដ្ឋសភា។ ក្នុងនោះមានគណបក្សចំនួន ២ប៉ុណ្ណោះ ដែលឈ្នះបានអាសនៈសភាច្រើនជាងគេ គឺគណបក្សកាវក្លៃ ដែលមានន័យថា គណបក្សឆ្ពោះទៅមុខ (Move Forward Party) របស់ក្រុមយុវជនស្រឡាញ់ប្រជាធិបតេយ្យ ដែលទទួលបាន ១៥១អាសនៈ ក្នុងចំណោមអាសនៈសភាសរុប៥០០ និងគណបក្សភឿថៃ (Pheu Thai) ដែលមានន័យថា គណបក្សដើម្បីថៃ ដែលមានកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវាត់ ជាថ្នាក់ដឹកនាំមួយរូប ទទួលបានអាសនៈសភាច្រើនលំដាប់លេខ២ គឺចំនួន ១៤១អាសនៈ។ ប៉ុន្តែគណបក្សកាវក្លៃ ពុំមានឱកាសឡើងដឹកនាំរដ្ឋាភិបាលនោះទេ ដោយសារសមាជិកសភា និងព្រឹទ្ធសភាដែលមួយចំនួនជាក្រុមអភិរក្សនិយម ដែលកើតចេញ ឬគាំទ្រដោយក្រុមមេដឹកនាំយោធារដ្ឋប្រហារ មិនបោះឆ្នោតផ្ដល់ទំនុកចិត្ត។
ប្រការនេះជាឱកាសរបស់គណបក្សភឿថៃ ដែលឈ្នះឆ្នោតលំដាប់លេខ២ បង្កើតរដ្ឋាភិបាលវិញម្ដង។ នៅថ្ងៃទី២២ សីហា សមាជិករដ្ឋសភា និងព្រឹទ្ធសភាថៃ បានបើកកិច្ចប្រជុំរួម ជជែកសួរដេញដោលគ្នាជាច្រើនម៉ោង ដែលមានបេក្ខជននាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន ឡើងថ្លែងទៅកាន់ប្រជាជាតិថៃអំពីគោលនយោបាយ ទស្សនវិស័យរបស់បក្សភឿថៃ និងការប្ដេជ្ញារបស់លោកក្នុងការបម្រើប្រទេសជាតិឱ្យបានរុងរឿង។ លោកក៏ត្រូវសមាជិកសភាពិនិត្យពិច័យសុពលភាពជានាយករដ្ឋមន្ត្រីរបស់លោកដែរ មុននឹងឈានដល់សភាបោះឆ្នោតផ្ដល់ទំនុកចិត្តឱ្យធ្វើជានាយករដ្ឋមន្ត្រី ដោយសំឡេង៣៧៦ ក្នុងចំណោមសមាជិករដ្ឋសភា ៧៥០នាក់។
ភ្លាមៗក្រោយសភាផ្ដល់ទំនុកចិត្តនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក សេដ្ឋា ថាវីស៊ីន បានធ្វើសន្និសីទសារព៌តមាន នៅចំពោះមុខប្រជាពលរដ្ឋថៃរាប់ពាន់នាក់នៅទីក្រុងបាងកកថា លោកនឹងបំពេញការងារឱ្យអស់ពីលទ្ធភាព ដើម្បីផលប្រយោជន៍ជាតិ។
លោក សេដ្ឋា ថាវីស៊ីន៖ «ខ្ញុំសុំថ្លែងអំណរគុណដល់ប្រជាពលរដ្ឋថៃទាំងគណបក្សរួមរដ្ឋាភិបាល សមាជិកសភាដ៏មានកិត្តិយស ឯកឧត្ដមសមាជិកព្រឹទ្ធសភា ដែលចូលរួមបោះឆ្នោតក្នុងថ្ងៃនេះ។ ខ្ញុំនឹងព្យាយាមបំពេញតួនាទីឱ្យល្អបំផុត ឬបំភ្លេចការនឿយហត់ ដើម្បីលើកកម្ពស់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋថៃគ្រប់គ្នាបាទ។ អរគុណបាទ!»។
គណៈរដ្ឋមន្ត្រីថៃថ្មី នឹងកើតចេញពីរដ្ឋាភិបាលចម្រុះ ដែលមានគណបក្សនយោបាយចំនួន១១ គណបក្សចូលរួម។ នាយករដ្ឋមន្ត្រីថៃដែលចេញពីគណបក្សភឿថៃ នឹងបង្កើតគណៈរដ្ឋមន្ត្រីថ្មីនេះ ក្រោយពេលលោក សេដ្ឋា ថាវីស៊ីន ចូលគល់ព្រះមហាក្សត្រថៃនៅថ្ងៃទី២៣ សីហា។
អ្នកតាមដានស្ថានការណ៍សង្គម លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា នាយករដ្ឋមន្ត្រីថៃដែលទើបតែងតាំងថ្មី កើតចេញពីការបោះឆ្នោតស្របច្បាប់ មានការប្រកួតប្រជែងតាមគន្លងប្រជាធិបតេយ្យដែលអាចទទួលយកបាន។ បន្ថែមពីនេះលោកថា នាយករដ្ឋមន្ត្រីថ្មីនេះជាមនុស្សមានចំណេះដឹង មានគុណធម៌ ដែលជាធនធានមនុស្សដ៏កម្រមួយ ដែលអាចនឹងជួយជំរុញឱ្យប្រទេសថៃមានប្រជាធិបតេយ្យពេញលេញ និងមានការអភិវឌ្ឍរីកចំរើនទៅមុខ។
លោក ឌី ថេហូយ៉ា៖ «បើមើលទៅថៃគេចំណេញណាស់ ទោះបីអ្នកណាឡើងមក ក៏គេនៅតែចំណេញដែរ។ ចំណេញយ៉ាងម៉េច មនុស្សគេមានគុណភាពមានគុណធម៌ ហើយគេមិនបានប្រើប្រាស់ហិង្សាចំពោះអ្នកដែលមើលឃើញផ្ទុយពីខ្លួនឯងនឹងទេ ឃើញថា អាហ្នឹងវាជាចំណុចសំខាន់ក្នុងរបបប្រជាធិបតេយ្យ។ ទី១ គុណសម្បត្តិរបស់មនុស្សដែលដឹកនាំប្រទេសនឹងគេខ្លាំងខាងផ្នែកសេដ្ឋកិច្ចគេមានគុណធម៌។ ទី៣ គឺ គោលនយោបាយរបស់គេនឹងគឺវាល្អក្នុងការកសាងជាតិ ជាពិសេសគឺ គោលនយោបាយបង្កើននឹងស្ដារសេដ្ឋកិច្ច គោលនយោបាយកំណែទម្រង់ការដឹកនាំរដ្ឋអីៗផ្សេងៗ ជាដើមនឹង»។
ងាកមកមើលកម្ពុជាវិញម្ដង។ កម្ពុជាមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែរ ក៏ប៉ុន្តែការបោះឆ្នោតនេះត្រូវបានសហគមន៍ជាតិ និងអន្តរជាតិចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ ដោយសារស្ថាប័នបោះឆ្នោតស្ថិតក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាចផាត់ចោលគណបក្សភ្លើងទៀនមិនឱ្យចូលរួមប្រកួតប្រជែង។ លទ្ធផលការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៣ កក្កដា បង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ទទួលបានអាសនៈ១២០ និងគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ទទួលបាន ៥អាសនៈ។ នៅថ្ងៃទី២២ សីហា ពោលគឺ ១ខែក្រោយពេលការបោះឆ្នោតរដ្ឋសភានីតិកាលទី៧ បានបើកសម័យប្រជុំលើកទី១ និងបានបោះឆ្នោតជាកញ្ចប់ដោយគ្មានការសួរដេញដោលអ្វីឡើយ សូម្បីតែការសួរដេញដោល និងការពិនិត្យសុពលភាពរបស់បេក្ខជនសមាជិកសភាម្នាក់ៗ ដូចមានចែងកំណត់ក្នុងមាត្រា៨២ នៃរដ្ឋធម្មនុញ្ញ ក៏មិនត្រូវបានធ្វើឡើងដែរ។ ដោយមិនខ្វល់ពីនីតិវិធីនេះ រដ្ឋសភាក៏បានបោះឆ្នោតផ្ដល់ទំនុកចិត្តដល់គណៈរដ្ឋមន្ត្រីថ្មី ដែលមានលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី ដោយសំឡេងឆ្នោត ១២៣រូប ក្នុងចំណោមសមាជិកសភាសរុប ១២៥រូប។
ផ្ទុយពីរដ្ឋាភិបាលថៃថ្មី ដែលជារដ្ឋាភិបាលចម្រុះកើតចេញពីគណបក្សចំនួន១១ ដែលបង្ហាញពីពហុបក្សនៃសម្លេងចម្រុះ គណៈរដ្ឋមន្ត្រីកម្ពុជាថ្មី ជារដ្ឋាភិបាលឯកបក្ស ដែលមានឧបនាយករដ្ឋមន្ត្រី ១០រូប និងទេសរដ្ឋមន្ត្រី ២១រូប និងរដ្ឋមន្ត្រី ៣០រូបទៀត ដែលសុទ្ធតែជាកូនចៅ និងសាច់ញាតិរបស់មន្ត្រីកំពូលៗ នៃគណបក្សប្រជាជនកម្ពុជា។ ក្នុងនោះមានជាអាទិ៍ ក្មួយប្រសារបស់លោក ហ៊ុន សែន គឺលោក នេត សាវឿន ជាឧបនាយករដ្ឋមន្ត្រី កូនរបស់លោក ស ខេង គឺ លោក ស សុខា ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកូនរបស់លោក ទៀ បាញ់ គឺលោក ទៀ សីហា ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិជាដើម។
ភ្លាមៗក្រោយសភាផ្ដល់ទំនុកចិត្ត នាយករដ្ឋមន្ត្រីដែលបន្តវេនពីឪពុកគឺលោក ហ៊ុន ម៉ាណែត បានឡើងប្ដេជ្ញាចិត្តនៅចំពោះមុខសមាជិកសភាដោយចាត់ទុកក្រុមបក្សប្រឆាំង និងអ្នកមានដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាលរបស់លោកថា ជាក្រុមអគតិ និងជាអ្នកដែលបំផ្លាញប្រជាធិបតេយ្យទៅវិញ។ គេពុំឮលោកលើកឡើងពីបញ្ហាផ្សះផ្សាជាតិ និងវិធានការដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស ដែលពលរដ្ឋកម្ពុជាតូចតាចកំពុងជួបប្រទះនោះទេ។
លោក ហ៊ុន ម៉ាណែត៖ «ហើយក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការបដិសេធយ៉ាងដាច់អហង្ការពីសំណាក់ប្រជាពលរដ្ឋដ៏ច្រើនលើសលុបចំពោះទង្វើអគតិរបស់ក្រុមជនមួយចំនួន ដែលបានខិតខំទាក់ទាញប្រជាជាតិកម្ពុជា ឱ្យចាកចេញពីគន្លងនៃមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយញុះញង់អុចអាលបំផុសប្រជាពលរដ្ឋឱ្យលង់ទៅនឹងមហិច្ឆតាផ្ទាល់ខ្លួនរបស់ពួកគេ ដែលបង្គាប់ទៅដោយពិសពុល និងគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិ»។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា នាយករដ្ឋមន្ត្រីក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយហិង្សានិយមបែបនេះ ដោយសារកើតចេញពីការបោះឆ្នោតបង្គ្រប់កិច្ច ដែលអាចនឹងធ្វើឱ្យពលរដ្ឋទឹកភ្នែក និងមិនអាចជួយស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញបានឡើយ។
លោក គឹម សុខ៖ «គឺជារដ្ឋាភិបាល ដែលកើតមកបង្កើនបន្ទុកឱ្យប្រជាពលរដ្ឋចិញ្ចឹម មិនមែនកើតមក ដើម្បីចិញ្ចឹមប្រជាពលរដ្ឋទេ ហើយខួរខ្សោយនៅត្រង់ថា កើតមានគឺគំរាមកំហែងធ្វើសង្គ្រាមជាមួយខ្មែរភាគីផ្សេងៗ ទៀត ដោយប្រើពាក្យសុទ្ធតែអគតិ គឺមិនយល់អំពីរបៀបដឹកនាំប្រទេស។ ដូច្នេះ រដ្ឋាភិបាលនៅប្រទេសកម្ពុជាយើងគឺ រដ្ឋាភិបាលខុសច្បាប់កើតបញ្ច្រាសជើងក្បាលធំខួរខ្សោយ និងមានរាងកាយសំបូរដោយឧក្រិដ្ឋជន»។
អ្នកតាមដានស្ថានការណ៍សង្គម និងអ្នកវិភាគមើលឃើញថា នាយករដ្ឋមន្ត្រីថ្មីវាងកម្ពុជា និងថៃ មានលក្ខណៈខុសគ្នាដាច់ស្រឡះ ទាំងផ្នែកផ្សះផ្សាបង្រួបបង្រួមជាតិ និងការស្ដារសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។ ពួកគេជឿថា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បើនៅបន្តធ្វើតាមគោលនយោបាយឪពុកគាត់ ជាអ្នកបំផ្លាញសិទ្ធិមនុស្ស និងប្រជាធិបតេយ្យពហុបក្សនោះ ជីវភាពរបស់ពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូលនឹងនៅធ្លាក់ស្រុតចុះកាន់តែខ្លាំងជាងពេលបច្ចុប្បន្ន ដោយសារតែសហគមន៍អន្តរជាតិនឹងបន្តកាត់ជំនួយ និងប្រព័ន្ធអនុគ្រោះពន្ធមកលើកម្ពុជា។ ចំណែកនាយករដ្ឋមន្ត្រីថៃវិញដែលទំនងជាមេដឹកនាំផ្សះផ្សាជាតិ និងជាអ្នកជំនួញជោគជ័យម្នាក់នោះ នឹងអាចអូសទាញក្រុមវិនិយោគអន្តរជាតិទៅបណ្ដាក់ទុនក្នុងប្រទេសមួយនេះកាន់តែច្រើន ដែលនឹងធ្វើឱ្យពលរដ្ឋថៃរស់នៅក្នុងជីវភាពល្អប្រសើរជាងបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។