តើ​ការ​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ថៃ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាងណា?

កម្ពុជា និង​ថៃ​ដែល​ជា​ប្រទេស​មាន​ព្រំប្រទល់​ជាប់​គ្នា​មាន​នាយករដ្ឋមន្ត្រី​ថ្មី​ក្នុង​ថ្ងៃ​តែមួយ កាលពី​ថ្ងៃទី​២២ សីហា។ សម្រាប់​កម្ពុជា នាយករដ្ឋមន្ត្រី​ថ្មី​គឺ កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត ពី​គណបក្ស​ប្រជាជន​កម្ពុជា។ រីឯ​ប្រទេស​ថៃ​វិញ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ដែល​ជា​អ្នកជំនួញ​ស្តុកស្ដម្ភ មកពី​គណបក្ស​ភឿ​ថៃ។ តើ​ការ​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស​ទាំងពីរ​នេះ​មាន​លក្ខណៈ​ខុស និង​ដូចគ្នា​យ៉ាងណា​ខ្លះ?

ប្រទេស​ថៃ​បាន​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​កាលពី​ថ្ងៃទី​១៤ ខែឧសភា​កន្លងទៅ ដោយមាន​គណបក្ស​នយោបាយ​ចំនួន​៦៧ ចូលរួម​ប្រកួតប្រជែង។ លទ្ធផល​បោះឆ្នោត​បង្ហាញ​ថា មាន​គណបក្ស​ចំនួន ១៨​ឈ្នះ​បាន​អាសនៈ​ក្នុង​រដ្ឋសភា​។ ក្នុង​នោះ​មាន​គណបក្ស​ចំនួន ​២​ប៉ុណ្ណោះ​ ដែល​ឈ្នះ​បាន​អាសនៈ​សភា​ច្រើន​ជាងគេ គឺ​គណបក្ស​កាវក្លៃ ដែល​មាន​ន័យថា គណបក្ស​ឆ្ពោះ​ទៅមុខ (Move Forward Party) របស់​ក្រុម​យុវជន​ស្រឡាញ់​ប្រជាធិបតេយ្យ ដែល​ទទួល​បាន​ ១៥១​អាសនៈ ក្នុងចំណោម​អាសនៈ​សភា​សរុប​៥០០ និង​គណបក្ស​ភឿថៃ (Pheu Thai) ដែល​មានន័យថា គណបក្ស​ដើម្បី​ថៃ ដែល​មាន​កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណាវាត់ ជា​ថ្នាក់ដឹកនាំ​មួយ​រូប ទទួល​បាន​អាសនៈ​សភា​ច្រើន​លំដាប់​លេខ​២ គឺ​ចំនួន​ ១៤១​អាសនៈ។ ប៉ុន្តែ​គណបក្ស​កាវក្លៃ ពុំ​មាន​ឱកាស​ឡើង​ដឹកនាំ​រដ្ឋាភិបាល​នោះ​ទេ ដោយសារ​សមាជិកសភា ​និង​ព្រឹទ្ធសភា​ដែល​មួយចំនួន​ជា​ក្រុម​អភិរក្សនិយម ​ដែល​កើត​ចេញ ឬ​គាំទ្រ​ដោយ​ក្រុម​មេដឹកនាំ​យោធា​រដ្ឋប្រហារ មិន​បោះឆ្នោត​ផ្ដល់​ទំនុកចិត្ត។

ប្រការ​នេះ​ជា​ឱកាស​របស់​គណបក្ស​ភឿថៃ​ ដែល​ឈ្នះ​ឆ្នោត​លំដាប់​លេខ​២ បង្កើត​រដ្ឋាភិបាល​វិញ​ម្ដង​។ នៅ​ថ្ងៃទី​២២ សីហា សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​ថៃ បាន​បើក​កិច្ចប្រជុំ​រួម ជជែក​សួរដេញដោល​គ្នា​ជាច្រើន​ម៉ោង ដែល​មាន​បេក្ខជន​នាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន ឡើង​ថ្លែង​ទៅកាន់​ប្រជាជាតិ​ថៃ​អំពី​គោលនយោបាយ ទស្សនវិស័យ​របស់​បក្ស​ភឿ​ថៃ និង​ការ​ប្ដេជ្ញា​របស់​លោក​ក្នុង​ការ​បម្រើ​ប្រទេសជាតិ​ឱ្យ​បាន​រុងរឿង​។ លោក​ក៏​ត្រូវ​សមាជិកសភា​ពិនិត្យពិច័យ​សុពល​ភាពជា​នាយករដ្ឋមន្ត្រី​របស់​លោក​ដែរ មុននឹង​ឈាន​ដល់​សភា​បោះឆ្នោត​ផ្ដល់​ទំនុកចិត្ត​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ដោយ​សំឡេង​៣៧៦ ​ក្នុងចំណោម​សមាជិក​រដ្ឋសភា​ ៧៥០​នាក់។

ភ្លាមៗ​ក្រោយ​សភា​ផ្ដល់​ទំនុកចិត្ត​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ លោក សេដ្ឋា ថាវីស៊ីន បានធ្វើ​សន្និសីទសារព៌តមាន​ នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ថៃ​រាប់​​ពាន់​នាក់​នៅ​ទីក្រុង​បាងកក​ថា លោក​នឹង​បំពេញការងារ​ឱ្យ​អស់ពី​លទ្ធភាព​ ដើម្បី​ផលប្រយោជន៍​ជាតិ​។​

លោក សេដ្ឋា ថាវីស៊ីន៖ «ខ្ញុំ​សុំ​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ថៃ​ទាំងគណបក្ស​រួម​រដ្ឋាភិបាល សមាជិកសភា​ដ៏​មាន​កិត្តិយស ឯកឧត្ដម​សមាជិក​ព្រឹទ្ធសភា​ ដែល​ចូលរួម​បោះឆ្នោត​ក្នុងថ្ងៃនេះ​។ ខ្ញុំ​នឹង​ព្យាយាម​បំពេញ​តួនាទី​ឱ្យ​ល្អ​បំផុត ឬ​បំភ្លេច​ការនឿយហត់ ដើម្បី​លើកកម្ពស់​ការ​រស់​នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ថៃ​គ្រប់គ្នា​បាទ​។ អរគុណ​បាទ!»។

គណៈរដ្ឋមន្ត្រី​ថៃ​ថ្មី នឹង​កើត​ចេញ​ពី​រដ្ឋាភិបាល​ចម្រុះ ដែល​មាន​គណបក្ស​នយោបាយ​ចំនួន​១១ គណបក្ស​ចូលរួម​។ នាយករដ្ឋមន្ត្រី​ថៃ​ដែល​ចេញពី​គណបក្ស​ភឿថៃ នឹង​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ ក្រោយ​ពេល​លោក សេដ្ឋា ថាវីស៊ីន ចូល​គល់​ព្រះមហាក្សត្រ​ថៃ​នៅ​ថ្ងៃទី​២៣ សីហា។

អ្នក​តាមដាន​ស្ថានការណ៍​សង្គម លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា នាយករដ្ឋមន្ត្រី​ថៃ​ដែល​ទើប​តែងតាំង​ថ្មី កើត​ចេញ​ពី​ការបោះឆ្នោត​ស្របច្បាប់ មាន​ការ​ប្រកួតប្រជែង​តាម​គន្លង​ប្រជាធិបតេយ្យ​ដែល​អាច​ទទួល​យក​បាន​។ បន្ថែម​ពី​នេះ​លោក​ថា នាយករដ្ឋមន្ត្រី​ថ្មី​នេះ​ជា​មនុស្ស​មាន​ចំណេះដឹង មាន​គុណ​ធម៌ ដែល​ជា​ធនធាន​មនុស្ស​ដ៏​កម្រ​មួយ ដែល​អាច​នឹង​ជួយ​ជំរុញ​ឱ្យ​ប្រទេស​ថៃ​មាន​ប្រជាធិបតេយ្យ​ពេញលេញ និង​មានការ​អភិវឌ្ឍ​រីក​ចំរើន​ទៅមុខ។

លោក ឌី ថេហូយ៉ា៖ «បើ​មើលទៅ​ថៃ​គេ​ចំណេញ​ណាស់ ទោះបី​អ្នកណា​ឡើង​មក ក៏​គេ​នៅតែ​ចំណេញ​ដែរ។ ចំណេញ​យ៉ាងម៉េច មនុស្ស​គេ​មាន​គុណភាព​មាន​គុណធម៌ ហើយ​គេ​មិនបាន​ប្រើប្រាស់​ហិង្សា​ចំពោះ​អ្នក​ដែល​មើល​ឃើញ​ផ្ទុយ​ពី​ខ្លួនឯង​នឹង​ទេ ឃើញ​ថា អាហ្នឹង​វា​ជា​ចំណុច​សំខាន់​ក្នុង​របប​ប្រជាធិបតេយ្យ។ ទី១ គុណសម្បត្តិ​របស់​មនុស្ស​ដែល​ដឹកនាំ​ប្រទេស​នឹង​គេ​ខ្លាំង​ខាង​ផ្នែក​សេដ្ឋកិច្ច​គេ​មាន​គុណធម៌។ ទី​៣​ គឺ​ គោលនយោបាយ​របស់​គេ​នឹង​គឺ​វា​ល្អ​ក្នុង​ការ​កសាង​ជាតិ​ ជា​ពិសេស​គឺ​ គោលនយោបាយ​បង្កើន​នឹង​ស្ដារ​សេដ្ឋកិច្ច គោលនយោបាយ​កំណែទម្រង់​ការ​ដឹកនាំ​រដ្ឋ​អីៗ​ផ្សេងៗ​ ជាដើម​នឹង»។

ងាក​មក​មើល​កម្ពុជា​វិញ​ម្ដង​។ កម្ពុជា​មានការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ដែរ ក៏ប៉ុន្តែ​ការ​បោះឆ្នោត​នេះ​ត្រូវ​បាន​សហគមន៍​ជាតិ​ និង​អន្តរជាតិ​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ ដោយសារ​ស្ថាប័ន​បោះឆ្នោត​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់អំណាច​ផាត់​ចោល​គណបក្ស​ភ្លើងទៀន​មិន​ឱ្យ​ចូលរួម​ប្រកួតប្រជែង​។ លទ្ធផល​ការ​បោះឆ្នោត​ជាតិ កាលពី​ថ្ងៃទី​២៣ កក្កដា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ទទួល​បាន​អាសនៈ​១២០ និង​គណបក្សហ៊្វុនស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ទទួល​បាន​ ៥​អាសនៈ​។ នៅ​ថ្ងៃទី​២២​ សីហា ពោល​គឺ ​១​ខែក្រោយ​ពេល​ការបោះឆ្នោត​រដ្ឋសភា​នីតិកាល​ទី​៧ បាន​បើក​សម័យប្រជុំ​លើក​ទី​១ និង​បាន​បោះឆ្នោត​ជា​កញ្ចប់​ដោយ​គ្មាន​ការ​សួរដេញដោល​អ្វី​ឡើយ សូម្បីតែ​ការ​សួរដេញដោល និង​ការ​ពិនិត្យ​សុពលភាព​របស់​បេក្ខជន​សមាជិកសភា​ម្នាក់ៗ ដូច​មាន​ចែង​កំណត់​ក្នុង​មាត្រា​៨២ នៃ​រដ្ឋធម្មនុញ្ញ ក៏​មិន​ត្រូវ​បាន​ធ្វើឡើង​ដែរ​។ ដោយ​មិន​ខ្វល់​ពី​នីតិវិធី​នេះ រដ្ឋសភា​ក៏បាន​បោះឆ្នោត​ផ្ដល់​ទំនុកចិត្ត​ដល់​គណៈរដ្ឋមន្ត្រី​ថ្មី ដែល​មាន​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយករដ្ឋមន្ត្រី ដោយ​សំឡេងឆ្នោត​ ១២៣​រូប​ ក្នុងចំណោម​សមាជិកសភា​សរុប​ ១២៥​រូប។

ផ្ទុយ​ពី​រដ្ឋាភិបាល​ថៃ​ថ្មី ដែល​ជា​រដ្ឋាភិបាលចម្រុះ​កើត​ចេញ​ពី​គណបក្ស​ចំនួន​១១ ដែល​បង្ហាញ​ពី​ពហុបក្ស​នៃ​សម្លេង​ចម្រុះ គណៈរដ្ឋមន្ត្រី​កម្ពុជា​ថ្មី ជា​រដ្ឋាភិបាល​ឯកបក្ស ដែល​មាន​ឧបនាយករដ្ឋមន្ត្រី ១០​រូប និង​ទេសរដ្ឋមន្ត្រី ២១​រូប និង​រដ្ឋមន្ត្រី ៣០​រូប​ទៀត ដែល​សុទ្ធ​តែ​ជា​កូនចៅ និង​សាច់ញាតិ​របស់​មន្ត្រី​កំពូលៗ ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​នោះ​មាន​ជាអាទិ៍ ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន គឺ​លោក នេត សាវឿន ជា​ឧបនាយករដ្ឋមន្ត្រី កូន​របស់​លោក ស ខេង គឺ លោក ស សុខា ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​កូន​របស់​លោក ទៀ បាញ់ គឺ​លោក ទៀ សីហា ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ជាដើម។

ភ្លាមៗ​ក្រោយ​សភា​ផ្ដល់​ទំនុកចិត្ត នាយករដ្ឋមន្ត្រី​ដែល​បន្តវេន​ពី​ឪពុក​គឺ​លោក ហ៊ុន ម៉ាណែត បាន​ឡើង​ប្ដេជ្ញាចិត្ត​នៅ​ចំពោះមុខ​សមាជិកសភា​ដោយ​ចាត់ទុក​ក្រុម​បក្ស​ប្រឆាំង និង​អ្នក​មាន​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​របស់​លោក​ថា ជា​ក្រុម​អគតិ និង​ជា​អ្នក​ដែល​បំផ្លាញ​ប្រជាធិបតេយ្យ​ទៅវិញ។ គេ​ពុំ​ឮ​លោក​លើកឡើង​ពី​បញ្ហា​ផ្សះផ្សា​ជាតិ និង​វិធានការ​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស ដែល​ពលរដ្ឋ​កម្ពុជា​តូចតាច​កំពុង​ជួបប្រទះ​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត៖ «ហើយក៏​ជា​ការ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ពី​សំណាក់​ប្រជាពលរដ្ឋ​ដ៏​ច្រើន​លើសលុប​ចំពោះ​ទង្វើ​អគតិ​របស់​ក្រុម​ជន​មួយចំនួន ដែល​បាន​ខិតខំ​ទាក់ទាញ​ប្រជាជាតិ​កម្ពុជា ឱ្យ​ចាក​ចេញពី​គន្លង​នៃ​មាគ៌ា​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ ហើយ​ញុះញង់​អុចអាល​បំផុស​ប្រជាពលរដ្ឋ​ឱ្យ​លង់​ទៅ​នឹង​មហិច្ឆតា​ផ្ទាល់ខ្លួន​របស់​ពួកគេ​ ដែល​បង្គាប់​ទៅ​ដោយ​ពិសពុល​ និង​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រទេសជាតិ»។

ជុំវិញ​រឿង​នេះ អ្នកវិភាគ​នយោបាយ លោក គឹម សុខ មាន​ប្រសាសន៍​ថា នាយករដ្ឋមន្ត្រី​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រកបដោយ​ហិង្សា​និយម​បែប​នេះ ដោយសារ​កើត​ចេញ​ពី​ការ​បោះឆ្នោត​បង្គ្រប់កិច្ច ដែល​អាច​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ទឹកភ្នែក និង​មិន​អាច​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើងវិញ​បាន​ឡើយ។

លោក គឹម សុខ៖ «គឺជា​រដ្ឋាភិបាល​ ដែល​កើតមក​បង្កើន​បន្ទុក​ឱ្យ​ប្រជាពលរដ្ឋ​ចិញ្ចឹម មិនមែន​កើត​មក​ ដើម្បី​ចិញ្ចឹម​ប្រជាពលរដ្ឋ​ទេ ហើយ​ខួរ​ខ្សោយ​នៅ​ត្រង់​ថា កើត​មាន​គឺ​គំរាមកំហែង​ធ្វើសង្គ្រាម​ជាមួយ​ខ្មែរ​ភាគី​ផ្សេងៗ​ ទៀត ដោយ​ប្រើ​ពាក្យ​សុទ្ធតែ​អគតិ គឺ​មិន​យល់​អំពី​របៀប​ដឹកនាំ​ប្រទេស។ ដូច្នេះ​ រដ្ឋាភិបាល​នៅ​ប្រទេស​កម្ពុជា​យើង​គឺ ​រដ្ឋាភិបាល​ខុសច្បាប់​កើត​បញ្ច្រាសជើង​ក្បាល​ធំ​ខួរ​ខ្សោយ និង​មាន​រាងកាយ​សំបូរ​ដោយ​ឧក្រិដ្ឋជន»។

អ្នក​តាមដាន​ស្ថានការណ៍​សង្គម និង​អ្នកវិភាគ​មើលឃើញ​ថា នាយករដ្ឋមន្ត្រី​ថ្មី​វាង​កម្ពុជា​ និង​ថៃ ​មាន​លក្ខណៈ​ខុសគ្នា​ដាច់​ស្រឡះ ទាំង​ផ្នែក​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ និង​ការ​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​រីក​ចម្រើន​។ ពួកគេ​ជឿ​ថា នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បើ​នៅ​បន្ត​ធ្វើ​តាម​គោល​នយោបាយ​ឪពុក​គាត់ ជា​អ្នក​បំផ្លាញ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ពហុបក្ស​នោះ ជីវភាព​របស់​ពលរដ្ឋ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​ទាំងមូល​នឹង​នៅ​ធ្លាក់​ស្រុត​ចុះ​កាន់តែ​ខ្លាំង​ជាង​ពេល​បច្ចុប្បន្ន ដោយសារតែ​សហគមន៍​អន្តរជាតិ​នឹង​បន្ត​កាត់​ជំនួយ និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មក​លើ​កម្ពុជា។ ចំណែក​នាយករដ្ឋមន្ត្រី​ថៃ​វិញ​ដែល​ទំនងជា​មេដឹកនាំ​ផ្សះផ្សា​ជាតិ និង​ជា​អ្នកជំនួញ​ជោគជ័យ​ម្នាក់​នោះ នឹង​អាច​អូសទាញ​ក្រុម​វិនិយោគ​អន្តរជាតិ​ទៅ​បណ្ដាក់ទុន​ក្នុង​ប្រទេស​មួយ​នេះ​កាន់តែ​ច្រើន ដែល​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ថៃ​រស់នៅ​ក្នុង​ជីវភាព​ល្អ​ប្រសើរ​ជាង​បច្ចុប្បន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។