អ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិលើកឡើងថា ការមិនចុះបញ្ជីគណបក្សភ្លើងទៀន ដើម្បីចូលរួមការប្រកួតប្រជែងការបោះឆ្នោត គឺជាមរណៈនៃការបោះឆ្នោតថ្នាក់ជាតិក្នុងខែកក្កដាខាងមុខនេះ។ អ្នកវិភាគនយោបាយក៏ចាត់ទុកទង្វើរបស់ គ.ជ.ប ថា ស្រដៀងនឹងការរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ នោះដែរ។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ រ៉ច្ឆ (Human Right Watch) ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) លើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន សែន បានបង្ហាញកាន់តែច្បាស់អំពីគោលបំណងមិនចង់ឱ្យមានការបោះឆ្នោតពិតប្រាកដតាមបែបប្រជាធិបតេយ្យនោះឡើយ តាមរយៈការប្រើប្រាស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដែលជាអាយ៉ងរបស់ខ្លួន មិនចុះបញ្ជីឈ្មោះគណបក្សភ្លើងទៀនឱ្យចូលរួមសង្វៀននយោបាយក្នុងការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ។ លោក ហ្វីល រ៉ូបឺតសុន ចាត់ទុកការតម្រូវឱ្យយកច្បាប់ដើមនៃការចុះឈ្មោះបញ្ជីរបស់គណបក្សភ្លើងទៀន ពីសំណាក់ គ.ជ.ប គឺជារឿងដែលគួរឱ្យសោកសៅ និងបានធ្វើឱ្យប៉ះពាល់ដល់យុទ្ធនាការរបស់គណបក្សភ្លើងទៀន ដើម្បីទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋក្នុងការបោះឆ្នោត ខណៈសមាជិកគណបក្សភ្លើងទៀនមួយចំនួនបានរងការគំរាមកំហែងតាមរយៈការប្រើប្រាស់អំពើហិង្សា និងចាប់ដាក់ពន្ធនាគារ។ ជាមួយគ្នានេះ លោកក៏បានស្នើឱ្យអង្គទូត និងអ្នកផ្ដល់ជំនួយត្រូវថ្កោលទោសជាសាធារណៈ ចំពោះឧបាយកលរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ឱ្យគណបក្សភ្លើងទៀនមិនអាចចូលរួមប្រកួតប្រជែងនយោបាយក្នុងការបោះឆ្នោតថ្នាក់ជាតិក្នុងពេលខាងមុខ។ បន្ថែមពីនេះ លោក ហ្វីល រ៉ូបឺតសុន ស្នើឱ្យស្ថាប័នអន្តរជាតិទាំងអស់ដែលបានគាំទ្រ និងផ្ដល់ជំនួយទៅដល់ស្ថាប័ន គ.ជ.ប ត្រូវផ្អាកជំនួយជាបន្ទាន់ រហូតដល់គណបក្សភ្លើងទៀនត្រូវបានអនុញ្ញាតឱ្យចូលរួមការបោះឆ្នោតឡើងវិញ។
ស្រដៀងគ្នានេះ ស្ថានទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ក៏បានចេញសេចក្ដីថ្លែងការណ៍បង្ហាញពីក្ដីបារម្ភ និងចាត់ទុកការមិនចុះបញ្ជីឈ្មោះឱ្យគណបក្សភ្លើងទៀន គឺជាការរឹតត្បិតការប្រកួតប្រជែងនយោបាយ។ សហភាពអឺរ៉ុប ជំទាស់យ៉ាងដាច់អហង្ការចំពោះសេចក្ដីសម្រេចរបស់ គ.ជ.ប និងចាត់ទុកសកម្មភាពបែបនេះ គឺជាការដកហូតសិទ្ធិពលរដ្ឋកម្ពុជាបន្ថែមទៀត ក្នុងការជ្រើសរើសតំណាងរបស់ខ្លួន។
ឆ្លើយតបទៅនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន លើកឡើងថា ការលើកឡើងរបស់អ្នកឃ្លាំមើលសិទ្ធិមនុស្ស មាននិន្នាការលំអៀងគាំទ្រគណបក្សប្រឆាំង។ លោកបន្ថែមថា បើទោះបីជាគណបក្សភ្លើងទៀនមិនបានចូលរួមការបោះឆ្នោតក្ដី ក៏ប្រជាពលរដ្ឋមិនបានបាត់បង់សិទ្ធិជ្រើសរើសតំណាងរបស់ខ្លួននោះឡើយ ព្រោះនៅមានគណបក្សនយោបាយចំនួន១៨ ទៀត ដែលប្រជាពលរដ្ឋអាចជ្រើសរើសបាន។
លោក សុខ ឥសាន៖ «ចំពោះលោក រ៉ូប៊ឺតសុន គាត់និយាយអីនិយាយទៅ អាហ្នឹងជាគំនិតប្រឆាំងរបស់គាត់។ តែប្រជាជនកម្ពុជា ក៏ដូចជាគណបក្សទាំង១៨ ដែល គ.ជ.ប ទទួលស្គាល់សុពលភាពក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតក្នុងពេលខាងមុខនេះ នៅតែដំណើរការធ្វើសកម្មភាពនយោបាយរបស់ខ្លួនស្របទៅតាមគោលការណ៍ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ»។
ដោយឡែក ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ក៏បានចេញសេចក្ដីថ្លែងការណ៍ព័ត៌មានគាំទ្រស្ថាប័នរៀបចំការបោះឆ្នោតផងដែរ។ ក្រសួងការបរទេសអះអាងថា គ.ជ.ប មិនបានអនុវត្តដោយឡែក ជាពិសេស ចំពោះការចុះបញ្ជីឈ្មោះបោះឆ្នោតទៅលើគណបក្សភ្លើងទៀននោះឡើយ។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា អវត្តមានគណបក្សភ្លើងទៀនពីដំណើរការបោះឆ្នោត ពុំបានប៉ះពាល់ដល់ភាពសេរី ពហុបក្ស និងប្រជាធិបតេយ្យនៅកម្ពុជាឡើយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធជាផ្លូវការនូវការចុះឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី១៥ ឧសភា ដោយបានចោទប្រកាន់គណបក្សភ្លើងទៀនថា មិនបានភ្ជាប់នូវសេចក្ដីប្រកាសស្ដីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរាជធានីខេត្ត ក្រុងស្រុកខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា ២៧ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ជុំវិញរឿងនេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបណ្ឌិត សេង សារី ប្រៀបធៀបការមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមបោះឆ្នោត ដូចទៅនឹងការរំលាយគណបក្សសង្គ្រោះជាតិពីសំណាក់រដ្ឋាភិបាលកាលពីឆ្នាំ២០១៧។ លោកបន្ថែមថា មូលហេតុដែលរដ្ឋាភិបាលមិនចង់ឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត មិនមែនត្រឹមតែអាចឱ្យគណបក្សប្រជាជនកម្ពុជាបន្តគ្រប់គ្រងរដ្ឋសភាឯកបក្សរបស់ខ្លួន និងគ្រប់គ្រង គ.ជ.ប តែប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងអាចនាំឱ្យគណបក្សភ្លើងទៀនមិនមានសិទ្ធិចូលរួមការបោះឆ្នោតក្រុមប្រឹក្សាស្រុក ខេត្ត និងព្រឹទ្ធសភាផងដែរ។
បណ្ឌិត សេង សារី៖ «អ្វីដែលគណបក្សប្រជាជនកំពុងតែធ្វើជាមួយគណបក្សភ្លើងទៀន ក៏ដូចជាគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ហ្នឹង យើងហៅថា ជាយុទ្ធសាស្ត្រការពារប្រសើរជាងព្យាបាល។ ការពារគឺមានន័យថា ការពារមិនឱ្យដៃគូឡើងសង្វៀន ប្រសើរជាងអនុញ្ញាតឱ្យដៃគូឡើងសង្វៀននយោបាយ ហើយនឹងបង្កហានិភ័យទៅដល់អំណាចគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ននោះ»។
អ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិលើកឡើងថា គ.ជ.ប យកលេសថា គណបក្សភ្លើងទៀន មិនមានឯកសារដើម ដែលបានចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ខណៈឯកសារពាក់ព័ន្ធទាំងនោះបានបាត់បង់ក្នុងពេលរដ្ឋាភិបាលវាយឆ្មក់ រឹបអូស និងបិទទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ (CNRP) កាលពីខែវិច្ឆិកា ឆ្នាំ២០១៧មកម្ល៉េះ។ ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនបានអះអាងថា គណបក្សភ្លើងទៀននឹងប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញយ៉ាងយូរត្រឹមថ្ងៃទី២០ ឧសភាខាងមុខ ដោយលោកមានសង្ឃឹមខ្ពស់ថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងអនុញ្ញាតឱ្យគណបក្សភ្លើងទៀនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។