មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថាការសម្រេចបិទផ្លូវតវ៉ារបស់ក្រុមប្រឹក្សាធម្មនុញ្ញមិនឱ្យគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិខាងមុខនេះ គឺជាទង្វើផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។
អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វ៊ីល រ៉ូបឺតសុន (Phil Robertson) ថ្លែងក្នុងសេចក្តីថ្លែងការណ៍ផ្សាយថ្ងៃទី២៥ ខែឧសភា ថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញបែបនេះ គឺមានន័យស្មើនឹងការសម្លាប់លទ្ធិប្រជាធិបតេយ្យជាស្ថាពរនៅកម្ពុជា។ លោកសង្កត់ធ្ងន់ថា សេចក្តីសម្រេចនេះធ្វើឱ្យការបោះឆ្នោតជាតិខែកក្កដា ខាងមុខនេះ ក្លាយជាឆាកល្ខោនលេងសើចទាំងស្រុងដែលត្រូវបានធ្វើឡើងដើម្បីតែប្រថាប់ត្រាការបន្តគ្រប់គ្រងអំណាចបែបផ្ដាច់ការរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។
មន្ត្រីអង្គការសិទ្ធិមនុស្សអន្តរជាតិរូបនេះ អំពាវនាវដល់ក្រុមប្រទេសដៃគូជំនួយ និងពាណិជ្ជកម្មរបស់កម្ពុជា ឱ្យឈប់ធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងឱ្យផ្សារភ្ជាប់រាល់ទំនាក់ទំនងទាំងអស់ជាមួយកម្ពុជាទៅនឹងកាតព្វកិច្ចគោរពសិទ្ធិមនុស្សអន្តរជាតិរបស់ប្រទេសកម្ពុជា។ លោកថា រដ្ឋាភិបាលនានារួមមានអាមេរិក (USA) ជប៉ុន (Japan) កូរ៉េខាងត្បូង (South Korea) សហភាពអឺរ៉ុប (EU) និងអូស្ត្រាលី (Australia) ត្រូវដាក់សម្ពាធបន្ថែមទៀតលើរដ្ឋាភិបាលកម្ពុជា ឱ្យបញ្ឈប់ការបង្ក្រាបទៅលើសមាជិកគណបក្សប្រឆាំង និងសកម្មជនសង្គមស៊ីវិល។ លោក ហ្វ៊ីល រ៉ូបឺតសុន សង្កត់ធ្ងន់ថា ក្រុមអង្គការសហប្រជាជាតិ និងភ្នាក់ងាររបស់ខ្លួនប្រចាំប្រទេសកម្ពុជា ត្រូវបញ្ឈប់ភាពស្ងៀមស្ងាត់របស់ពួកគេនៅចំពោះមុខការសម្លាប់រង្គាលនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយបញ្ជូនសារឱ្យបានច្បាស់ថា ការវិនាសនៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាពជាមូលដ្ឋាន នឹងមិនអាចទទួលយកបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។