HRW សាទរ​​សេចក្តី​សម្រេច​​សភា​អឺរ៉ុប​ ថា​ជា ​«​ការស្តីបន្ទោស​» គួរ​​ឲ្យ​ភ្ញាក់​ផ្អើល​​ចំពោះ​​រដ្ឋាភិបាល​​កម្ពុជា​

ដោយ អាស៊ីសេរី
2021-03-13
Share
HRW សាទរ​​សេចក្តី​សម្រេច​​សភា​អឺរ៉ុប​ ថា​ជា ​«​ការស្តីបន្ទោស​» គួរ​​ឲ្យ​ភ្ញាក់​ផ្អើល​​ចំពោះ​​រដ្ឋាភិបាល​​កម្ពុជា​ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) សាទរ​សេចក្តីសម្រេច​ចុងក្រោយ​របស់​សភាអឺរ៉ុប កាលពី​ថ្ងៃទី១០ ខែមីនា ជុំវិញ​បញ្ហា​ធ្លាក់ចុះ​ដុនដាប​នៃ​ការគោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។
រូបថត៖ HRW

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) សាទរ​សេចក្តីសម្រេច​ចុងក្រោយ​របស់​សភាអឺរ៉ុប កាលពី​ថ្ងៃទី១១ ខែមីនា ជុំវិញ​បញ្ហា​ធ្លាក់ចុះ​ដុនដាប​នៃ​ការគោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អង្គការ​នេះ ហៅ​សេចក្តីសម្រេច​នេះថា ​ជា «ពន្លឺ​នៃ​ក្តីសង្ឃឹម» ដែលអាច​ទម្លុះទម្លាយ​​ភាពខ្មៅងងឹត ​​ដែល​កំពុង​តែ​​រីកដុះដាល​​នៅ​កម្ពុជា ​ក្រោម​របបដឹកនាំ​ផ្តាច់ការ​ឯកបក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែងក្នុង​សេចក្តីថ្លែងការណ៍​ផ្សាយ​នៅ​ថ្ងៃទី១២ ខែមីនាថា សភា​អឺរ៉ុប បាន​ចេញ​នូវ​សេចក្តីសម្រេច​មួយ​ដែល​គេ​អាច​ចាត់ទុកថា​ ជា​ការស្តីបន្ទោស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅលើ​ក្រុមមេដឹកនាំ​នៅ​កម្ពុជា ដោយសារ​តែ​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ លោក ហ្វីល រ៉ូបឺតសុន ហៅ​សេចក្តីសម្រេច​របស់​សភាអឺរ៉ុប​នេះ​ថា ​មាន​លក្ខណៈ​ម៉ឺងម៉ាត់ ដែល​បាន​ថ្កោលទោស​ដំណើរការ​កាត់ក្តី​ជា​ឆាក​ល្ខោន​នៅ​ក្រុងភ្នំពេញ​ប្រឆាំងនឹង​ក្រុមមេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ និង​ប្រឆាំង​នឹង​អំពើ​រំលោភសិទ្ធិ​មនុស្ស​ ដែល​កំពុង​តែ​រីករាលដាល​កាន់តែ​ខ្លាំង​ប្រព្រឹត្តដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ សេចក្តីសម្រេច​របស់​សភាអឺរ៉ុប​នោះ​ ក៏​បាន​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុបដាក់​ចេញ​នូវ​ទណ្ឌកម្ម​ជាក់លាក់​ទៅលើ​មេដឹកនាំ​នយោបាយ និង​មន្ត្រី​យោធា​នៅ​កម្ពុជា​ដោយសារ​តែ​ពួកគេ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស។

លោក ហ្វីល រ៉ូបឺតសុន ថា តាមរយៈ​ការអនុម័ត​សេចក្តីសម្រេច​នេះ សភាអឺរ៉ុប បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ ចំពោះ​គោលនយោបាយ​ការបរទេស​ «បែប​បញ្ចេញ​សាច់ដុំ» របស់​សហភាព​អឺរ៉ុប ក្នុងការ​ទាមទារ​ឲ្យ​ប្រទេសកម្ពុជា ​បញ្ឈប់​នូវ​រាល់​ដំណើរការ​កាត់ក្តី​ជា​លក្ខណៈ​នយោបាយ​ ដោះលែង​សកម្មជន​កំពុង​ជាប់ឃុំ ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​រស់​ឡើងវិញ និង​បញ្ឈប់​ការវាយប្រហារ​មកលើ​សង្គមស៊ីវិល ក្រុមអ្នកការពារ​សិទ្ធិ​មនុស្ស​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ លោកថា អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ តែងតែ​ធ្វើ​ការតស៊ូ​មតិ​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម​ជាក់លាក់​ប្រឆាំងនឹង​នាយឧត្តមសេនីយ៍ «បាតដៃ​កខ្វក់» «១២រូប» ដែល​បាន​ជួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​អាច​រក្សា​អំណាច​បាន​អស់​រយៈពេល ៣៦ឆ្នាំ​មកហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល