ឪ និងកូននាយករដ្ឋមន្ត្រី បញ្ចេញសារច្របូកច្របល់រឿងការវិនិយោគសាងសង់ព្រែកជីកហ្វូណន
2024.08.09
ឪពុក និងកូននាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត កំពុងបញ្ចេញសារច្របូកច្របល់ជុំវិញរឿងរ៉ាវការវិនិយោគលើការសាងសង់ព្រែកជីកហ្វូណនដ៏ចម្រូងចម្រាស។ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅថ្ងៃទី០៧ ខែសីហា ថាព្រែកជីកនេះនឹងត្រូវបានសាងសង់ឡើងដោយការបណ្តាក់ទុនក្នុងស្រុកទាំងស្រុង។ ក៏ប៉ុន្តែ មុននេះ២ថ្ងៃ លោក ហ៊ុន ម៉ាណែត ថ្លែងថា ក្រុមហ៊ុនចិន CRBC មានចំណែកបណ្តាក់ទុនវិនិយោគ ៤៩% ចំណែក ៥១% ទៀតជាការវនិយោគក្នុងស្រុក។
នៅមិនដល់៤៨ម៉ោងផងក្រោយការប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្លិនមិនស្រួលពាក់ព័ន្ធនឹងការវិនិយោគលើការសាងសង់ព្រែកជីកនេះ កំពុងភាយចេញមកហើយ។ ទាំងឪពុក និងកូននាយករដ្ឋមន្ត្រី កំពុងបង្ហាញឱ្យឃើញពីភាពមិនច្បាស់លាស់ និងការនិយាយមិនស្របគ្នាពាក់ព័ន្ធនឹងការវិនិយោគលើគម្រោងសាងសង់ព្រែកជីកដ៏ចម្រូងចម្រាសនេះ។
នៅកន្លះឆ្នាំមុនការប្រកាសបើកការដ្ឋានជាផ្លូវការសាងសង់ព្រែកជីកហ្វូណននេះ លោក ហ៊ុន ម៉ាណែត កាលពីខែធ្នូ ឆ្នាំ២០២៣ ចេញមុខប្រកាសថា កម្ពុជាមិនខ្ចីលុយចិនមកសាងសង់ព្រែកជីកនេះឡើយ។ ផ្ទុយទៅវិញ លោកអះអាងថា ព្រែកជីកនេះនឹងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជនចិន ១០០% ក្រោមរូបភាព «សាងសង់ ប្រតិបត្តិការ និងផ្ទេរ (BOT)»។
លោក ហ៊ុន ម៉ាណែត៖ «សម្តេចតេជោបានបញ្ជាក់រួចទៅហើយថាគម្រោងនេះ មិនមែនគម្រោងឥណទានខ្ចីថវិកាគេមកធ្វើទេ គឺជាគម្រោងឯកជនតាមរូបភាព BOT បានន័យថាសាងសង់ ធ្វើអាជីវកម្ម ហើយផ្ទេរ។ ក្រុមហ៊ុនដែលសុំសិទ្ធិវិនិយោគនេះ គាត់ទទួលខុសត្រូវនៅក្នុងការទៅរកខ្ចីលុយគេមក យកមកចំណាយសាងសង់ទាំងអស់ ហើយយើងរដ្ឋាភិបាលដោយសារយើងអត់ចេញលុយ យើងអនុញ្ញាតឱ្យគេធ្វើប្រតិបត្តិការអាជីវកម្មមួយរយៈចុះ»។
ទោះជានាយករដ្ឋមន្ត្រីជាកូននិយាយបែបនេះក្តី ក្នុងដំណើរទស្សនកិច្ចរបស់ឪពុកលោក គឺលោក ហ៊ុន សែន កាលពីចុងខែមីនា ទៅប្រទេសចិនជាលើកដំបូងក្រោយផ្ទេរអំណាចឱ្យកូន លោកបានទទូជឱ្យមេដឹកនាំចិនគាំទ្រគម្រោងសាងសង់ព្រែកជីកនេះ។
ក្រោយមកទៀត នៅថ្ងៃប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនចំថ្ងៃខួបកំណើតឪពុកនៅថ្ងៃទី០៥ ខែសីហា លោក ហ៊ុន ម៉ាណែត ប្រកាសថា ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិនឈ្មោះ CRBC នឹងមានចំណែកវិនិយោគ ៤៩% លើការសាងសង់ព្រែកជីកនេះ ខណៈ៥១%ទៀត ជាការវិនិយោគក្នុងស្រុករវាងសហគ្រាសសាធារណៈរបស់រដ្ឋ និងក្រុមហ៊ុនឯកជន។
លោក ហ៊ុន ម៉ាណែត៖ «ព្រែកជីកនេះ មាន២កំណាត់។ ១កំណាត់ ពីទន្លេមេគង្គក្រោម ព្រែកតាកែវនៅកន្លែងចំណុចហ្នុង ទៅដល់ភ្ជាប់ជាមួយទន្លេបាសាក់ នៅត្រើយស្លា ស្រុកស្អាង ២១ គីឡូ។ នៅក្នុងដំណាក់កាលនេះ កន្លែងនេះ គឺយើងមានក្រុមហ៊ុនខ្មែរ ១០០% ជាអ្នកអនុវត្តនៅទីនេះ ហើយក្នុងក្រុមហ៊ុនខ្មែរ១០០%នេះ គឺមានសហគ្រាសសាធារណៈរបស់រដ្ឋ មានកំពង់ផែស្វយ័តព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ ៥១% ក្រៅពីនោះមានក្រុមហ៊ុន OCIC ៤៩%ទៀត។ អ៊ីចឹងគឺក្រុមហ៊ុនខ្មែរ ហើយក្រុមហ៊ុនរដ្ឋយើងជាអ្នកកាន់ភាគធំនៅទីនេះ។ អ៊ីចឹងមិនមានក្រុមហ៊ុនបរទេសនៅទីនេះទេ មិនអាចបាត់អធិបតេយ្យភាពទេ។ មួយកំណាត់ពីព្រែកតាហ៊ីង នៅកោះធំ ចាក់ទៅដល់កែប ១៣០គីឡូ យើងមានការចូលរួមរបស់ក្រុមហ៊ុន CRBC របស់ចិន ដែលពីមុនគាត់ ១០០% ឥឡូវគាត់ថយមកត្រឹមតែ៤៩%ទេ គឺឱ្យក្រុមហ៊ុនខ្មែរឡើង ៥១%...»។
មិនដល់៤៨ម៉ោង ក្រោយការប្រកាសរបស់កូនបែបនេះ លោក ហ៊ុន សែន ជាឪពុកបានចេញមុខបញ្ចេញសារលើបណ្ដាញសង្គមតេឡេក្រាមថា គម្រោងសាងសង់ព្រែកជីកហ្វូណននេះ ពុំមានការវិនិយោគពីក្រុមហ៊ុនចិនឡើយ។ ក៏ប៉ុន្តែ គឺជាការបណ្តាក់ទុនក្នុងស្រុកតាមរយៈ«ភាពជាដៃគូទាំងសាធារណៈ និងឯកជន»។ លោកសរសេរថា ការសាងសង់ព្រែកជីកនេះ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាន់កាប់ភាគហ៊ុន ៥១% ខណៈក្រុមហ៊ុន OCIC កាន់កាប់ ៤៩%។
ការបញ្ចេញសារច្របូកច្របល់រវាងឪពុក និងកូនត្រកូលហ៊ុន ជុំវិញការវិនិយោគលើការសាងសង់ព្រែកជីកនេះ នាំឱ្យមានចង្ងល់ថា តើចិនមិនគាំទ្រគម្រោងសាងសង់ព្រែកជីកនេះ ឬក៏តើកម្ពុជាព្យាយាមបញ្ចៀសមិនឱ្យក្រុមហ៊ុនចិនមកពាក់ព័ន្ធនឹងគម្រោងនេះ ដើម្បីកុំឱ្យមានប្រតិកម្មអវិជ្ជមានពីវៀតណាម។
ភាពអធិកអធមនៃការសាងសង់ព្រែកជីកហ្វូណន ហើយក្រោយមកប្រែក្លាយជាភាពល្អក់កករវិញ កំពុងនាំឱ្យគេនឹកឃើញដល់ហេតុការណ៍ដែលរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន អួតអាងពីដំណក់ប្រេងឆៅដំបូងរបស់កម្ពុជាដែលថានឹងទទួលបាននៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ វេលាម៉ោង ១២ថ្ងៃត្រង់។ តែក្រោយមកក្តីសង្ឃឹមនៃដំណក់ប្រេងឆៅពីគម្រោងបូមយកប្រេងពីសមុទ្រខ្មែរនេះ ត្រូវបានបរាជ័យ ហើយប្រេងឆៅតម្លៃ២១លានដុល្លារក៏ត្រូវបានគេលួចដឹកចេញពីប្រទេសកម្ពុជា។
តើថ្ងៃទី០៥ ខែសីហា នឹងក្លាយជាថ្ងៃបណ្តាសាសម្រាប់ការសាងសង់ព្រែកជីកហ្វូណនតេជោ ឬយ៉ាងណា? មានតែពេលវេលានឹងប្រាប់ឱ្យដឹងពីការពិតនៃរឿងរ៉ាវនេះ ក្នុងរយៈពេល៤ឆ្នាំខាងមុខទៀត ខណៈរដ្ឋាភិបាលអះអាងថានឹងសាងសង់ព្រែកជីកនេះ ឱ្យខានតែបាន «ទោះក្នុងតម្លៃណាក៏ដោយ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។