លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទៅដល់ប្រទេសចិនហើយ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ក្នុងដំណើរទស្សនកិច្ចលើកទីមួយរបស់លោកទៅកាន់ប្រទេសមហាអំណាចកុម្មុយនិស្តមួយនេះ ក្នុងនាមជាប្រមុខដឹកនាំកម្ពុជា។ អ្នកឃ្លាំមើលរិះគន់ថា លោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅចិន ក្នុងគោលដៅរណែបរណបអែបអបចិន ដើម្បីការពារអំណាចផ្ទាល់ខ្លួន ច្រើនជាងនាំផលប្រយោជន៍ជូនជាតិ។
លោក ហ៊ុន ម៉ាណែត ចាប់ផ្ដើមបំពេញទស្សនកិច្ចនៅប្រទេសចិនជាមួយភរិយា រួមទាំងមន្ត្រីគណៈប្រតិភូកម្ពុជាដោយមានការទទួលស្វាគមន៍ពីអនុរដ្ឋមន្ត្រីការបរទេសចិន លោក ណុង រ៉ុង (Nong Rong)។ ថ្ងៃទីមួយនៃដំណើរទស្សនកិច្ចនេះ លោក ហ៊ុន ម៉ាណែត បានទៅគោរពវិញ្ញាណក្ខន្ធវីរបុរស និងកងទ័ពចិន ដែលជាកន្លែងតំណាងឱ្យការពលីជីវិតរបស់កងទ័ពចិនក្នុងបុព្វហេតុតស៊ូរំដោះប្រទេសចិនពីការឈ្លានពាននៃជនបរទេស ដែលធ្វើឱ្យបក្សកុម្មុយនិស្តចិនបានឡើងកាន់អំណាចឆ្នាំ១៩៤៩។ ក៏ប៉ុន្តែ មហាទីលានធានអានមិន (Tiananmen Square) នេះ ក៏ជាកន្លែងដែលកងទ័ពបក្សកុម្មុយនិស្តចិន ធ្លាប់បានបង្ក្រាបយ៉ាងចាស់ដៃលើក្រុមបាតុករប្រជាធិបតេយ្យចិន កាលពីឆ្នាំ១៩៩៨ ដែលបានបណ្ដាលឱ្យមនុស្សយ៉ាងតិចមួយម៉ឺននាក់ (១០.០០០) បាត់បង់ជីវិត។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅប្រទេសចិននេះ ត្រូវបានភាគីចិន និងកម្ពុជាអះអាងថា ជាការបង្ហាញចំណងមិត្តភាពដែកថែបកាន់តែជិតស្និទ្ធនៃរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលក្រុងប៉េកាំង (Beijing) បន្ថែមទៀត។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាឱ្យដឹងថា លោក ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) និងក្រុមថ្នាក់ដឹកនាំផ្សេងទៀតរបស់ចិន ដើម្បីពិភាក្សាអំពីការរឹតបន្តឹងទំនាក់ទំនងក្នុងការកសាងអនាគតកម្ពុជាចិនរួមគ្នា ដែលជាទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគី ជជែកអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ។ ក្រៅពីនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនផងដែរ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក អាន សុខឿន ដើម្បីសាកសួរជុំវិញដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅប្រទេសចិននេះបានទេនៅថ្ងៃទី១៤ ខែកញ្ញា។
ទោះជាយ៉ាងណាក្ដី អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាព្រួយបារម្ភ និងវាយតម្លៃថា លោក ហ៊ុន ម៉ាណែត កំពុងបោះជំហានតាមគន្លងសម័យកាល លោក ហ៊ុន សែន ដោយមិនខ្វល់ពីរឿងស្ដារប្រជាធិបតេយ្យ ហើយបែរមកចាប់យកចិនធ្វើជាខ្នងបង្អែកកាន់តែខ្លាំងឡើងៗ ។ ពួកគេលើកឡើងថា ការណ៍ដែលកម្ពុជាផ្អៀងទៅចិនកាន់តែជ្រៅ ហើយធ្វើមិនដឹងមិនឮនូវការក្រើនរំលឹករបស់ក្រុមប្រទេសលោកសេរីឱ្យកម្ពុជាងាកមកស្ដារប្រជាធិបតេយ្យ និងនីតិរដ្ឋឡើងវិញនេះ នឹងធ្វើឱ្យប្រជាជាតិកម្ពុជាខាតបង់ច្រើន។
អ្នកវិភាគនយោបាយ លោក គឹម សុខ ថ្លែងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងក្លាយជាកូនអុករបស់ចិន ដើម្បីឱ្យចិនសម្រេចគម្រោងមហិច្ឆតានានា របស់ខ្លួនទាំងនៅកម្ពុជា និងក្នុងតំបន់។ លោកមើលឃើញថា លោក ហ៊ុន ម៉ាណែត ទៅប្រទេសចិនក្នុងគោលដៅស្នើសុំជំនួយតាមរយៈប្រាក់កម្ចីបន្ថែម ដើម្បីទ្រទ្រង់រដ្ឋាភិបាលរបស់លោក ច្រើនជាងនាំផលប្រយោជន៍ជូនជាតិ។ លោក គឹម សុខ អះអាងថា របត់នយោបាយកម្ពុជាសព្វថ្ងៃ លោក ហ៊ុន ម៉ាណែត គ្មានជម្រើសអ្វីក្រៅពីពឹងពាក់ចិនឡើយ ខណៈរដ្ឋាភិបាលកើតឡើងខ្វះភាពស្របច្បាប់ និងប្រាស់ចាកពីគន្លងប្រជាធិបតេយ្យ ដោយសារតែការបោះឆ្នោតគ្មានបក្សប្រឆាំងចូលរួមប្រកួតប្រជែង។
លោក គឹម សុខ៖«ចំណុចសំខាន់របស់ ហ៊ុន ម៉ាណែត ប្រឹងប្រែងឱ្យមានការជ្រោមជ្រែងរបស់ចិន ក្នុងការរក្សាអំណាចរដ្ឋាភិបាលត្រកូល ហ៊ុន អត់ជម្រើសផ្សេងទេ ពីព្រោះទាំងអាស៊ានទាំងមូលហាក់ដូចជាមិនសូវស្វាគមន៍ ហ៊ុន ម៉ាណែត រីឯ បស្ចិមប្រទេសការពីថ្កោលទោស និងដាក់ទណ្ឌកម្ម ហើយគេបម្រុងនឹងដាក់បន្តទៀតហើយ។ ការបំពេញទស្សនកិច្ចរបស់គាត់លើកនេះ ជាពេលវេលា ឬជាកាលៈទេសៈឱ្យគាត់ឱនគំនាប់ចិន ក្នុងការបង្ហាញចរិតនយោបាយរបស់គាត់នៅជាមួយចិនគ្រប់យុទ្ធសាស្ត្រទាំងអស់»។
កម្ពុជាបានចាត់ទុកប្រទេសចិនជាដៃគូសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ ភាគីចិន និងកម្ពុជាបានប្រកាសប្ដេជ្ញាប្រកៀកស្មាកសាងជោគវាសនារួមគ្នាតាមរយៈកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងតែងតែប្រកាសគាំទ្រនយោបាយ ការទូត និងសេដ្ឋកិច្ចដល់គ្នាទៅវិញទៅមកទាំងលើឆាកអន្តរជាតិ និងក្នុងតំបន់។
អ្នកឃ្លាំមើលជំរុញឱ្យកម្ពុជាប្រកាន់ជំហរនយោបាយអព្យាក្រឹត្យ ដើម្បីរក្សាការពារអធិបតេយ្យបូរណភាពទឹកដីខ្មែរ ខណៈបណ្ដាប្រទេសក្នុងតំបន់អាស៊ានមួយចំនួនព្រួយបារម្ភពីការពង្រីកឥទ្ធិពលចិន និងការជ្រៀតជ្រែកក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ក្រៅពីនេះ អ្នកជំនាញមួយចំនួនលើកឡើងថា កម្ពុជានឹងប្រឈមសម្ពាធ និងទណ្ឌកម្មបន្ថែមពីបណ្ដាប្រទេសលោកសេរី ប្រសិនបើកម្ពុជានៅតែអនុវត្តនយោបាយលម្អៀងទៅចិន ស្របពេលដែលកម្ពុជាកំពុងអនុញ្ញាតឱ្យយោធាចិនសាងសង់មូលដ្ឋានទ័ពនៅកំពង់ផែរាម ដែលអាមេរិកចោទថា បានសាងសង់ជិតរួចរាល់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។