លោក ហ៊ុន ម៉ាណែត ដែលចាំស៊ីកេរ្តិ៍ឪពុកពីលោក ហ៊ុន សែន មិនដែលអនុញ្ញាតឱ្យមានការផ្សព្វផ្សាយជាសាធារណៈនូវសុន្ទរកថាទាំងស្រុងឡើយ ផ្ទុយទៅវិញលោកគ្រាន់តែឱ្យគេកាត់យកចំណុចធ្វើជាវីដេអូខ្លីៗ បង្ហោះលើហ្វេសប៊ុកប៉ុណ្ណោះ។ អ្នកវិភាគនិងមន្ត្រីបក្សប្រឆាំងយល់ថា លោក ហ៊ុន ម៉ាណែត ខ្លាចមានកំហុសក្នុងការបញ្ចេញវោហារសាស្ត្រជាសាធារណៈ ព្រោះអាចនាំឱ្យមានការរិះគន់កាន់តែខ្លាំងលើសមត្ថភាពរបស់លោក។
អ្នកវិភាគនិងយុវជនមើលឃើញថា លោក ហ៊ុន ម៉ាណែត ហាក់មិនបានបញ្ចេញសមត្ថភាព ឬស្នាដៃអ្វីគួរឱ្យលេចធ្លោសម្រាប់ទាក់ទាញប្រជាប្រិយភាពពីពលរដ្ឋឡើយ ក្រៅតែជាអ្នករង់ចាំស៊ីកេរ្តិ៍ឪពុក បន្ទាប់ពីលោក ហ៊ុន សែន គាំទ្រឱ្យកូនប្រុសច្បងរូបនេះត្រៀមឡើងធ្វើជានាយករដ្ឋមន្ត្រីបន្តពីលោកនៅពេលខាងមុខ។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ប្រាប់អាស៊ីសេរីថា នៅក្នុងសង្គមប្រជាធិបតេយ្យ វាជារឿងចាំបាច់ណាស់ ដែលបេក្ខជននាយករដ្ឋមន្ត្រី មិនថា នៅក្នុងគណបក្សណាឡើយ ត្រូវហ៊ានបញ្ចេញវោហារសាស្ត្រ បង្ហាញពីសមត្ថភាព ចក្ខុវិស័យ និងគោលគំនិតផ្ទាល់ខ្លួន ក្នុងភាពជាអ្នកដឹកនាំនាពេលអនាគត។ លោកបន្តថា ក្នុងនាមជាអ្នកនយោបាយដែលសមត្ថភាពមានពិតប្រាកដ ក៏មិនត្រូវរីករាយក្នុងការទទួលយកអ្វីមួយ ដែលខ្លួនមិនបានខំប្រឹងប្រែងនោះដែរ។ «»
ការលើកឡើងពីលោក កើត សារ៉ាយ នេះធ្វើឡើងដោយសារតែ លោក ហ៊ុន ម៉ាណែត នៅពេលត្រូវឡើងថ្លែងសុន្ទរកថាម្ដងៗ នៅក្នុងពិធីជួបជុំជាមួយកងទ័ព កម្មករ សិស្សនិស្សិត ឬពលរដ្ឋ គឺមិនដែលមានការផ្សព្វផ្សាយសាធារណៈ នូវការថ្លែងសុន្ទរកថាទាំងស្រុងឡើយ ផ្ទុយទៅវិញ គ្រាន់តែឱ្យគេកាត់យកចំណុចសំខាន់ៗធ្វើជាវីដេអូខ្លី បង្ហោះផ្សព្វផ្សាយតាមហ្វេសប៊ុកប៉ុណ្ណោះ។
ចំណែកអ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងដែរថា អ្នកនយោបាយដែលមានសមត្ថភាពពិតប្រាដក ហ៊ានតទល់ជាមួយគូប្រជែងនយោបាយ តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងហ៊ានធ្វើវេទិកាជាមួយពលរដ្ឋជាសាធារណៈ ដើម្បីបង្ហាញគោលនយោបាយជាតិរបស់ខ្លួន ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងវិស័យកសិកម្ម សុខាភិបាល សេដ្ឋកិច្ច ការងារ និងវិស័យអប់រំជាដើម។ លោក គឹម សុខ មើលឃើញថា លោក ហ៊ុន ម៉ាណែត បានត្រឹមឡើងនិយាយតែម្នាក់ឯងនៅលើវេទិកា ហើយមិនហ៊ានយកសុន្ទរកថាទាំងស្រុងទៅផ្សាយជាសាធារណៈលើហ្វេសប៊ុកទៅទៀត។
អ្នកវិភាគនយោបាយរូបនេះបន្ថែមថា សារខ្លីៗរបស់លោក ហ៊ុន ម៉ាណែត ដែលគេយកទៅកាត់តយ៉ាងសម្រិតសម្រាំងធ្វើជាវីដេអូខ្លីៗនោះ គ្រាន់តែជាសារបែបចំអក និងគំរាមកំហែងអ្នកមានគំនិតផ្ទុយ ដូចទៅនឹងសាររបស់លោក ហ៊ុន សែន ជាឪពុក។ លោក គឹម សុខ ចាត់ទុក សារខ្លីៗរបស់លោក ហ៊ុន ម៉ាណែត ថា ជានយោបាយបោកប្រាស់ ដូចទៅនឹងការផ្សព្វផ្សាយពាណិជ្ជកម្មស្រា ដែលគេជ្រើសរើសតែចំណុចណាមួយធ្វើឱ្យអតិថិជនរំភើប និងចាប់អារម្មណ៍ ប៉ុន្តែគេមិនដែលផ្សព្វផ្សាយថា ផឹកស្រានាំឱ្យខូចសុខភាពនោះទេ។ «»
លោក គឹម សុខ យល់ឃើញទៀតថា មូលហេតុលោក ហ៊ុន ម៉ាណែត មិនហ៊ានឱ្យគេផ្សព្វផ្សាយសុន្ទរកថារបស់ខ្លួនទាំងស្រុង អាចដោយសារគ្មានសមត្ថភាពបង្ហាញគោលនយោបាយដឹកនាំប្រទេស ឬអាចមានសមត្ថភាពខ្លះដែរ ប៉ុន្តែដោយសារខ្វះការប្រតិបត្តិនយោបាយតាមបែបសេរីនិយម និងដោយសារខ្លួនត្រូវដើរតាមបន្ទាត់កុម្មុយនិស្ត ក្នុងការទទួលបានអំណាច។
ជុំវិញការលើកឡើងនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបកស្រាយពី មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទលោក ហ៊ុន ម៉ាណែត ឬអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានទេ នៅថ្ងៃនៅទី២៩ មិថុនា។ កន្លងមក ទំព័រហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត ធ្លាប់បង្ហោះវីដេអូខ្លី វាយប្រហារស្ថាបនិកអង្គការមាតាធម្មជាតិ និងបណ្ដាសារព័ត៌មានមួយចំនួន ថាចេតនាអាក្រក់ បន្ទាប់ពីមានការផ្សព្វផ្សាយថា អ្នកបំផ្លាញព្រៃឈើនៅភ្នំតាម៉ៅ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ជាក្រុមយុវជនគណបក្សរបស់លោក ហ៊ុន ម៉ាណែត។ ក្នុងនោះ អ្នកចាំស៊ីកេរ្តិ៍អំណាចពីឪពុករូបនេះ ថែមទាំងចោទប្រកាន់ខុសពីការពិត ជុំវិញការបង្ហោះព័ត៌មានពីជនអនាមិក ថា ជាការបង្ហោះព័ត៌មានចេញពីវិទ្យុអាស៊ីសេរី។ «»
លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធា West Point និងមានសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស។ អ្នកនយោបាយនៅក្នុងប្រទេសសេរីនិយមទាំងនោះ សុទ្ធតែឆ្លងកាត់ការប្រកួតប្រជែងដណ្ដើមអំណាចគ្នា ដោយប្រើប្រាស់វោហារសាស្ត្រពាក្យសម្ដី ផ្នែកលើចំណេះដឹង ផ្នន់គំនិត ផែនការ និងគោលនយោបាយអភិវឌ្ឍប្រទេសជាតិ ដើម្បីឱ្យពលរដ្ឋជាអ្នកសម្រេចចិត្ត។ សម្រាប់លោក ហ៊ុន ម៉ាណែត វិញ ជាបញ្ញវ័ន្តចេញពីប្រទេសលោកសេរីទាំងនោះ ប៉ុន្តែមិនបានយកចំណេះដឹងមកប្រើប្រាស់សម្រាប់ប្រកួតប្រជែងជាមួយដៃគូនយោបាយតាមបែបសេរីឡើយ ដោយលោកគ្រាន់តែសម្ងំស្ងៀម រង់ចាំការចាត់ចែងរៀបចំផ្ទេរអំណាចពីឪពុកតាមបែបលទ្ធិកុម្មុយនិស្ត ដើម្បីក្លាយជាមេដឹកនាំតពូជនៅកម្ពុជា ខណៈឪពុករបស់លោក បានបន្សល់ទុកកេរ្តិ៍ដំណែលអាក្រក់ជាច្រើនក្នុងការរក្សាអំណាច។ លោក ហ៊ុន សែន ត្រូវបានគេចាត់ទុកថា ជាមេដឹកនាំហិង្សាម្នាក់ ដោយសារចូលចិត្តកាប់សម្លាប់ ចាប់ចង គំរាមកំហែង និងធ្វើទុក្ខបុកម្នេញគ្រប់រូបភាព លើអ្នកនយោបាយមាននិន្នាការផ្ទុយ អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មានឯករាជ្យ និងជាមេដឹកនាំបក្សពួកនិយម ពុករលួយ និងបំផ្លាញធនធានធម្មជាតិជាដើម។
កាលពីថ្ងៃទី១៧ មិថុនា លោក ហ៊ុន សែន បានប្រតិកម្មជាថ្មីទៅនឹងមតិរិះគន់ថា លោក ហ៊ុន ម៉ាណែត មិនស័ក្ដិសមជាអ្នកថ្នាក់ដឹកនាំនយោបាយ ឬជាអ្នកដឹកនាំប្រទេស ដោយលោកអះអាងមិនខ្មាសអៀនថា គ្មាននរណាស័ក្ដិសមជានាយករដ្ឋមន្ត្រី ជាងកូនប្រុសរបស់លោកឡើយ។ «»
ជុំវិញមូលហេតុដែលលោក ហ៊ុន ម៉ាណែត មិនហ៊ានឱ្យគេផ្សាយផ្ទាល់តាមហ្វេសប៊ុក នូវការថ្លែងសារទាំងស្រុងរបស់លោក ត្រូវបានអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន យល់ឃើញដែរថា ដោយសារលោក ហ៊ុន ម៉ាណែត មិនមែនជាអ្នកពូកែ និងមានសមត្ថភាពបញ្ចេញវោហារសាស្ត្រទាក់ទាញ និងដោយសារលោកខ្លាចខុសឆ្គងច្រើនក្នុងការនិយាយ នាំឱ្យពលរដ្ឋរិះគន់។ លោក អ៊ុំ សំអាន បន្តថា លោក ហ៊ុន ម៉ាណែត មិនមែនពឹងលើសមត្ថភាពខ្លួនឯងដើម្បីក្លាយជាមេដឹកនាំឡើយ ប៉ុន្តែកំពុងរង់ចាំឡើងតាមជើងខោឪពុក ដែលកំពុងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ ដើម្បីរក្សាអំណាចឱ្យកូនបន្តពីខ្លួន។ «»
លោក អ៊ុំ សំអាន បន្ថែមថា កម្ពុជាស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត អាចកាន់តែផ្ដាច់ការ ព្រោះមានជាឧទាហរណ៍កើតឡើងស្រាប់នៅក្នុងប្រទេសកូរ៉េខាងជើង បន្ទាប់ពីមានការដឹកនាំពីតពូជ តាំងពីជីតារហូតដល់ចៅ។ លោកបញ្ជាក់ថា លោក គឹម ជុនអ៊ុន មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន ដើម្បីកុំឱ្យមានការរើបម្រាស់ផ្ទៃក្នុងបក្សរបស់ខ្លួន សូម្បីត្រូវសម្លាប់ឪពុកមារបស់ខ្លួន ក៏អាចធ្វើទៅរួចដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។