លោក ហ៊ុន ម៉ាណែត ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​រយៈ​ពេល ២ថ្ងៃ

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត បាន​ដឹក​នាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​​​រយៈ​ពេល ២ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទី១២ ធ្នូ។ អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​នេះ ជា​ការ​ផ្គាប់​ចិត្ត​ដល់​វៀតណាម ដែល​ជា​ចៅហ្វាយ​នាយ​ច្រើន​ជាង ដើម្បី​ប្រយោជន៍​ជាតិ។

ដំណើរ​ទស្សនកិច្ច​នៅ​ថ្ងៃ​ដំបូង​នេះ លោក ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) និង​ជួប​សម្ដែង​ការ​គួរ​សម​ អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក ង្វៀន ហ៊្វូចុង (Nguyen Phu Trong) នៅ​ទីក្រុង​ហាណូយ (Han Noi)។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​រសៀល​ថ្ងៃ​ទី១១ ធ្នូថា មេ​ដឹក​នាំ​ប្រទេស​ទាំងពីរ បាន​ជម្រាប​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ស្ថានភាព​នៃ​ប្រទេស​ទាំង​ពីរ ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ឱ្យ​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​បន្ថែម​ទៀត ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក សម្រាប់​ជាតិ និង​ប្រជាជន​ទាំង​ពីរ។ ទន្ទឹម​គ្នា​នេះ ភាគី​ទាំង​ពីរ ក៏​បាន​ផ្លាស់​ប្ដូរ​យោបល់​​អំពី​កិច្ចការ​តំបន់ និង​សាកល ដោយ​បាន​បង្ហាញ​នូវ​ការ​ពេញ​ចិត្ត ចំពោះ​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ​វេទិកា​អន្តរជាតិ​នានា ដូចជា ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ អាស៊ាន និង​អនុ​តំបន់​ទន្លេ​មេគង្គ​ជា​ដើម។

ជា​មួយ​គ្នា​នេះ មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ ក៏​បាន​​​ធ្វើ​ជា​អធិបតីភាព​​នៃ​ការ​ចុះ​ហត្ថលេខា​​​លើ​កិច្ច​សហប្រតិបត្តិការ​ចំនួន៣ រួម​មាន អនុស្សរណៈ​យោគយល់​គ្នា ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​វិទ្យា​សាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ រវាង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ក្រសួង​វិទ្យា​សាស្ត្រ និង​បច្ចេកវិទ្យា​វៀតណាម។ ទី២ អនុស្សរណៈ​យោគយល់​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ រវាង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង អន្តរជាតិ និង​បណ្ឌិត្យសភា​ការ​ទូត​វៀតណាម និង​ទី៣ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​សភា​ពាណិជ្ជកម្ម​វៀតណាម ។

សេចក្ដីប្រកាស​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ អន្តរជាតិ ​កាលពី​ថ្ងៃ​ទី៧ ខែធ្នូ ឱ្យ​ដឹង​ថា លោក ហ៊ុន ម៉ាណែត ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម តប​តាម​ការ​អញ្ជើញ​របស់​មេដឹកនាំ​វៀតណាម និង​ក្នុង​គោលបំណង​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​រវាង​ប្រទេស​ទាំងពីរ រួមមាន អប់រំ ពាណិជ្ជកម្ម វិនិយោគ ការ​តភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារ​ជាតិ និង​កិច្ចការ​ព្រំដែន​ជា​ដើម។

ទោះ​ជា​យ៉ាង​ណា​ អ្នក​ឃ្លាំមើល​ស្ថានការណ៍​សង្គម​កម្ពុជា និង​វៀតណាម​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​វៀតណាម​ច្រើន​ជាង​កម្ពុជា។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ដែល​កំពុង​រស់​នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត យល់​ឃើញ​ថា ដំណើរ​ទស្សនកិច្ច​នេះ ជា​ការ​ទៅ​បង្ហាញ​មុខ​ក្នុង​នាម​ជា​មេ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង និង​រាយការណ៍​ជូន​នាយក​រដ្ឋមន្ត្រី ប្រមុខ​រដ្ឋ និង​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម អំពី​សមិទ្ធផល​នានា ដែល​បក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​​មក​ផង​។​លោក​ជឿជាក់​ថា ​​មេ​ដឹក​នាំ​វៀតណាម​នឹង​​ស្នើ​ជា​ថ្មី​ទៀត​ឱ្យ​មេ​ដឹកនាំ​ក្រុង​ភ្នំពេញ​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​​​ដល់​ពលរដ្ឋ​របស់​ខ្លួន​នៅ​កម្ពុជា។

លោក ម៉ែន ណាត៖ «អា​នេះ ជា​ផែនការ​របស់​វៀតណាម។ អ៊ីចឹង អ្វី​ដែល​លោក ហ៊ុន ម៉ាណែត ទៅ​ហ្នឹង ដើម្បី​រាយការណ៍​អា​ហ្នឹង ហើយ​ធម្មតា បើ​គាត់​ទៅ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី ហើយ​គ្រាន់​តែ​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​បក្ស​វា​អត់​គ្រប់គ្រាន់​ អីចឹង​បាន​ជា​ឪពុក​ដំឡើង​តំណែង​គាត់​មួយ​កម្រិត​ទៀត​ឱ្យ​បាន​ដល់​អនុប្រធាន​បក្ស​ហ្នឹង ដើម្បី​ឱ្យ​គាត់​ទៅ​និយាយ​ជា​មួយ​វៀតណាម​ឱ្យ​វា​ស្មើ​មុខ​ស្មើ​មាត់​តាម​ប្រពៃណី​ពួក​កុម្មុយនិស្ត​ផ្ដាច់ការ​ហ្នឹង គេ​ត្រូវ​ការ​មុខ​មាត់​អ៊ីចឹង។ អ៊ីចឹង គេ​ត្រូវ​ដំឡើង​តំណែង​កូន​គេ​ឱ្យ​បាន​ធំ​ទៅ ដើម្បី​វា​ស្រួល​​មាន​ប្រតិកម្ម​ពី​វៀតណាម។ បើ​ទៅ​មិន​មាន​ការ​តែងតាំង​តំណែង​ថ្មី​ឱ្យ លោក ហ៊ុន ម៉ាណែត វា​អាច​មាន​ប្រតិកម្ម​ពី​វៀតណាម​ច្រើន»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក អាន សុខឿន និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ប៉ែន បូណា ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១១ ធ្នូ។

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់ និង​ជា​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា និង​វៀតណាម លោក វ៉ន ចាន់ឡូត កត់សំគាល់​ថា ក្នុង​ជំនួប​នេះ ក៏​មិន​ខុស​ពី​ថ្នាក់​ដឹក​នាំ​ខ្មែរ​កំពូលៗ មុនៗ ដែរ ដែល​កម្ពុជា​បាន​ចាញ់​ប្រៀប​វៀតណាម​លើ​គ្រប់​វិស័យ។ លោក​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ឡើង​កាន់​តំណែង​ជាង ១០០ថ្ងៃ​មក​នេះ លោក ហ៊ុន ម៉ាណែត ហាក់​មិន​ទាន់​​បង្ហាញ​ពី​ឯករាជភាព​ ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​មាន​ឯករាជ្យ​ពិតប្រាកដ​នៅ​ឡើយ​ទេ។

លោក វ៉ន ចាន់ឡូត៖ «កន្លង​មក យើង​ឃើញ​ថា រាល់​ជំនួប​ជា​ផ្លូវ​ការ​ធំ ហើយ​វា​មាន​ពាក់ព័ន្ធ​ទៅ​នឹង​អាយុ​ជីវិត​ជាតិ​ផល​ប្រយោជន៍​ជាតិ គឺ​មេ​ដឹក​នាំ​ខ្មែរ​តែង​តែ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ហាណូយ ជួប​មេ​ដឹក​នាំ​វៀតណាម ហើយ​ការ​ជួប​នេះ​វៀតណាម គេ​មិន​ដែល​ឱ្យ​ខ្លួន​ខ្មែរ​ទទួល​ប្រយោជន៍​ប៉ុន្មាន​ទេ ឬ​យើង​និយាយ​មួយ​បែប​ទៀត ជំនួប​នេះ​តែងតែ​​ធ្វើ​ឱ្យ​ចំណេញ​ដល់​ប្រយោជន៍​នៃ​ប្រទេស​វៀតណាម​ច្រើន​ជាង​កម្ពុជា​ទទួល​ប្រយោជន៍​ពី​ជំនួប ឬ​ក៏​ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ណា​មួយ​ជា​ផ្លូវ​ការ​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល»។

ថ្មីៗ នេះ វៀតណាម​បាន​ស្នើ​ភាគី កម្ពុជា​ចំនួន ២ដង ក្នុង​រយៈ​ពេល​តែ ៤ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ក្រើន​រំលឹក​ឱ្យ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត យក​ចិត្ត​ទុក​ដាក់​ចំពោះ​សមាគម និង​ជួយ​គាំទ្រ​ពលរដ្ឋ​វៀតណាម ដែល​រស់នៅ​កម្ពុជា​បន្ត​ទៀត។ ក្នុង​នោះ លើក​ទី១ ស្នើ​នៅ​ថ្ងៃ​ទី១ ធ្នូ ក្នុង​អំឡុង​ពេល​ប្រធាន​រដ្ឋសភា​ថ្មី​កម្ពុជា អ្នកស្រី ឃួន សុដារី ទៅ​ប្រជុំ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ខណៈ​លើក​ទី២ នៅ​ពេល​គណៈប្រតិភូ ក្រសួង​ការ​បរទេស​វៀតណាម បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ដល់​ថ្ងៃ​ទី៣ ធ្នូ។

ការ​ស្នើ​ម្ដង​ហើយ​ម្ដង​ទៀត​នេះ ស្រប​ពេល​ជនជាតិ​វៀតណាម​ជាង ១០ម៉ឺន (១០០.០០០)នាក់ បាន​ទទួល​បាន​ប័ណ្ណ​ស្នាក់នៅ​ស្រប​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ន​ពួក​គេ​កំពុង​បំពេញ​លក្ខខណ្ឌ​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​ទទួល​បាន​សញ្ជាតិ​ខ្មែរ ខណៈ​ជនជាតិ​វៀតណាម​ជិត ១០០នាក់ ទទួល​បាន​សញ្ជាតិ​ខ្មែរ​ពេញលេញ។

អ្នក​ឃ្លាំមើល​​​លើក​ឡើង​ថា ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ លោក ហ៊ុន ម៉ាណែត គួរតែ​ក្លាហាន​ក្នុង​ការ​លើក​ពី​ផល​ប្រយោជន៍​ជាតិ​ស្នើ​ដល់​នាយក​រដ្ឋមន្ត្រី​វៀតណាម ដើម្បី​ដោះស្រាយ ជា​ពិសេស ជំរុញ​ដល់​វៀតណាម​ឱ្យ​គោរព និង​ផ្ដល់​តម្លៃ​អធិបតេយ្យ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។