នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញបញ្ជាទៅលោក សៅ សុខា ប្រធានគណៈកម្មាធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងក្រសួងពាក់ព័ន្ធថា ត្រូវរួមគ្នា អនុវត្តច្បាប់ព្រៃឈើឲ្យបានតឹងរ៉ឹងបំផុត។
ប៉ុន្តែសកម្មជនបរិស្ថានយល់ថា បទបញ្ជារបស់លោក ហ៊ុន ម៉ាណែត នេះ គ្រាន់តែធ្វើឲ្យតែល្អមើលប៉ុណ្ណោះ ព្រោះពួកគាត់យល់ថា មន្ត្រីថ្នាក់ក្រោម នឹងមិនអនុវត្តឲ្យមានប្រសិទ្ធភាពនោះទេ ដោយសារតែអំពើពុករលួយជាប្រព័ន្ធ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅចំពោះរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតថា ប្រសិនបើមិនទប់ស្កាត់បទល្មើសព្រៃឈើនោះទេ មនុស្សតិចទទួលបានផលប្រយោជន៍ ហើយមនុស្សជាច្រើននឹងលំបាកវេទនា។
លោកថា អ្នកដែលធ្វើជំនួញឈើខុសច្បាប់ទទួលបានប្រាក់ចំណេញកន្លងទៅ ក៏ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ដែរ។
លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដែលរៀបចំឡើង ដោយក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី២១ ធ្នូ។ លោកព្រមានថា ប្រសិនបើមិនអនុវត្តច្បាប់បទបញ្ជានេះទេ មន្ត្រីពាក់ព័ន្ធនឹងមានបញ្ហា។
លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំសូមចេញបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តច្បាប់តឹងរ៉ឹងបំផុត ចំពោះអ្នកប្រព្រឹត្តបទល្មើស និងពាក់ព័ន្ធ។ សូមគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក សៅ សុខា ថ្ងៃនេះអត់បានអញ្ជើញមក អាជ្ញាធរខេត្ត និងកងរាជអាវុធហត្ថ(PM)ត្រៀមផ្ដល់សហការចាំបាច់»។
ឆ្លើយតបលើកឡើងនេះ សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា យល់ថា ការអនុវត្តច្បាប់ព្រៃឈើ ប្រសិនបើរង់ចាំតែបទបញ្ជាម្ដងម្កាល ឆ្លុះបញ្ចាំងថា ច្បាប់គ្មានឥទ្ធិពលការពារសម្បត្តិជាតិឱ្យគង់វង្សនោះទេ។ លោកស្នើអាជ្ញាធរអនុវត្តច្បាប់ជាប្រចាំ កុំរង់ចាំតែបទបញ្ជា។
លោក ម៉ា ចិត្រា៖ «បទបញ្ជាយើងឃើញទូទៅ បានយ៉ាងយូរ ១ខែ លែងមានអ្នកធ្វើតាមទៀត។ សំណូមពរបន្ថែមអនុវត្តច្បាប់តឹងរ៉ឹង ជាជាងអនុវត្តបទបញ្ជា បើជាអាចរដ្ឋាភិបាលគួរតែមានក្រុមអធិការកិច្ចសម្ងាត់មួយទៅ ដើម្បីសិក្សាស្រាវជ្រាវ បទល្មើសព្រៃឈើ។ ដូចរាល់ថ្ងៃ ខ្លួនឯង(ក្រសួងបរិស្ថាន)អត់សមត្ថភាពការពារព្រៃឈើហើយ ហាមគេមិនឱ្យចូលរួម មានន័យថា ព្រៃឈើអត់គង់វង្សបានទេ»។
ក្នុងសន្និបាទនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ក៏បានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយបញ្ចប់រាល់វប្បធម៌ចុះកិច្ចសន្យាដោះលែងអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិដែរ។
រីឯប្រជាសហគមន៍ការពារព្រៃព្រះរកា ខេត្តព្រះវិហារ លោក ហែត ណៃ យល់ថា មន្ត្រីពាក់ព័ន្ធថ្នាក់ក្រោមជាតិ នឹងមិនអនុវត្តតាមបទបញ្ជានេះទេ ព្រោះអំពើពុករលួយ និងការរឹតត្បិតសហគមន៍មិនឱ្យចូលព្រៃអភិរក្ស នៅតែកើតមានដដែល ធ្វើឱ្យវិបត្តិព្រៃឈើមិនអាចដោះស្រាយបាន។
លោកថា ក្រុមជនល្មើស និងមន្ត្រីជំនាញបានត្រូវរ៉ូវគ្នា ទទួលប្រយោជន៍ពីបទល្មើសព្រៃឈើ និងការទន្ទ្រានដីព្រៃធ្វើចម្ការ ក្នុងតំបន់អភិរក្ស ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។
លោក ហែត ណៃ៖ «បទបញ្ជាចេះតែបទបញ្ជា តែថ្នាក់ក្រោមធ្វើមិនបាន ព្រោះចោរត្រូវគ្នាជាមួយប៉ូលិស រឿងអ្នកលួចកាប់ឈើ និងដឹកឈើនៅតែកើតមានហូរហែ។អត់មានលុបបំបាត់បទល្មើសព្រៃឈើនោះទេ។ កាប់រានដីព្រៃព្រោងព្រាតពេញដែនជម្រកហ្នឹងឯង»។
កាលពីឆ្នាំ ២០២២ អង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) បានចេញលទ្ធផលរបាយការណ៍ស្រាវជ្រាវ ពី មែកធាងអំពើខុសច្បាប់ នៃរចនាសម្ព័ន្ធកាប់ឈើខុសច្បាប់នៅកម្ពុជា(Branches Of Illegality Cambodia's illegality structures) បង្ហាញថា ប្រព័ន្ធការពារគ្នាទៅវិញទៅមក ដែលបង្កើតឡើងដោយគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយក្រុមឧកញ៉ា និងកងកម្លាំងប្រដាប់អាវុធ ធ្វើឱ្យមានវិនាសកម្មព្រៃឈើនៅកម្ពុជា។
ដូច្នេះហើយ ទើបការប្រកាសប្ដេជ្ញាដាក់ជីវិតរបស់លោក ហ៊ុន សែន និងមន្ត្រីយោធាកំពូលៗ ក្នុងការការពារព្រៃឈើ ត្រូវសកម្មជនបរិស្ថាន និងក្រុមអង្គការជាតិ និងអន្តរជាតិ នៅតែមើលឃើញថា មិនមានប្រសិទ្ធភាព ហើយបទល្មើសព្រៃឈើ នៅតែបន្តកើនឡើងទ្រង់ទ្រាយធំ ហើយអ្នកប្រព្រឹត្តទាំងនោះភាគច្រើន ពាក់ព័ន្ធនឹងក្រុមគ្រួសារសាច់ញាតិរបស់លោក ហ៊ុន ម៉ាណែត តែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។