មន្ត្រីគណបក្សប្រឆាំងលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងបោកប្រាស់ប្រជាពលរដ្ឋ និងប្រើសារនយោបាយប្រជាភិថុតិដើម្បីកេងចំណេញនយោបាយ។ ការរិះគន់របស់មន្ត្រីបក្សប្រឆាំងបែបនេះគឺបន្ទាប់ពីលោក ហ៊ុន ម៉ាណែត អះអាងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីខែកុម្ភៈ កន្លងទៅនេះ ឆ្លុះបញ្ចាំងពីភាពចាស់ទុំផ្នែកនយោបាយ និងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
មិនខុសពីឪពុករបស់លោកឡើយ លោក ហ៊ុន ម៉ាណែត ចាត់ទុកថា ការបោះឆ្នោតព្រឹទ្ធសភាជា«ជោគជ័យ»ថ្មីមួយទៀតសម្រាប់កម្ពុជា បើទោះបីជាការបោះឆ្នោតនេះត្រូវបានគេមើលឃើញថាធ្វើឡើងដោយគ្មានសេរីភាព និងយុត្តិធម៌ ហើយដើម្បីតែផ្តល់អំណាចឱ្យឪពុករបស់លោកក្ដោបក្ដាប់ស្ថាប័នកំពូលរបស់ជាតិតែប៉ុណ្ណោះ។
ប្រធានគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តប៉ៃលិន លោក ខឹម មុនីកុសល មិនគាំទ្រការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ឡើយ។ លោកថា សកម្មជនបក្សប្រឆាំងតែងរងការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញពីសំណាក់គណបក្សកាន់អំណាចមុនការបោះឆ្នោតព្រឹទ្ធសភា។
លោក ខឹម មុនីកុសល៖ «ដើម្បីឱ្យគេទទួលស្គាល់ជ័យជម្នះរបស់គាត់[ថា]ជាជ័យជម្នះប្រកបទៅដោយគេហៅថាកិត្តិយសនោះ គឺគាត់ត្រូវតែបើកលំហប្រជាធិបតេយ្យ ដោះលែងអ្នកទោសនយោបាយ ហើយឈប់បណ្ដែតបណ្ដោយឱ្យបក្ខពួករបស់ខ្លួនដើរធ្វើបាប ធ្វើទុក្ខបុកម្នេញទៅដល់សកម្មជនគណបក្សប្រឆាំង និងប្រជាពលរដ្ឋដែលមានការបញ្ចេញមតិទៅលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ ត្រូវបានគេចាប់ចង ត្រូវបានគេរឹតត្បិតជាដើម»។
ដោយឡែកអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ រិះគន់ថា លោក ហ៊ុន ម៉ាណែត មិនអាចបោកប្រាស់ពលរដ្ឋខ្មែរបានឡើយ។ លោកបន្តថា ប្រសិនបើចង់ឱ្យកម្ពុជាមានភាពចាស់ទុំផ្នែកនយោបាយ ទាល់តែលោក ហ៊ុន ម៉ាណែត បើកលំហសិទ្ធិសេរីភាពឱ្យសកម្មជននយោបាយនៅក្រៅប្រទេសអាចចូលរួមធ្វើនយោបាយឡើងវិញ។
លោក ម៉ែន សុថាវរិន្ទ្រ៖ «ខាងត្រកូលហ៊ុនវិញ លោក ហ៊ុន សែន វិញ គឺគាត់ក្ដោបក្ដាប់ទាំងអស់។ កូរ៉េខាងជើងត្រឹមតែកូនមួយទេ។ តែនេះគឺអត់ទេ។ នេះគឺទាំងកូន ទាំងប្រពន្ធ ទាំងក្មួយ ទាំងចៅអីទាំងអស់។ គឺត្រកូលហ៊ុន ខ្លាំងជាងកូរ៉េខាងជើងទៅទៀត។ ខ្ញុំមើលទៅគឺវង្សត្រកូលរបស់គាត់ទាំងអស់ គឺក្ដោបក្ដាប់ប្រទេសកម្ពុជាទាំងអស់។ ខ្ញុំបារម្ភមែនទែន។ ធ្វើអ៊ីចឹងមិនមែនជាប្រជាធិបតេយ្យទេ គឺជាប្រជាធិបតេយ្យក្លែងក្លាយ»។
ប្រតិកម្មរបស់មន្ត្រីបក្សគណបក្សទាំងនេះគឺបន្ទាប់ពី លោក ហ៊ុន ម៉ាណែត នៅព្រឹក ថ្ងៃសុក្រ ទី១៥ ខែមីនា ថ្លែងក្នុងពេលដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថា លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភាកន្លងទៅ ឆ្លុះបញ្ចាំងនូវអ្វីដែលលោកថាជា «ភាពចាស់ទុំ» ខាងផ្នែកនយោបាយនៅកម្ពុជា។
លោក ហ៊ុន ម៉ាណែត៖ «ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ដែលបានប្រព្រឹត្តទៅដោយជោគជ័យនៅថ្ងៃ២៥ កុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្ស៤ចូលរួមប្រកួតប្រជែង និងមានអង្គបោះឆ្នោតចូលរួមរហូតដល់ ៩៩,៨៦ភាគរយ។ លទ្ធផលនេះបានបង្ហាញអំពីភាពចាស់ទុំផ្នែកនយោបាយ និងវឌ្ឍនភាពនៃការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ខ្ញុំសូមឆ្លៀតយកឱកាសនេះអបអរសាទរចំពោះជ័យជម្នះនៃការបោះឆ្នោត វាយតម្លៃខ្ពស់ និងអរគុណគ្រប់ភាគីពាក់ព័ន្ធទាំងអស់»។
ជុំវិញបញ្ហានេះ អ្នកសិក្សាកិច្ចការនយោបាយលោក ប៉ោ មករា មានប្រសាសន៍ថា លោក ហ៊ុន ម៉ាណែត មិនអាចយកតួលេខនៃអង្គបោះឆ្នោតអសកលមកវាស់វែងភាពចាស់ទុំផ្នែកនយោបាយបាននោះទេ។ លោកផ្ដល់អំណះអំណាងថា មន្ត្រីបក្សកាន់អំណាចតែងប្រើប្រព័ន្ធតុលាការដើម្បីធ្វើទុក្ខបុកម្នេញគូប្រកួតប្រជែងនយោបាយរបស់ខ្លួន។
លោក ប៉ោ មករា៖ «អ្វីដែលអ្នកនយោបាយធ្វើបាន ជាពិសេសគឺគណបក្សដែលកាន់អំណាច អ្នកនយោបាយដែលកាន់អំណាច គាត់គួរតែបើកចិត្តទូលាយពាក់ព័ន្ធទៅនឹងការបើកលំហសិទ្ធិសេរីភាព ចំពោះពលរដ្ឋទូទៅ ចំពោះសកម្មជនសង្គម ឬក៏សកម្មជនគណបក្សនយោបាយ ឬក៏គណបក្សនយោបាយដែលជាបក្សប្រឆាំងជាមួយខ្លួនឯង គឺត្រូវតែបើកលំហឱ្យគាត់មានលទ្ធភាពនៅក្នុងការធ្វើសកម្មភាពនយោបាយនៅក្នុងថ្នាក់មូលដ្ឋាន ក៏ដូចជាសកម្មភាពនៅថ្នាក់ជាតិទាំងមូល»។
បើទោះបីជា លោក ហ៊ុន ម៉ាណែត អួតអាងថា ប្រទេសកម្ពុជា មានភាពចាស់ទុំនយោបាយ និងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យល្អក្ដី កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅ អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច ហៅកាត់ថា អ៊ី.អាយ.យូ (Economist Intelligence Unit) បានបន្តដាក់ចំណាត់ថ្នាក់កម្ពុជាជាប់លេខ ១២១ ឬជាប្រទេសមានរបបដឹកនាំតាមបែបផ្ដាច់ការសម្រាប់ឆ្នាំ២០២៣ អាក្រក់ជាងឆ្នាំមុនៗទៀត។ អង្គភាពEIU ថា ការវាយតម្លៃនីមួយៗ ផ្អែកលើចំណុចសំខាន់មួយចំនួនរួមមានដំណើរការបោះឆ្នោត មុខងាររបស់រដ្ឋាភិបាល ការចូលរួមនយោបាយ វប្បធម៌នយោបាយ និងសេរីភាពសង្គមស៊ីវិល។ ពិន្ទុប្រជាធិបតេយ្យរបស់កម្ពុជាបានបន្តដាំក្បាលចុះគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងឆ្នាំ២០១៧ នៅពេលដែលរដ្ឋាភិបាលក្រោមការដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បើកយុទ្ធនាការគាស់រម្លើងប្រជាធិបតេយ្យតាមរយៈការរម្លាយគណបក្សប្រឆាំងធំជាងគេគឺគណបក្សសង្គ្រោះជាតិ នៅមុនការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។ ចំណែកអាណត្តិទី៧វិញ លោក ហ៊ុន សែន បានផ្ទេរដំណែងនាយករដ្ឋមន្ត្រីទៅកាន់កូនប្រុសច្បងលោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ណែត កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ ប៉ុន្តែមុននឹងការផ្ទេរដំណែងជាកញ្ចប់ទៅកាន់កូនប្រុស និងបក្ខពួកខ្លួន លោក ហ៊ុន សែន បានបង្ក្រាបលើសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងរាំងខ្ទប់គណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងដែលធំជាងគេមិនឱ្យចូលរួមបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។