លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឃោសនានយោបាយចិនដោយអួតសរសើរថា ប្រទេស ចិនកុម្មុយនិស្ត (China) ដើរតួយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា និងប្រជាជាតិអាស៊ានទាំងមូលតាមរយៈកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មទីផ្សារសេរី។ ទោះបីជាយ៉ាងណា អ្នកជំនាញរិះគន់ថា ការលើកឡើងនេះ មិនឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែង ដោយសារតែប្រទេសចិននាំចូលផលិតផលលក់នៅកម្ពុជា និងអាស៊ានបានទូលំទូលាយ ខណៈកម្ពុជា និងអាស៊ានវិញនាំចេញផលិតផលតិចតួចទៅលក់ក្នុងប្រទេសចិន។
លោក ហ៊ុន ម៉ាណែត ប្ដេជ្ញាថា លោកនឹងប្រឹងប្រែង កែលម្អបរិយាកាសធុរកិច្ច ការវិនិយោគ បង្កើនប្រសិទ្ធភាពការដឹកជញ្ជូន លើកកម្ពស់នៃការផលិត និងបន្តគាំទ្រសកម្មភាពនៃប្រជាជាតិអាស៊ានតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ASEAN-China) កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ Regional Comprehensive Economic Partnership ហៅកាត់ថា អាសិប (RCEP) និងកិច្ចព្រមព្រៀងទីផ្សារពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសចិន។ លោកអះអាងថា កិច្ចសហប្រតិបត្តិការរួម និងការធ្វើពាណិជ្ជកម្មដោយសេរីគឺជាការនាំមកនូវ សុខសន្តិភាព និងវិបុលភាពរួមគ្នារវាងចិន និងប្រជាជាតិអាស៊ាន។
លោក ហ៊ុន ម៉ាណែត៖«អាស៊ាន និងចិន គឺជាតួអង្គដ៏សំខាន់ដែលយើងអាចបង្ហាញឧទាហរណ៍ដល់ពិភពលោកពីផលប្រយោជន៍ដែលកើតចេញពីការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមិនទោរទន់ទៅរកនិន្នាការគាំពារនិយម ឯកតោភាគីនិយម ឬគំនិតជាតិនិយមសេដ្ឋកិច្ចនោះទេ។ ក្នុងទិសដៅខាងមុខ អាស៊ាន និងចិន ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងការពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀត តាមរយៈការបើកច្រកទីផ្សារ ការពង្រឹងការតភ្ជាប់ ការពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ការពង្រឹងសមត្ថភាពផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់ ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងរួមគ្នាជំរុញសកម្មភាពវិនិយោគទៅវិញទៅមក»។
លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និងវាសនាតែមួយ» នៅប្រទេសចិន កាលពីថ្ងៃទី១៦ ខែកញ្ញា។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្នុងឆ្នាំ២០២២ កន្លងទៅ ទំហំពាណិជ្ជកម្មអាស៊ានចិន បានកើនឡើងដល់ជាង ៧រយពាន់លានដុល្លារអាមេរិក (៧២២ពាន់លានដុល្លារ)។ ទោះយ៉ាងណា លោកមិនបានបញ្ជាក់ពីអតុល្យភាពជញ្ជីងពាណិជ្ជកម្មរវាងអាស៊ាន និងប្រទេសចិននោះឡើយ។
កាសែត គ្លូបល ថាមស៍ (Global Time) នៃរដ្ឋអំណាចចិន អះអាងថា ទំហំពាណិជ្ជកម្មអាស៊ានចិនក្នុងឆ្នាំ២០២២ កើនឡើងប្រមាណ ១៥ភាគរយ ឬស្មើជាង ៩រយពាន់លានដុល្លារ (៩៧០ពាន់លានដុល្លារ)។ ក្នុងនោះ ចិននាំចេញផលិតផលទៅប្រទេសអាស៊ានមានចំនួនជិត ៥រយពាន់លានដុល្លារ រីឯការនាំចូលផលិតផលពីអាស៊ានមកប្រទេសចិនមានជាង ៣រយពាន់លានដុល្លារ។ ដោយឡែក កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មនៃទំនិញរវាងចិន និងអាស៊ាន មានជិត ៩រយពាន់លានដុល្លារ (៨៧៨.២ ពាន់លានដុល្លារ) ហើយការនាំចេញរបស់ចិនទៅកាន់អាស៊ានមានចំនួនជាង ៥រយពាន់លានដុល្លារ (៤៨៣.៦៩ ពាន់លានដុល្លារអាមេរិក)។ ចំណែក ការនាំចូលផលិតផលពីអាស៊ានមកប្រទេសចិនវិញ មានចំនួនជិត ៤រយពាន់លានដុល្លារ (៣៩៤.៥១ពាន់លានដុល្លារ)។
អ្នកឃ្លាំមើលលើកឡើងថា មូលហេតុកម្ពុជា និងប្រទេសអាស៊ានមិនអាចនាំផលិតផលទៅលក់នៅប្រទេសចិនបានទូលំទូលាយ ដោយសារតែប្រទេសចិនពុំមែនជាប្រទេសអនុគ្រោះពន្ធនោះទេ។ ក្រៅពីនេះ បណ្ដាប្រទេសនៃសមាជិកអាស៊ានខ្លះក៏មិនទាន់មានភាពស៊ីសង្វាក់គ្នា និងមិនទាន់សម្រេចចិត្តក្នុងការចុះកិច្ចព្រមព្រៀងទីផ្សារពាណិជ្ជកម្មជាមួយចិននៅឡើយ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា លើកឡើងថា កិច្ចសហប្រតិបត្តិការក្នុងការជំរុញទំហំពាណិជ្ជកម្មរវាងអាស៊ាន និងចិន នៅមានកម្រិត និងមិនទាន់មានតុល្យភាពនៅឡើយ ដោយសារតែប្រទេសចិននៅតែអាចនាំចេញផលិតផលរបស់ខ្លួនមកលក់នៅប្រទេសអាស៊ានច្រើនជាងប្រទេសអាស៊ាននាំផលិតផលទៅប្រទេសចិន។ លោក ជំរុញដល់ប្រទេសអាស៊ាន គួរតែពង្រឹង និងបង្កើនទំហំពាណិជ្ជកម្មក្នុងក្របខណ្ឌអាស៊ានរួមគ្នា ដើម្បីបញ្ចៀសបញ្ហាប្រឈមក្លាយជាកូនអុក ឬជាទីផ្សារសម្រាប់ទទួលផលិតផលពីប្រទេសចិនកុម្មុយនិស្ត។
លោក ឯម សុវណ្ណារ៉ា៖«កម្ពុជាក៏ជាប្រទេសមួយដែលយើងមិនទាន់បង្កើតកត្តាផលិតកម្មទេ។ យើង មានតែរបាំងពាណិជ្ជកម្មយើងជាប់ពាក់ព័ន្ធទៅនឹងការនាំចេញនាំចូលគិតពន្ធហើយនឹងលំហូរ ពន្ធ និងការត្រួតពិនិត្យតឹងរ៉ឹង ។ ជាបឋម ធ្វើឱ្យសមាគមអាស៊ានធ្វើម៉េចលុបបំបាត់ការបង់ពន្ធទំនិញហ្នឹង។ កាលណាធ្វើពាណិជ្ជកម្មក្នុងក្របខណ្ឌអាស៊ានបានទូលាយ ការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយចិន ក៏កាន់តែទូលាយដែរ។ កន្លងមក ទំហំពាណិជ្ជកម្ម អាស៊ានជាមួយចិន ហ្នឹងគឺមានកម្រិតមួយហើយ ប៉ុន្តែវាអត់ទាន់បានចំហទូលាយសម្រាប់កិច្ចព្រមព្រៀងសេរីជាមួយអាស៊ានទេ បានន័យថា មានទំហំពាណិជ្ជកម្មតែមិនទាន់ទូលាយទេ»។
លោក ហ៊ុន ម៉ាណែត ក្រៅពីឃោសនានយោបាយឱ្យមិត្តដែកថែបចិន នៅចំពោះមុខក្រុមប្រទេសសមាជិកអាស៊ាន ក៏មានជំនួបជាមួយមន្ត្រីនៅតំបន់នៃប្រទេសចិនជាបន្តបន្ទាប់ ក្នុងគោលដៅស្នើឱ្យភាគីចិនជួយគាំទ្រផ្នែកវិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងកិច្ចសហប្រតិបត្តិការនានាជាមួយកម្ពុជា។ លទ្ធផលបីថ្ងៃ នៃដំណើរទស្សនកិច្ចលោក ហ៊ុន ម៉ាណែត ក្រៅពីទៅចិនក្នុងគោលបំណងពង្រឹងចំណងមិត្តភាព លោកក៏ស្នើឱ្យចិនជួយគាំទ្រកម្ពុជាគ្រប់វិស័យ ក្នុងនោះរាប់ទាំងវិស័យ កសិកម្ម ផ្នែកសេដ្ឋកិច្ច នយោបាយការទូត និងជំរុញការអភិវឌ្ឍនៅកម្ពុជា បន្ទាប់ពីលោកមានជំនួបភាគីទ្វេភាគីជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសចិន។
អ្នកឃ្លាំមើល និងអ្នកវិភាគមួយចំនួនរិះគន់ថា ហេតុផលដែលលោក ហ៊ុន ម៉ាណែត ជ្រើសរើសប្រទេសចិនទៅបំពេញទស្សនកិច្ចលើកដំបូងនោះ គឺឆ្លុះបញ្ចាំងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ស្ថិតក្រោមឥទ្ធិពលនយោបាយចិន។ លើសពីនេះ ពួកគេព្រួយបារម្ភថា ភាពល្អូកល្អិនរវាងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងរបបក្រុងប៉េកាំងនាពេលនេះ អាចនឹងមានកិច្ចសហប្រតិបត្តិការដោយសម្ងាត់ក្នុងក្របខ័ណ្ឌវិស័យយោធា ដែលអនុញ្ញាតឱ្យចិនពន្លឿនក្នុងការសម្រេចមហិច្ឆតាពង្រីកមូលដ្ឋានទ័ពចិននៅលើទឹកដីខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។