លោក​​ ហ៊ុន ម៉ាណែត​ ​ថា​ ការ​​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​​​មាន​អនុភាព​ដូច​សាលក្រម​តុលាការ

0:00 / 0:00

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​ថា រាល់​ការ​សម្រេច​របស់​គណៈកម្មការ​ជាតិ​ដោះ​ស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជូន​ពលរដ្ឋ​នឹង​មាន​អនុភាព​អនុវត្ត​ដូច​សាលក្រម​របស់​តុលាការ។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ច្បាប់​ព្រួយបារម្ភ​ថា ប្រសិន​បើ​គណៈកម្មការ​នេះ​ធ្វើ​ការ​គ្មាន​តម្លាភាព​និង​មិន​បាន​ល្អិតល្អន់​ទេ នោះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្រីក្រ ដែល​គ្មាន​បក្ខពួក។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​ថា​ការ​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​រឿង​សំខាន់ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​សំណុំ​រឿង​នៅ​ក្នុង​តុលាការ និង​ដើម្បី​កាត់​បន្ថយ​ពេល​វេលា​ក្នុង​ដំណើរ​ការ​ក្ដីក្ដាំ​របស់​ពលរដ្ឋ។ លោក​បន្ត​ថា រដ្ឋាភិបាល​នឹង​បង្កើត​គណៈកម្មការ​ជាតិ​​​​មួយ​ដើម្បី​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ តាម​រយៈ​សម្រុះ​សម្រួល​ផ្សះផ្សា ដោយ​ផ្អែក​ទៅ​លើ​កិច្ចព្រមព្រៀង​រវាង​ភាគី​ពាក់ព័ន្ធ និង​តាម​ការ​ស្នើ​សុំ​របស់​ភាគី​ទំនាស់។ លោក​បញ្ជាក់​ថា ទំនាស់​ដែល​ដោះ​ស្រាយ​នៅ​ក្នុង​ក្របខ័ណ្ឌ​អាជ្ញាធរ​ជាតិ​ថ្មី​នេះ​រួច​ហើយ ត្រូវ​ចាត់​ទុក​ថា បាន​ដោះស្រាយ​​​​​ជា​ស្ថាពរ ដោយ​មិន​បាច់​ប្ដឹង​បន្ត​ទៅ​តុលាការ​នោះ​ទេ ព្រោះ​លោក​ថា កំណត់ហេតុ​បញ្ចប់​វិវាទ​នេះ មាន​អានុភាព​អនុវត្ត​ដូច​សាលក្រម​របស់​តុលាការ​ដែរ។

លោក ហ៊ុន ម៉ាណែត៖«អ៊ីចឹង ដើម្បី​ប្រថាប់​ត្រា​កន្លង​ទៅ​ទាល់​តែ​ទៅ​តុលាការ ដើម្បី​ចេញ​សាលក្រម ឥឡូវ​ដំណោះ​ស្រាយ​ថ្មី​គឺ អ្វី​ដែល​បងប្អូន​អាច​ពឹង​ផ្អែក​ដូច​មុន​តាម​ការ​ស្ម័គ្រ​ចិត្ត ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ។ តែ​ពេល​ដែល​កិច្ច​ព្រមព្រៀង​នេះ​ហើយ គឺ​ត្រូវ​ចេញ​មក​ឱ្យ​មាន​ទម្ងន់​ដូច​សាលក្រម​តុលាការ។ មាន​ន័យ​ថា ភាគី​ទាំង​សង្ខាង​លែង​ក្រឡាច់​បាន​ទៀត​ហើយ។ ហ្នឹង គឺ​ជា​អ្វី ដែល​ជា​ផល​សម្រាប់​បងប្អូន​នេះ​ជា​លក្ខណៈ​ពិសេស ហើយ​បើ​យើង​ដោះ​អា​នេះ​បាន​នឹង​ជួយ​បងប្អូន»។

លោក ហ៊ុន ម៉ាណែត ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ខេត្ត​ថ្មី និង​សមិទ្ធផល​នានា​នៅ​ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ទី៣០ តុលា។​

ទោះ​ជា​យ៉ាង​ណា​អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វន ចាន់ឡូត យល់​ឃើញ​ថា ការ​ដោះស្រាយ​វិវាទ​បែប​នេះ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើ​ការងារ​គ្មាន​តម្លាភាព និង​មិន​បាន​ហ្មត់ចត់​ទេ​នោះ នឹង​ធ្វើ​ឱ្យ​ជន​ខិលខូច និង​អ្នក​មាន​លុយ​មាន​អំណាច​មួយ​ចំនួន​ដែល​ប្រព្រឹត្ត​បទ​ល្មើស​រួច​ផុត​ពី​សំណាញ់​ច្បាប់។​

លោក វន ចាន់ឡូត៖«ជា​រឿយៗ​យើង​តែង​តែ​ឃើញ​ថា អាជ្ញាធរ​ដែល​ជា​អ្នក​​សម្របសម្រួល​ជា​អ្នក​អព្យាក្រឹត្យ​ហ្នឹង​តែង​តែ​លំអៀង​ទៅ​រក​អ្នក​ដែល​មាន​លុយ ដែល​មាន​អំណាច​ ហើយ​តែង​តែ​បិទ​ភ្នែក​បិទ​ច្រមុះ​ធ្វើ​មិន​ដឹង​មិន​ឃើញ​មិន​លឺ​ទៅ​នឹង​បញ្ហា​ជាក់​ស្ដែង។ អ្នក​ខ្លះ​ប្រជា​ពលរដ្ឋ​នៅ​សហគមន៍​គាត់​ធ្វើ​ការ​តវ៉ា​ធ្វើ​ការ​ទាមទារ​ក៏​មិន​មាន​ដំណោះស្រាយ​ណា​មួយ​ជាក់​លាក់​សម្រាប់​គាត់​ទេ ហើយ​ថែម​ទាំង​ប្រើប្រាស់​កម្លាំង​ដើម្បី​គំរាម​កំហែង​គាបសង្កត់​ ឬ​ពេល​ខ្លះ​ប្រើប្រាស់​យន្តការ​តុលាការ​ដើម្បី​ចោទ​ប្រកាន់​ពួក​គាត់​ថែម​ទៅ​ទៀត»។

ដោយ​ឡែក អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា​យន្តការ​រក​ដំណោះ​ស្រាយ​របស់​រដ្ឋាភិបាល​នេះ ប្រសិន​បើ​អនុវត្ត​ដោយ​តម្លាភាព​ដែល​អាច​ដោះស្រាយ​ជម្លោះ​ជូន​ពលរដ្ឋ​បាន​​ជា​រឿង​ល្អ​ដែល​ជួយ​​​ដល់​ពលរដ្ឋ​។ប៉ុន្តែ​​​លោក​ព្រួយបារម្ភ​​ខ្លាច​យន្តការ​នេះ​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភាគី​ទំនាស់ ហើយ​ភាគី ដែល​មិន​សុខ​ចិត្ត​នោះ​គ្មាន​ច្រក​ស្វែង​រក​យុត្តិធម៌​បន្ត​ទៀត។

លោក ស៊ឹង សែនករុណា៖«យើង​ដឹង​ហើយ​កន្លង​មក​ទាំង​មន្ត្រី​អនុវត្ត​តួនាទី​ចាប់​ពី​មូលដ្ឋាន​មក​ដល់​ថ្នាក់​ជាតិ ចាប់​ពី​តុលាការ​ជាន់​ទាប​ទៅ​ដល់​ជាន់​ខ្ពស់​អី​ជា​ដើម គឺ​បាត់​ទំនុក​ចិត្ត​ដោយសារ​តែ​ការ​អនុវត្ត​ច្បាប់​នេះ​ឯង​។​នៃ​ការ​អនុវត្ត​ច្បាប់​នឹង​ដោយសារ​តែ​មាន​ការ​លើក​ឡើង​អំពី​បញ្ហា​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ ការ​ប្រើប្រាស់​តួនាទី​មិន​បាន​ត្រឹមត្រូវ​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ផ្សេងៗ អី​ជា​ដើម។ ទាំង​អស់​នេះ​ហើយ គឺ​ជា​ចំណុច​ដែល​ត្រូវ​ត្រួតពិនិត្យ​នឹង​ឆ្លុះ​បញ្ចាំង​ទៅ​លើ​ការ​សម្រេច​ចិត្ត​ទាំង​អស់​ហ្នឹង។ អីចឹង​គួរតែ​មាន​ក្រុម​ការងារ​ដែល​យើង​ជឿជាក់​ថា ក្រុម​មាន​ភាព​ឯករាជ្យ​ហើយ​មាន​ភាព​ត្រឹម​ត្រូវ​ក្នុង​ការ​តាមដាន​ទៅ​លើ​ការ​ដោះ​ស្រាយ​ទាំង​អស់​ហ្នឹង»។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ឱ្យ​ដឹង​ថា អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ មាន​ឧបនាយក​រដ្ឋ​មន្ត្រី ១រូប​ជា​ប្រធាន ហើយ​មាន​ជា​អនុប្រធាន​ចំនួន​៤រូប​ រួម​មាន​ទេសរដ្ឋមន្ត្រី ១រូប រដ្ឋមន្ត្រី​ក្រសួង​អធិការ​កិច្ច ១រូប រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ ១រូប និង​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ១រូប រួម​ទាំង​មន្ត្រី​មកពី​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ជា​សមាជិក។ កន្លង​ទៅ រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​បង្កើត​អាជ្ញាធរ ឬ​ក្រុមការងារ​ថ្នាក់​ជាតិ​មួយ​ចំនួន​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ ប៉ុន្តែ​អ្នកឃ្លាំមើល​រិះគន់​ថា ក្រុម​ការងារ​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល​ហាក់​សកម្ម ឬ​ធ្វើ​ការងារ​មាន​ប្រសិទ្ធភាព​តែ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ប៉ុណ្ណោះ។ ចំណែក​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជា​កូន​របស់​លោក ហ៊ុន សែន នេះ បាន​ដឹកនាំ​ប្រទេស​ជាង ២ខែ​មក​នេះ តែ​រដ្ឋាភិបាល​ថ្មី​នេះ ក៏​មិន​ទាន់​បង្ហាញ​ចំណុច​លេចធ្លោ​នៃ​សមិទ្ធផល​ការងារ​របស់​ខ្លួន​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ឡើយ​ដែរ។

​អ្នក​សិក្សា​ផ្នែក​ច្បាប់​លើក​ឡើង​​ថា​ដើម្បី​ដោះស្រាយ​វិវាទ​ពលរដ្ឋ​មាន​ប្រសិទ្ធ​ភាព​រដ្ឋាភិបាល​គួរតែ​ធ្វើ​​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ទាំង​មូល ដែល​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រព័ន្ធ​តុលាការ​កុំ​ស្ថិត​ក្រោម​​ឥទ្ធិពល​របស់​អ្នក​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។