លោក ហ៊ុន ម៉ាណែត នៅ​តែ​យក​សង្គ្រាម​មក​ឃោសនា​នយោបាយ​តាម​គន្លង​ឪពុក

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវ​បាន​គេ​កត់សម្គាល់​ថា ដឹកនាំ​ប្រទេស​ដោយ​យក​តាម​គំរូ​ឪពុក​លោក​កាន់តែ​ខ្លាំង​ឡើង បន្ទាប់ពី​លោក​យក​រឿង​សង្គ្រាម​ទៅ​បំភិតបំភ័យ​ប្រជាពលរដ្ឋ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​។ អ្នកវិភាគ​យល់​ឃើញ​ថា នេះ​ជា​ល្បិច​កេង​ចំណេញ​នយោបាយ​ចាស់​គំរឹល ខណៈ​ការ​យក​សង្គ្រាម​មក​ដាក់​មុខ គ្រាន់តែ​ជា​ខែល​បិទបាំង​ពី​ភាព​ភ័យខ្លាច និង​អសមត្ថភាព​របស់​លោក ហ៊ុន ម៉ាណែត តែ​ប៉ុណ្ណោះ។

ការប្រើប្រាស់​ពាក្យ​សង្គ្រាម និង​សន្តិភាព នៅតែ​ជា​អំនួត​នយោបាយ​ដ៏​ពេញនិយម របស់​នាយករដ្ឋមន្ត្រី​ពីរ​នាក់​ឪពុក និង​កូន សម្រាប់​ធ្វើជា​ឧបករណ៍ ដើម្បី​កេង​ចំណេញ​នយោបាយ និង​គំរាម​ប្រជាពលរដ្ឋ។

ក្នុង​ពិធី​បិទ​ស្ទឹង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​តាតៃ​លើ ស្ថិត​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង នៅ​ថ្ងៃទី ៣០ ខែ​វិច្ឆិកា លោក ហ៊ុន ម៉ាណែត ថ្លែង​ថា «លោក​សុខចិត្ត​ឱ្យ​គេ​ហៅ​លោ​កថា ជា​ជន​ផ្ដាច់ការ​ជាជាង​ឱ្យ​ប្រជាជន​កម្ពុជា​ចោទ​លោក​ថា អសមត្ថភាព ធ្វើ​ឱ្យ​មាន​សង្គ្រាម​កើតឡើង ស្លាប់​ប្រជា​ពលរដ្ឋ​ឡើងវិញ​»​។ ជាមួយ​គ្នា​នេះ លោក​បាន​រម្លឹក​ពី​ប្រវត្តិ​សម័យ​សង្គ្រាម​ជាមួយ​ខ្មែរក្រហម​នៅក្នុង​ស្រុក​ថ្មបាំង និង​បាន​ទាញ​យក​ព្រឹត្តិការណ៍​នេះ មក​លើក​សរសើរ​ពី​តម្លៃ​សន្តិភាព​ដោយ​ការ​បញ្ចប់​សង្គ្រាម ដែល​លោក​តែងតែ​លើកឡើង​ថា គឺជា​គុណសម្បត្តិ​របស់​ឪពុក​របស់​លោក។

លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំ​មិន​ឱ្យ​ប្រជាជន​ចោទ​ខ្ញុំ ថា​រដ្ឋាភិបាល​ថ្មី​គ្មាន​សមត្ថភាព​ថែរក្សា​សេចក្ដីសុខ​ជូន​ប្រជាជន ជាពិសេស​សុខ​សន្តិភាព​ដែល​បាន​ដោយ​ការ​លំបាក និង​ការ​លះបង់​ច្រើនណាស់​របស់​ជាតិ​យើង។ អ្នកឯង​ថា​ហ្នឹង ថា​ចុះ ចោទ​ចុះ រាល់ថ្ងៃ​ហ្នឹង​ចោទ​ចុះ​។ មាន​អ្នកខ្លះ​គេ​ថា ១០០​ថ្ងៃ​នៃ​រដ្ឋាភិបាល​ថ្មី សុំ​ទៅ​ធ្វើ​កាន់ទុក្ខ​។ អឺ​!ទៅ​ធ្វើ​កាន់ទុក្ខ​តែ​អ្នកឯង​ចុះ​។ ប្រជាជន​រាប់​លាន​នាក់​កំពុង​ទើប​ចប់​បុណ្យអុំទូក ឥឡូវ​មកនេះ មកកាន់​ទុក្ខ ឬ​មក​សប្បាយ?មក​ទទួល​ភ្លើង​ទៀត​ឥឡូវ​បងប្អូន​។ មក​សប្បាយរីករាយ​។ ហើយ​អ្នក​ដែល​កាន់ទុក្ខ ទៅ​ចុះ​!គាត់​ទៅ​ធ្វើ​អី​ខ្លួនឯង​ទៅ​ចុះ​។ យើង​តែ​សប្បាយ​ទៅ»។

សារ​របស់​លោក ហ៊ុន ម៉ាណែត នា​ពេល​នេះ ហាក់​ល្អ​ស្ដាប់ ក៏ប៉ុន្តែ​សម្រាប់​អ្នក​តាមដាន​នយោបាយ​យល់​ថា គឺជា​ភាសា​ប្រជាភិថុតិ ដែល​យក​បញ្ហា​សង្គ្រាម​មក​បំភ័យ​ប្រជាពលរដ្ឋ​ខ្លួនឯង ស្រប​ពេល​ដែល​ស្ថានភាព​នៅ​តាម​បណ្ដា​ប្រទេស​មួយចំនួន កំពុង​មាន​សង្គ្រាម​ផ្ទៃក្នុង និង​រវាង​រដ្ឋ​នឹង​រដ្ឋ មាន​ដូចជា សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា សង្គ្រាម​ឈ្លានពាន​របស់ រុស្សី​(Russia) នៅ​អ៊ុយក្រែន (Ukraine) និង​សង្គ្រាម​រវាង​ក្រុម​ជីវពល​ប្រដាប់​អាវុធ​ហាម៉ាស (Hamas) ជាមួយ​អ៊ីស្រាអែល​(Israel) ជាដើម។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៣០ វិច្ឆិកា ថា ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​បែបនេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនវិស័យ​នៃ​ការ​ប្រកួតប្រជែង​នយោបាយ តាម​បែប​ប្រជាធិបតេយ្យ​ឡើយ។

លោក ម៉ែន សុថាវរិន្ទ្រ៖ «និយាយ​អី​ក៏​សង្គ្រាមៗ អត់​មានអី​និយាយ​!គាត់​អត់​មាន​និយាយ​វោហារសាស្ត្រ។ វោហារសាស្ត្រ​តែ​តាម​ឪពុក​។ មួយរយ​ថ្ងៃ​ហើយ តើ​គាត់​បាន​ធ្វើ​អ្វីខ្លះ​ជួយ​ប្រជាពលរដ្ឋ មួយរយ​ថ្ងៃ​ហើយ តើ​គាត់​ធ្វើ​អ្វីខ្លះ​បាន​?ឥឡូវនេះ តើ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​?មាន​ចំណូល​គ្រប់គ្រាន់ ហើយ​អាច​បង់​ធនាគារ​បាន​អត់​?តើ​ប្រជាពលរដ្ឋ​មានអី​រីកចម្រើន ឥឡូវ​មានបាន​អី​ជួយ​ប្រជាពលរដ្ឋ​អត់​?ចង់​សួរ​តែ​ប៉ុណ្ណឹង​ទេ​បាទ​។ ហើយ​កុំ​និយាយ​គាត់​ដោះស្រាយ​!គាត់​អត់​មាន​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​បាន ហើយ​គាត់​ទៅ​និយាយ​រឿង​ខ្លាច​សង្គ្រាមៗ ដោយសារ​គាត់​អសមត្ថភាព​ក្នុង​ការ​ដឹកនាំ​ប្រទេស​ហ្នឹង​បាទ»។

នេះ​មិនមែន​ជា​លើកទីមួយ​នោះ​ដែរ ដែល​លោក ហ៊ុន ម៉ាណែត យក​សង្គ្រាម​មក​ធ្វើជា​ដើមទុន​នយោបាយ ដើម្បី​គំរាម​ប្រជាពលរដ្ឋ តាម​គន្លង​របស់​ឪពុក​របស់​លោក​ដែរ បន្ទាប់ពី​ឡើង​កាន់​អំណាច​អស់​រយៈពេល ១០០​ថ្ងៃ​កន្លង​មកនេះ​។ ជាក់ស្ដែង នៅក្នុង​វេទិកា​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២១ ខែវិច្ឆិកា លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា ការ​សម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ដឹកនាំ​ប្រទេស គឺជា​ការ​បញ្ចៀស​សង្គ្រាម​មិន​ឱ្យ​កើតមាន​ឡើង។

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ លោក ប៉ោ មករា យល់ឃើញ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិន​គួរ​លើក​យក​រឿង​សង្គ្រាម មក​ថ្លែង​នៅ​លើ​វេទិកា​សាធារណៈ ដោយ​ផ្សា​ភ្ជាប់​ជាមួយនឹង​រឿង​នយោបាយ​ឡើយ ព្រោះ​ការ​លើក​ឡើង​បែបនេះ ជា​ការ​ដាក់​សម្ពាធ​នយោបាយ​លើ​ប្រជាពលរដ្ឋ ដែល​បណ្ដាល​ឱ្យ​ពួកគាត់​មាន​ជំងឺ​ខ្លាច​រអា​រឿង​នយោបាយ និង​លែង​ហ៊ាន​ចូលរួម​នៅក្នុង​កិច្ចការ​សង្គម​បន្ត​ទៀត។

លោក ប៉ោ មករា៖ «ប្រសិនបើ​ជា​មាន​គណបក្ស​ប្រឆាំង​ណាមួយ​អាច​មាន​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ត្រឹមត្រូវ​ក្នុង​កម្ពុជា​ហ្នឹង ខ្ញុំ​គិតថា​គ្មាន​សង្គ្រាម​ណាមួយ​កើតឡើង​ទេ ព្រោះ​ភាគី​គណបក្សប្រឆាំង​ក្ដី ភាគី​ដែល​ជា​សកម្មជន​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សង្គម​ក្ដី គឺ​សុទ្ធសឹងតែ​ជា​ពលរដ្ឋ​ធ្វើ​ដើម្បី​ជាតិ ហើយ​គ្មាន​ពលរដ្ឋ​ណាមួយ​មាន​អាវុធ​ក្នុង​ដៃ ក្នុង​ការ​តតាំង​ជាមួយ​រដ្ឋាភិបាល ឬក៏​គណបក្សកាន់អំណាច​ណាមួយ​ទេ»។

អតីតមន្ត្រី​បក្ស​ប្រឆាំង លើកឡើង​ថា រដ្ឋាភិបាល​ថ្មី​គួរ​បញ្ចប់​វប្បធម៌​យក​សង្គ្រាម​មក​និយាយ​បន្លាច​ប្រជាពលរដ្ឋ​ខ្លួនឯង​តែត្រឹម​នេះ និង​ងាក​មក​ប្រកួតប្រជែង​លើ​ឆាកនយោបាយ ដោយ​ភាព​ត្រឹមត្រូវ តាម​បែប​ប្រជាធិបតេយ្យ តាមរយៈ​កា​បោះឆ្នោត​ដោយ​សេរី ស្មើភាព និង​យុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។