លោក ហ៊ុន ម៉ាណែត ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ទម្លាក់​រដ្ឋាភិបាល​លោក បើ​បាត់បង់​ទឹកដី និង​អធិបតេយ្យ ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV

0:00 / 0:00

លោក ហ៊ុន ម៉ាណែត បាន​ចេញ​មក​ប្រតិកម្ម​ជាថ្មី​ម្ដង​ទៀត ដោយ​អះអាង​ថា ប្រសិនបើ​រដ្ឋាភិបាល​ក្នុង​អាណត្តិ​របស់​លោក ធ្វើ​ឱ្យ​បាត់បង់​អធិបតេយ្យ​ទឹកដី និង​គ្មាន​ការ​អភិវឌ្ឍ នៅ​ក្នុង​ខេត្ត​ទាំង​បួន នៃ​តំបន់​​ត្រីកោណ​អភិវឌ្ឍន៍ CLV នោះ​ប្រជាពលរដ្ឋ អាច​បោះ​ឆ្នោត​ទម្លាក់​លោក​នៅ​អាណត្តិ​ក្រោយ​បាន។ អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ការ​ធានា​អះអាង​របស់​លោក ហ៊ុន ម៉ាណែត គឺ​ជា​ការ​បោកប្រាស់ ដោយ​ខ្ចី​ឈ្មោះ​លទ្ធិ​ប្រជាធិបតេយ្យ​មក​បំភ័ន្ត។

បន្ទាប់​ពី​ព្រមាន​ប្រើប្រាស់​ដំបង និង​ខ្នោះដៃ​លើ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ប្រឆាំង​នឹង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ពេល​នេះ លោក ហ៊ុន ម៉ាណែត បាន​ប្ដូរ​មក​ប្រើ​វិធី​ត្រជាក់​ផង និង​ក្ដៅ​ផង ដោយ​ឱ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ប្ដូរ​រដ្ឋាភិបាល​ចោល បើ​មាន​ករណី​បាត់​ទឹកដី ប៉ុន្តែ​ ក្នុង​ពេល​ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ដាក់​ពង្រាយ​កង​កម្លាំង ដើម្បី​ត្រៀម​កម្ចាត់​អ្នក​ប្រឆាំង​ដែរ។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អាចារ្យ អាចារិនី ចំនួន ១ពាន់​នាក់ នៅ​ថ្ងៃ​ទី១៥ ខែសីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អំពាវនាវ​​ដល់​​អ្នក​បញ្ចេញ​មតិ​លើ​គម្រោង​​អភិវឌ្ឍន៍នៅ​តំបន់​ត្រីកោណ (CLV) ឱ្យ​បង្ហាញ​ទស្សនៈ​រៀង​ខ្លួន ប៉ុន្តែ កុំ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ និង​ធ្វើ​ឱ្យ​បែកបាក់​ឯកភាព​ជាតិ។

លោក ហ៊ុន ម៉ាណែត៖ «២០២៧ ២០២៨ បោះ​ទម្លាក់​ហ្មង​ទៅ កុំ​ពិបាក។ នេះ​ជា​សិទ្ធិ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ សិទ្ធិ​ស្រប​ច្បាប់ សូម​អនុវត្ត​តាម​សិទ្ធិ​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ ហើយ​យើង​មាន​សិទ្ធិ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ស្រប​ច្បាប់ ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ ដើម្បី​យក​ដី​មក​វិញ ព្រោះ​ដី​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ​ហើយ ខ្លាច​អី។ តែ​ខ្លាច​បំផុត គឺ​ការ​បែក​បាក់​ជាតិ​ខ្លួន​ឯង »

ប្រតិកម្ម​របស់​លោក ហ៊ុន ម៉ាណែត នេះ ធ្វើឡើង​បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ក្រៅ​ប្រទេស បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដក​ខេត្ត​ភាគ​ឦសាន​ទាំង​បួន ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ជាមួយ​វៀតណាម។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក ហ៊ុន ម៉ាណែត បាន​ចោទ​ប្រកាន់​ការ​ទាមទារ​នេះ​ថា ជា​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ដូច​នៅ​ប្រទេស​បង់ក្លាដេស្ហ (Bangladesh) ដែរ។ លោក ហ៊ុន ម៉ាណែត បាន​អះអាង​អំពី​ការ​រក​ឃើញ​ក្រុម​អ្នក​ដឹកនាំ​ប្រឆាំង ដែល​បាន​ត្រៀម​អាវុធ ដូចជា គ្រាប់បែក​ដប ចម្ពាម​កៅស៊ូ និង​ដំបង​ជា​ដើម ដើម្បី​ត្រៀម​ធ្វើ​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី១៨ ខែសីហា​នេះ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប លោក អ៊ុំ សំអាន លើក​ឡើង​ថា ការ​អះអាង​របស់​លោក ហ៊ុន ម៉ាណែត គឺ​ជា​ល្បិច​ឆបោក ដោយ​ខ្ចី​យីហោ​ប្រជាធិបតេយ្យ ដើម្បី​លួងលោម​ពលរដ្ឋ ព្រោះ​កន្លង​មក ដើម្បី​រក្សា​អំណាច រដ្ឋាភិបាល​របស់​ត្រកូល ហ៊ុន ពីរ​ជំនាន់​ឪពុក និង​កូន​នេះ បាន​រំលាយ​បក្ស​ប្រឆាំង រៀបចំ​ការ​បោះ​ឆ្នោត​ក្លែងក្លាយ កែ​ច្បាប់​ការពារ​អំណាច​តាម​ទំនើង​ចិត្ត និង​ចាប់​សកម្មជន និង​អ្នក​នយោបាយ​ដាក់​ពន្ធនាគារ​ជា​ដើម។ លោក អ៊ុំ សំអាន អះអាង​ថា ក្រុម​អ្នកប្រឆាំង គ្មាន​គម្រោង​ធ្វើ​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​នោះ​ទេ ហើយ​ការ​អះអាង​របស់​លោក ហ៊ុន ម៉ាណែត នេះ គឺ​ជា​ជំងឺ​ខ្លាច​ប្រជាធិបតេយ្យ​របស់​មេ​ដឹកនាំ​ផ្ដាច់ការ​ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន៖«ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន ម៉ាណែត ហ្នឹង គ្មាន​មូលដ្ឋាន​នោះ​ទេ គ្រាន់តែ​ជា​ការ​លាប​ពណ៌ ដើម្បី​បង្ក្រាប​ទៅ​លើ​បាតុកម្ម ដែល​គ្រោង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណCLVតែ​ប៉ុណ្ណោះ​ឯង»។

យ៉ាង​ណា​ក៏​ដោយ​ចុះ នៅ​មុន និង​បន្ទាប់​ពី​ការ​ថ្លែង​របស់​លោក ហ៊ុន ម៉ាណែត នេះ កង​កម្លាំង​ប្រដាប់​អាវុធ មាន​ទាហាន ប៉ូលិស ប៉េអិម បាន​ចល័ត​ទ័ព​នៅ​តាម​គោលដៅ​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដើម្បី​ត្រៀម​កម្ចាត់​អ្នក​ប្រឆាំង ខណៈ​ក្រសួង​ស្ថាប័ន​រដ្ឋ បាន​ចេញ​សារ​គាំទ្រ ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ជា​បន្ត​បន្ទាប់។ ក្នុង​នោះ ក្រសួង​យុត្តិធម៌ ក៏​បាន​ចេញ​សេចក្ដីប្រកាស​រៀបចំ​បទ​ចោទ​រួច​ជា​ស្រេច សម្រាប់​ចាត់ការ​លើ​ក្រុម​ពលរដ្ឋ ដែល​ក្រសួង​ហៅ​ថា អ្នក​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់​ឃើញ​ថា ការ​ថ្លឹងថ្លែង​របស់​លោក ហ៊ុន ម៉ាណែត ជុំវិញ​ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​ ទាក់ទិន​នឹង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ហាក់​គ្មាន​ភាព​ច្បាស់លាស់ និង​ក្ដាប់​ព័ត៌មាន មិន​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ។ លោក សេងវណ្ណលី បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​ចង់​ដោះ​ស្រាយ​បញ្ហា​នេះ​ឱ្យ​ឆាប់​ចប់ និង​ដោយ​សន្តិវិធី រដ្ឋាភិបាល​គួរតែ​បើក​ឱ្យ​មាន​ការ​ធ្វើ​ប្រជាមតិ​ដោយ​សេរី ជា​ជាង​ការ​ប្រើប្រាស់​វិធី​ក្ដៅ។

លោក សេង វណ្ណលី៖«ខ្ញុំ​គិត​ថា ការ​រឹតត្បិត​នេះ គេ​នឹង​មើល​ឃើញ​ថា រដ្ឋ​មាន​ទំនោរ​ប្រើ​អាជ្ញា ប្រើ​អំណាច ប្រើ​ដំបង ជា​ជាង​ធ្វើ​ម៉េច​បក​ស្រាយ​ឱ្យ​ប្រជាពលរដ្ឋ ព្យាយាម​លើក​កម្ពស់​ការ​ជជែក និង​ការ​ពិភាក្សា ក៏​ដូច​ជា ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ ឬ​ក៏​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ណា​មួយ ពាក់ព័ន្ធ​នឹង​ប្រទេស​ជាតិ»។

មក​ទល់​ពេល​នេះ ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស បង្ហោះ​សារ​ព្រោងព្រាត​មិន​ជឿជាក់​ទៅ​លើ​ការ​អះអាង​របស់​រដ្ឋាភិបាល​ត្រកូល "ហ៊ុន" និង​នៅតែ​ប្រកាន់​ជំហរ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខេត្ត​ខ្មែរ​ទាំង៤ ចេញពី​គម្រោង​នេះ ដើម្បី​កុំ​ឱ្យ​រង​ការ​ឈ្លានពាន​ទឹកដី​ពី​ប្រទេស​វៀតណាម ហើយ​ពិបាក​ទាមទារ​នៅ​ថ្ងៃក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។