លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសរឹតចំណងមិត្តភាពដែកថែប និងពង្រឹងការកសាងជោគវាសនាកម្ពុជាចិនរួមគ្នាឱ្យកាន់តែល្អប្រសើរ ក្នុងពេលដែលលោកបានជួបប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) នៅថ្ងៃទី១៥ ខែកញ្ញា។ មេដឹកនាំចិនប្រកាសជួយកម្ពុជាគ្រប់វិស័យ និងប្ដេជ្ញាថា នឹងជួយការពារយុត្តិធម៌ជូនប្រជាជាតិកម្ពុជា ចំពោះការប៉ុនប៉ងក្នុងផ្លូវអវិជ្ជមានណាមួយ។
លោក ហ៊ុន ម៉ាណែត បានជួបប្រធានាធិបតីចិន និងបន្តមានជំនួបទ្វេភាគីជាមួយមន្ត្រីកំពូលៗ ចិនជាបន្តបន្ទាប់ ដើម្បីពិភាក្សាការងារក្នុងការរឹតចំណងមិត្តភាពដែកថែប និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងជោគវាសនាកម្ពុជាចិនរួមគ្នាដែលជាយុទ្ធសាស្ត្រនៃប្រទេសទាំងពីរ។
ក្រៅពីការបង្ហាញជំហរជឿជាក់គ្នា ក្នុងការជួយគាំទ្រនយោបាយដល់គ្នាទៅវិញទៅមកទាំងលើឆាកអន្តរជាតិ និងនៅវេទិកាក្នុងតំបន់នោះ លោក ហ៊ុន ម៉ាណែត ក៏មានជំហរនយោបាយមិនខុសពីឪពុករបស់លោកនោះទេក្នុងជំនួបទ្វេភាគីជាមួយមេដឹកនាំចិន។
ទំព័រហ្វេកប៊ុក (Facebook Page) អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសរសេរនៅថ្ងៃទី១៥ ខែកញ្ញាថា លោក ហ៊ុន ម៉ាណែត បានលើកសរសើរចិន ជាពិសេសក្នុងគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន (BRI) ដែលបានរួមចំណែកកសាងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធនៅកម្ពុជា និងលើពិភពលោក។ ប្រភពដដែលបញ្ជាក់ទៀតថា លោក ហ៊ុន ម៉ាណែត ក៏បានស្នើភាគីចិនឱ្យបន្តជួយធានាសន្តិសុខ ថាមពល និងសន្តិសុខស្បៀងកម្ពុជាតាមរយៈការនាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងទៀតពីកម្ពុជាមកលក់នៅប្រទេសចិន។ លោក ក៏បានបញ្ជាក់ជំហរជាថ្មីទៀតប្រាប់មេដឹកនាំចិនថា កម្ពុជានឹងនៅតែបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនមួយ។
ទំព័រហ្វេកប៊ុកអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលឱ្យដឹងថា ជាការឆ្លើយតប ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) លើកឡើងថា ចំណងមិត្តភាពរបស់កម្ពុជា និងចិន ប្រៀបបីដូចជាដើមឈើមួយដើមដ៏ធំចាក់ឫសយ៉ាងជ្រៅ និងរឹងមាំ និងទទួលបាននូវផ្លែផ្កាសម្រាប់ប្រជាជនទាំងពីរ។ មេដឹកនាំចិនរូបនេះ ក៏រំពឹងថា កម្ពុជាដឹកនាំដោយលោក ហ៊ុន ម៉ាណែត ចំណងមិត្តភាព និងសាមគ្គីភាពនៃប្រទេសទាំងពីរ នឹងបន្តរីកលូតលាស់ថែមទៀត។ មេដឹកនាំចិន ក៏គូសបញ្ជាក់ អំពីទិសដៅ និងកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគតរវាងប្រទេសទាំងពីរ ដូចជា វិស័យថាមពល សន្តិសុខស្បៀង និងវិនិយោគជាដើម។
ប្រធានាធិបតីចិន ក៏បានបញ្ជាក់ជំហរប្រាប់ លោក ហ៊ុន ម៉ាណែតថា ចិននៅតែបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យដោយគ្មានការប្រែប្រួល។ លើសពីនេះ មេដឹកនាំបក្សកុម្មុយនិស្តចិនរូបនេះ ប្ដេជ្ញាថា ចិននឹងការពារយុត្តិធម៌ជូនប្រជាជាតិនៃប្រទេសទាំងពីរពីការប៉ុនប៉ងក្នុងផ្លូវអវិជ្ជមានណាមួយ។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយ លោក រ៉ូ វណ្ណៈ យល់ឃើញថា ថ្វីដ្បិតរដ្ឋាភិបាលកម្ពុជាបន្តរងការរិះគន់ថា ផ្អៀងទៅចិនក៏ដោយ ប៉ុន្តែគោលដៅសំខាន់របស់រដ្ឋាភិបាលកម្ពុជាក្នុងកាលៈទេសៈនេះ ទំនងមិនអាចខ្វះចិនបាននោះទេ ក្នុងការជួយគាំទ្រនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន។ លោក លើកឡើងថា ការណ៍ដែលកម្ពុជានៅតែមិនអើពើរឿងស្ដារប្រជាធិបតេយ្យ និងបង្កើនភាពស្និទ្ធស្នាលជាមួយចិនតែម្ខាង បណ្ដាប្រទេសលោកសេរីអាចនឹងមិនសប្បាយចិត្ត និងបន្តដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។
លោក រ៉ូ វណ្ណៈ៖«ការវិវត្តន៍នយោបាយថ្មីៗកម្ពុជាហាក់ចេញពីគន្លងប្រជាធិបតេយ្យសេរី ទៅកាន់ប្រជាធិបតេយ្យមិនសេរីលំហប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនៅតែជាបញ្ហាចោទ ហើយលោកខាងលិចនៅតែរិះគន់ និងឃ្លាំមើលនោះលំហនយោបាយការបរទេសរបស់រដ្ឋាភិបាលថ្មី ហាក់ដូចជានៅតូចចង្អៀត អ៊ីចឹងមានន័យថា ការពឹងអាស្រ័យទៅលើចិនអាចរក្សាស្ថានភាពបច្ចុប្បន្នឱ្យមានស្ថិរភាពជារឿងត្រូវធ្វើ និងចាំបាច់សម្រាប់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត»។
ចំណែក អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា វិញ លោក មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅចិន គឺជាការរឹតចំណងមិត្តភាពទ្វេភាគី។ ម្យ៉ាងទៀត លោក ឯម សុវណ្ណារ៉ា ថា វាក៏ជាឱកាសសម្រាប់លោក ហ៊ុន ម៉ាណែត ក្នុងការបញ្ជាក់ជំហរទៅកាន់ចិន បន្ទាប់ពីលោកក្លាយជាប្រមុខរដ្ឋដឹកនាំកម្ពុជា។ លោកជំរុញដល់រដ្ឋាភិបាលគួរធ្វើយ៉ាងណាបង្កើតជំនួបទ្វេភាគីជាមួយបណ្ដាប្រទេសលោកខាងលិច ដើម្បីបញ្ចៀសការរិះគន់ថា កម្ពុជាផ្អៀងទៅប្រទេសចិនតែម្ខាង។
លោក ឯម សុវណ្ណារ៉ា៖«ក្នុងដំណើរទស្សនកិច្ចខាងមុខត្រូវទៅអាមេរិកថ្លែងនៅអង្គការសហប្រជាជាតិ(UN)គួរតែមានការស្វះស្វែង ការរកឱ្យមានជំនួបទ្វេភាគីជាមួយលោកខាងលិច ទើបជាកិច្ចការមួយដែលល្អជាមួយអាមេរិក(US)ជាមួយអឺរ៉ុប(EU)អីទៅ យើងអាចសង្ឃឹមថា ធ្វើឱ្យទំនាក់ទំនងកម្ពុជា អាចមានផលប្រយោជន៍រឿងទីផ្សារកម្ពុជា ទៅអឺរ៉ុប និងអាមេរិក។ កម្ពុជានាំ[ផលិតផល]ទៅអាមេរិក នាំទៅអឺរ៉ុបយើងចំណេញ។ ខុសពីយើងនាំចេញទៅចិន យើងខាត ចិននាំ[ផលិតផល]មកកម្ពុជាច្រើនជាង។ កាលណាយើងទាក់ទងតែខាងចិនធ្វើឱ្យហាក់ដូចជាយើងលម្អៀង យើងត្រូវតែឱ្យមានតុល្យភាពដូចមានក្នុងរដ្ឋធម្មនុញ្ញ មានក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ជាកិច្ចការមួយល្អប្រសើរបាទ»។
អ្នកឃ្លាំមើលលើកឡើងថា ប្រទេសចិនកំពុងព្យាយាមពង្រីកឥទ្ធិពលនៅកម្ពុជាជាបន្តបន្ទាប់តាមរយៈគម្រោងផ្ដល់ជំនួយប្រាក់កម្ចី ការគាំទ្រនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍជាដើម។ របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជាជំពាក់បំណុលបរទេសសរុបជាង ១០ពាន់លានដុល្លារ (១០.២៧៤,៩៤)។ ក្នុងនោះ កម្ពុជាបានជំពាក់បំណុល «មិត្តដែកថែប» ចិនច្រើនជាងគេ គឺជាង ៤ពាន់លានដុល្លារ ឬប្រមាណ ៤០ភាគរយនៃបំណុលសរុបដែលកម្ពុជាជំពាក់បរទេស។ លើសពីនេះ អ្នកឃ្លាំមើលវាយតម្លៃថា ប្រទេសចិនកុម្មុយនិស្តពុំបានធ្វើឱ្យកម្ពុជារីកចម្រើនជាដុំកំភួននោះទេ ខណៈអ្នកវិនិយោគជនជាតិចិនខ្លះមកវិនិយោគនៅកម្ពុជាបង្កឱ្យកើតមានបញ្ហាជាច្រើន ដូចជាការជួញដូរមនុស្ស ការឆបោកតាមបណ្ដាញអ៊ីនធឺណិត និងមានក្រុមហ៊ុនខ្លះ រំលោភសិទ្ធិមនុស្ស តាមរយៈការបណ្ដេញពលរដ្ឋខ្មែរម្ចាស់ស្រុកចេញពីដីធ្លី ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។