លោក ហ៊ុន ម៉ាណែត ថា លោក នឹង​កែ​ទម្រង់​ការ​តែងតាំង​ទីប្រឹក្សា និង​ជំនួយ​ការ

0:00 / 0:00

អ្នក​ឃ្លាំ​មើល​ថា ការ​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​តាម​ក្រសួង​ស្ថាប័នរដ្ឋ និង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ​មិន​បាន​ជួយ​ឱ្យ​ប្រទេស​ជាតិ​រីកចម្រើន​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​ពង្រីក​អំពើពុករលួយ​នៅ​ក្នុង​ស្ថាប័នរដ្ឋ ។ ការ​លើក​ឡើង​នេះ​គឺ​បន្ទាប់​ពី លោក​ ហ៊ុន ម៉ាណែត ថ្លែង​ថា លោក នឹង​កែ​សម្រួល​ឡើងវិញ​នូវ​ការតែងតាំង​ជាទី​ប្រឹក្សា និង​ជំនួយ​ការ។

អ្នក​វិភាគ​នយោបាយ លើកឡើង​ថា ជា​រឿង​អស់​សំណើច​ដែល​លោក ហ៊ុន ម៉ាណែត ជា​អ្នក​តែងតាំង​ទីប្រឹក្សា និង​ជំនួយ​ការ​ព្រោងព្រាត​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​នានា ​ដោយ​ផ្ដល់​ឋានៈ​ខ្ពស់ៗ​ បន្ថែម​ទៀត ក៏​ប៉ុន្តែ​ពេល​នេះ បែរ​ជា​ភ្ញាក់​ខ្លួន ចង់​រុះរើ​ឡើង​វិញ។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ថា ការ​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​ច្រើន​សន្ធឹក​សន្ធាប់​នេះ​គឺ​ប្រៀប​ដូចជា​ជញ្ជក់​ឈាម​ពលរដ្ឋ​តាម​រយៈ​ការ​ដំឡើង​ពន្ធ​លើ​ទំនិញ ខណៈ ​បច្ចុប្បន្ន​ពលរដ្ឋ​កំពុង​ប្រឈម​នឹង​បំណុល​វ័ណ្ឌក។ លោក​បន្ថែម​ថា ការ​កែប្រែ​ការ​តែង​តាំង​នេះ​គឺ​គ្រាន់​តែ​ជា​ការ​ដោះស្រាយ​វិបត្តិ​ផ្ទៃ​ក្នុង​បក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដណ្ដើម​អំណាច​គ្នា​តែ​ប៉ុណ្ណោះ។

លោក គឹម សុខ៖«បង្កើន​ពន្ធ​ពលរដ្ឋ​ឱ្យ​ទៅ​ចិញ្ចឹម​ក្បាល​ធំ​នៃ​រដ្ឋាភិបាល និង​ទីប្រឹក្សា​ជាង ១ម៉ឺន​នាក់។ ទី២ គឺជា​ការ​មើល​ងាយ​ដល់​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់ ពីព្រោះ​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​នឹង​អត់​ការងារ​ក្រីក្រ​លំបាក វ័ណ្ឌ​ក​នឹង​បំណុល គួរ​ណាស់​តែ ហ៊ុន ម៉ាណែត គិត​យក​លុយ​ទៅ​ចំណាយ​លើ​ចំនួន​ទីប្រឹក្សា​ហ្នឹង ឧទាហរណ៍​ថា បង្កើត​ក្រុមហ៊ុន​តូចៗ សហគ្រាស​ផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ទើប​ជា​ដំណោះស្រាយ»។

ប្រតិកម្ម​របស់​អ្នក​វិភាគ​នយោបាយ​រូប​នេះ ធ្វើ​ឡើង​ក្រោយ​ពី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជិត ២ម៉ឺន​នាក់ ក្នុង​ខេត្តកណ្ដាល នៅ​ថ្ងៃ​ទី១ កញ្ញា​ថា ការ​តែង​តាំង​ទីប្រឹក្សា​លើក​ក្រោយ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ដោយ​មន្ត្រី​ដែល​មាន​ឋានៈ​តួនាទី​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​រួច​ហើយ គឺ​មិន​ទទួល​បាន​ឋានៈ​ខ្ពស់ៗ ដូចជា ឋានៈ​ស្មើ​អគ្គនាយក ឬ​រហូត​ដល់​រដ្ឋមន្ត្រី ទៀត​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត៖«ប៉ុន្តែ​ក្រោយ​ពី​ការ​ចេញ​ព្រះ​រាជក្រឹត្យ​នេះ​រាល់​ការ​តែងតាំង​ទីប្រឹក្សា គឺ​ត្រូវ​អនុវត្ត​តាម​ក្របខ័ណ្ឌ​នេះ បើ​មន្ត្រី​មាន​ក្របខ័ណ្ឌ​នៅ​ក្នុង​មន្ត្រី​ស៊ីវិល កងកម្លាំង​ប្រដាប់​អាវុធ គឺ​អាច​ឱ្យ​ជំនួយ​ការ ទីប្រឹក្សា​តែ​មិន​មាន​ឋានៈ​ស្មើ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ទៀត​ទេ បើសិនជា​ចង់​បាន​ងារ គឺ​ត្រូវ​បោះបង់​ឋានៈ​ចោល ហើយ​ការ​តែង​តាំង​នេះ​មាន​ចេញ ២កម្រិត ព្រះរាជក្រឹត្យ​អ្នក​ដែល​ត្រូវ​គេ​តែងតាំង​អាច​មាន​ងារ​ជា​ឯកឧត្ដម លោកជំទាវ​បាន​អត់​បញ្ហា»។

ទាក់ទិន​បញ្ហា​នេះ​ សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​ការ​តែង​តាំង​មន្ត្រី​ជាន់​ខ្ពស់​ដែល​មាន​ឋានៈ​ស្មើ​អគ្គនាយក​រហូត​ដល់​ឧបនាយករដ្ឋមន្ត្រី​មាន​ចំនួន ៣.២២៨នាក់ គិត​ត្រឹម​ថ្ងៃ​ទី១ ខែកញ្ញា។ សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ បញ្ជាក់​ថា ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ​ឱ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​ត្រូវតែ​កាត់​បន្ថយ​ការ​តែង​តាំង​មន្ត្រី​ជាន់​ខ្ពស់​នៅ​តាម​ក្រសួង​ដែល​នាំ​ឱ្យ​ខ្ជះខ្ជាយ​ថវិកាជាតិ និង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​មុខងារ ហើយ​និង​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​ទាំងនោះ​ក្នុង​ការ​ធានា​ឱ្យ​មាន​គណនេយ្យ​ភាព​នៅ​ក្នុង​ការ​ប្រើប្រាស់​ថវិកាជាតិ។

អ្នកឃ្លាំមើល​លើក​ឡើង​ថា ការ​ផ្ដល់​តំណែង​តួនាទី​ក្នុង​ស្ថាប័ន​ជាតិ​ឱ្យ​មន្ត្រី​គ្រាក់ៗ ទាំង​នោះ មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​ជាតិ និង​ជួយ​ដោះស្រាយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឡើយ។ ផ្ទុយ​ទៅ​វិញ​នេះ​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​កៀរគរ​មនុស្ស​ឱ្យ​គាំទ្រ និង​លើក​ទឹកចិត្ត​ឱ្យ​មាន​ពុករលួយ​ក្នុង​ស្ថាប័ន​រដ្ឋ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។