លោក ហ៊ុន ម៉ាណែត ព្រមានថា ប្រសិនបើពលរដ្ឋខ្មែរហ៊ានចេញធ្វើ បាតុកម្មនៅទីក្រុងភ្នំពេញ ដើម្បីប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម នោះនឹងប្រឈមបាត់បង់ជីវិតច្រើន ដូចនៅប្រទេសបង់ក្លាដេស្ហ(Bangladesh)។ មន្ត្រីបក្សប្រឆាំងចាត់ទុកថា លោក ហ៊ុន ម៉ាណែត កំពុងគំរាមសម្លាប់មនុស្សទ្រង់ទ្រាយធំ ដោយខុសពីគោលការណ៍ច្បាប់ ព្រោះពលរដ្ឋខ្មែរមានសិទ្ធិជួបជុំតវ៉ា និងសម្តែងមតិអំពីរឿងទឹក ដីដោយសន្តិវិធី និងស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។
បន្ទាប់ពីលោក ហ៊ុន សែន ដែលជាឪពុកចេញមុខគំរាមចាប់ពលរដ្ឋ ដែលរិះគន់គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ដាក់គុករួចមកនៅពេលនេះកូនប្រុសជានាយករដ្ឋមន្ត្រីគឺលោក ហ៊ុន ម៉ាណែត បែរជាចេញមុខវិញដោយព្រមានខ្លាំងៗថាប្រសិនបើពលរដ្ឋខ្មែរហ៊ានចេញតវ៉ានោះជីវិតមនុស្សរាប់រយនាក់នឹងត្រូវបាត់បង់ដូចករណីពលរដ្ឋនៅប្រទេសបង់ក្លាដេស្ហដែលត្រូវបានកងកម្លាំងរដ្ឋាភិបាលបាញ់បង្ក្រាប។
ក្នុងឱកាសចូលរួមកម្មវិធីពិសារភោជនាហារជាមួយសមាគមឧកញ៉ា កាលពីថ្ងៃទី០២ ខែសីហា លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការបញ្ចេញមតិ គឺជាសិទ្ធិ ប៉ុន្តែលោកព្រមានថា កុំយកអារម្មណ៍សម្ដែងមតិរបស់ប្រជាពលរដ្ឋ ដែលព្រួយបារម្ភដោយស្មារតីស្រឡាញ់ជាតិ រុញឱ្យឈានទៅដល់ការប្រមូល កម្លាំងធ្វើបាតុកម្ម តាមរូបមន្តប្រទេសបង់ក្លាដេស្ហ(Bangladesh)។
កូនប្រុសរបស់អតីតកម្មាភិបាលខ្មែរក្រហមរូបនេះ ព្រមានទៀតថាសូមកុំសាកល្បងបំផុសធ្វើបាតុកម្មនោះលោកនឹងចាត់វិធានការមិនអនុញ្ញាតឱ្យកើតមានទេដោយលោកលើកហេតុផលថែរក្សាសន្ដិភាពនិងស្ថិរភាពព្រមទាំងកុំឱ្យប៉ះពាល់ដល់អាជីវកម្មពលរដ្ឋភ្នំពេញ វិស័យទេសចរណ៍ វិនិយោគ សេដ្ឋកិច្ច និងមុខមាត់ប្រទេសជាតិជាដើម។
លោក ហ៊ុន ម៉ាណែត ៖«អ៊ីចឹងខ្ញុំមិនចង់ឱ្យស្ថានភាពបែបនេះ កើតឡើង។ អ៊ីចឹងក្នុងនាមរាជរដ្ឋាភិបាលថ្ងៃនេះមានទូតផងបើសិនជារាជរដ្ឋាភិបាលចាត់វិធានការមិនឱ្យអ្នកប៉ុនប៉ងធ្វើសកម្មភាពបែបនេះ តាមរយៈការអនុវត្តច្បាប់ទៅលើអ្នកប៉ុនប៉ងដុតប្រទេសដើម្បីរុញបាតុកម្មនៅកម្ពុជាឱ្យដូចបង់ក្លាដេស្ហ សូមកុំចោទរដ្ឋាភិបាលផ្ដាច់ការ។ យើងគ្មានអីការពារក្រៅពីមិនឱ្យអស្ថិរភាព កើតមាននៅក្នុងប្រទេសកម្ពុជាជាពិសេសនៅទីក្រុងភ្នំពេញទេផងទេ»។
លោក ហ៊ុន ម៉ាណែត ព្យាយាមបកស្រាយដោយបន្ទោសទៅលើពលរដ្ឋឬបាតុករថា ជាដើមហេតុនាំឱ្យមានការបាត់បង់ជីវិតមនុស្សប៉ុន្តែលោកមិនបានបន្ទោសទៅលើកងកម្លាំងរបស់រដ្ឋាភិបាលដែលជាអ្នកចាប់ផ្តើមបង្ក្រាបដោយហិង្សានិងប្រើកាំភ្លើងបាញ់សម្លាប់ពលរដ្ឋដែលគ្រាន់តែតវ៉ាដោយសន្តិវិធីនិងស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញនោះទេ។
ជាក់ស្តែងករណីគណបក្សសង្គ្រោះជាតិដឹកនាំអ្នកគាំទ្រតវ៉ាទាមទាររាប់សន្លឹកឆ្នោតឡើងវិញនិងការតវ៉ារបស់កម្មកររោងចក្រ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលកាលពីឆ្នាំ២០១៣ នោះ គឺធ្វើឡើងដោយសន្តិវិធីនិងគ្មានហិង្សាកើតឡើងនោះទេប៉ុន្តែកងកម្លាំងរបស់រដ្ឋាភិបាលទៅវិញដែលបានបើកការបាញ់ប្រហារដោយគ្រាប់ពិតនិងការវាយដុំទៅលើពលរដ្ឋបណ្តាលឱ្យស្លាប់និងរបួសជាច្រើននាក់។
មិនខុសគ្នានោះទេ ករណីក្រុមនិស្សិតនៅប្រទេសបង់ក្លាដេស្ហតវ៉ាទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់រក្សាការងារក្នុងស្ថាប័នរដ្ឋសម្រាប់តែកូនចៅរបស់ក្រុមអ្នកកាន់អំណាចនោះ ក៏ផ្តើមចេញពីការតវ៉ាអហិង្សាដែរប៉ុន្តែកងកម្លាំងរបស់រដ្ឋាភិបាលបង់ក្លាដេស្ហបានបើកការបង្ក្រាបដោយហិង្សាបណ្តាលឲ្យបាតុករស្លាប់កើនឡើងដល់ជាង២រយនាក់។ ការបង្ក្រាបដោយហិង្សាពីកងកម្លាំងរបស់រដ្ឋាភិបាលនេះ ហើយដែលជាហេតុធ្វើឲ្យក្រុមនិស្សិតនិងពលរដ្ឋបង់ក្លាដេស្ហផ្ទុះកំហឹងកាន់តែខ្លាំងនិងចេញតវ៉ាពេញទីក្រុង។
នាយករដ្ឋមន្ត្រីបង់ក្លាដេស្ហក៏រងការរិះគន់ពីសហគមន៍អន្តរជាតិថា កំពុងដឹកនាំប្រទេសផ្តាច់ការពុករលួយ និងប្រើអំណាចត្រួតត្រាលើកម្លាំងប្រដាប់អាវុធនិងស្ថាប័នតុលាការដើម្បីបង្ក្រាបលើអ្នករិះគន់និងអ្នកនយោបាយប្រឆាំងមិនខុសពីកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ឡើយ។
អ្នកឃ្លាំមើលយល់ថា ប្រសិនបើរដ្ឋាភិបាលស្តាប់សំឡេងតវ៉ារបស់ ប្រជាពលរដ្ឋ ហើយដោះស្រាយការស្នើសុំរបស់ពួកគាត់ នោះគឺនឹងមិន មានការប៉ះទង្គិចគ្នាបណ្តាលឲ្យមានអ្នកស្លាប់និងរបួសឡើយ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០៣ ខែសីហា ថា ការព្រមានបង្ក្រាបបាតុកម្មសម្ដែងមតិអហិង្សា របស់ប្រជាពលរដ្ឋគឺជាទង្វើខុសច្បាប់និងមិនស្នេហាជាតិ។ លោកថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនមានគំនិតនិងឆន្ទៈការពារទឹកដីជាតិដូចប្រជាពលរដ្ឋឡើយ។
លោកថា ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋខ្មែរអំពីហានិភ័យនៃទឹកដីខ្មែរទាំង ៤ខេត្ត រតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែងនោះគឺជារឿងដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ស្ដាប់។
លោក អំ សំអាន៖«គាត់សម្ដែងមតិ តាមរយៈការធ្វើបាតុកម្មឬក៏ទម្លាក់មេដឹកនាំដែលក្បត់ជាតិ ដែលបម្រើបរទេសដែលកាត់ទឹកដីឱ្យយួនគាត់អាចសម្ដែងមតិតាមបាតុកម្មដូចនៅបង់ក្លាដេស្ហជាដើម ដើម្បីប្ដូរមេដឹកនាំដែលជំពាក់គុណយួនចេញ ហើយដាក់មេដឹកនាំដែលស្នេហាជាតិ ដោយការពារទឹកដី អាហ្នឹងបានអាចការពារទឹកដីយើងបានគង់វង្ស បើមិនអ៊ីចឹងទេ ដីគឺយើងបាត់បង់ដូចកម្ពុជាក្រោម ដូចប្រទេសចម្ប៉ាអ៊ីចឹងឯង។ នៅពេលអនាគតយើងអាចដូចប្រទេសចម្ប៉ាអាចបាត់បង់ពីផែនទីពិភពលោក បើសិនយើងមិនដូរមេដឹកនាំត្រកូលហ៊ុន ជំពាក់គុណយួនចេញទេ»។
យុវជន និងប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដូចជា នៅអឺរ៉ុប (European Union) សហរដ្ឋអាមេរិក (USA) កាណាដា (Canada) ជប៉ុន (Japan) កូរ៉េខាងត្បូង (South Korea) និងនៅថៃ (Thailand) ជាដើម ខ្លះចេញជាវីដេអូបញ្ចេញមតិ ជាបុគ្គល ខ្លះធ្វើវីដេអូជាក្រុមខ្លះសរសេរសារអក្សរ ខ្លះដាក់ប្រូហ្វាលហ្វេសប៊ុក និងអ្នកខ្លះទៀត ប្រកាសត្រៀមធ្វើបាតុកម្មប្រឆាំង ដែលសុទ្ធតែមានន័យទទូចឱ្យរដ្ឋាភិបាល ត្រូវដើរចេញគម្រោងតំបន់អភិវឌ្ឍន៍។
អ្នកឃ្លាំមើលនិងប្រជាពលរដ្ឋ លើកឡើងថា គម្រោងតំបន់ត្រីកោណ អភិវឌ្ឍន៍ អាចនឹងត្រូវពង្រីកឱ្យគ្រប់ដណ្ដប់លើទឹកដីកម្ពុជាទាំងមូល តាមរូប មន្តនយោបាយរបស់បក្សកុម្មុយនិស្ដវៀតណាមក្នុងការបន្តអនុវត្តន៍ មហិច្ឆតារបស់វៀតណាម ប៉ុនប៉ងត្រួតត្រាប្រទេសកម្ពុជា និងឡាវនៅថ្ងៃអនាគត។
ពួកគេលើកឡើងដែរថា ក្នុងស្ថានភាពកម្ពុជាបច្ចុប្បន្ន មានតែប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោក ចេញធ្វើបាតុកម្មរៀងរាល់ថ្ងៃទេ ទើបអាចជំរុញឱ្យរដ្ឋាភិបាលពិចារណាដកកម្ពុជាចេញពីគម្រោងនេះ និងអាចការពារទឹកដីកម្ពុជាសព្វថ្ងៃបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។