សុន្ទរកថា លោក ហ៊ុន ម៉ាណែត គ្រោង​ថ្លែង​នៅ​អ.ស.ប ​គ្មាន​ទេ​ការ​លើកកម្ពស់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុង​ដឹកនាំ​គណៈប្រតិភូ​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ថ្លែង​សុន្ទរកថា នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ (UN) ក្នុង​បុរី​ញូវយ៉ក (New York) ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៥ កញ្ញា។

ខ្លឹមសារ​នៃ​សុន្ទរកថា លោក ហ៊ុន ម៉ាណែត គ្រោង​ថ្លែង​នៅ​អង្គការ​សហប្រជាជាតិ​ពុំ​មាន​ការ​រំលេច​អំពី​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នោះ​ទេ ស្របពេល​កម្ពុជា​នៅតែ​បន្ត​ជាប់​គាំង​បញ្ហា​នយោបាយ និង​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​កាន់តែ​អាក្រក់។ សុន្ទរកថា លោក ហ៊ុន ម៉ាណែត ដែល​គ្រោង​ថ្លែង​នៅ​អង្គការ​សហប្រជាជាតិ​នោះ​ផ្ដោត​សំខាន់​តែ​ទៅលើ​បញ្ហា​សង្គម សេដ្ឋកិច្ច​កម្ពុជា បរិបទ​ពិភពលោក និង​ជំហរ​របស់​កម្ពុជា​ចំពោះ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព (SDGs) របស់​អង្គការសហប្រជាជាតិ។

អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២១ ខែកញ្ញា​ថា សារ​របស់​លោក ហ៊ុន ម៉ាណែត គ្រោង​ថ្លែង​នៅ​អង្គការសហប្រជាជាតិ​នោះ​នឹង​គ្មាន​ការ​ចាប់អារម្មណ៍​ពី​បណ្ដា​ប្រទេស​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នោះ​ទេ។ លោក​បន្ថែម​ទៀត​ថា សុន្ទរកថា​មេដឹកនាំ​កម្ពុជា​ក៏​ពុំ​មែន​ជា​ក្ដី​សង្ឃឹម​សម្រាប់​ប្រជាជាតិ ដែល​ជំរុញ​ឱ្យ​មាន​លំហ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ល្អ​ប្រសើរ​ឡើងវិញ​ដែរ។

លោក សេង វណ្ណលី៖ «ខ្លឹមសារ​នៃ​ការ​ថ្លែង​សុន្ទរកថា របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត យ៉ាង​ហោច​សារព័ត៌មាន​ក្នុងស្រុក​អាច​លើក​មុខ​មាត់ លើក​កិត្យានុភាព​របស់​លោក​នាយករដ្ឋមន្ត្រី​ថ្មី​ថា អាច​នឹង​លោក​មាន​មុខមាត់​ទៅ​ក្នុង​ឆាក​អន្តរជាតិ ឬ​វេទិកា​ជាមួយ​គូ​គ្រប់​ភាគី នឹង​ជាមួយ​ប្រទេស​ដទៃ​ដែរ តែ​សម្រាប់​ខ្ញុំ​គិតថា វា​ជា​កិច្ចប្រជុំ​ប្រចាំឆ្នាំ មិនបាន​បង្ហាញ​អំពី​កិត្យានុភាព ឬ​ភាពជា​មេដឹកនាំ​របស់​ប្រទេស​តូចៗ​ដូចជា​កម្ពុជា​នោះ​ទេ គ្រាន់​ជា​ការ​កំដរ​រោង​របស់​មេដឹកនាំ​មក​ពី​ប្រទេស​មហាអំណាច​ដែល​មាន​សិទ្ធិ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ»។

ស្របពេល​លោក ហ៊ុន ម៉ាណែត កំពុង​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​ចូលរួម​មហាសន្និបាត អង្គការ​សហប្រជាជាតិ​លើក​ទី​៧៨ មន្ត្រី​គ្រាក់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន​បាន​ទៅ​ដល់​សហរដ្ឋអាមេរិក​មុន​លោក ហ៊ុន ម៉ាណែត ដើម្បី​ត្រៀម​ធ្វើ​ពិធី​ស្វាគមន៍​លោក។ ទោះជា​យ៉ាងណា ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​មក​ពី​បណ្ដា​ប្រទេស​នានា​ដូចជា អូស្ត្រាលី កាណាដា ជាដើម ចន្លោះ​ពី ៣​រយ​នាក់ (៣០០) ទៅ ៤​រយ​នាក់ (៤០០) នឹង​ប្រមូល​ផ្ដុំគ្នា​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន ម៉ាណែត និង​ស្នើ​កុំឱ្យ​អង្គការ​សហប្រជាជាតិ​ទទួលស្គាល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដែល​កើត​ឡើង​ពី​ការ​ផ្ទេរ​អំណាច​ពី​ឪពុក​មក​កូន ដើម្បី​បន្ត​គាបសង្កត់​អ្នក​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។