បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត អះអាងកាលពីថ្ងៃទី១១សីហា ថា កម្ពុជាអនុវត្តគោលនយោបាយការបរទេសអព្យាក្រឹត្យ។
លោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងកម្មវិធីសម្ពោធរោងចក្រដំឡើងរថយន្ត ហ្វដ (FORD) របស់ក្រុមហ៊ុន RMA ក្នុងវីឌីអូឃ្លីបជិត១០នាទី ដែលបង្ហោះនៅលើហ្វេសប៊ុកផេករបស់លោកថា កម្ពុជាបានអនុវត្តគោលនយោបាយការបរទេស មិនល្អៀងទៅប្រទេសណាមួយឡើយ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញស្រាប់៖ «កម្ពុជាត្រូវបានគេចាប់អារម្មណ៍ច្រើនជាងគេនៅក្នុងអាស៊ីអាគ្នេយ៍ ជាពិសេសកាសែតចាប់អារម្មណ៍ ច្រើនជាង ដោយថា មានការអធិប្បាយ និងវាយតម្លៃថា កម្ពុជាបានចាប់យកចិន ហើយចោលលោកខាងលិច។ រឿងនេះសម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ជាញឹកញាប់រួចទៅហើយ ហើយរដ្ឋធម្មធម្មនុញ្ញយើងចែងយ៉ាងច្បាស់ថា កម្ពុជា ជារដ្ឋឯករាជ្យមិនចូលបក្ខសម្ព័ន្ធជាមួយពីណាគេទេ។ ហើយក៏គ្មានផលប្រយោជន៍ សំរាប់កម្ពុជាក្នុងការចាប់យកប្រទេសណា ចោលប្រទេសណាដែរ។ ប្រវត្តិសាស្ត្រ ពីឆ្នាំ៧០ បានបង្ហាញហើយ នៅពេលយក្សប៉ះគ្នាគឺ កម្ពុជាជាប្រទេសតូច អាចរងសម្ពាធ។ អ្វីដែលកម្ពុជាធ្វើ គឺកម្ពុជាដើម្បីកម្ពុជា។ កម្ពុជាប្រកាន់ជំហរមិត្តភាពគ្រប់ប្រទេសទាំងអស់»។
លោក ហ៊ុន ម៉ាណែត បង្ហោះសារជាវីឌីអូឃ្លីបដូច្នេះ នៅបន្ទាប់ពីលោកបានទៅជួបមេដឹកនាំកុម្មុយនីស្តវៀតណាម កាលពីពេលថ្មីៗនេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ហើយមេដឹកនាំនាំវៀតណាមបានគាំទ្រលោកជាបេក្ខជននាយករដ្ឋមន្ត្រី។
ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាមនេះ ទទួលរងការរិះគន់ខ្លាំងពីក្រុមអ្នកវិភាគ និងគណបក្សប្រឆាំង។ ពួកគេថា លោក ហ៊ុន ម៉ាណែត នឹងដើរតាមគន្លងឪពុក ដោយកុម្មុយនីស្តចិន និងវៀតណាមជាខ្នងបង្អែក មិនខុសពីឪពុកគឺលោក ហ៊ុន សែននោះឡើយ ខណៈសហរដ្ឋអាមេរិកចោទថា រដ្ឋាភិបាលរបស់លោក កំពុងរៀបចំឲ្យមានមូលដ្ឋានទ័ពចិននៅរៀម ខែត្រព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។