លោក ហ៊ុន សែន ចោទ​មេដឹកនាំ​ភ្លើង​ទៀន​ថា ប្រើ​ល្បិច​មិន​ចង់​ចូលរួម​ការ​បោះឆ្នោត ដើម្បី​ឱ្យ​អន្តរជាតិ​ដាក់​គំនាប​លើ​រដ្ឋាភិបាល

ដោយ សេក បណ្ឌិត
2023.05.26
លោក ហ៊ុន សែន ចោទ​មេដឹកនាំ​ភ្លើង​ទៀន​ថា ប្រើ​ល្បិច​មិន​ចង់​ចូលរួម​ការ​បោះឆ្នោត ដើម្បី​ឱ្យ​អន្តរជាតិ​ដាក់​គំនាប​លើ​រដ្ឋាភិបាល
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់​កំហុស​ទាំង​គ្មាន​ភស្តុតាង​ថា គណបក្ស​ភ្លើង​ទៀន គឺ​មាន​ឯកសារ​ច្បាប់​ដើម នៃ​ចុះ​បញ្ជី​របស់​គណបក្ស​នេះ ចូលរួម​ការ​បោះ​ឆ្នោត ប៉ុន្តែ ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​មិន​យក​ប្រើប្រាស់​ទេ ព្រោះ​មិន​ចង់​ចូលរួម​ការ​បោះ​ឆ្នោត។ ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​គណបក្ស​ភ្លើង​ទៀន លើកឡើង​ថា ជំហរ​របស់​គណបក្ស​នេះ​ គឺ​ចូលរួម​ការ​បោះ​ឆ្នោត មិន​មែន​បង្ក​បញ្ហា​ដល់​រដ្ឋាភិបាល​នោះ​ឡើយ។

លោក ហ៊ុន សែន ថា លោក​មិន​ជឿ​ថា ឯកសារ​ច្បាប់ដើម​នៃ​ចុះ​បញ្ជី​របស់​គណបក្ស​​ភ្លើង​ទៀន បាត់បង់​ទេ។ ប៉ុន្តែ​លោក​ថា ​ឯកសារ​នោះ កំពុង​ស្ថិត​ក្នុង​ដៃ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ ប៉ុន្តែ អ្នក​កាន់​ឯកសារ​នោះ​លាក់​ទុក ដែល​ជា​ផែនការ​មិន​ចូលរួម​ការ​បោះឆ្នោត​ខែ​កក្កដា​ខាង​មុខ។ លោក​ចោទ​ប្រកាន់​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​ភ្លើង​ទៀន​ធ្វើ​ដូច្នេះ ដើម្បី​យក​បរទេស​មក​គាប​សង្កត់​កម្ពុជា ឬ​រដ្ឋាភិបាល របស់​លោក។ បើ​ទោះ​ជា​លោក ហ៊ុន សែន មិន​បញ្ចេញ​ឈ្មោះ​ថា មេ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន រូប​ណា​រៀបចំ​ផែនការ​នេះ​ទេ។

លោក ហ៊ុន សែន៖ «គេ​មិន​ចង់​ឱ្យ​គណបក្ស​នេះ​ចូលរួម​បោះឆ្នោត​ទេ ដោយ​គេ​ដឹង​ថា វា​ចាញ់​ ប៉ុន្តែ អ្វី​ដែល​គេ​ចង់​បាន​គឺ​គេ​យក​បរទេស​មក​គាប​កម្ពុជា។ ខ្ញុំ​គិត​ថា ជា​ឧបាយកល​របស់​អ្នក​ណាមួយ​ដែល​ធ្វើ​ឱ្យ​បាត់​មិនដែល​បាត់​បញ្ជីជាតិ​ទេ​ហើយ​មានតែ​មេដឹកនាំ​សំខាន់ៗ​ហ្នឹង​គោលដៅ​របស់​គេ​គឺ​ចង់​ឱ្យ​មាន​ការ​ប្រឈម​ជាមួយ​បរទេស​ខ្លះ​ដែល​ស្រលាញ់​ពួកគេ​នោះ»

លោក ហ៊ុន សែន លើកឡើង​ដូច្នេះ ក្នុង​ពិធី​ជួប​កម្មករ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ទី២៦ ខែ​ឧសភា។ សារ​របស់​លោក ហ៊ុន សែន បែបនេះ ធ្វើ​ឡើង​ក្រោយ​មួយ​ថ្ងៃ​ដែល​ស្ថាប័ន​កំពូល​របស់​ជាតិ គឺ​ក្រុមប្រឹក្សា​ធម្មនុញ្ញ សម្រេច​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន អាច​ចូលរួម​ក្នុង​ការបោះឆ្នោត​ខាង​មុខ​នេះ​បាន​ឡើយ​ ព្រោះ​គណបក្ស​នេះ គ្មាន​ឯកសារ​ច្បាប់ដើម​នៃ​ចុះ​បញ្ជី​គណបក្ស ដែល​ការ​សម្រេច​នេះ​ គឺដូច​ទៅ​នឹង​សម្រេច​របស់ គ..ប ដែរ។

ទាក់ទង​ការ​ចោទប្រកាន់​របស់​លោក ហ៊ុន សែន នេះ ​​អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន​ លោក គីមសួរ ភីរិទ្ធ ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា គណបក្ស​ភ្លើង​ទៀន​នៅ​រក្សា​ជំហរ ចូលរួម​ក្នុង​ការបោះឆ្នោត​នា​ថ្ងៃទី២៣ ខែ​កក្កដា ខាងមុខ។ ទោះ​យ៉ាងណា លោក គីមសួរ ភីរិទ្ធ ថា ពេល​នេះ​គណបក្ស​ភ្លើង​ទៀន រក្សា​ភាព​ស្ងៀមស្ងាត់​សិន​ ដោយ​រង់ចាំ​ការ​សម្រេច​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ដែល​អាច​ធ្វើឡើង​នៅ​ចុង​សប្ដាហ៍​នេះ​ ដើម្បី​កំណត់​ថា គណបក្ស​នេះ​ត្រូវ​ធ្វើ​អ្វី​បន្ត​ទៀត។

លោក​ លោក គីមសួរ ភីរិទ្ធ៖ «បើ​សិន​ជា​យើង​មាន​យើង​ចាំបាច់​ទៅ​ទទូច​សុំ​ក្រសួង​មហាផ្ទៃ​ធ្វើ​អី ហើយ​ក្រសួង​មហាផ្ទៃ​បើសិន​នេះ​លោក​គួរ​តែ​ឱ្យ​ហើយ​យើង​យក​ទៅ​ដាក់​បាន​បាត់​ទៅ​ហើយ ហើយ​មែនទែន​ទៅ​គណបក្ស​គ្មាន​ចេតនា ចង់​បង្ក​បញ្ហា​ជូន​រដ្ឋាភិបាល​ទេ ចង់​តែ​ចូលរួម​នេះ​ឆន្ទៈ​ពិតប្រាកដ​ ចង់​ចូលរួម​​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​តាម​បែប​លក្ខណៈ​ប្រជាធិបតេយ្យ​សេរី»

ជុំវិញ​ជំហរ​របស់​គណបក្ស​ភ្លើង​ទៀន​នេះ​ដែរ កាល​ពី​យប់​ទី២៥ ខែ​ឧសភា គណបក្ស​នេះ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា ​ការ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ចូលរួម​ក្នុង​ការបោះឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ គឺ​មិន​ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ រដ្ឋធម្មនុញ្ញ ​ជាពិសេស ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ ក្រៅ​ពី​នេះ ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ និង​ការសម្រេចចិត្ត របស់​ពលរដ្ឋ​ជិត​២លាន​នាក់ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ភ្លើង​ទៀន កាលពី​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​កន្លង​មក។ បើ​ទោះ​ជា​គណបក្ស​ភ្លើង​ទៀន បាត់បង់​ឱកាស​ចូលរួម​ការបោះឆ្នោត​ខាង​មុខ​ក្ដី ប៉ុន្តែ គណបក្ស​នេះ ស្នើ​អ្នកគាំទ្រ​របស់​ខ្លួន ឱ្យ​បន្ត​នូវ​ឆន្ទៈ​រឹងមាំ តទៅទៀត។

ទាក់ទង​រឿង​នេះ​ដែរ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត សេង សារី លើក​ឡើង​ថា រយៈ​ពេល ២៨ឆ្នាំ មកនេះ លោក សម រង្ស៊ី បាន​ប្រើ​យុទ្ធសាស្ត្រ​ជា​ច្រើន​ដើម្បី​ទប់ទល់​នឹង​យុទ្ធសាស្ត្រ​កម្ចាត់ (Defeat Strategy) របស់​លោក ហ៊ុន សែន ដើម្បី​រក្សា​ចលនា​នយោបាយ​របស់​ខ្លួន។ លោក​បន្ត​ថា លោក សម រង្ស៊ី បាន​ប្តូរ​ឈ្មោះ​គណបក្ស​ពី​ឈ្មោះ​មួយ​ទៅ​ឈ្មោះ​មួយ ដូច​ជា ពី​គណបក្ស​ជាតិខ្មែរ ទៅ​គណបក្ស សម រង្ស៊ី និង​គណបក្ស​ភ្លើង​ទៀន ដូច​សព្វ​ថ្ងៃ​នេះ។ ក្រៅ​ពី​នេះ​ មាន​ ការ​ចង​សម្ព័ន្ធ​មិត្ត​នយោបាយ​ជាមួយ លោក កឹម សុខា ការ​ប្រើប្រាស់​យន្តការ​អន្តរជាតិ និង​ការ​ធ្វើ​មហា​បាតុកម្ម ជាដើម។ លោក សេង សារី ​សង្កេត​ឃើញ​ទៀត​ថា ជា​លទ្ធផល​មក​ដល់​ពេលនេះ ចលនា​នយោបាយ របស់​ លោក សម រង្ស៊ី​ បាន​ដាច់​ក្បាល​ពី​ដង​ខ្លួន និង​ពី​ដង​ខ្លួន​ទៅ​កន្ទុយ តែ​មិន​ទាន់​ស្លាប់​ដូច​ចលនា​នយោបាយ លោកតា សឺន សាន ហ៊្វុនស៊ិនប៉ិច និង​ខ្មែរក្រហម នៅឡើយ​ទេ។

ចំណែក អ្នក​វិភាគ​នយោបាយ លោក គឹម សុខ កត់សម្គាល់​ឃើញ​ថា ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ពេល​នេះ គឺ​លោក ហ៊ុន សែន និយាយ​ទាំង​មិនបាន​ដឹង​ថា​ខ្លួន​និយាយ​ខុស​​ ព្រោះ​បើ​សំអាង​លើ​សំដី​របស់​លោក ហ៊ុន សែន គឺ​ស្មើ​នឹង​គណបក្ស​ភ្លើង​ទៀន​មាន​ឯកសារ​គ្រប់គ្រាន់​អាច​ចូលរួម​ការបោះឆ្នោត​បាន។ លោក គឹម សុខ ថ្លែង​ឌឺដង ទៅ​លោក ហ៊ុន សែន ថា បើ​លោក ហ៊ុន សែន ដឹង​ច្បាស់​ថា គណបក្ស​ភ្លើង​ទៀន​ មាន​ឯកសារ​ចុះ​បញ្ជី​គ្រប់គ្រាន់​ គឺ​លោក ហ៊ុន សែន អាច​ប្រាប់​ទៅ គ..ប អនុញ្ញាត​ឱ្យ​គណបក្ស​នេះ អាច​ចូលរួម​ការ​បោះ​ឆ្នោត។ លោក គឹម សុខ បន្ត​ទៀត​ថា នេះ​ជា​ល្បិច​របស់​លោក ហ៊ុន សែន ដែល​ទម្លាក់​កំហុស​ទៅ​មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន ព្រោះ​ពេល​នេះ​រដ្ឋាភិបាល លោក ហ៊ុន សែន និង គ..ប កំពុង​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ។

លោក លោក គឹម សុខ៖ «លោក ហ៊ុន សែន គ្រាន់តែ​ឱ្យ​ក្រសួង​មហាផ្ទៃ​ផលិត​ឯកសារ​ទទួល​ស្គាល់​សិទ្ធិ​របស់​គណបក្ស​ភ្លើង​ទៀន ចុះ​បញ្ជី​ចូលរួម​បោះឆ្នោត​ទៅ​ឱ្យ គ..ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ ទទួល​ស្គាល់​ទៅ​ចប់​បាត់​ទៅ​ហើយ លោក សម រង្ស៊ី ឯណា អាច​ខ្ទាស់​បាន​ពីព្រោះ​ក្រសួង​មហាផ្ទៃ​គឺ​ជា​អង្គការ​រដ្ឋ​នៃ​រដ្ឋាភិបាល​ដែល​មាន​ភារកិច្ច​ផលិត​ឯកសារ​គតិយុត្តិ​សម្រាប់​ប្រើប្រាស់»

គណបក្ស​ភ្លើង​ទៀន គឺ​ជា​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទី១ ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ​ច្រើន​ជាង​គេ ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ២០២២ កន្លង​មក។ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង គ..ប ដែល ត​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់អំណាច សម្រេច​បិទ​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ការបោះឆ្នោត​ខាង​មុខ​នេះ ខណៈ​​ប្រទេស​ក្បែរ​ខាង​កម្ពុជា ក្នុង​តំបន់​អាស៊ាន ប្ដូរ​មេដឹកនាំ​តាមរយៈ​ការបោះឆ្នោត គឺ​ប្រទេស​ទាំង​នោះ សុទ្ធតែ​គណបក្ស​ប្រឆាំង​ឈ្នះ​ការ​ឆ្នោត​គណបក្ស​លើ​គណបក្ស​កាន់​អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
បទសម្ភាសន៍៖ អតីត​មនុស្ស​ជំនិត​សម្ដេច​ក្រុមព្រះ​ថា លោក ហ៊ុន សែន ជ្រៀតជ្រែក​ព្រះមហាក្សត្រ​លើ​ការ​តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង​ថ្មី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។