លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់ថា ជំនួបទ្វេភាគីរវាងលោកជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden) កាលពីក្នុងកិច្ចប្រជុំកំពូលអាស៊ាន គឺលោក ចូ បៃឌិន បានប្រាប់លោកទៅឱ្យបើកលំហប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ឡើងវិញ។ ប៉ុន្តែ លោក ហ៊ុន សែន បដិសេធថា មេដឹកនាំសហរដ្ឋអាមេរិកមិនបានទាមទារមានការដោះលែងអ្នកជំនាញច្បាប់ និងកិច្ចការអន្តរជាតិ កញ្ញា សេង ធារី នោះទេ។ ទោះយ៉ាងណាក្ដី អ្នកឃ្លាំមើលថា ការអះអាងរបស់លោក ហ៊ុន សែន អាចជាការបន្លំការពិត ដើម្បីលាក់បាំងភាពអាម៉ាស់របស់លោកប៉ុណ្ណោះ។
ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម និយាយថា ជំនួបរវាង លោក ជាមួយ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden) គឺមិនមែនលោក ចូ បៃឌិន មកប្រដៅលោកដល់ផ្ទះក្ដី ប៉ុន្តែ លោកទទួលស្គាល់ថា លោក ចូ បៃឌិន បាននិយាយជាមួយលោកពាក់ព័ន្ធលំហប្រជាធិបតេយ្យនៅកម្ពុជា។ លោក ហ៊ុន សែន បន្តទៀតថា ប្រធានាធិបតីអាមេរិក មិនបានលើកឡើងបញ្ហាបុគ្គលនៃក្រុមសកម្មជនកំពុងជាប់ឃុំនោះទេ៖
«ខ្ញុំដូចជាមិនយល់ដែរតើអ្នកណាបញ្ចេញព័ត៌មានហ្នឹង ហើយតើព័ត៌មានហ្នឹងអ្នកណាអ្នកសរសេរបើប្រធានាធិបតីអាមេរិកកាំងអត់និយាយជាមួយខ្ញុំហ្នឹងផង។ និយាយអំពីបញ្ហាបើកលំហប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតនៅពេលនេះ ប៉ុន្តែនិយាយពីតួអង្គមនុស្សនេះមនុស្សនោះគឺអត់ហ្មង»។
លោក ហ៊ុន សែន ថ្លែងដូច្នេះ ក្នុងពិធីបិទសន្និបាតជាតិខួបលើកទី៣០ នៃសកម្មភាពមីននៅកម្ពុជាថ្ងៃទី២២ ខែវិច្ឆិកា។ លោក ហ៊ុន សែន បានហៅអ្នកជំនាញច្បាប់ និងកិច្ចការអន្តរជាតិ កញ្ញា សេង ធារី ថាជាអប្សរាក្បាលត្រងោល។
លោក ហ៊ុន សែន និយាយហាក់ឌឺដងទៀតថា នៅពេលលោកទទួលទានអាហារ ជាមួយមេដឹកនាំពិភពលោក និងជាមួយប្រធានាធិបតីអាមេរិក លោកបាននិយាយជាមួយលោក ចូ បៃឌិន រឿងអប្សរាសំពត់វែង និងអប្សរា សំពត់ខ្លី។ លោក ហ៊ុន សែន ក៏បញ្ជាក់ផងដែរថា លោក ចូ បៃឌិន និងលោកមិនបាននិយាយពីអប្សរាត្រងោលទេ៖
«ប៉ុន្តែ ដល់រឿងថា អប្សរា ក្បាលត្រងោល ត្រូវតែដោះលែង អ្នកនេះត្រូវតែដោះលែង ខ្ញុំអត់ដឹង ខ្ញុំអត់ព្រម ខ្ញុំអត់បានស្ដាប់ ខ្ញុំអត់ឮសំដី ចូ បៃឌិន និយាយអ៊ីចឹងផង»។
លោក ហ៊ុន សែន បញ្ជាក់ទៀតថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ក៏មិនបានផ្ដល់ដំបូន្មានរឿងសិទ្ធិមនុស្សទៅលោក ឬក៏និយាយរឿងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែរ។ លោកបញ្ជាក់ថា ជំនួបរវាងលោក ជាមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិ ជជែករឿងធំៗ ៣ គឺផ្ទេរសំណុំរឿងសេសសល់របស់សាលាក្ដីខ្មែរក្រហម ឬតុលាការកូនកាត់ មកឱ្យតុលាការកម្ពុជាកាត់ក្ដីវិញ ការបញ្ជូនកងកម្លាំងកម្ពុជាទៅក្រៅប្រទេសក្រោមឆ័ត្រអង្គការប្រជាជាតិ និងកិច្ចប្រជុំភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាជាមួយលោក ហ៊ុន សែន។
ទោះជាលោក ហ៊ុន សែន លើកឡើងបែបនេះក្ដី ប៉ុន្តែ សេចក្ដីប្រកាសព័ត៌មានរបស់សេតវិមានឱ្យដឹងថា ក្នុងជំនួបរវាងប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ជាមួយលោក ហ៊ុន សែន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃទី១២ ខែវិច្ឆិកា លោក ចូ បៃឌិន បានលើកឡើងពីបញ្ហាមូលដ្ឋានកងទ័ពចិននៅលំហសមុទ្ររាម ខេត្តព្រះសីហនុ ទាមទារឱ្យបើកចំហសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ និងទាមទារទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យដោះលែងអ្នកទោសនយោបាយ រួមទាំងកញ្ញា សេង ធារី ផងដែរ។
ស្រដៀងគ្នានេះដែរ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស ក៏អំពាវនាវទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបើកលំហសេរីឱ្យបានច្រើនជាងមុនដែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលកំពុងរស់នៅនៅប្រទេសណ័រវ៉េ (Norway) លោក ម៉ែន ណាត យល់ថា បញ្ហា កញ្ញា សេង ធារី គឺសហរដ្ឋអាមេរិក មិនអាចបំភ្លេចទេ ព្រោះកញ្ញា សេង ធារី មានសញ្ជាតិអាមេរិក។ លោកបន្តទៀតថា ការបង្ហើបរបស់លោក ហ៊ុន សែន ដែលថាលោក ចូ បៃឌិន ទាមទារឱ្យមានការបើកលំហប្រជាធិបតេយ្យឡើងវិញ គឺមានន័យគ្រប់គ្រាន់ថា បញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការចោទប្រកាន់លើសកម្មជននយោបាយ ឬ ករណី កញ្ញា សេង ធារី គឺសុទ្ធតែជាប្រធានបទក្ដៅដែលភាគីទាំងពីរបានជជែកគ្នា៖
«កាលណាគេរំលឹកលំហប្រជាធិបតេយ្យហើយ ក្នុងហ្នឹងក៏គេនិយាយអំពីសេង ធារី គ្រាន់តែគេបញ្ជាក់បន្ថែម ថា ត្រូវតែដាក់កញ្ញា សេង ធារី ចូលក្នុងខ្លឹមហ្នឹង ហើយដោះលែងទៅ ដោះលែង កញ្ញា សេង ធារី ទៅព្រោះនាងជាពលរដ្ឋអាមេរិកផង។ គេបញ្ជាក់បន្ថែម តែប៉ុណ្ណឹងតាស់ តាមពិតនិយាយពីលំហប្រជាធិបតេយ្យ គឺមានន័យគ្រប់គ្រាន់ទៅហើយសម្រាប់លោក ហ៊ុន សែន គោរពដោះស្រាយ»។
សមត្ថកិច្ចចាប់ខ្លួនកញ្ញា សេង ធារី អ្នកជំនាញច្បាប់ និងកិច្ចការអន្តរជាតិ កាលពីថ្ងៃទី១៤ ខែមិថុនា ក្រោយតុលាការប្រកាសសាលក្រមថា កញ្ញាមានទោសនៃបទចោទរួមគំនិតក្បត់ ក្នុងសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ តុលាការកាត់ទោសឲ្យកញ្ញា ជាប់ពន្ធនាគារ៦ឆ្នាំ។ ក្រៅពីកញ្ញា សេង ធារី ក៏មានសកម្ម និងមន្ត្រីគណបក្សប្រឆាំងជាច្រើនរូបផ្សេងទៀត កំពុងជាប់ឃុំ និងរងការចោទប្រកាន់ក្នុងសំណុំរឿងនេះដែរ។
ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន យល់ថា សេចក្ដីប្រកាសព័ត៌មានរបស់សេតវិមាន ជាការបញ្ជាក់ប្រកាសផ្លូវការ នូវសំដី រវាងលោក ហ៊ុន សែន ជាមួយលោកលោក ចូ បៃឌិន។ លោកយល់ថា ប្រសិនរដ្ឋាភិបាលកម្ពុជា យល់ព្រមឆ្លើយតបនូវសំណើ របស់សហរដ្ឋអាមេរិក កម្ពុជាអាចនឹងទទួលបានការអនុគ្រោះជី.អេស.ភី (GSP) របស់សហរដ្ឋអាមេរិកមកវិញ។ ផ្ទុយទៅវិញលោកថា ប្រសិនបើ រដ្ឋាភិបាល លោក ហ៊ុន សែន បន្តចោទប្រកាន់ និងបន្តឃុំខ្លួន សកម្មជននយោបាយតទៅទៀត កម្ពុជាមិនអាចទទួលបានការអនុគ្រោះជី.អេស.ភី (GSP) ពីអាមេរិក ទេ ហើយកម្ពុជាប្រឈមបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ អ៊ី.ប៊ី.អេ (EBA) ពីសហភាពអឺរ៉ុបបន្ថែមទៀតផង៖
«គេនឹងអាចដាក់សម្ពាធទៅលើមន្ត្រីធំៗ មិនឱ្យចូលស្រុក ត្រង់ចំណុចទាំងអស់ហ្នឹង នាយករដ្ឋមន្ត្រី កម្ពុជា ត្រូវតែពិនិត្យពិចារណាឡើងវិញ ជៀសវាងគេថា ព្យាយាមបដិសេធបាទ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ សំរាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
ទោះយ៉ាងណា រដ្ឋាភិបាល លោក ហ៊ុន សែន រងការរិះគន់ថា មិនទាន់បានកែលំអស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមុនការបោះឆ្នោតនេះនៅឡើយទេ។ កាលពីថ្មីៗ លោក ហ៊ុន សែន ព្រមានរំលាយគណបក្សភ្លើងទៀន ដែលជាគណបក្សមានកម្លាំងប្រកួតប្រជែងប្រហាក់ប្រហែល ជាមួយគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន។ ចំណែកប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏កំពុងជាប់ក្ដីក្ដាំនៅតុលាការ ក្នុងសំណុំរឿងក្បត់ជាតិ មិនទាន់បានកាត់ក្ដីបញ្ចប់នៅឡើយដែរ។
ទាក់ទងរឿងនេះដែរ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (KISHIDA Fumio) ចង់ឃើញការបោះឆ្នោតនៅកម្ពុជានៅក្នុងឆ្នាំ២០២៣ ខាងមុខ ដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងឆ្លុះបញ្ចាំងពីសំឡេងចម្រុះរបស់ពលរដ្ឋកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។