លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាថ្មីថា លោកកំពុងរៀបចំផែនតាមកម្ទេចក្រុមប្រឆាំងដល់ជីវិតចុងក្រោយ។ អ្នកវិភាគយល់ថា លោក ហ៊ុន សែន មិនគួរប្រកាសផែនការសម្លាប់ខ្មែរគ្នាឯងជាសាធារណៈ បែបនេះឡើយ។
ផែនការកម្ទេចក្រុមបក្សប្រឆាំងនេះលោក ហ៊ុន សែន បានចាប់ផ្ដើមធ្វើចាប់ពីការបើកប្រទេសឡើងវិញកាលពីថ្ងៃទី១ ខែវិច្ឆិកាមកម៉្លេះ។ ថ្លែងពីស្រុកកំណើតខេត្តកំពង់ចាម លោក ហ៊ុន សែន បានប្រាប់មិត្តចិនរបស់លោកថា ទោះក្នុងតម្លៃណាក៏ដោយ ក៏លោកត្រូវកម្ទេចក្រុមបក្សប្រឆាំង ដែលលោកអះអាងថា ការធ្វើបែបនេះ ដើម្បីការពារសន្តិភាពជូនពលរដ្ឋ។ លោក ហ៊ុន សែន បានហៅបក្សប្រឆាំងថា ជាក្រុមជ្រុលនិយម។ លោកបញ្ជាក់ទៀតថា លោកលេង (កម្ទេច) អ្នកទាំងនោះឲ្យអស់សិន ដើម្បីជាការត្រួសត្រាយផ្លូវឲ្យអ្នកជំនាន់ក្រោយរបស់លោកអាចកាន់ដំណែងបន្តពីលោក៖ « អ៊ីចឹងទុកឲ្យខ្ញុំលេងអាពួកជ្រុលនិយមការពារសន្តិភាពនេះ ខ្ញុំលេងពួកលោកឯងឲ្យចប់សិន ដើម្បីខ្ញុំត្រួសត្រាយផ្លូវសម្រាប់ក្មេងជាន់ក្រោយខ្ញុំដាក់កម្មវិធីចេញដំណើរបន្ទាប់ពីការបើកប្រទេសឡើងវិញលើករណីកូវីដ » ។
លោក ហ៊ុន សែន ប្រកាសបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារខេត្តកំពង់ចាម នៅថ្ងៃទី២៣ វិច្ឆិកា។ មេដឹកនាំមានដែលវ័យ ៧០ឆ្នាំរូបនេះក៏ប្រកាសដែរថា លោកបន្តកាន់ដំណែងជានាយករដ្ឋមន្ត្រីស្រេចតែក្បាលចិត្តរបស់លោក។ លោកនៅតែនិយាយដដែលៗ ទៀតថា លោកមិនឱនក្បាល ចំពោះការគាបសង្កត់ពីបរទេស ដែលលោកសំដៅក្រុមប្រទេសប្រទេសប្រជាធិបតេយ្យនោះឡើយ៖ « អ៊ីចឹងបានលើកនេះអត់ទេសុំបញ្ជាក់ឲ្យហើយតម្លៃណាមួយក៏ដោយ ហ៊ុន សែន មិនអាចឱនក្បាលទទួលយកការគាបសង្កត់ណាមួយ ដែលនាំទៅដល់អស្ថិរភាព និងបាត់សន្តិភាពប្រទេស » ។
ជុំវិញការព្រមានរបស់លោក ហ៊ុន សែន បែបនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោក ម៉ន ផល្លា យល់ថា អ្វីដែលលោក ហ៊ុន សែន ចង់បានពិតប្រាកដ គឺបំភ័យមន្ត្រីផ្ទៃក្នុងរបស់ខ្លួនមិនឲ្យងើបឡើងប្រឆាំងការសម្រេចចិត្តណាមួយរបស់លោក។ លោកបន្តថា ទង្វើរបស់លោក ហ៊ុន សែន មិនមែនត្រឹមតែជាការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំងនោះទេ ប៉ុន្តែវាជាការសម្លាប់ពលរដ្ឋខ្លួនឯង និងជាការសម្លាប់គណបក្សប្រជាជនកម្ពុជារបស់លោកផងដែរ៖ « មែនទែនមិនមែនជាការសម្លាប់គណបក្សសង្គ្រោះជាតិ ក៏ដូចគណបក្សប្រឆាំងនោះទេបាទ គឺជាការសម្លាប់ប្រទេសជាតិទាំងមូលជាពិសេសជាងនេះទៅទៀត គឺសម្លាប់គណបក្សប្រជាជនខ្លួនឯង។ ធម្មតាខ្លួនជាអ្នកដឹកនាំប្រទេសជាអ្នកកាន់អំណាច ហេតុដូច្នេះហើយស្លាប់គ្រប់គ្នាជាមួយអំពើលោក ហ៊ុន សែន បានធ្វើ » ។
ការថ្លែងរបស់លោក ហ៊ុន សែន បែបនេះស្របពេលដែលសកម្មជនបក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេសកំពុងរងការធ្វើទុក្ខបុកម្នេញរហូតមានការសម្លាប់សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់នៅទីក្រុងភ្នំពេញ។
អ្នកវិភាគនយោបាយ ដែលកំពុងភៀសខ្លួននៅប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ និយាយថា លោក ហ៊ុន សែន ខ្លាំងលើសពី ប៉ុល ពត ទៅទៀត ដែលបានកាឡៃពាក្យ «សន្តិភាព» ប្រកាសកម្ចាត់ខ្មែរឯងជាចំហ។ លោកបន្តទៀតថា លោក ហ៊ុន សែន ហ៊ានធ្វើគ្រប់បែបយ៉ាងក្នុងការសម្អាតក្រុមប្រឆាំងដើម្បីសម្រេចផែនការផ្ទេរអំណាចទៅកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត៖ « អ្វីដែលគាត់ ( លោក ហ៊ុន សែន ) និយាយគឺឆ្លុះបញ្ចាំងការដឹកនាំរបស់គាត់ដែលសាហាវជាង ប៉ុល ពត ប្រកាសកម្ចាត់ខ្មែរជាចំហតែម្ដងហើយក្រោមការដឹកនាំរបស់គាត់មានការកាប់សម្លាប់ជាសាធារណៈសម័យ ប៉ុល ពត ធ្វើស្ងាត់ៗ ទេណា » ។
នេះមិនមែនលើកទី១ ទេ ដែលលោក ហ៊ុន សែន ព្រមានកម្ទេចក្រុមប្រឆាំង។ កាលពីឆ្នាំ២០១៨ មេដឹកនាំ ដែលកាន់អំណាចបានយូររូបនេះ បានប្រកាសផែនការកម្ទេចលោក សម រង្ស៊ី ដូចលោកធ្លាប់បានកម្ទេច ប៉ុល ពត ដែរ។
ចាប់តាំងពីរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃបើកប្រទេសឡើងវិញកាលពីថ្ងៃទី១ វិច្ឆិកាមកសកម្មជន និងសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនទៅឲ្យសមត្ថកិច្ចកម្ពុជា។ ក្រៅពីនេះក៏មានសកម្មជនគណបក្សសង្គ្រោះជាតិជាង ៣០នាក់ទៀត ត្រូវបានជនមិនស្គាល់មុខវាយធ្វើឱ្យរងបួសធ្ងន់ធ្ងរ ប៉ុន្តែសមត្ថកិច្ចមិនទាន់ចាប់ជនព្រឹត្តិទាំងនោះបាននៅឡើយទេ។ ចំណែកយុវជនគណបក្សសង្គ្រោះជាតិខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញលោក ស៊ិន ខុន អាយុ ៣១ឆ្នាំ ត្រូវសម្លាប់ ដោយជនមិនស្គាល់មុខមួយក្រុម ព្រួតកាប់ត្រូវជាច្រើនកាំបិតកាលពីថ្ងៃទី២១ ខែវិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។