លោក ហ៊ុន សែន តែងតាំង​មន្ត្រី​ចាស់​របស់​លោក​គឺ​លោក សូ ណារ៉ូ ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម

0:00 / 0:00

អតីត​ទីប្រឹក្សា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​បណ្ឌិត សូ ណារ៉ូ ដែល​បាន​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​ជាង​១០​ឆ្នាំ និង​តែង​បញ្ចេញ​ទស្សនៈ​រិះគន់​ការដឹកនាំ​របស់ លោក ហ៊ុន សែន នោះ នៅ​ទីបំផុត លោក​បានសម្រេច​វិល​ទៅ​ជ្រក​ទ្រនំ​ចាស់​របស់​លោក​វិញ និង​បាន​ទទួល​តំណែង​ខ្ពស់​មួយ​ក្នុង​ជួរ​រដ្ឋាភិបាល។ អ្នកវិភាគ​ចាត់​ទុក​ថា បុគ្គល​ដែល​ចុះចូល​ជាមួយ​លោក ហ៊ុន សែន ដោយសារ​តំណែង​និង​តួនាទី ជា​មនុស្ស​មិន​គួរ​ឱ្យ​ទុកចិត្ត និង​គ្មាន​តម្លៃ​ក្នុង​ក្រសែភ្នែក​ប្រជាពលរដ្ឋ​កម្ពុជា​ឡើយ។

បណ្ឌិត សូ ណារ៉ូ ដែល​ធ្លាប់​និយាយ​រិះគន់​លោក ហ៊ុន សែន នោះ ឥឡូវ​នេះ​លោក​បាន​ទៅ​ចុះចូល​ជាមួយ​រដ្ឋាភិបាល ហើយ​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ តែងតាំង​លោក​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ដែល​មាន​ឋានន្តរសក្ដិ​ឧត្ដមមន្ត្រី​ថ្នាក់​លេខ​៣ ដែល​ជា​តំណែង​ខ្ពស់​មួយ​ក្នុង​ជួរ​រដ្ឋាភិបាល​លោក ហ៊ុន សែន នេះ​បើ​តាម​ព្រះរាជ្យក្រឹត្យ​ចុះ​ថ្ងៃទី​៩ ខែ​ឧសភា។ ក្រោយ​ទទួល​បាន​តួនាទី​ពី​លោក ហ៊ុន សែន មក​លោក សូ ណារ៉ូ ចាប់ផ្ដើម​បង្ហោះ​សារ​សាទរ និង​សរសើរ​រដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មការ​ដែល​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ចាប់ពី​ថ្ងៃទី​៥ ឧសភា ជា​បន្ត​បន្ទាប់​មក។

ទាក់ទិន​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​ថា ការ​តែងតាំង និង​ផ្ដល់​តួនាទី​ដល់​អ្នក​ដែល​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន គឺជា​ការ​បង្ហាញ​ពី​សមានចិត្ត​រវាង​គ្នា​នឹង​គ្នា។

លោក សុខ ឥសាន៖ «គណបក្ស​ប្រជាជន​មិន​ឈឺក្បាល​ចំពោះ​ការ​និយាយ​វាយ​ប្រហារ ឬ​មួយ​ក៏​រិះគន់​ដោយ​ប្រការ​ណាមួយ​ពី​ការ​តែងតាំង​ដោយ​ទឹកចិត្ត​ជ្រះថ្លា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ»។

បណ្ឌិត សូ ណារ៉ូ ជា​អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​(Indonesia) ដែល​បាន​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​អស់​រយៈពេល​២៧​ឆ្នាំ។ ក៏ប៉ុន្តែ​ក្រោយ​មក លោក​បាន​ភៀសខ្លួន​ទៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០១២ ដោយ​អះអាង​ថា ទទួល​ភាព​អយុត្តិធម៌​ក្នុង​ការងារ។ ក្រោយ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក លោក​បាន​បើក​ការ​វាយ​ប្រហារ រិះគន់​ទៅ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឥត​សំចៃមាត់ និង​មន្ត្រី​ធំៗ​មួយ​ចំនួន។ ក្រៅពី​រិះគន់​រដ្ឋាភិបាល លោក​ក៏​រិះគន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ផង​ដែរ។

ទោះបីជា​បែបនេះ​ក្ដី បណ្ឌិត សូ ណារ៉ូ ធ្លាប់​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ប្រដៅ​អតីត​អ្នកគាំទ្រ​លោក កឹម សុខា បន្ទាប់ពី​ចុះចូល​ជាមួយ​លោក ហ៊ុន សែន គឺ​លោក យឹម ស៊ីណន។ លោក​ថា លោក​ធ្លាប់​មាន​បទពិសោធន៍​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ហើយ នៅ​ពេល​មេ​ធំ​ស្រឡាញ់​នឹង​មាន​អនាគត​ល្អ ក៏ប៉ុន្តែ​នៅពេល​មេ​ធំ​ឈប់​នឹកនា នោះ​នឹង​ត្រូវ​អង្គុយ​លើ​តំណែង​តួនាទី​ខ្យល់​មិន​ខាន។ ទោះបីជា​លោក​បាន​រម្លឹក​ដាស់តឿន​លោក យឹម ស៊ីណន បែបនេះ​ក្ដី ក៏ប៉ុន្តែ​ពេល​នេះ​ដល់​វេន​លោក​ម្ដង។ លោក​បាន​ចុះចូល​ជាមួយ​លោក ហ៊ុន សែន និង​ទទួល​បាន​តួនាទី​ជា​បន្តបន្ទាប់។ លោក​ទទួល​តំណែង​ដល់​ទៅ​២ ក្នុង​រយៈពេល​៣​ថ្ងៃ ពី​ព្រះមហាក្សត្រ គឺ​តួនាទី​ឧត្ដមមន្ត្រី​ថ្នាក់​លេខ​៣ នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី ដែល​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​ជូន​លោក​កាលពី​ថ្ងៃទី​៨ ឧសភា​។ រយៈពេល​៣​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃទី​១១ ឧសភា ព្រះមហាក្សត្រ​បាន​ត្រាស់​បង្កប់​តែងតាំង​លោក​បណ្ឌិត សូ ណារ៉ូ ប្រទាន​នូវ​តួនាទី​មួយទៀត ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី។

ជុំវិញ​រឿង​នេះ អ្នកវិភាគ​នយោបាយ​លោក គឹម សុខ មើលឃើញ​ថា លោក ហ៊ុន សែន ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​អូសទាញ​អ្នក​ដែល​ប្រឆាំង​ឱ្យ​ចុះចូល​ជាមួយ​លោក និង​ការ​អូសទាញ​ដោយ​លាភសក្ការៈ។ តែ​លោក​សង្កេត​ឃើញ​ថា រាល់​អ្នក​ដែល​ទទួល​បាន​តំណែង​ទាំងនោះ​មុន និង​ក្រោយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​កម្ចាត់​ចេញ​វិញ​ជាមិនខាន នៅ​ពេល​ដែល​ពួកគេ​អស់​ប្រយោជន៍​ឬ​មិន​ធ្វើ​សកម្មភាព​តាម​ផែនការ​របស់​បក្ស។ លោក​បន្ថែម​ថា បុគ្គល​ដែល​ស្រឡាញ់​ប្រជាធិបតេយ្យ​ពិតប្រាកដ​គួរ​ហ្វឹកហាត់​ស្មារតី​ឱ្យ​បាន​រឹងមាំ កុំ​ទន់ជ្រាយ​តាម​ការ​អូសទាញ​ដោយ​លាភសក្ការៈ​ឱ្យ​សោះ។

លោក គឹម សុខ៖ «យើង​ត្រូវ​នាំគ្នា​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បុគ្គល​មួយចំនួន​ដែល​ចេញចូលៗ ពី​ក្រុម​មួយ​ទៅ​ក្រុម​មួយ ដូច​ផ្លាក​បន្ទោរ​ដើម្បី​រក​លាភសក្ការៈ​ផ្ទាល់ខ្លួន ហើយក៏​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ពេល​លោក ហ៊ុន សែន ឱ្យ​តំណែង។ ពួក​ជន​ទាំងអស់​នេះ​ដើរ​រកតែ​លាភសក្ការៈ​ទេ ប៉ុន្តែ​ជន​ប្រភេទ​នេះ​ក៏​មិន​ច្រើន​ប៉ុន្មាន​ដែរ តែ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ឥរិយាបថ​ពួកគេ»។

នៅមុន​ការបោះឆ្នោត​ថ្នាក់​ជាតិ នីតិកាល​ទី​៧ ខាងមុខនេះ​មក​ដល់ លោក ហ៊ុន សែន បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​សន្ទូច​នយោបាយ ដោយ​យក​តំណែង និង​បុណ្យស័ក្ដិ មក​បិទ​ធ្វើ​នុយ ហើយ​ពេលនេះ​លោក​ស្ទូច​បាន​អ្នកនយោបាយ អ្នកវិភាគ និង​យុវជន​ជា​បន្តបន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។