លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា នឹងមានជំនួបរវាងរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd J. Austin) និងរដ្ឋមន្រ្តីការពារជាតិចិនលោក វ៉ៃ ហ្វេងហេ (Wei Fenghe) នៅលើទឹកដីខេត្តសៀមរាបអំឡុងពេលមេទ័ពនៃប្រទេសមហាអំណាចទាំង២ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ជាមួយដៃគូពាក់ព័ន្ធ (ADMM Plus)។
លោក ហ៊ុន សែន បង្ហើបព័ត៌មាននេះនៅពេលដែលលោកថ្លែងបើកកម្មវិធីបើកការប្រកួតកីឡាជាតិលើកទី៣និងកីឡាជនពិការលើកទី១នៅពហុកីឡដ្ឋានជាតិមរតកតេជោកាលពីល្ងាចថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ម្សិលម៉ិញ៖
«នឹងមានជំនួបនៅក្នុងខេត្តសៀមរាប អាចចាត់ទុកថា កម្ពុជាជាទីកន្លែងនៃការសម្រុះសម្រួលមួយរវាងមហាអំណាច ដែលនឹងនាំទៅដល់ស្ថិរភាពនៅក្នុងតំបន់ និងក្នុងពិភពលោក។ យើងសង្ឃឹមថា រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក និងចិននឹងធ្វើកិច្ចការដ៏ល្អមួយនៅលើទឹកដីនៃខេត្តសៀមរាប»។
កម្ពុជាកំពុងរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ជាមួយដៃគូពាក់ព័ន្ធ (ADMM Plus) នៅខេត្តសៀមរាប ដែលប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា។ ក្រុមរដ្ឋមន្ត្រីការពារជាតិប្រទេសដៃគូអាស៊ានចំនួន៨ នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនេះក្នុងនោះក៏រួមមានទាំងរដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក(US) អូស្ត្រាលី (Australia) ចិន (China) ឥណ្ឌា (India) និងជប៉ុន (Japan) ជាដើម។
រដ្ឋមន្រ្តីការពារជាតិចិន និងជាសមាជិកក្រុមប្រឹក្សារដ្ឋចិនលោក វ៉ៃ ហ្វេងហេ បានមកដល់កម្ពុជាតាំងពីថ្ងៃទី២០ ខែវិច្ឆិកា។ នៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានមកដល់លោកបានជួបជាមួយលោក ហ៊ុន សែន និងរដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ បាញ់។ ក្នុងជំនួបជាមួយលោក ហ៊ុន សែន វិញ រដ្ឋមន្ត្រីការពារជាតិចិនបានសន្យាថា ចិននឹងបន្តជួយដល់កម្ពុជាថែមទៀត។
ចំណែករដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន (Lloyd J. Austin) បានមកដល់កម្ពុជាដែរកាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា។
លោក ឡយដ៍ អូស្ទីន ធ្លាប់លើកឡើងនៅមុនពេលធ្វើដំណើរមកកម្ពុជាថា បញ្ហាប្រឈមកាន់តែខ្លាំងឡើង គឺប្រទេសចិនកំពុងសម្ញែងឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងឡើងៗក្នុងការព្យាយាមកែប្រែប្រព័ន្ធច្បាប់នៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីឱ្យស្របទៅនឹងបំណងបែបផ្តាច់ការរបស់ខ្លួន។
ទាក់ទិននឹងដំណើររបស់លោក ឡយដ៍ អូស្ទីន មកតំបន់អាស៊ីអាគ្នេយ៍ និងចូលរួមកិច្ចប្រជុំក្រុមរដ្ឋមន្រ្តីការពារជាតិនេះ មន្ត្រីក្រសួងការពារជាតិអាមេរិក ធ្លាប់បញ្ជាក់ថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជាអាទិភាពមួយរបស់ក្រសួងការពារជាតិអាមេរិក និងបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកមកលើតំបន់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។