លោក ហ៊ុន សែន ព្រមាន​រឹបអូស​ទ្រព្យសម្បត្តិ​ក្រុម​ពលរដ្ឋ​ដែល​មិន​ព្រម​សងបំណុល​ដោយ​សារ​ជឿ​តាម​ការ​ឃោសនា​របស់​បក្ស​ប្រឆាំង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកទឹកចិត្ត​ឱ្យ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​រឹបអូស​ទ្រព្យ​សម្បត្តិរបស់​ក្រុម​ពលរដ្ឋណា​ដែល​មិន​ព្រម​សង​បំណុល​ដោយ​សារ​ជឿ​តាម​ការ​ឃោសនា​របស់បក្ស​ប្រឆាំង។ ប៉ុន្តែ​មន្រ្តី​ជាន់ខ្ពស់​បក្ស​ភ្លើងទៀន​យល់​ថា សារ​គំរាមកំហែង​នេះ គឺជាការ​កេង​ចំណេញ​នយោបាយ​ ហើយ​អ្វី​ដែល​លោក ហ៊ុន សែន ត្រូវ​ដោះស្រាយ​ចាំបាច់​ គឺ​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ដើម្បី​ឱ្យ​ពលរដ្ឋ​រួច​ផុត​ពី​បំណុល​វ័ណ្ឌក។

លោក ហ៊ុន សែន ហាក់ខឹងសម្បារ​នឹង​មតិរិះគន់​លើ​រូប​លោក​រឿង​យក​ប័ណ្ណក្រីក្រ​ធ្វើ​ជា​មធ្យោបាយ​ឃោសនា​រក​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ​ជូន​គណបក្ស​ប្រជាជនកម្ពុជា​មុន​ការ​បោះឆ្នោត​ដោយ​លោក​បញ្ជាក់​ថានាយករដ្ឋមន្រ្តី​មាន​សិទ្ធិ​ដាក់​ចេញ​បទបញ្ជានិង​អនុវត្ត​នយោបាយ​ផ្តល់​ប័ណ្ណ​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ។ ឆ្លើយបត​នឹង​មតិ​រិះគន់​នេះថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ឱ្យ​និស្សិត​ជិត​៤​ពាន់​នាក់​នៅ​រាជធានី​ភ្នំពេញ​នាថ្ងៃទី០៣ ខែតុលា លោក ហ៊ុន សែន លើកទឹក​ចិត្ត​ឱ្យ​ព្រះរាជអាជ្ញារឹបអូស​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ពលរដ្ឋណា​ដែល​មិន​ព្រម​សងបំណុល​ដោយ​សារ​ជឿតាម​ការ​ឃោសនា​របស់​បក្ស​ប្រឆាំង​ដែល​បាន​អំពាវនាវមិន​ឱ្យ​ប្រជាពលរដ្ឋសងបំណុល​ទៅ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុក្នុង​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ១៩​នោះ៖ «ក្នុង​នាម​ខ្ញុំ​ជា​នាយករដ្ឋមន្រ្តី​ដាក់​ចេញ​នូវ​បទបញ្ហា និង​អនុវត្ត​នយោបាយ​ដាក់​ប័ណ្ណក្រីក្រ ខ្ញុំ​មាន​សិទ្ធិ​និយាយ អ្នក​ឯង​រាល់​ថ្ងៃ​ដើរ​និយាយ ដើរ​ខ្សិប ខ្ញុំ​និយាយ​ដាក់​ក្បាល​មេក្រូ​ ហើយ​ពួក​អ្នក​ឯង​កំពុង​និយាយ​ពី​អី កន្លង​ខ្លះ​ចាំ​មើល​ទៅ អ្នក​ខ្លះទៅ​សន្យា​ថា​ពេល​ឈ្នះ​ធ្វើ​មេឃុំ​កុំ​សង​ធនាគារ អហ្នឹង​ជា​មុខ​សញ្ញា​ដែល​ធនាគារ​ត្រូវ​រឹបអូស មានទាំង​អយ្យការ មាន​ទាំង​ព្រះរាជអាជ្ញា មាន​ទាំង​នគរបាល​ទៅ​រឹបអូស​ទៅ​យក​មុន​ទៅ កុំលេង​ខូច​ពេក​មើល»។

កន្លង​មក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​តែងតែ​លើកឡើង​នូវ​សារ​នយោបាយ​បែប​នេះ។ លោក ហ៊ុន សែន ធ្លាប់​លើកទឹកចិត្ត​ឲ្យ​ធនាគារនិង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុរឹបអូស​ទ្រព្យ​សម្បត្តិ​កូន​បំណុល​ណា​ដែល​ចេញ​មុខ​តវ៉ា​សុំ​ផ្អាក​សងបំណុលបើ​ពួកគេ​ធ្វើតាម​ការ​ឃោសនា​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេសដែល​ធ្លាប់​អំពាវនាវ​ឲ្យ​ផ្អាក​សងបំណុល​ទាំង​ការ​ទាំង​ដើមរយៈពេល​៣​ខែ ទៅ៦ខែ ឬ​ចាំពេល​មាន​លទ្ធភាព​ទើប​បន្ត​សង​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ។

ឆ្លើយតប​រឿង​នេះអនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក ថាច់ សេដ្ឋា យល់ថា សារនយោបាយ​ដែល​ចោទ​ប្រកាន់​ខុស​ពីការ​ពិតគឺ​ជាការ​មួល​បង្កាច់​កេរិ៍​ឈ្មោះ​គូប្រគួត​ប្រជែង​របស់​ខ្លួន​ដើម្បី​ទាញ​យក​ផលប្រយោជន៍​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត។ លោកអះអាងថា កន្លងមក​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ការ​បោះឆ្នោត​ឃុំសង្កាត់ដោយមិន​បាន​ឃោសនា​ឱ្យ​ពលរដ្ឋ​ផ្អាក​សងបំណុល​ទៅ​ធនាគារ​ដូចការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ឡើយ។ ផ្ទុយទៅ​វិញ​លោក ថាច់ សេដ្ឋា បញ្ជាក់ថា គណបក្ស​របស់​លោក​មាន​គោលនយោបាយ​ជំរុញ​ដល់​ធនាគារឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បញ្ចុះ​ការ​ប្រាក់ផ្តល់​ប្រឹក្សា​យោបល់និង​បញ្ចៀស​ការ​រឹបអូស​ព្រទ្យ​សម្បត្តិ​របស់​ពលរដ្ឋដើម្បី​ពួកគាត់​មាន​ជីវភាព​ល្អ​ប្រសើរនិង​មាន​លទ្ធភាព​សងត្រឡប់​ទៅ​វិញ៖ «គេ​ហៅថា​នីតិរដ្ឋ ឬ​គោរព​ច្បាប់​មិនមែន​ស្ថិត​នៅ​លើ​បបូរ​មាត់​ហើយ​បញ្ជា​ទេ តើការ​ជំពាក់​បំណុល​ ការ​រឹបអូស​ហ្នឹង​វា​មាន​លក្ខខណ្ឌ​អ្វីខ្លះ​ដែល​ឈាន​ទៅ​ដល់​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋហ្នឹង?​ តើការ​អនុវត្តគោលនយោបាយ​របស់​រដ្ឋាភិបាល​ត្រឹមត្រូវ​ឬ​ទេ ឬ​មួយ​បណ្តោយ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ​យក​ការ​ប្រាក់​តាម​តែ​អំពើ​ចិត្ត ធ្វើបាប​ប្រជាពលរដ្ឋ​ឱ្យក្រីក្រ ហើយ​ទៅ​រឹបអូស​យក​តើ​វា​ត្រឹមត្រូវ ស្រប​ច្បាប់​ទេ?»។

កន្លងមក គណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិល ធ្លាប់ចេញ​សេចក្តីថ្លែងការណ៍​បង្ហាញ​ការ​ព្រួយ​បារម្ភ​ស្រដៀង​គ្នា​ថាប្រសិនបើ​រដ្ឋាភិបាល​មិន​ចាត់​វិធានការ​ជាក់លាក់និង​ម៉ឺងម៉ាត់ដើម្បី​ធានា​ឲ្យ​មាន​ការ​ពន្យារ​ពេល ព្យួរ ឬផ្អាកការ​សងបំណុល​ទាំង​ប្រាក់​ដើមនិង​ការ​ប្រាក់​របស់​ប្រជាពលរដ្ឋ​ដល់​ធនាគារនិង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រកបដោយ​ប្រសិទ្ធភាព​ពេញលេញ​ទេនឹង​ធ្វើ​ឱ្យ​ជីវភាព​រស់​នៅ សុខភាព និង​សុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី​រួម​ទាំង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ហើយអាច​នឹង​កើតមាន​វិបត្តិ​សង្គម​ផ្សេងៗ។

ជុំវិញ​រឿង​នេះនាយក​ទទួល​បន្ទុក​កិច្ចការទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​លោក អំ សំអាត មាន​ប្រសាសន៍​ថា​ សារព្រមាន​នេះ​មិនមែន​ជាលើកទី​មួយ​នោះ​ទេ។ លោកមើល​ឃើញថា អំឡុង​ពេល​ការ​រីករាល​ដាល​ជំងឺ​កូវីដ១៩រដ្ឋាភិបាល​ក៏​ធ្លាប់​ណែនាំ​ឱ្យ​ធនាគារឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដោះ​ស្រាយ​បញ្ហា​បំណុល​ដោយ​រៀបចំ​កម្ចី​ឡើង​វិញ​ដែរ។ ប៉ុន្តែលោកបញ្ជាក់ថា អង្គការ​សង្គម​ស៊ីវិលនិង​ស្ថាប័ន​អន្តរជាតិ​បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋដែល​បាន​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី​ត្រូវ​លក់​ដីនិង​ផ្ទះ​ដោយ​ការ​បង្ខំដោយសារ​តែ​ជាប់​បំណុល​វ័ណ្ឌកនិងមិន​មាន​ការ​យោគយល់​ពី​ស្ថាប័ន​ទាំង​នោះ​ដែល​ត្រូវ​កែទម្រង់​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់៖ «យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​យើង​មិន​ពាក់ព័ន្ធ​ផ្នែក​នយោបាយ​ណាមួយ​ទេ គឺ​អ្វី​ដែល​យើង​រក​ឃើញ​ហ្នឹង គឺ​ដំណោះ​ស្រាយ​យើង​ធ្វើ​យ៉ាង​មិច ដើម្បី​ឱ្យ​មាន​ការ​ដោះស្រាយ​លើ​អតិថិជន​ដែល​ត្រូវ​បាន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​របស់​គាត់​ហ្នឹង ហើយ​កែទម្រង់​ធ្វើ​មិច​កុំ​បញ្ហា​ហ្នឹង​កើត​ឡើង​តទៅ​ទៀត​បាទ»។

កាលពីខែកញ្ញា អង្គការលីកាដូ និង​អង្គការ​សមធម៌​កម្ពុជារួមជា​មួយ​អង្គការ ហ្វីអាន ​(FIAN) ​នៃ​ប្រទេស​អាល្លឺម៉ង់ ​(Germany) បាន​បង្ហាញ​របាយការណ៍​ស្រាវជ្រាវ​ថាប្រជាពលរដ្ឋខ្មែរ​ជាង​១៦​ម៉ឺន​នាក់​(១៦៧,០០០នាក់) កំពុង​លក់​ដីដើម្បី​បង់សង​កម្ចី​ឥណទាន​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ។របាយការណ៍​ដដែល​បង្ហាញ​ទៀត​ថាអ្នកខ្ចីប្រាក់​ជា​ច្រើន​បាន​រងគ្រោះ​ពី​ការ​រំលោភ​លើ​សិទ្ធិ​មនុស្សហើយ​ពួកគេ​ទាំងនោះ​ជា​ញឹកញាប់​ត្រូវ​កាត់​បន្ថយ​បរិភោគនិង​បញ្ឈប់​ការ​សិក្សា​របស់​កូនៗ​ហើយ​បង្ខំ​ឱ្យ​ទៅធ្វើការ​ដើម្បី​រក​ប្រាក់​មក​សង​បំណុល​ធនាគារ។

ការសិក្សា​ដែល​ធ្វើឡើង​ដោយ​អ្នក​ស្រាវជ្រាវ​មក​ពី​វិទ្យាស្ថាន​សម្រាប់​ការ​អភិវឌ្ឍនិង​សន្តិភាព ហៅ​កាត់​ថា អាយ.អិន.អ៊ី.អេហ្វ នៃ​សកលវិទ្យាល័យ​មួយ​(University of Duisburg-Essen) ​នៅ​ប្រទេស​អាល្លឺម៉ង់ ស្តីពី​ «មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា៖ ការ​អភិវឌ្ឍបញ្ហា​ប្រឈមនិង​អនុសាសន៍» ឆ្នាំ២០២២ បង្ហាញ​ថារវាង​២៥% ទៅ៥០% នៃពលរដ្ឋជិត​​៣​លាន​គ្រួសារ(២.៨លានគ្រួសារ)កំពុង​ជាប់​បំណុល​វ័ណ្ឌកខណៈ​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​ទទួល​បាន​ប្រាក់​ចំណេញ​រាប់រយលាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។