សកម្មជនបក្សប្រឆាំងរិះគន់របបក្រុងភ្នំពេញ ថាមានចេតនាចង់រឹបអូសយកទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលជាទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ទើបប្រើដៃឲ្យតុលាការចេញដីកាលក់ទីស្នាក់ការបក្សប្រឆាំង។ អ្នកវិភាគថា ដីកាបង្គាប់ឲ្យលក់បង្ខំនេះជាសញ្ញារបស់បក្សកាន់អំណាចចង់បង្ហាញពីការបិទផ្លូវចរចាជារៀងរហូតជាមួយគណបក្សសង្គ្រោះជាតិ។
ស្របពេលដែលលោក សម រង្ស៊ី កំពុងស្ថិតនៅទឹកដីសហរដ្ឋអាមេរិកដើម្បីតាមដានរឿងដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិរបស់ក្រុមមេដឹកនាំរបបក្រុងភ្នំពេញនោះនៅឯកម្ពុជាវិញក្រុមមេដឹកនាំនៃរបបនេះមានលោក ហ៊ុន សែន លោក ហេង សំរិន និងលោក ស ខេង ក៏កំពុងប្រើប្រាស់តុលាការ ដើម្បីរឹបអូស និងដាក់លក់ទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ដោយបង្ខំដែរ។
សកម្មជនបក្សប្រឆាំង ចាត់ទុកថា ការចេញដីកាលក់ទីស្នាក់ការគណបក្សសង្គ្រោះជាតិដែលជាផ្ទះរបស់លោក សម រង្ស៊ី នេះ គឺធ្វើឡើងជាការគំរាមកំហែងដល់សកម្មជនក្នុងប្រទេស និងជាការផ្គើនចំពោះសហគមន៍អន្តរជាតិដែលកំពុងចាប់ផ្ដើមដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់ក្រុមមន្ត្រីរបបក្រុងភ្នំពេញនិងគ្រួសាររបស់ពួកគេជាបន្តបន្ទាប់។
ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិខណ្ឌច្បារអំពៅ ដែលកំពុងភៀសខ្លួនក្រៅប្រទេសលោក នាង សុឃុន អះអាងថា ដីកាលក់ទីស្នាក់ការនេះ នឹងមិនអាចធ្វើឲ្យពួកគេបាក់ស្មារតីឡើយ ហើយសកម្មជនទាំងអស់នឹងនៅតែតស៊ូប្រឆាំងនឹងរបបក្រុងភ្នំពេញបន្តទៀត៖ « យើងមិនដែលឃើញមានប្រវត្តិឯណាដែលរដ្ឋអំណាចទៅរឹបអូសយកទ្រព្យសម្បត្តិប្រជាពលរដ្ឋយកទៅលក់ឡាយឡុងទៅសងជំងឺចិត្តអ្នកនេះ ទៅសងជំងឺចិត្តអ្នកនោះ វាគ្មានប្រវត្តិទេ»។
ការលើកឡើងនេះ គឺបន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក អ៊ឹម វណ្ណៈ បានចេញដីកាចំនួន៤ ដាច់ដោយឡែកពីគ្នា និងត្រូវបានចែករំលែកតាមបណ្ដាញសង្គម (Facebook) នៅថ្ងៃទី១៥ខែវិច្ឆិកា បង្ហាញថា មេបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវសងលុយទៅក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ដូចជា លោក ហ៊ុន សែន ចំនួន ១លានដុល្លារ សងលោក ហេង សំរិន ចំនួន ៦សែនដុល្លារ លោក ស ខេង ចំនួន ៥សែនដុល្លារ និងត្រូវសងស្ថាប័នរដ្ឋាភិបាលជាងបួនសែន ៤,៤សែនដុល្លារ។
សំណងទាំងនេះ ដោយសារតែតុលាការ បានសម្រេចឲ្យលោក សម រង្ស៊ី ចាញ់ក្ដីជាបន្តបន្ទាប់ក្នុងសំណុំរឿងដែលក្រុមមេដឹកនាំរបបលោក ហ៊ុន សែន បានប្ដឹងទាមទារសំណងជំងឺចិត្តនាពេលកន្លងមក។ សំណុំរឿងទាំងនោះ មានដូចជា ករណីលោក សម រង្ស៊ី ចោទថា តុលាការក្នុងរបបលោក ហេង សំរិន បានកាត់ទោសព្រះបាទនរោត្តម សីហនុ ពីបទក្បត់ជាតិ ការចោទលោក ហ៊ុន សែន ទិញឡៃក៍ (Like) ពីក្រុមហ៊ុនហ្វេសប៊ុក (Facebook) និងការជួលអតីតសកម្មជនបក្សប្រឆាំងម្នាក់ឈ្មោះ ធី សុវណ្ណថា ឲ្យវាយប្រហារគណបក្សសង្គ្រោះជាតិ ការចោទលោក ស ខេង កំពុងរៀបចំផែនការទម្លាក់លោក ហ៊ុន សែន និងការអំពាវនាវឲ្យកងទ័ពកុំស្ដាប់បញ្ជាជនផ្ដាច់ការជាដើម។
មេធាវីរបស់លោក សម រង្ស៊ី គឺលោក សំ សុគង់ ប្រាប់ថា លោកមិនទាន់ទទួលបានដីកានេះ និងមិនទាន់មានការពឹងពាក់ពីកូនក្ដីទេ។ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេនៅថ្ងៃទី១៥ ខែវិច្ឆិកានេះ។
ទោះយ៉ាងណា ការរឹបអូសយកទីស្នាក់ការគណបក្សសង្គ្រោះជាតិនេះ នឹងប៉ះពាល់ដល់ទីស្នាក់ការកណ្ដាលរបស់គណបក្សភ្លើងទៀន ដែលស្ថិតនៅជាន់ផ្ទាល់ដី។ អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា យល់ថា ដីកាលក់ទីស្នាក់ការបក្សប្រឆាំងនេះ នឹងធ្វើឲ្យសហគមន៍អន្តរជាតិរិះគន់រដ្ឋាភិបាលបន្ថែមទៀត។
ចំណែកអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គមបណ្ឌិត សេង សារី យល់ថា បក្សកាន់អំណាចចង់បង្ហាញសញ្ញាបិទការចរចាគ្រប់បែបយ៉ាងជាមួយគណបក្សសង្គ្រោះជាតិជារៀងរហូត៖ «ដីការបស់តុលាការនៅក្នុងសម្រេចលក់ទីតាំងគណបក្សសង្គ្រោះជាតិដោយបង្ខំនេះ គឺជាសញ្ញាថ្មីមួយនៃការបិទផ្លូវតវ៉ា ឬក៏ជាសញ្ញាមួយនៃការមិនអាចរស់ឡើងវិញនៃគណបក្សសង្គ្រោះជាតិ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសពីគម្រោងចង់រឹបអូសយកទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ជាបន្តបន្ទាប់ក្នុងនោះរួមមាន ទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិជាដើម។ លោកធ្លាប់សន្យាថា លោកនឹងយកទីស្នាក់ការនេះទៅបរិច្ចាគឲ្យមណ្ឌលកុមារកំព្រា។ ចំណែកលោក សម រង្ស៊ី ធ្លាប់បញ្ជាក់ថា លោកមិនបារម្ភពីរឿងនេះទេ។ មេបក្សប្រឆាំងរូបនេះយល់ថា ការដែលលោក ហ៊ុន សែន តាមរករឿងដោយផ្ទាល់នេះ ដោយសារតែលោកជានិមិត្តរូបនៃការប្រឆាំងទៅនឹងអំណាចផ្ដាច់ការ និងអំពើពុករលួយ។
លោក សម រង្ស៊ី គឺជាអ្នកនយោបាយដែលជាប់បណ្ដឹងច្រើនជាងគេបង្អស់ គឺយ៉ាងហោចណាស់ជាង១០បណ្ដឹង ដែលសុទ្ធសឹងជាប្រភេទបទល្មើសធំៗ ឬបទឧក្រិដ្ឋ ដែលនគរបាលត្រូវតាមចាប់លោក សម រង្ស៊ី និងបង្គាប់ឲ្យសងជំងឺចិត្ត រាប់លានដុល្លារ។ ទោះជាយ៉ាងណា លោក សម រង្ស៊ី និងក្រុមអ្នកតាមដានស្ថានការណ៍នយោបាយចាត់ទុកថា បណ្ដឹងទាំងនោះ គឺជារឿងនយោបាយសុទ្ធសាធ និងឆ្លុះបញ្ចាំងកាន់តែច្បាស់ថា តុលាការកម្ពុជា គ្មានភាពឯករាជ្យ និងស្ថិតក្រោមឥទ្ធិពលរបស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។