អ្នក​អប់រំ​ព្រះពុទ្ធសាសនា​ថា លោក ហ៊ុន សែន ប្រព្រឹត្ត​ទង្វើ​អាក្រក់​ច្រើន​ទើប​មិន​ហ៊ាន​ឲ្យ​គ្រួសារ​បញ្ចុះសព​នៅ​វត្ត

0:00 / 0:00

អ្នក​អប់រំ​ពុទ្ធសាសនា​លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មេដឹកនាំ​ប្រព្រឹត្តិ​ទង្វើ​អាក្រក់​ច្រើន ទើប​មិន​ហ៊ាន​ឲ្យ​ក្រុម​គ្រួសារ​យក​ធាតុ ឬ​សាកសព​លោក​ទៅ​បញ្ចុះ​នៅក្នុង​ចេតិយ​ដែល​ភរិយា​លោក​បាន​សង់​រួច​នៅក្នុង​បរិវេណ​វត្ត​មួយ​នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ ទោះបីជា​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​ថា លោក ហ៊ុន សែន ឲ្យ​ក្រុម​គ្រួសារ​សង់​ចេតិយ​នៅ​ផ្ទះ​ជំនួស​វិញ​នេះ ជា​រឿង​ធម្មតា។

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លើកឡើង​កាលពី​ថ្ងៃទី​០៥ តុលា​ថា ជា​រឿង​ចម្លែក ដែល​ភរិយា​លោក ហ៊ុន សែន សង់​ចេតិយ​ទុក​សម្រាប់​លោក​នៅក្នុង​បរិវេណ​វត្ត​មុនីសុវណ្ណ ឬ​វត្ត​ចំពុះក្អែក​នោះ។

ព្រះតេជព្រះគុណ ប៊ុន ប៊ុនតិញ បន្ត​ថា តាម​ទំនៀមទម្លាប់​ខ្មែរ​កម្រ​ឃើញ​ភរិយា​សង់​ចេតិយ​ទុក​ឲ្យ​ប្ដី​ណាស់ តែ​ភាគច្រើន​កូន​កតញ្ញូ​សង់​ទុក សម្រាប់​ឪពុកម្ដាយ​ក្រោយ​ពី​ស្លាប់​។ ព្រះតេជព្រះគុណ​បន្ថែម​ថា កូនចៅ​សង់​ចេតិយ​ទុក​នេះ លុះត្រាតែ​ឪពុកម្ដាយ ចាស់ជរា ឬ​ឈឺ​ធ្ងន់​ក្នុង​ដំណាក់កាល​ចុងក្រោយ​។ ព្រះអង្គ​បន្ថែម​ថា សំរាប់​លោក ហ៊ុន សែន វិញ ទំនងជា​ភរិយា​របស់​លោក ដឹង​ថា លោក ហ៊ុន សែន កំពុង​មាន​ជំងឺ​អ្វីមួយ ដូច្នេះហើយ​បាន​ជា​លោក ហ៊ុន សែន ហាក់​អន្ទះសា​ចង់​ផ្ទេរអំណាច​ឲ្យ​កូន​កាន់តែ​ឆាប់​នោះ៖ « យើង​មិនអាច​ចោទប្រកាន់ ហ៊ុន សែន​ថា គាត់​អាច​ស្លាប់​ក្នុង​រយៈពេល​ខ្លី​ទេ ប៉ុន្តែ​យើង​ក្រឡេក​មើល​អីចេះ​វិញ ហ៊ុន សែន ខំប្រឹង​រៀបចំ​ផ្ទេរអំណាច​ឲ្យ​កូន​និង​ចៅ​។ ហើយ​ប្រពន្ធ​របស់​គាត់​រៀបចំ​ចេតិយ​ឲ្យ ហ៊ុន សែន តែ​យើង​មិន​ចង់​ប្រមាថ​ទេ »

លោក ហ៊ុន សែន ថា​៖ «​ យោង​លើ​អបិយ​ជំនឿ ខ្ញុំ​អត់​ហ៊ាន​ដាច់​ខាត​ហើយ​។ តែ​មិន​ស្រួល បារមី​យើង ព្រលឹង​យើង ពេល​ទៅ​ដល់​ហ្នឹង​ [​ ចេតិយ​ក្នុង​វត្ត​ ] ខ្មោច​ព្រលឹង​យើង គឺ​ត្រូវ​បាន​គេ​ជាន់​ក​នៅ​ហ្នឹង​។ បារមី​មិន​ដល់ កុំ​លេង​។ ខ្ញុំ​អត់​លេង​ទេ »

លោក​បន្ត​ថា​៖ «​ ប្រពន្ធ​ខ្ញុំ​គាត់​ទៅ​លួច​ធ្វើ​ចេតិយ​នៅក្នុង​វត្ត​ចំពុះក្អែក​។ ខ្ញុំ​ថា ខ្ញុំ​មិន​ទៅ​នៅ​វត្ត​ទេ​។ អត់​ទៅ​ទេ សុំទោស មិន​ទៅ​ទេ ព្រោះ​ទុកចិត្ត​ម៉េច​បាន ពួក​អាយូកូម​ទៅ​អី​ទេ​ ?»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​១ តុលា​ថា ភរិយា​របស់​លោក​បាន​លួច​សាងសង់​ចេតិយ​មួយ​ទុក​នៅក្នុង​វត្ត មុនី​សុវណ្ណ ឬ​វត្ត​ចំពុះក្អែក មាន​ទំហំ​២៥​ម៉ែត្រ គុណ​៣៥​ម៉ែត្រ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ​សម្រាប់​លោក។ លោក ហ៊ុន សែន អះអាង​ថា ភរិយា​លោក​លួច​សង់​ចេតិយ​នេះ ដោយសារតែ​ឃើញ​បងប្រុស​របស់​លោក គឺ លោក ហ៊ុន ណេង អតីត​អភិបាល​ខែត្រ​កំពង់ចាម​បាន​ស្លាប់ ដោយសារ​គាំងបេះដូង​ភ្លាមៗ កាលពី​ខែ​ឧសភា​កន្លង​ទៅ។

លោក ហ៊ុន សែន បន្ថែម​ថា ទោះបីជា​ភរិយា​លោក​សង់​ចេតិយ​ទុក​នៅ​វត្ត​ស្រស់​ស្អាត​យ៉ាងណាក៏ដោយ ក៏​លោក​មិន​ចង់​ទុក​ធាតុ ឬ​សព​នៅក្នុង​វត្ត​ឡើយ ព្រោះ​លោក​ខ្លាច​បារមី​មិន​ដល់​ហើយ​ក្រុមបងធំ​ទៅ​រក​ដល់​វត្ត។

ទោះបីជា​បែបនេះ​ក្ដី អ្នក​ព្រះពុទ្ធសាសនា​លើកឡើង​ថា លោក ហ៊ុន សែន លើក​ពី​បារមី​មិន​ដល់​នេះ គ្រាន់តែ​ជា​រឿង​បិទបាំង អំពី​ការភ័យខ្លាច​របស់​លោក​តែប៉ុណ្ណោះ​។ លោក ហ៊ុន សែន មិន​ត្រឹមតែ​ខ្លាច​ក្នុង​ពេល​លោក​នៅ​មាន​ជីវិត​នៅឡើយ​នេះ​ទេ តែ​ពេល​លោក​ស្លាប់​ក៏​លោក​ខ្លាច​ដែរ ពីព្រោះ​ទីវ​ត្ត​អារាម​ដែល​ជា​កន្លែង​ទី​សាធារណៈ លោក​ខ្លាច​ពលរដ្ឋ​ទៅតាម​រករឿង​ដល់​ចេតិយ​ទៀត​ក្រោយពី​ស្លាប់​។ លោក ហ៊ុន សែន ខ្លាច​បែប​នេះ ដោយសារតែ ក្រោម​ការដឹកនាំ​របស់​លោក​បាន​ធ្វើបាប​រាស្ត្រ បណ្ដេញ​ពលរដ្ឋ​ចេញពី​ដីធ្លី ចាប់​ពលរដ្ឋ​ដែល​មិនមែន​ជា​បក្ខពួក​លោក​ដាក់​គុក​ច្រវាក់ និង​បាញ់​សម្លាប់​អ្នកវិភាគ សកម្មជន​បរិស្ថាន អ្នកកាសែត និង​សហជីព​ជាដើម។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បញ្ជាក់​​​​​​ថា លោក ហ៊ុន សែន មិន​ចង់​គេ​ឲ្យ​យក​សាក​សព ឬ​ធាតុ​ទៅ​តម្កល់​នៅក្នុង​ចេតិយ​ក្នុង​វត្ត​នេះ ដោយសារតែ​លោក​ជា​មេដឹកនាំ​អាក្រក់ ពីព្រោះ​ជំនឿ​នៅក្នុង​គម្ពីរ មនុស្ស​អាក្រក់ មេ​ធ្មប់ និង មេ​អាប​ជាដើម មិនអាច​យក​ធាតុ​ទៅ​ដាក់​នៅ​វត្ត​បានទេ​៖៖ « អ្នកចេះ​អាប ធ្មប់ និង​អ្នកធ្វើ​អាក្រក់​កាល​នៅ​មាន​ជីវិត មិន​ហ៊ាន​ចូល​វត្ត​ទេ​។ ហើយ​អ្នក​ធ្លាប់​អំពើអាក្រក់​ហ្នឹង​ក៏​មិន​ទៅ​រក​រឿង​គ្នា​នៅពេល​ស្លាប់​នោះ​ទេ​។ ហ៊ុន សែន គាត់​ខ្លាច​មាន​ជំនឿ​ទាំង​អស់ហ្នឹង​។ តែ​ក្នុង​គម្ពីរ​ក្នុង​ព្រះពុទ្ធសាសនា ស្ដេច​យមរាជ​ជា​អ្នកបញ្ជា ឲ្យ​ចាប់​បោះ​ប្រែ​ត​ចូល​ទៅ​ក្នុង​ខ្ទះ​អីចឹង​ទៅ »

ទោះបីជា​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា លោក ហ៊ុន សែន មាន​សុខ​ភាពល្អ​ធម្មតា តែ​ភរិយា​លោក​សង់​ចេតិយ​ទុក​នេះ ជា​រឿង​ទំនៀម​ទម្លាប់​ធម្មតា​របស់​ពលរដ្ឋ​ខ្មែរ​តែ​ប៉ុណ្ណោះ « ទៅ​នៅ​វត្ត​ហ្នឹង តាម​ខ្ញុំ​ប៉ាន់ស្មាន​ទេ​ណា ទៅ​នៅ​វត្ត​ជាទី​សមគួរ ជាទី​ស្ងប់ស្ងាត់​អីចឹង​ទៅ​។ តែ​ការ​បូជា ការ​ធ្វើ​ចេតិយ​នៅផ្ទះ ដោយសារ​ជំនឿ ដូច​នៅ​កៀនស្វាយ​អី គេ​បូជា​នៅ​តាម​ផ្ទះ​អីចឹង​ទៅ »

របាយការណ៍​របស់​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ​( Human rights watch) ចេញផ្សាយ​កាល​ពី​ពេល​កន្លង​មក​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​បាតដៃ​ប្រឡាក់​ឈាម​។ លោក​អាច​រក្សា​អំណាច​មក​ដល់​សព្វថ្ងៃ ដោយសារតែ​ការប្រើប្រាស់​អំពើ​ហិង្សា ការ​គាបសង្កត់ និង​ការប្រព្រឹត្តិ​អំពើពុករលួយ​។ លោក ហ៊ុន សែន ប្រើប្រាស់​កង​កម្លាំង​នគរបាល និង​យោធា ដើម្បី​អនុវត្ត​បញ្ជា​របស់​លោក​។ ក្រៅ​ពី​នេះ លោក​បាន​បង្កើត​ក្រុម​កងកម្លាំង​ជាច្រើន មាន​ទាំង​ក្រុម​ចំហ និង​ក្រុម​សម្ងាត់ ដើម្បី​កម្ទេច​អ្នកប្រឆាំង​ជាដើម។

លោក ហ៊ុន សែន បាន​ឲ្យ​ក្រុម​គ្រួសារ​សាងសង់​ចេតិយ​នៅក្នុង​ភូមិគ្រឹះ​របស់​លោក​នៅ​ឯ​ក្រុង​តាខ្មៅ​ជំនួស​វិញ​នេះ ដោយហេតុ​ផល​ថា លោក​បាន​ប្រគល់​ឲ្យ​ចៅ​ច្បង​របស់​លោក​រួច​ហើយ ពី​ព្រោះ​ចៅ​ច្បង​នេះ លោក ហ៊ុន សែន អះអាង​ថា ជា​ម្ដាយ​របស់​លោក​មក​ចាប់ជាតិ។

ព្រះតេជព្រះគណ ប៊ុត ប៊ុនតិញ បញ្ជាក់​ថា លោក ហ៊ុន សែន ចង់​ឲ្យ​សង់​ចេតិយ​នៅក្នុង​បរិវេណ​ផ្ទះ​នៅ​ក្រុង​តាខ្មៅ​នេះ ព្រោះ​ជា​កម្មសិទ្ធិ​ឯកជន​របស់​លោក និង​មាន​កង​អង្គរក្ស​យាម​ការពារ ដែល​ពលរដ្ឋ​ទូទៅ​មិន​អាច​ទៅ​ប៉ះពាល់​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។