លោក ហ៊ុន សែន លុបសារនៅលើបណ្ដាញសង្គមទ្វីតធ័រ (Twitter) រឿងយកលទ្ធផលបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ដើម្បីរិះគន់លើក្រុមប្រឆាំងនៅកម្ពុជា ខណៈពលរដ្ឋថៃប្រតិកម្មខ្លាំង។ អ្នកវិភាគនយោបាយថាលោក ហ៊ុន សែន ជាមនុស្សបង្ករឿងដែលតែងតែយកបណ្ដាញសង្គមតាមរករឿង និងចោទប្រកាន់អ្នកប្រជាធិបតេយ្យជានិច្ច។
ប្រជាពលរដ្ឋថៃ និងមន្ត្រីអង្គការជាតិអន្តរជាតិ បានប្រតិកម្មខ្លាំងៗ ចំពោះលោក ហ៊ុន សែន ដែលបានយករឿងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខដ៏មានប្រជាប្រិយភាព គឺលោក ភិថា លិមចារើនរ៉ាត់ (Pita Limjaroenrat) មិនក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសថៃ រហូតដល់លោក ហ៊ុន សែន លុបសារនោះចេញវិញពីបណ្ដាញសង្គមទ្វីតធ័រ (Twitter) ។
លោក ហ៊ុន សែន ដែលតែងតែប្រកាសតាមកម្ទេចក្រុមបក្សប្រឆាំងជាសាធារណៈបានបង្ហោះសារប្រើពាក្យអសុរោះនៅលើប្រព័ន្ធទ្វីតធ័រ (Twitter) ភ្លាមៗ ថា ការបរាជ័យរបស់លោក ភិថា ដែលទទួលបានសំឡេងមិនបានគ្រប់គ្រាន់ដើម្បីក្លាយជានាយករដ្ឋមន្ត្រីរបស់ថៃ គឺជាបរាជ័យរបស់ក្រុមគណបក្សប្រឆាំងនៅកម្ពុជាដែរ ពីព្រោះពួកគេរំពឹងយកទឹកដីរបស់ថៃប្រឆាំងនឹងរបបដឹកនាំរបស់លោក។ លោក ហ៊ុន សែន ដែលក្ដោបក្ដាប់យោធា និងតុលាការពេញដៃ ហើយរៀបចំបោះឆ្នោត ដោយគ្មានវត្តមានគណបក្សប្រឆាំងនៅថ្ងៃទី២៣ ខែកក្កដានេះ ក៏បានចាត់ទុកលទ្ធផលនៃការជ្រើសរើសរដ្ឋាភិបាលរបស់ថៃនេះ បានធ្វើឱ្យក្ដីសង្ឃឹមរបស់ក្រុមប្រឆាំងនៅកម្ពុជារលាយអស់ទៅវិញ។
ទោះយ៉ាងណាក្ដី អ្នកលេងបណ្ដាញសង្គមទ្វីតធ័រ (Twitter) ដែលភាគច្រើនជាអ្នកនយោបាយ មន្ត្រីសិទ្ធិមនុស្សអន្តរជាតិនិងអន្តរជាតិបានប្រតិកម្មរិះគន់សាររបស់លោក ហ៊ុន សែន ព្រោងព្រាត។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋថៃវិញបានបង្ហោះសារជេរប្រមាថកិត្តិយសរបស់លោក ហ៊ុន សែន ជាភាសាថៃ និងអង់គ្លេសផងថាជាមេដឹកនាំមុខក្រាស់លូកលាន់កិច្ចផ្ទៃក្នុងប្រទេសជិតខាង។ ពួកគេក៏លើកឡើងដែរថា គ្មានមេដឹកនាំប្រជាធិបតេយ្យរូបណាចង់ទៅចាប់ដៃជាមួយជនផ្ដាច់ការពុករលួយនោះទេ ខណៈវិបត្តិនយោបាយរបស់កម្ពុជាមិនអាចដោះស្រាយបាននៅឡើយ។
ប្រជាពលរដ្ឋថៃឈ្មោះដាវ (Dev) សរសរនៅលើទ្វីតធ័រថា រឿងប្រឌិតរបស់លោក ហ៊ុន សែន មានតែមនុស្សល្ងីល្ងើទេ ដែលជឿ ហើយរឿង ដែលកើតឡើងនៅថៃនេះគឺ មិនជាប់ពាក់ព័ន្ធលោក ហ៊ុន សែន នៅកម្ពុជានោះទេ។ នាងបន្តថា នាងអាណិតលោក ហ៊ុន សែន មានវ័យចំណាស់ ខំប្រឹងរស់នៅក្នុងរបបដែលប្រឌិតរឿង។
ស្រដៀងគ្នានេះដែរគណនីទ្វីតធ័រពលរដ្ឋថៃម្នាក់ទៀតដាក់ឈ្មោះម៉ាស់ (Musk) ថា លោក ហ៊ុន សែន ជាអតីតខ្មែរក្រហមលក់ប្រទេសឱ្យចិន ដែលគួរមើលមាត់មុននឹងនិយាយអំពីប្រទេសថៃ។
ចំណែកនាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) លើកឡើងថា ជារឿងគួរអស់សំណើចដែលលោក ហ៊ុន សែន ប្រកាសតាមចិត្តចង់បាននោះ តែលោកថាអ្វីដែលកើតឡើងចំពោះ ភីថា នៅក្នុងរដ្ឋសភានេះគ្មានអ្វីពាក់ព័ន្ធនឹងកម្ពុជានោះទេ។
ក្រៅពីនេះទៀត នៅមានសារជាច្រើនដែលប្រតិកម្មទៅនឹងលោក ហ៊ុន សែន នេះ ដោយអ្នកខ្លះបានសរសេរឌឺដងថាបួងសួងឱ្យលោក ហ៊ុន សែន មានអាយុវែងដើម្បីរស់ទាន់ប្រទេសកម្ពុជាមានប្រជាធិបតេយ្យពេញលេញ។ អ្នកខ្លះទៀតចាត់ទុកលោក ហ៊ុន សែន ជាមេដឹកនាំមួយរូបដែលមិនយល់ពីរឿងនយោបាយនៅប្រទេសថៃ។
ជុំវិញមតិទិតៀនទាំងនេះលោក ហ៊ុន សែន ទំនងអត់ទ្រាំលែងបានលោកបានលុបសារនោះចេញពីលើទ្វីតធ័រវិញ ដោយលោកបកស្រាយថាលោកមិនប្រឆាំងនឹងលោក ភិថា នោះទេ ហើយលោកត្រៀមធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃទោះបីអ្នកណា ឬមកបក្សណាដឹកនាំប្រទេសក៏ដោយ។ លោកបញ្ជាក់ថាមូលហេតុដែលលោកបង្ហោះដូច្នេះ ដោយសារក្រុមប្រឆាំងនៅកម្ពុជាប្រកាសថាពួកគេនឹងមកកម្ពុជាតាមទឹកដីថៃ។ ទោះបីជា លោក ហ៊ុន សែន លុបសារចេញពីបណ្ដាញទ្វីតធ័រក្ដី ប៉ុន្តែលោកនៅរក្សាដដែលនៅលើបណ្ដាញសង្គមតេឡេក្រាម ដោយសារតែបណ្ដាញតេលេឡេក្រាមរបស់លោក ភាគច្រើនមានតែមន្ត្រីរាជការ និងសមាជិកគណបក្សកាន់អំណាច ដែលមិនសូវមានអ្នកហ៊ានរិះគន់លោក។
កន្លងទៅការប្រកាសធ្វើមាតុភូមិនិវត្តន៍ជាថ្មីរបស់លោក សម រង្ស៊ី នេះ បានធ្វើឲ្យលោក ហ៊ុន សែន ផ្ទុះកំហឹងលាយឡំជាមួយក្តីបារម្ភ។ កាលពីថ្ងៃទី៣១ ខែឧសភា លោក ហ៊ុន សែន បានប្រកាសប្រើកាំជ្រួចធុនបេអឹម២១ (BM21) បាញ់ស្លាប់លោក សម រង្ស៊ី និងក្រុមអ្នកគាំទ្រ ប្រសិនបើពួកគេហ៊ានឆ្លងកាត់តាមព្រំដែនថៃចូលមកកម្ពុជា។ ទន្ទឹមនឹងនេះលោកបានប្រឌិតព័ត៌មានចោទថា គណបក្សឆ្ពោះទៅមុខរបស់លោក ភីថា បញ្ជូនពលករមកកម្ពុជាវិញជាដើម។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយ លោក គឹម សុខ មើលឃើញថា លោក ហ៊ុន សែន ជាមនុស្សបង្ករឿងដោយប្រើបណ្ដាញសង្គមតាមរករឿងគេ។ លោកថាលោក ហ៊ុន សែន ត្រេកអរខុសរឿង ខណៈលោក ភិថា នៅមានឱកាសក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃដដែលនោះ។ លោកយល់ថាការដែលលោក ហ៊ុន សែន សរសេរសារនៅលើធ្វីតធើដោយកំហឹងនេះ គឺបង្ហាញកាន់តែច្បាស់លោក ហ៊ុន សែន ភ័យខ្លាចថាបើមេដឹកនាំគណបក្សឆ្ពោះទៅមុខដែលមាននិន្នាការគាំទ្រអ្នកប្រជាធិបតេយ្យនោះបានដឹកនាំប្រទេសថៃនឹងធ្វើឱ្យប៉ះពាល់ដល់អំណាចផ្ដាច់ការរបស់លោកនៅពេលខាងមុខ។
លោក គឹម សុខ៖ « ពាក្យតិរច្ឆាននេះប្រើសម្រាប់តែមនុស្សបាតផ្សារនិយាយជេរគ្នា គឺមិនមែនសម្រាប់មេដឹកនាំនយោបាយ មេដឹកនាំប្រទេសទៅជេរអ្នកដទៃឡើយ។ ខ្ញុំមានយោបល់ទៅសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា គ្មានអ្នកណាទៅធ្វើចលនាបះបោរផ្ដួលរលំគាត់នោះទេនៅប្រទេសកម្ពុជា គឺមានតែអ្នកតស៊ូប្រជាធិបតេយ្យ ដែលរកគ្រប់វិធីទាំងអស់ ដើម្បីស្ដារប្រជាធិបតេយ្យកម្ពុជាឡើងវិញ តម្រង់កម្ពុជាទៅស្ថានភាពប្រទេសគ្រប់គ្រងដោយនីតិរដ្ឋមានច្បាប់ត្រឹមត្រូវ និងមានយុត្តិធម៌ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កុំភ័យពេក » ។
លោក ហ៊ុន សែន ជាមេដឹកនាំដែលចូលចិត្តប្រើពាក្យហិង្សាបង្កជម្លោះ និងពាក្យរើសអើង។ លោក ហ៊ុន សែន បានលុបហ្វេសប៊ុករបស់លោក ដែលមានតាមដានជាង ១៤លាននាក់ កាលពីថ្ងៃទី២៩ ខែមិថុនា ក្រោយក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ (Oversight Board) របស់ក្រុមហ៊ុនមេតា (Meta) សម្រេចព្យួរគណនីហ្វេសប៊ុក និងអ៊ិនស្តាក្រាម (Instagram) របស់លោករយៈពេល ៦ខែ ដោយសារលោកបានប្រើប្រាស់ភាសាគំរាមកំហែងញុះញង់ឱ្យប្រើអំពើហិង្សាលើក្រុមអ្នកនយោបាយប្រឆាំង។
អ្នកតាមដានសង្គម និងប្រជាពលរដ្ឋមួយចំនួនលើកឡើងថា លោក ហ៊ុន សែន ជាមេដឹកនាំមិនទទួលស្គាល់កំហុស ហើយក្នុងនាមលោកជាមេដឹកនាំប្រទេសដែលតែងតែប្រើប្រាស់បណ្ដាញសង្គមជេរប្រមាថអ្នករិះគន់ដោយគ្មានអសីលធម៌ និងគ្មានភាពអៀនខ្មាស ចំពោះការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះជាតិក្នុងនាមលោកជាថ្នាក់ដឹកនាំរបស់កម្ពុជានោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។