មេធាវីនិងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិសោកស្ដាយដែលខ្លួនមិនអាចបម្រើពលរដ្ឋតាមរយៈការធ្វើនយោបាយឡើងវិញ។ ប្រតិកម្មនេះ ក្រោយមេដឹកនាំរដ្ឋាភិបាលក្រុងភ្នំពេញមិនព្រមផ្ដល់នីតិសម្បទាឱ្យ សមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិពីររូប គឺលោមេធាវី លោក ជូង ជូងី និងលោ ញឹម គឹមញ៉ុល។ អ្នកវិភាគរិះគន់ថា របៀបផ្ដល់នីតិសម្បទា ឬការផ្ដល់សិទ្ធិធ្វើនយោបាយឡើងឱ្យអតីតមន្ត្រីបក្សប្រឆាំង រដ្ឋាភិបាលហាក់ធ្វើឡើងមិនច្បាស់លាស់ ឬក៏ជាការធ្វើការតាមអារម្មណ៍របស់លោក ហ៊ុន សែន។
មេធាវីនិងអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជូង ជូងី ថា ការមិនផ្ដល់សិទ្ធិឱ្យលោកបានធ្វើនយោបាយគឺជាការខាតបង់ដល់សង្គម និងពលរដ្ឋ៖ «មានការសោកស្ដាយត្រង់ថា បើខ្ញុំមានសិទ្ធិធ្វើនយោបាយ ខ្ញុំចូលរួមធ្វើសកម្មភាពនយោបាយទៅដើម្បីបម្រើប្រយោជន៍ពលរដ្ឋ ប៉ុន្តែបើខ្ញុំអត់មានសិទ្ធិធ្វើនយោបាយខ្ញុំអត់អាចចូលរួមសកម្មភាពនយោបាយដើម្បីបម្រើប្រយោជន៍ពលរដ្ឋ»។
ប្រតិកម្មរបស់លោក ជូង ជូងី បែបនេះ ក្រោយពេលមេដឹកនាំរដ្ឋាភិបាលក្រុងភ្នំពេញ លោក ហ៊ុន សែន បានប្រាប់ប្រព័ន្ធឃោសនាលោកនៅថ្ងៃទី២៤ កក្កដា ថា លោកមេធាវី លោក ជូង ជូងី និងលោក ញឹម គឹមញ៉ុល បានធ្វើសកម្មភាពខុសធ្ងន់ធ្ងរ ដូច្នេះលោកមិនអនុញ្ញាតឱ្យអ្នកទាំងពីរមានសិទ្ធិធ្វើនយោបាយបានឡើយ។ លោកចោទប្រកាន់ថា លោក ញឹម គឹមញ៉ុល បានធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខជាតិ បង្កភាពចលាចលក្នុងសង្គម កៀរគរកម្លាំង និងដឹកនាំសកម្មជនសង្គ្រោះជាតិនៅប្រទេសថៃ កាលពីឆ្នាំ២០១៩ ក្នុងផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី។ ក្រៅពីនេះ លោក ញឹម គឹមញ៉ុល ត្រូវបានតុលាការខេត្តព្រះសីហនុ បង្គាប់ឲ្យចាប់ខ្លួន ក្នុងសំណុំរឿង «រួមគំនិតក្បត់»។
ចំពោះករណីលោកមេធាវី ជូង ជូងី លោក ហ៊ុន សែន ចោទប្រកាន់ថា មេធាវីរូបនេះ បានធ្វើសកម្មភាពញុះញង់ក្នុងចេតនាទុច្ចរិត រារាំង និងបំពានសិទ្ធិនយោបាយរបស់ពលរដ្ឋ ដោយបានប្រើប្រាស់បណ្តាញសង្គម ក្នុងគោលបំណងរារាំងប្រជាពលរដ្ឋ មិនឱ្យទៅបោះឆ្នោតកាលឆ្នាំ២០១៨។ លោកឱ្យដឹងទៀតថា សំណុំរឿងនេះកំពុងស្ថិតក្នុងដៃសាលាដំបូងរាជធានីភ្នំពេញ។
ជុំវិញការចោទប្រកាន់ពីលោក ហ៊ុន សែន បែបនេះ អាស៊ីសេរីមិនអាចសុំការបកស្រាយពី លោក ញឹម គឹមញ៉ុល បានទេនៅថ្ងៃទី២៤ ខែកក្កដា។ ប៉ុន្តែ មេធាវី ជូង ជូងី ឱ្យអាស៊ីសេរីដឹងថា កាលពីការបោះឆ្នោត២០១៨ មនុស្សមានអំណាចមួយចំនួនបានគំរាមពលរដ្ឋថា បើមិនទៅបោះឆ្នោតមានទោស ប៉ុន្តែលោកថា គ្មានច្បាប់ណាមួយដាក់ទោសពលរដ្ឋដែលមិនទៅបោះឆ្នោតឡើយ។ លោកបញ្ជាក់ថា ការបញ្ចេញមតិរបស់តាមបណ្ដាញសង្គមហ្វេសប៊ុកនៅពេលនោះមិនមែនជាការរារាំងពលរដ្ឋមិនឱ្យទៅបោះឆ្នោតឡើយ៖ «រដ្ឋធម្មនុញ្ញក្ដី ច្បាប់គណបក្សនយោបាយក្ដី ច្បាប់បោះឆ្នោតក្ដី ក្រុមព្រហ្មទណ្ឌក្ដី អត់មានមាត្រាណាដាក់ទោសអ្នកអត់ទៅបោះឆ្នោតទេ អ៊ីចឹងបើប្រជាពលរដ្ឋមានគណបក្សនយោបាយណាពេញចិត្តទៅបោះឆ្នោតគណបក្សហ្នឹងទៅ ប៉ុន្តែ បើប្រជាពលរដ្ឋអត់មានគណបក្សពេញចិត្តទេ អត់ទៅបោះឆ្នោតក៏អត់មានទោសដែរ ខ្ញុំថាអ៊ីចឹងថា ខ្ញុំអត់មានអំពាវនាវកុំឱ្យគេទៅបោះឆ្នោតឯណាហើយខ្ញុំក៏អត់មានទៅរារាំគេដែរ រារាំងលុះត្រាតែពេលគេធ្វើដំណើរទៅបោះឆ្នោត ខ្ញុំទៅចាត់ការយ៉ាងម៉េចកុំឱ្យគេទៅបោះឆ្នោតបានអាណឹងទើបហៅថារារាំង»។
ក្នុងរយៈពេលចុងក្រោយនេះ អតីតមន្ត្រីបក្សប្រឆាំងដែលសុំសិទ្ធិធ្វើនយោបាយ ឬបើកបក្សថ្មី បានរិះគន់ថា បក្សកាន់អំណាចបានរឹតត្បិតសិទ្ធិសេរីនៃការធ្វើនយោបាយរបស់ពួកគេ។ គណបក្សនយោបាយថ្មីមួយ ឈ្មោះបេះដូងជាតិ ត្រូវបានក្រសួងមហាផ្ទៃ ស្នើទៅស្ថាបនិកគណបក្សនេះគឺ លោក សៀម ភ្លុក ត្រូវបង្ហាញអត្តសញ្ញាណ ឬប្រវត្តិស្ថាបនិកគណបក្សចំនួន៣នាក់ឱ្យបានច្បាស់លាស់ ឯកសារសេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្ដោះអាសន្ន គោលនយោបាយ និងកម្មវិធីនយោបាយ មកក្រសួងមហាផ្ទៃត្រឹមរយៈ១៥ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃទី២៣ ខែកក្កដាតទៅ ដើម្បីក្រសួងអាចទទួលស្គាល់គណបក្សនេះបាន។
ជុំវិញការមិនផ្ដល់សិទ្ធិនយោបាយដល់អតីតមន្ត្រីបក្សប្រឆាំងនេះដែរ អ្នកវិភាគនយោបាយលោកបណ្ឌិត សេង សារី ចាត់ទុក របៀបធ្វើការងាររបស់រដ្ឋាភិបាលលោក ហ៊ុន សែន គ្មានស្តង់ដារត្រឹមត្រូវនោះទេ។ លោកថា ការសម្រេចនេះហាក់ធ្វើឡើងតាមអារម្មណ៍លោក ហ៊ុន សែន។ លោកសង្ស័យថា ក្រសួងមហាផ្ទៃបង្កការលំបាកដល់គណបក្សថ្មីក្នុងការចុះបញ្ជីគណបក្សនយោបាយ អាចមកពីគណបក្សកាន់អំណាចព្រួយបារម្ភថា គណបក្សថ្មីនោះជា គណបក្សបន្តវេនពីគណបក្សសង្គ្រោះជាតិ៖ «ការផ្ដល់នីតិសម្បទាមិនមានស្តង់ដារច្បាស់លាស់ទេអាស្រ័យលើអារម្មណ៍លើអ្នកនយោបាយជាពិសេសគឺគណបក្សកាន់អំណាចក្នុងការផ្ដល់ ឬមិនផ្ដល់អីចឹងទៅ»។
ទោះមានការឹតបន្ដឹងខ្លះលើអតីតមន្ត្រីបក្សប្រឆាំងក្ដី ប៉ុន្តែ នៅថ្ងៃទី២៤ ខែកក្កដា ក្រសួងមហាផ្ទៃ ទទួលស្គាល់គណបក្សថ្មីមួយទៀតឈ្មោះ គណបក្សកម្ពុជានិយម។
គិតមកដល់ពេលនេះ អតីតមន្ត្រីបក្សប្រឆាំងបានចេញទៅបង្កើតបក្សថ្មីយ៉ាងហោចណាស់មានចំនួន៥គណបក្ស។ មេធាវីលោក កឹម សុខា គឺលោក ផែង ហេង ហៅការបង្កើតបក្សថ្មីរបស់អតីតមន្ត្រីបក្សប្រឆាំងថា ជាការបែកបាក់។ លោកថា ការបែកបាក់គ្រួសារ បក្ស ឬជាតិ មិនមែនបណ្តាលមកពីកក្តាខាងក្រៅទេ សំខាន់បំផុតគឺខាងក្នុងខ្លួនឯងផងដែរ។ លោកបន្តថា ពាក្យខ្មែរពោលថា «ខ្មោចក្នុងឲ្យដៃ ទើបខ្មោចក្រៅធ្វើត្រូវ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។