លោក ហ៊ុន សែន មិនគាំទ្រដីកាតុលាការ ICC ដើម្បីចាប់ខ្លួនមេដឹកនាំរុស្ស៊ី
2023.03.19

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) មិនមានអំណាចគ្រប់គ្រាន់ក្នុងការចាប់ខ្លួនជនសង្ស័យណាម្នាក់ឡើយ ប្រសិនបើប្រទេសសាមីមិនសហការ ខណៈលោកហាក់មិនគាំទ្រការចេញដីការបស់តុលាការនេះ ដើម្បីចាប់ខ្លួនមេដឹកនាំរុស្ស៊ី។ អ្នកវិភាគយល់ឃើញថា តុលាការនេះ នៅតែមានសិទ្ធិអំណាចកាត់ទោសជនណាដែលអនុវត្តខុសច្បាប់អន្តរជាតិ និងជាកិច្ចការមួយល្អសម្រាប់មនុស្សជាតិ រួមទាំងពលរដ្ឋកម្ពុជា។
លោក ហ៊ុន សែន យល់ឃើញថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ អាយ.ស៊ី.ស៊ី (ICC) នឹងមិនអាចមានអំណាចចាប់ខ្លួនជនសង្ស័យណាម្នាក់ឡើយ ប្រសិនបើគ្មានកិច្ចសហការពីរដ្ឋាភិបាលរបស់សាមីប្រទេស។ លោកក៏បានចាត់ទុកការចេញដីការបស់តុលាការ អាយ.ស៊ី.ស៊ី ដើម្បីចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ថា នឹងធ្វើឱ្យពិភពលោកកាន់តែបែកបាក់ ខណៈលោកទទួលស្គាល់តួនាទីពិភពលោកថា នៅតែជាតួអង្គសំខាន់ត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាសកល ដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លងជាដើម។
លោក ហ៊ុន សែន លើកឡើងបែបនេះ តាមរយៈសំណេរមួយដែលលោកបានបង្ហោះនៅក្នុងប្រព័ន្ធតេឡេក្រាមរបស់លោក នៅថ្ងៃទី១៩ មីនា។ មេដឹកនាំឯកបក្សរូបនេះបន្តថា ការចេញដីការបស់តុលាការ អាយ.ស៊ី.ស៊ី នៅពេលនេះ នឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការស្វែងរកសន្តិភាពសម្រាប់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ពិសេសមុនពេលប្រធានាធិបតីចិនលោក ស៊ី ជីនពីន (Xi Jinping) នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី ដែលលោកថា មេដឹកនាំចិនរូបនេះ អាចនឹងជួយសម្រុះសម្រួលដើម្បីស្វែងរកសន្តិភាព។ លោក ហ៊ុន សែន បញ្ជាក់ថា ភាពស្មុគស្មាញនេះ គឺដោយសារប្រទេសចិន ក៏ត្រូវបានគេចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅខេត្តស៊ីនជាំង (Xinjiang) ដែរ។
លោកលើកឡើងតាមរយៈសំណេរដើមថា៖ «ការចោទប្រកាន់របស់ ICC លើលោកប្រធានាធិបតី ពូទីននេះ គឺជាការវិវត្តផ្នែកនយោបាយមួយគួរឱ្យភ្ញាក់ផ្អើល ដោយមានផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយយ៉ាងទូលំទូលាយនៅក្នុងទ្វីបអឺរ៉ុប និងពិភពលោក ហើយរឿងនេះ មិនមែនជារឿងឧក្រិដ្ឋកម្មសង្គ្រាមនោះទេ»។
លោក ហ៊ុន សែន បន្តទៀតថា ពិភពលោកត្រូវប្រុងប្រយ័ត្នសង្គ្រាមនុយក្លេអ៊ែរ ដោយលោកទស្សន៍ទាយថា ច្បាស់ណាស់ សង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះឡើង ប្រសិនបើមេដឹកនាំរុស្ស៊ីលោក វ៉ាឌីមៀ ពូទីន ត្រូវបានចាប់ខ្លួននៅក្រៅទឹកដីរបស់ប្រទេសរុស្ស៊ី ខណៈការចេញដីកានៅពេលនេះ ជាការបញ្ចេញប្រតិកម្មហួសជ្រុលពីសំណាក់ភាគីម្ខាងទៀតរួចទៅហើយ។ ទោះយ៉ាងណា លោក ហ៊ុន សែន មិនបានបញ្ជាក់ពីជំហររបស់កម្ពុជា ថា តើកម្ពុជានឹងអនុវត្តដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នេះដែរឬទេ ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃណាមួយនាពេលអនាគតនោះ។
កាលពីថ្ងៃទី១៧ មីនា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងមន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ទៀត ដែលជាស្នងការទទួលបន្ទុកសិទ្ធិកុមារនៃការិយាល័យប្រធានាធិបតីសហព័ន្ធរុស្ស៊ី គឺអ្នកស្រី ម៉ារី ឡ្វូវ៉ា-បេឡូវ៉ា (Maria Lvova-Belova) ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ តុលាការ ICC ចោទប្រកាន់បុគ្គលរុស្ស៊ីទាំងពីររូបនេះថា បានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈការនិរទេស និងផ្ទេរកុមារដោយខុសច្បាប់ចេញពីតំបន់អ៊ុយក្រែនដែលខ្លួនត្រួតត្រា បញ្ជូនទៅប្រទេសរុស្ស៊ី។ សារព័ត៌មានអាមេរិក អេ.ភី (AP)រាយការណ៍កាលពីថ្ងៃទី១៨ ខែមីនា ថា ផ្អែកតាមទិន្នន័យរបស់ការិយាល័យព័ត៌មានជាតិ (National Information Bureau) នៃប្រទេសអ៊ុយក្រែន កុមារអ៊ុយក្រែនជាង ១ម៉ឺន៦ពាន់នាក់ (១៦.២២៦នាក់) ត្រូវបាននិរទេសខ្លួនទៅកាន់ប្រទេសរុស្ស៊ី។
នេះគឺជាលើកទីមួយ ដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាប្រឆាំងនឹងប្រធានាធិបតីនៃសមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលសុទ្ធតែជាប្រទេសមានអាវុធប្រល័យលោកនុយក្លេអ៊ែរ (Nuclear)។ ទោះយ៉ាងណា រុស្ស៊ីមិនមែនជាសមាជិកនៃលក្ខន្តិកៈទីក្រុងរ៉ូម (Rome Statute) ស្ដីពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឡើយ។
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា យល់ឃើញថា ការលើកឡើងរបស់លោក ហ៊ុន សែន ជាទស្សនៈមួយដើម្បីជំរុញឱ្យមានការចរចា ឬរកមធ្យោបាយដើម្បីជជែកគ្នាឡើងវិញរវាងរុស្ស៊ី (Russia) និងអ៊ុយក្រែន (Ukraine) ឈានទៅបញ្ចប់សង្គ្រាមដែលអូសបន្លាយជាងមួយឆ្នាំមកនេះ។ ប៉ុន្តែលោកបន្តថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ អាយ.ស៊ី.ស៊ី នៅតែដើរតួនាទីជាបទដ្ឋានអន្តរជាតិ ដើម្បីដាក់ទោសជនទាំងឡាយដែលប្រព្រឹត្តខុសគោលការណ៍ច្បាប់ប្រឆាំងមនុស្សជាតិ ឬការប្រល័យពូជសាសន៍ និងជាវិធានការមួយ នៅតែមានការទទួលស្គាល់ពីអន្តរជាតិ ហើយបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ រួមទាំងកម្ពុជាផង ត្រូវតែគោរព។
លោក ឯម សុវណ្ណារ៉ា៖ «វាជាយន្តការមួយ ពញ្ញាក់ស្មារតី គ្រប់អ្នកដឹកនាំទាំងអស់ រួមទាំងកម្ពុជាឱ្យប្រយ័ត្ន ឬក៏ការអនុវត្តទៅតាមគោលការណ៍ច្បាប់ កុំឱ្យអាងទៅលើគោលការណ៍អំណាចរបស់ខ្លួន។ នេះគឺជាគោលការណ៍មួយល្អសម្រាប់មនុស្សជាតិលើសកលលោក រួមទាំងពលរដ្ឋកម្ពុជាផងដែរ»។
តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC មានប្រទេសចំនួន១២៣ ជារដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម បង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ។ តុលាការនេះគឺជាអង្គការឯករាជ្យអន្តរជាតិមួយ និងមិនមែនជាផ្នែកមួយនៃប្រព័ន្ធរបស់អង្គការសហប្រជាជាតិឡើយ។ តុលាការនេះមានមូលដ្ឋាននៅទីក្រុងឡាអេ (The Hague) ប្រទេសហូឡង់ (The Netherlands)។ កម្ពុជាបានចុះហត្ថលេខាលើលក្ខន្តិកៈទីក្រុងរ៉ូម នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០០ និងបានដាក់តម្កល់ឯកសារស្ដីពីសច្ចាប័នលើលក្ខន្តិកៈក្រុងរ៉ូមនេះ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០០២។
តុលាការព្រហ្មទណ្ឌអន្តរជាតិ ជាតុលាការអចិន្ត្រៃយ៍អន្តរជាតិ ដែលមានសមត្ថកិច្ចស៊ើបអង្កេត និងផ្ដន្ទាទោសអ្នកដែលជាប់ចោទពីបទប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ រួមមានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ កន្លងមក កាលពីឆ្នាំ២០១៤ ក្រុមអ្នកច្បាប់អន្តរជាតិ បានដាក់បណ្ដឹងប្រឆាំងនឹងលោក ហ៊ុន សែន និងរដ្ឋាភិបាលលោក ហ៊ុន សែន ទៅតុលាការនេះ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធការរំលោភបំពានដីធ្លី និងសិទ្ធិមនុស្សផ្សេងៗនៅកម្ពុជា ក្រោយពីមានការប្រមូលភស្តុតាងអស់ជាច្រើនឆ្នាំ រួមទាំងការព្រមានដាក់បណ្ដឹងបន្ថែមទៀត ពាក់ព័ន្ធនឹងការគំរាមកំហែងរបស់លោក ហ៊ុន សែន ជាបន្តបន្ទាប់ ក្នុងការបញ្ជាឱ្យកងកម្លាំងបាញ់សម្លាប់ជនស៊ីវិលគាំទ្រគណបក្សប្រឆាំង រួមទាំងការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយ ក្រុមសង្គមស៊ីវិល និងអ្នកសារព័ត៌មានជាដើម។ ក៏ប៉ុន្តែ នៅពុំទាន់មានចំណាត់ការជាក់លាក់លើបណ្តឹងទាំងនេះនៅឡើយទេ គិតរហូតមកទល់ពេលនេះ។
កន្លងមក គណបក្សប្រឆាំង និងអ្នកឃ្លាំមើល លើកឡើងថា ដោយសារលោក ហ៊ុន សែន ជាមេខ្លោងនៃអំពើឧក្រិដ្ឋកម្មជាច្រើន ទើបលោកបានព្យាយាមប្រើគ្រប់វិធីដើម្បីក្រាញអំណាច និងរៀបចំផែនការផ្ទេរអំណាចបន្តឲ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដើម្បីជួយធានានិទ្ទណ្ឌភាព ឬការប្រឈមមុខតុលាការឯករាជ្យណាមួយ កាត់ទោសពីបទឧក្រិដ្ឋយ៉ាងច្រើន នៅពេលលោកលែងកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។