លោក ហ៊ុន សែន នឹង​ប្រើ​ហ្វេសប៊ុក​​ឡើង​វិញ ទោះ​​ធ្លាប់​ប្រកាស​លែង​ប្រើ​ថា «នាំ​ចង្រៃ​ដល់​ខ្លួន»

លោក ហ៊ុន សែន ដែល​ធ្លាប់​ប្រកាស​ថា លោក​នឹង​មិន​ងាក​មក​ប្រើប្រាស់​ហ្វេសប៊ុក​វិញ ដែល​នាំ​ឱ្យ​លោក​ចង្រៃ​ខ្លួន​នោះ ឥឡូវ​នេះ​បាន​លេប​សម្ដី​របស់​លោក​ហើយ បន្ទាប់​ពី​ក្រុមហ៊ុន​មេតា (Meta) បាន​ប្រកាស​មិន​ព្យួរ​គណនី​ហ្វេសប៊ុក​(​Facebook​) និង​អ៊ីនស្ដាក្រាម (​Instagram​) របស់​លោក ហ៊ុន សែន។

លោក ហ៊ុន សែន ប្រធាន​ឧត្ដម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ នឹង​វិល​មក​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ឡើង​វិញ​។ លោក ដួង តារា ជំនួយការ​ផ្ទាល់​លោក ហ៊ុន សែន និង​ជា​អ្នក​គ្រប់គ្រង​គណនី​ហ្វេសប៊ុក​ឱ្យ​លោក ហ៊ុន សែន បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ទី​៣០​សីហា ថា លោក ហ៊ុន សែន នឹង​វិល​មក​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​របស់​លោក​ឡើង​វិញ ដើម្បី​អាច​ចែករំលែក​ព័ត៌មាន និង​ទទួល​បាន​ព័ត៌មាន​ពី​ពលរដ្ឋ​កាន់​តែ​ឆាប់​រហ័ស​។

ការ​វិល​មក​ប្រើប្រាស់​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​មេតា ជា​ក្រុមហ៊ុន​មេ​របស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៨ សីហា​ថា នឹង​មិន​ព្យួរ​គណនី​ហ្វេសប៊ុក​(​Facebook​) និង​អ៊ីនស្ដាក្រាម ​(​Instagram​) របស់​លោក ហ៊ុន សែន ឡើយ។

កន្លង​មក លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ថា លោក​នឹង​មិន​ងាក​មក​ប្រើប្រាស់​ហ្វេសប៊ុក​វិញ ដែល​នាំ​ឱ្យ​លោក​ចង្រៃ​ខ្លួន​នោះ​ទេ និង​បាន​អំពាវនាវ​ឱ្យ​មន្ត្រី​រាជការ និង​ពលរដ្ឋ ងាក​ទៅ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​ប្រទេស​ចិន​តិកតុក​(​Tiktok​) និង​បណ្ដាញ​ទំនាក់ទំនង​របស់​ប្រទេស​រុស្ស៊ី តេឡេក្រាម (Telegram)។ លើស​ពី​នេះ លោក​ក៏​បាន​បញ្ជា​ឱ្យ​បណ្ដេញ​សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​២២​នាក់​ចេញ​ពី​កម្ពុជា និង​មិន​ឱ្យ​មាន​តំណាង​ក្រុមហ៊ុន​ហ្វេសប៊ុក​នៅ​កម្ពុជា ដើម្បី​បញ្ឈប់​រាល់​សកម្មភាព ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល និង​កិច្ច​សហការ​ដៃគូ​ក្នុង​វិស័យ​ឯកជន​នៅ​កម្ពុជា។

លោក ហ៊ុន សែន បាន​ប្រកាស​ទាំង​ខឹង​សម្បារ​នៅ​ពេល​នោះ ក្រោយ​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា បាន​សម្រេច​ឱ្យ​ព្យួរ​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក​ចំនួន ៦​ខែ ដោយសារ​មាន​ពាក្យ​បណ្ដឹង​ថា គណនី​ហ្វេសប៊ុក​លោក ហ៊ុន សែន បាន​ផ្សព្វផ្សាយ​សារ​បែប​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា លើ​មន្ត្រី​និង​សកម្មជន​គណបក្ស​ប្រឆាំង ដែល​អាច​រំលោភ​លើ​គោលការណ៍​ក្រម​សីលធម៌​របស់​ក្រុមហ៊ុន​មួយ​នេះ។

ទោះជា​ពេល​នេះ ក្រុមហ៊ុន​មេតា​សម្រេច​មិន​ព្យួរ​គណនី​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ក្តី កម្ពុជា​នៅ​តែ​បន្ត​មិន​អនុញ្ញាត​ឱ្យ​សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​ក្រុមហ៊ុន​ហ្វេសប៊ុក ២២​នាក់ ជាន់​ទឹក​ដី​កម្ពុជា​ដដែល ប៉ុន្តែ​អនុញ្ញាត​ឱ្យ​តំណាង​ហ្វេសប៊ុក​ប្រតិបត្តិការ​នៅ​កម្ពុជា​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។