មន្រ្តី​ជាន់​ខ្ពស់​​គណបក្ស​ប្រឆាំង​​រិះគន់​​លោក ហ៊ុន សែន ថា​​កាន់​​ជើង​​រុស្ស៊ី

0:00 / 0:00

មន្រ្តី​ជាន់ខ្ពស់​​គណបក្ស​ប្រឆាំង​រិះគន់​​លោក ហ៊ុន សែន ថា​លោក​​កំពុង​​កាន់ជើង​ប្រទេស​រុស្ស៊ី (Russia) ដោយ​​ហាមឃាត់​​ខ្មែរ​​មិន​​ឲ្យ​ទៅជួយអ៊ុយក្រែន (Ukraine)។ អតីត​តំណាងរាស្រ្ត គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មន្រ្តី​គ្រប់គ្រង​កិច្ច​ការងារ​ព្រំដែន​គណបក្ស​លោក អ៊ុំ សំអាន សោក​ស្តាយ​ដែល​លោក ហ៊ុន សែន បន្តខ្លាច​ឥទ្ធិពល​​ប្រទេស​រុស្ស៊ី (Russia) ​ដែល​​កំពុង​​ប្រើប្រាស់​​កងទ័ព​រាប់ម៉ឺន​នាក់ ​ទៅ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

ការ​រិះគន់​នេះដោយ​សារ​តែ​លោកនាយករដ្ឋមន្រ្តី ហ៊ុ​ន សែន​ កាល​ពី​ថ្ងៃទី៧ខែមីនា បាន​ប្រកាស​ហាមឃាត់​ពលរដ្ឋខ្មែរ​មិន​ឲ្យ​ទៅ​ជួយ​អ៊ុយក្រែន។ លោក ហ៊ុន សែន យក​​លេស​ថាការ​ហាម​ឃាត់​នេះដើម្បី​កុំ​ឲ្យ​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន​កាន់​តែ​ធ្លាក់​ក្នុង​ភាព​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត៖ «ខ្ញុំសូម​អំពាវនាវ​ឲ្យ​កុំឲ្យ​ឈាន​ហួស​រហូត​ទៅ​ដល់​ស្ម័គ្រចិត្ត​សុំធ្វើ​ទាហាន​ទៅ​ជួយ​អ៊ុយក្រែន​ដូច​ប្រទេស​មួយ​ចំនួន​ ខ្ញុំ​មិន​ឲ្យ​ទៅ​ទេ ខ្ញុំ​មិន​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទៅ​ស្លាប់​លើ​ទឹក​ដី​អ៊ុយ​ក្រែន​ទេ រដ្ឋធម្មនុញ្ញា​កម្ពុជា​ហាម​ឃាត់»

សង្គ្រាម​រវាង​រស្ស៊ីនិង​អ៊ុយក្រែន ​ធ្វើ​ឲ្យ​ប្រធានាធិបតី​អ៊ុយក្រែន​ (Ukraine)​​ លោក វ៉ូឡូឌីមា ហ្សេឡេនស្កី​ ​(Volodymyr Zelenskyy)​ ​​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រទេស​ផ្សេង​ទៀត​ស្ម័គ្រចិត្ត​ទៅ​ការពារ​និង​ជួយ​វាយ​បក​កង​ទ័ព​ឈ្លាន​ពាន​រុស្ស៊ីនៅ​ប្រទេសអ៊ុយក្រែន។ សព្វថ្ងៃនេះ មាន​ពលរដ្ឋ​មក​ពី​អាមេរិក អង់គ្លេស ថៃ និង​ប្រទេស​មួយ​ចំនួន​ទៀត​បាន​ស្ម័គ្រចិត្ត​ទៅ​ជួយ​ប្រទេស​អ៊ុយក្រែន។

ជុំវិញ​ការ​ស្ម័គ្រចិត្តពលរដ្ឋ​នៃ​ប្រទេស​ផ្សេង​ទៅ​ជួយ​អ៊ុយក្រែន​នេះលោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថាកម្ពុជា​គួរឲ្យ​ពលរដ្ឋខ្មែរ​ទៅ​ជួយ​អ៊ុយក្រែន​ដើម្បី​ការពារ​ប្រជាធិតេយ្យ និង​កុំ​ឲ្យ​មាន​ការ​ឈ្លានពាន​ទៅ​ថ្ងៃ​អនាគត៖ «ប្រទេស​មហាអំណាច​មួយ​មិន​អាច​មក​ឈ្លានពាន​រំលោភ​លើ​អធិបតេយ្យភាព​ប្រទេស​មួយ​ទៀត​ទេ ការ​ឈ្លាន​ពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី​នេះ ធ្វើអ្វី​ស្រេច​តែ​ចិត្ត មិន​ចង់​ឲ្យ​មាន​ការ​ឈ្លានពានទេ»។

សង្គ្រាមរុស្ស៊ីនិង​អ៊ុយក្រែន​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ បណ្តាល​ឲ្យ​ពលរដ្ឋ​អ៊ុយក្រែន​ប្រមាណ​២​លាន​នាក់បាន​ក្លាយ​ទៅ​ជា​ជនភៀសខ្លួននិង​ស្លាប់​ជា​ច្រើន​នាក់។ កងទ័ព​ប្រទេស​ទាំង​ពីរ​រាប់ពាន់​នាក់​ក៏​បាន​ស្លាប់​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។