លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលមួយចំនួនធ្វើដំណើរទៅចូលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ខណៈពលរដ្ឋនៅទីនោះត្រៀមធ្វើបាតុកម្មស្វាគមន៍។ ពួកគេអះអាងថា បាតុកម្មនេះ គឺធ្វើឡើង ដើម្បីប្រឆាំងវត្តមានមេដឹកនាំផ្ដាច់ការ និងជំរុញឱ្យសហរដ្ឋអាមេរិកដាក់សម្ពាធកាន់តែខ្លាំងលើរដ្ឋាភិបាលឯកបក្ស ដែលបានរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ មន្ត្រីបក្សកាន់អំណាចអះអាងថា បាតុកម្មនោះមិនប៉ះពាល់កិត្តិយសរបស់រដ្ឋាភិបាលកម្ពុជាទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកមន្រ្តីរដ្ឋាភិបាលមួយចំនួនធ្វើដំណើរចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែឧសភា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងរំឭកខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតុន (Washington) នៅពីថ្ងៃទី១២-១៣ ខែឧសភា។ ក្រសួងការបទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី៩ ខែឧសភាថា លោក ហ៊ុន សែន និងមេដឹកនាំអាស៊ានផ្សេងទៀតទទួលទានអាហារជាមួយសមាជិកសភា និងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ។ បន្ទាប់មកមេដឹកនាំអាស៊ានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធុរកិច្ចអាមេរិកទាក់ទងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទទួលស្វាគមន៍អនុប្រធានាធិបតីអាមេរិកអ្នកស្រី កាម៉ាឡា ហារីស ក្នុងកិច្ចប្រជុំពេញអង្គជាមួយបណ្ដារដ្ឋមន្ត្រីអាមេរិកស្ដីពីវិធានការអាកាសធាតុ បរិវត្តថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចិរភាព ព្រមទាំងពិភាក្សាផ្លាស់ប្ដូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ និងភាពជាដៃគូអាស៊ាន-អាមេរិក ទៅកាន់កម្រិតមួយទៀត។ ក្រៅពីនេះលោក ហ៊ុន សែន ក៏នឹងមានជំនួបទ្វេភាគីជាមួយមេដឹកនាំអាស៊ាន នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកផងដែរ។
ស្របពេលលោក ហ៊ុន សែន និងមេដឹកនាំអាស៊ានដទៃទៀតចូលរួមកិច្ចប្រជុំកំពួលអាស៊ាន-អាមេរិកនេះ ពលរដ្ឋខ្មែរ និងថៃ ភូមា ឡាវ និងវៀតណាម បានរួមគ្នាធ្វើមហាបាតុកម្មនៅថ្ងៃទី១២ ខែឧសភា នៅរដ្ឋធានីវ៉ាស៊ីនតុនដែរ ក្រោមប្រធានបទប្រទេសប្រជាធិបតេយ្យមិនត្រូវការជនផ្តាច់ការ។
ប្រធានកិច្ចការស្រ្តីនៃគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក និងក្រៅប្រទេសអ្នកស្រី ធិត គឹមហ៊ុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែឧសភាថា ពលរដ្ឋខ្មែរជាច្រើននាក់មកពីបណ្តារដ្ឋនានានៃសហរដ្ឋមេរិក និងប្រទេសកាណាដាបានស្ម័គ្រចិត្ត លះបង់ថវិកា និងផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីត្រៀមចូលរួមបាតុកម្មប្រឆាំងវត្តមានរបស់លោក ហ៊ុន សែន រួចរាល់ហើយ។ អ្នកស្រីបន្តថាបាតុកម្មខាងមុខនេះ គឺចង់បង្ហាញទៅសហគមន៍អន្តរជាតិ ជាពិសេសអាហរដ្ឋមេរិកឱ្យដឹងកាន់តែច្បាស់ថាពលរដ្ឋខ្មែរភាគច្រើនមិនគាំទ្រលោក ហ៊ុន សែន នោះទេ។ អ្នកស្រីឱ្យដឹងថា តំណាងរបស់ពលរដ្ឋនឹងធ្វើសេចក្តីថ្លែងការណ៍ដែលនឹងចូលរួមពីសមាជិកសភាអាមេរិក ក៏នឹងមានវត្តមាននៅទៅដែរ ដើម្បីទាមទារឱ្យរដ្ឋាភិបាលឯកបក្សគោរពសិទ្ធិមនុស្ស និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ទាក់ទងរឿងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ថ្លែងថា វត្តមានថ្នាក់ដឹកនាំរដ្ឋាភិបាលនៅសហរដ្ឋអាមេរិកនេះ គឺដើម្បីលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ។ ប៉ុន្តែលោកយល់ថា ការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋនៅទីនោះ នឹងមិនធ្វើឱ្យពាល់ដល់មុខមាត់កម្ពុជានោះទេ ដោយសារពួកគេយល់ខុសពីស្ថានភាពជាក់ស្តែងស្របពេលពលរដ្ឋរស់នៅប្រកបដោយសន្តិភាពពេញលេញ។
ទោះយ៉ាងណា អ្នកជំនាញច្បាប់ និងវិទ្យាសាស្រ្តនយោបាយអន្តរជាតិកញ្ញា សេង ធារី មើលឃើញថា ការដែលអាមេរិកអញ្ជើញលោក ហ៊ុន សែន ឱ្យចូលរួមកិច្ចប្រជុំពេលនេះមិនមែនបញ្ជាក់ថា អាមេរិកទទួលស្គាល់រដ្ឋាភិបាលឯកបក្សនោះទេ ប៉ុន្តែអាមេរិកត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន។ ម្យ៉ាងវិញកញ្ញាយល់ថា ការរួមគ្នាងើបតវ៉ាប្រឆាំងមេដឹកនាំផ្តាច់ការ គឺជារឿងត្រឹមត្រូវ ដើម្បីកុំឱ្យលោក ហ៊ុន សែន យករូបភាពនៃកិច្ចប្រជុំជាមួយមេដឹកនាំអាមេរិកទៅឃាសនាបំប៉ោងដែលផ្ទុយពីការពិត ដើម្បីកេងចំណេញនយោបាយពីប្រជាពលរដ្ឋ។
ស្រដៀងគ្នានេះ អ្នកវិភាគនយោបាយដែលកំពុងភៀសខ្លួននៅប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ លើកឡើងថា លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនឹងធ្វើឱ្យលោក ហ៊ុន សែន ទទួលរងភាពអាម៉ាស់ខ្លាំង ដោយសារការដឹកនាំផ្តាច់ការ និងធ្វើបាតុកម្មលាតត្រដាងទង្វើអាក្រក់ពីសំណាក់ពលរដ្ឋខ្មែរនៅអាមេរិក ដូច្នេះលោក ហ៊ុន សែន ត្រូវតែព្យាយាមប្រមូលមនុស្សឱ្យទៅជួប និងថតរូបបង្អួត ដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួន។ លោកលោក គឹម សុខ មើលឃើញថា តាមរយៈកម្មវិធីកិច្ចប្រជុំនេះ អាមេរិកបានបង្ហាញជំហររបស់ខ្លួនទម្លាក់តម្លៃនៃទំនាក់ទំនងការទូតជាមួយកម្ពុជាតាមរយៈរៀបចំទីកន្លែងប្រជុំនៅទីស្ដីការក្រសួងការបទេសអាមេរិក ហើយលោកថា ឋានៈលោក ហ៊ុន សែន ជាប្រធានអាស៊ានក៏ពិតមែន ប៉ុន្តែអាមេរិកមិនរៀបចំឱ្យមានជំនួបទ្វេភាគី ស្របពេលដែលសហភាពអឺរ៉ុបដាក់សម្ពាធកាន់តែខ្លាំង។
បើតាមទីភ្នាក់ងារសារព័ត៌មានអង់គ្លេស រ៉យទ័រ ផ្សាយកាលពីថ្ងៃទី៦ ខែឧសភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហ៊ួន បញ្ជាក់ថា ពុំមានកិច្ចប្រជុំដាច់ដោយឡែកណាមួយត្រូវបានគ្រោងនឹងធ្វើឡើងរវាងក្រុមមេដឹកនាំអាស៊ាន និងប្រធានាធិបតីអាមេរិកឡើយ ក្រៅពីការរៀបចំកិច្ចប្រជុំនេះនៅថ្ងៃទី១២ និង១៣ ខែឧសភា នោះ។ លោក កៅ គឹមហ៊ួន ចង់ឃើញសហរដ្ឋអាមេរិករៀបចំកិច្ចប្រជុំដាច់ដោយឡែកជាមួយប្រធានប្ដូរវេនអាស៊ាន គឺលោក ហ៊ុន សែន។ ក៏ប៉ុន្តែ លោកថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានប្រាប់លោកថា នឹងមិនមានការរៀបចំដូច្នេះឡើយ ដោយសារតែកិច្ចប្រជុំកំពូលពិសេសនេះមានរយៈពេលយូរ និងថា លោកប្រធានាធិបតី ចូ បៃឌិន មានភាពមមាញឹកក្នុងការងាររបស់លោក។
ទោះជាយ៉ាងណាក្ដី អ្នកឃ្លាំមើលបញ្ហាសង្គម តែងលើកឡើងថា កន្លងមកក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន ពោរពេញដោយអសន្តិសុខមនុស្សជាតិ មានអំពើហិង្សា ការរំលោភដីធ្លី អយុត្តិធម៌សង្គម អំពើពុករលួយ ការរំលោភបំពានសិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ និងសិទ្ធិកម្មករជាដើម។ ម្យ៉ាងទៀតស្នាដៃលេចធ្លោ និងកក្រើកពេញពិភពលោករបស់លោក ហ៊ុន សែន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺការបើកយុទ្ធនាការកម្ទេចបក្សប្រឆាំង ដែលមានសង្ឃឹមឈ្នះឆ្នោតតែមួយគត់នៅកម្ពុជា និងបង្ក្រាបលើសំឡេងរិះគន់ឥតឈប់ឈររហូតមកទល់ពេលនេះ ។ ទង្វើរបស់រដ្ឋាភិបាលលោកហ៊ុន សែន ទើបសហគមន៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រទេសប្រជាធិបតេយ្យ មិនឱ្យតម្លៃ និងជាប់ឈ្មោះអាក្រក់លើឆាកអន្តរជាតិខាងរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ៕