លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៦ ខែសីហា បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាស (HAYASHI Yoshimasa) និងធ្វើពិធីចុះហត្ថលេខាទទួលប្រាក់កម្ចីពីជប៉ុន ដើម្បីយកមកអភិវឌ្ឍចំណតកំពង់ផែក្នុងខេត្តព្រះសីហនុ។ អ្នកវិភាគនយោបាយលើកឡើងថា បើកម្ពុជាគ្មានវិបត្តិនយោបាយ និងមានចរន្តប្រជាធិបតេយ្យល្អ នោះកម្ពុជាអាចនឹងទទួលបានប្រាក់ជំនួយឥតសំណងពីជប៉ុន និងពីបណ្តាប្រទេសលោកសេរីកាន់តែច្រើនបន្ថែមទៀតដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាស្ដីពីការផ្តល់ឥណទានសម្បទាន ឬទទួលប្រាក់កម្ចីពីជប៉ុនបន្ទាប់ពីលោកមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាស នៅថ្ងៃទី០៦ សីហា។
តាមរយៈទំព័រហ្វេកប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានចុះហត្ថលេខាឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ប្រាក់កម្ចីពីជប៉ុនជិត ៤រយលានដុល្លា (៣៨៣,២២) ក្នុងគោលដៅអនុវត្តគម្រោងអភិវឌ្ឍចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ ជាមួយលោករដ្ឋមន្ត្រីក្រសួងការបរទេស លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាស ។ លោកថា ទំនាក់ទំនងកម្ពុជា ជប៉ុន ស្ថិតនៅលើគន្លងមួយដែលល្អបំផុត ក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច។ លោក ប្រាក់ សុខុន ក៏ថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេសជប៉ុនដោយជំរុញដល់អ្នកវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជាលើវិស័យការពារជាតិ និងវិស័យផ្សេងៗជាច្រើនទៀត។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ឥណទានសម្បទានរបស់ជប៉ុន នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីប្រែក្លាយទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ស្របតាមការប្ដេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ។
អ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងថា ប្រាក់កម្ចីរបស់ជប៉ុនមានការអនុគ្រោះច្រើនជាងប្រទេសចិនកុម្មុយនិស្ត។ លោកថា ទាំងជំនួយឥតសំណង និងប្រាក់កម្ចីរបស់ជប៉ុនផ្តល់ឱ្យកម្ពុជា គឺជាស្មារតីរបស់ប្រទេសជប៉ុនក្នុងការជួយអភិវឌ្ឍកម្ពុជាច្រើនវិស័យជាពិសេសផ្នែកវិស័យសេដ្ឋកិច្ច និងការជំរុញឱ្យមានការរីកចម្រើននៃប្រជាធិបតេយ្យក្រោយពីកម្ពុជាអនុវត្តកិច្ចព្រមព្រៀងទីក្រុងបារីសថ្ងៃទី២៣តុលា ឆ្នាំ១៩៩១មក៖ «ហើយកុំភ្លេចថា ជប៉ុនជួយច្រើនលើសលប់ណាស់ ដល់ប្រតិបត្តិការរបស់អ៊ុនតាក់ (UNTAC) ដែលដឹកនាំរៀបចំបោះឆ្នោតយុត្តិធម៌ ឆ្នាំ១៩៩៣ ហើយគឺអ៊ុនតាក់ហ្នឹងហើយ ដែលដឹកនាំដោយអតីតអ្នកនយោបាយជាន់ខ្ពស់របស់ជប៉ុន គឺ លោក យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi) ។ ម្ល៉ោះហើយ ជប៉ុនមិនប្រលែងបោះបង់ប្រទេសកម្ពុជាទេ គឺនៅតែតាមជួយប្រទេសកម្ពុជាដោយសមានចិត្ត ចង់ឃើញកម្ពុជាមានការរីកចម្រើន»។
លោក គឹម សុខ យល់ថា បើកម្ពុជាមានចរន្តប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សប្រសើរជាងបច្ចុប្បន្ន នោះកម្ពុជានឹងអាចទទួលបានការផ្តល់ជំនួយពីជប៉ុន និងផលប្រយោជន៍ពីបណ្តាប្រទេសលោកសេរីជាច្រើនទៀត ក្នុងការជួយអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន។
ការអភិវឌ្ឍធ្វើទំនើបកម្មកំពង់ផែស្វយ័តក្នុងខេត្តព្រះសីហនុ សម្រាប់នាំចេញទំនិញពីកម្ពុជាទៅក្រៅប្រទេស ត្រូវបានសាងសង់ និងមានកន្លែងចតនាវាច្រើន ដោយមានការគាំទ្រហិរញ្ញវត្ថុពីប្រទេសជប៉ុនចាប់តាំងពីឆ្នាំ២០១៣មក។ ការអភិវឌ្ឍទំនើបកម្មកំពង់ផែស្វយ័តក្នុងខេត្តព្រះសីហនុនេះ គឺអាចជួយសម្រួលដល់វានាធំៗដើម្បីអាចចូលចត ក្នុងការផ្ទុកទំនិញ ជាពិសេសផលិតផលកសិកម្មកម្ពុជានាំចេញទៅក្រៅប្រទេសឱ្យកាន់តែច្រើន។
របាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីខែមេសា បង្ហាញថាត្រីមាសទី១ឆ្នាំ២០២២ ទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកុងតឺន័រឆ្លងកាត់មានចំនួនជិត២ម៉ឺន ឯកតាសមមូលម្ភៃហ្វីត (១៩៨.១៨២ TEUs) និងកើនឡើងចំនួន ១៦,៣២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្រសួងសាធារណការ និងដឹកជញ្ជូន ថា គម្រោងអភិវឌ្ឍចំណតផែកុងតឺន័រថ្មីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជំហានទី១ គ្រោងនឹងបញ្ចប់ការសាងសង់ដាក់ឱ្យប្រតិបត្តិការ នៅឆ្នាំ២០២៥ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។