លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសើចចំអកគោលនយោបាយឧបត្ថម្ភប្រាក់ដល់មនុស្សចាស់របស់គណបក្សភ្លើងទៀន និងចាត់ទុកថា គ្រាន់តែជាការសន្យាប៉ុណ្ណោះ។ មន្ត្រីគណបក្សប្រឆាំងឆ្លើយតបថា ការដាក់ចេញគោលនយោបាយនេះ ឆ្លងកាត់ការសិក្សាស្រាវជ្រាវច្បាស់លាក់ ហើយអាចអនុវត្តទៅរួច ប្រសិនបើកម្ពុជាមានរដ្ឋាភិបាលមួយស្អាតស្អំគ្មានអំពើពុករលួយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តប្រើប្រាស់ពាក្យ «សន្ដិភាព ឬសង្គ្រាម» បំភិតបំភ័យពលរដ្ឋដើម្បីសុំសំឡេងគាំទ្រទាំងមុននិងក្រោយបោះឆ្នោត ហើយតែងតែប្រាប់ទៅពលរដ្ឋថា គណបក្សប្រឆាំងបានតែសន្យា មិនដែលបានធ្វើឬអភិវឌ្ឍជាតិអ្វីឡើយ ខុសពីគណបក្សរបស់លោកដែលកំពុងដឹកនាំរដ្ឋាភិបាល។
នៅក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងសាងសង់វារីអគ្គិសនី ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៤ មីនា លោក ហ៊ុន សែន បានអំពាវនាវពលរដ្ឋមិនត្រូវភ្លេចពីផលប្រយោជន៍ដែលទទួលបានពីសន្តិភាពនាពេលកន្លងមក ដែលលោកអះអាងថា រកបានដោយគណបក្សប្រជាជនកម្ពុជានោះទេ។ មេដឹកនាំឯកបក្សរូបនេះបន្តថា គណបក្សរបស់លោកចូលចិត្តធ្វើឱ្យឃើញផលប្រយោជន៍ជាក់ស្ដែង មិនដូចបណ្ដាគណបក្សប្រឆាំង បានតែសន្យាហើយមិនដែលធ្វើនោះទេ រួមទាំងការសន្យាផ្ដល់ប្រាក់ឧបត្ថម្ភដល់ជនចាស់ជរា ឬការសន្យាដំឡើងប្រាក់ឈ្នួលឱ្យកម្មករជាដើម។
លោក ហ៊ុន សែន៖«ចេញកម្មវិធីនយោបាយមក មនុស្សចាស់ ព្រោះគណបក្សមួយគេឱ្យ ២០ម៉ឺន(រៀល)មានគណបក្សពីរនោះ ចេញមកឱ្យ ២៥ម៉ឺន គេឱ្យមនុស្សចាស់។ ប្រាក់អប្បបរមា គណបក្សមួយនោះ គេឱ្យពីរលាន(រៀល)ដល់គណបក្សណ៎ោះ ចេញមកគេឱ្យពីរលានកន្លះ។ នឹងមានគណបក្សចូលដេញថ្លៃហើយ ព្រោះដំណាក់កាលនេះ ដំណាក់កាលដេញថ្លៃ។ ទៅ!ចេះតែសន្យាទៅ។ ប៉ុន្តែគណបក្សកាន់រដ្ឋាភិបាល អត់សន្យាបានទេ យើងធ្វើជាក់ស្ដែង»។
ថ្វីត្បិតការប្រកាសបែបសើចចំអករបស់លោក ហ៊ុន សែន នេះមិនបានសំដៅចំឈ្មោះទៅលើគណបក្សនយោបាយណាមួយ ប៉ុន្តែហាក់ឌឺដងទៅលើគណបក្សភ្លើងទៀន ជាគណបក្សដែលជាគូប្រកួតប្រជែងក្នុងការបោះឆ្នោតពេលខាងមុខជាមួយគណបក្សកាន់អំណាច។
កាលពីពេលថ្មីៗ នេះ គណបក្សភ្លើងទៀន បានប្រកាសចេញសារនយោបាយ ៥ចំណុចសម្រាប់ត្រៀមចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិទី៧ នៅពេលខាងមុខនេះ។ នៅក្នុងសារនយោបាយទាំង ៥ចំណុចនោះ មានការឧបត្ថម្ភប្រាក់ ២០ម៉ឺនរៀលសម្រាប់មនុស្សចាស់អាយុចាប់ពី ៦៥ឆ្នាំឡើង និងកំណត់ប្រាក់ឈ្នួលកម្មករចាប់ពី ៣០០ដុល្លារឡើង។
ឆ្លើយតបនឹងការលើកឡើងរបស់លោក ហ៊ុន សែន មន្រ្តីនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ មានប្រសាសន៍ថា ការដាក់គោលនយោបាយទាំងនេះ សុទ្ធតែឆ្លងកាត់ការពិភាក្សាច្បាស់លាស់ជាមួយអ្នកជំនាញខាងសេដ្ឋកិច្ច ដែលបានលើកឡើងពីប្រភពថវិកាជាតិរកបាន សម្រាប់បើកទៅឱ្យក្រុមមនុស្សចាស់ទាំងនោះ និងមិនមែនជាការសម្រេចឡើងតាមការនឹកឃើញស្រមើស្រម៉ៃដើម្បីរកសំឡេងឆ្នោតឡើយ។
លោកបន្តថា ប្រសិនបើកម្ពុជា ចេះគ្រប់គ្រងសេដ្ឋកិច្ចជាតិប្រចាំឆ្នាំដែលមានប្រមាណ ៣ម៉ឺន ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ឱ្យបានល្អ និងមានការដឹកនាំឱ្យបានត្រឹមត្រូវ គ្មានអំពើពុករលួយ នោះនឹងអាចឱ្យកំណើនសេដ្ឋកិច្ចជាតិឡើងដល់ ១០% ឬស្មើប្រមាណ ៣ពាន់ ២រយលានដុល្លារក្នុងមួយឆ្នាំៗ។ ដូច្នោះ អាចមានលទ្ធភាពយកប្រាក់ទាំងនោះឧបត្ថម្ភទៅដល់មនុស្សចាស់បាន។
លោក គីមសួរ ភីរិទ្ធ៖«៣ពាន់ ២រយលាន(ដុល្លារ)យើងអាចចែកបានហើយ។ បើយើងគិតជាដុល្លារទៅ ៥០ដុល្លារ ២០ម៉ឺន(រៀល)ហើយមនុស្សចាស់មិនដល់មួយលាន(នាក់)ផង។ ប៉ុន្តែយើងថា មួយលានទៅ យើងឃើញថា អស់ប៉ុណ្ណាប៉ុណ្ណឹងហើយក្នុងមួយឆ្នាំ។ ប៉ុន្តែយើងអាចរកបាន ខ្ទង់ហ្នឹង ហើយអាចជួយគាត់បាន។ អ៊ីចឹង!យើងជជែកជាមួយអ្នកសេដ្ឋកិច្ចរួចហើយថា រឿងហ្នឹង យើងប្រាកដអាចធ្វើបាន ឱ្យតែយើងគ្រប់គ្រង សំខាន់បំផុត អ្នកដឹកនាំមានឆន្ទៈ និងស្អាតស្អំ»។
លោកលើកឡើងទៀតថា គណបក្សជាប់ឆ្នោតដឹកនាំរដ្ឋាភិបាល ក៏ដល់ពេលគិតគូរដល់មនុស្សចាស់ ដែលសុទ្ធតែជាអ្នកធ្លាប់ធ្វើការងារបម្រើប្រទេសជាតិ ហើយកន្លងមក ហាក់ទុកពួកគេចោល។ លោកបន្ថែមថា កម្ពុជាមានមនុស្សចាស់ភាគច្រើន ត្រូវរស់នៅពឹងអាស្រ័យលើបន្ទុករបស់កូនចៅ ខណៈកូនចៅរបស់ពួកគេក៏ជួបការខ្វះខាតទៅទៀត ដូច្នេះមិនអាចជួយសម្រាលដោះបន្ទុក នៅពេលមនុស្សចាស់ទាំងនោះឈឺថ្កាត់បានឡើយ។
ជំរឿននៅក្នុងឆ្នាំ២០១៩ បង្ហាញថា កម្ពុជាមានប្រជាជនវ័យចំណាស់ប្រមាណ ១លាន ៣សែននាក់ ឬស្មើប្រហែល ៨% នៃចំនួនប្រជាពលរដ្ឋសរុប ហើយចំនួននេះ ត្រូវបានគេព្យាករថា នឹងកើនដល់ ១១% នៅឆ្នាំ២០៣០ និងប្រមាណ ២១% ឬស្មើ ៥លាននាក់ នៅក្នុងឆ្នាំ២០៥០។ មនុស្សចាស់ទាំងនោះ ប្រឈមខ្ពស់នឹងជំងឺបាក់ទឹកចិត្ត និងជំងឺមិនឆ្លង ខណៈភាពក្រីក្រជាបញ្ហាចម្បង រួមទាំងការមិនទទួលបានប្រាក់សោធននិវត្តន៍ពីរដ្ឋាភិបាល បានរារាំងពួកគេទទួលបានសេវាថែទាំសុខភាព។
លោកស្រី និន អូន អាយុ ៦០ឆ្នាំរស់នៅភូមិទួលធ្នង់ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបងបានលើកឡើងថា សព្វថ្ងៃលោកស្រីរស់នៅជាមួយចៅៗ បន្ទាប់ពីប្ដីបានស្លាប់ កាលពី ៥ឆ្នាំមុន ដោយសារជំងឺទឹកនោមផ្អែម និងខូចតម្រងនោម ខណៈលោកស្រីក៏កំពុងប្រឈមជំងឺលើសឈាម។
លោកស្រីបន្តថា លោកស្រីមានដីស្រែ ១ហិកតារជួលទៅឱ្យគេ ដើម្បីគ្រាន់បានប្រាក់ទុកទិញអង្ករ ខណៈកូនៗ លោកស្រីចំនួនបីនាក់ សុទ្ធតែរៀបការរស់នៅដាច់ដោយឡែកពីលោកស្រី។ លោកស្រីបន្ថែមថា កូនទាំងនោះ មិនបានជួយលោកស្រីជាដុំកំភួនអ្វីឡើយ ព្រោះពួកគេសុទ្ធតែមានបំណុល ដែលបានខ្ចីពីធនាគារយកមករកស៊ី ហើយពេលខ្លះស្ទើរតែធនាគារមករឹបអូសយកដីធ្លី និងផ្ទះ ដោយសាររកប្រាក់សងធនាគារមិនទាន់ ខណៈថ្លៃជីនិងថ្នាំបាញ់ក៏កាន់តែឡើងថ្លៃ។
លោកស្រី និន អូន៖ «ចង់ឱ្យជួយ ដូចថា ជួយចាស់អ៊ីចឹងទៅ រកអ៊ីមិនបាន បានរដ្ឋាភិបាល បើក(ថវិកា)ឱ្យ អរអ៊ីចឹងទៅ។ បានលុយហ្នឹង ទិញស្អីៗ ហូប ធ្វើបុណ្យអីខ្លះ បានទិញអង្ករខ្លះទៅអ៊ីចឹងទៅណ៎ា»។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅថ្ងៃអាទិត្យទី២៣ខែកក្កដាខាងមុខនេះ។ កន្លងទៅ លោក ហ៊ុន សែន តែងប្រើប្រាស់សារព្រមានទៅប្រជាពលរដ្ឋ ថាកម្ពុជានឹងកើតសង្គ្រាម ប្រសិនបើគណបក្សរបស់លោកចាញ់ឆ្នោត។ ប៉ុន្តែក្រុមវិភាគនយោបាយយល់ថា កម្ពុជានឹងមិនអាចកើតសង្គ្រាមបានឡើយ នៅពេលគណបក្សប្រឆាំងឈ្នះឆ្នោត ព្រោះគណបក្សប្រឆាំងគ្មានអំណាច កាំភ្លើង និងកងកម្លាំងប្រដាប់អាវុធ។
អង្គការវេទិកាអនាគត ធ្លាប់បានរកឃើញថា តម្រូវការចាំបាច់ចំពោះមុខ គឺពលរដ្ឋចង់បានការងារធ្វើ មានទីផ្សារលក់ផលិតផល និងសម្ភារប្រើប្រាស់ទាន់សម័យ ដូចជាទូរស័ព្ទដៃ ទូរទស្សន៍ និងម៉ូតូ ជាដើម ជាពិសេសមិនជំពាក់បំណុលធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។