លោក ហ៊ុន សែន ទទួល​បាន​ពានរង្វាន់​សន្តិភាព​ដើម្បី​មនុស្ស​ជាតិ និង​ភព​ផែនដី ខណៈ​លោក​ចោទ​ពលរដ្ឋ​ថា ជា​ក្រុម​ប្រឆាំង​ជ្រុល​និយម

0:00 / 0:00

ប្រធាន​ព្រឹទ្ធ​សភា​លោក ហ៊ុន សែន ទទួល​បាន​ពាន​រង្វាន់ «សន្តិភាព​ដើម្បី​មនុស្ស​ជាតិ និង​ភព​ផែនដី» ពី​ស្ថាប័ន​ដែល​ពិភព​លោក​មិន​សូវ​ស្គាល់​ឈ្មោះ ហៅថា សភា​អន្តរ​ជាតិ​ដើម្បី​ភាព​អត់​ឱន និង​សន្តិភាព (IPTP)។ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង​មើល​ឃើញ​ថា លោក ហ៊ុន សែន មិន​អាច​លាក់បាំង​ពី​ទង្វើ​អាក្រក់ និង​ការ​ដឹក​នាំ​បែប​ផ្ដាច់​ការ​របស់​លោក​បាន​ឡើយ។

លោក ហ៊ុន សែន បាន​អួត​ពី​ស្នាដៃ​ក្រោម​ការ​ដឹកនាំ​របស់​លោក និង​ចែករំលែក​ពី​បទ​ពិសោធ​ដែល​លោក​អះអាង​ថា ការ​កសាង​សុខ​សន្តិភាព​លោក​ថ្លែង​ដូច្នេះ​ទៅ​កាន់​អ្នក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​ទី​១១ នៃ​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់ឱន និង​សន្តិភាព​នៅ​ថ្ងៃទី២៤ ខែ​វិច្ឆិកា លោក ហ៊ុន សែន បាន​លើក​ឡើង​ថា លោក​ខិតខំ​កសាង​សន្តិភាព និង​អនុវត្ត​អ្វី​មួយ​ដែល​លោក​ហៅ​ថា នយោបាយ​ឈ្នះ​ឈ្នះ​ដោយ​ដាក់​អាយុ​ជីវិត ប៉ុន្តែ​យុវជន​មួយ​ចំនួន​បែរជា​ភ្លេច​ពី​គុណ​តម្លៃ​នៃ​សុខ​សន្តិភាព ហើយ​ខ្លះ​ទៀត​បាន​ទាមទារ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ដែល​លោក​ចោទ​ថា តាម​បែប​មិន​ប្រជាធិបតេយ្យ និង​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល។ លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​អន្តរជាតិ​ថ្កោលទោស និង​ទប់ស្កាត់​ពលរដ្ឋ ឬ​យុវជន​ដែល​មាន​គំនិត​មនោគម​វិជ្ជា​ជ្រុល​និយម។

លោក ហ៊ុន សែន៖«យើង​ទើប​តែ​មាន​សន្តិភាព​ពេញលេញ​ជិត​២៧ឆ្នាំ​ប៉ុណ្ណោះ​តែ​នេះ​ក៏​ជា​សន្តិភាព​វែង​ជាង​គេ​ក្នុង​ប្រវត្តិសាស្រ្ត ៥០០ឆ្នាំ​របស់​ខ្លួន។ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​ថា យើង​និយាយ​តែ​ពី​សន្តិភាព​បំភិតបំភ័យ​តែ​ពី​សង្គ្រាម​ទៅវិញ​ហើយ​យុវជន​មួយ​ចំនួន​បាន​ភ្លេច​នូវ គុណ​តម្លៃ​នៃ​សន្តិភាព​បណ្ដើរៗ​ហើយ​ខ្លះ​ទៀត​បាន​ទាមទារ​ការ​ផ្លាស់ប្ដូរ​មិន​ប្រជាធិបតេយ្យ»។

ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ​ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំ​មើល​សង្គម​ចាត់​ទុក​ថា គឺជា​ការ​ថ្លែង​សារ​បែប​ប្រជាភិថុតិ​ដើម្បី​បន្លំ​ភ្នែក​ពលរដ្ឋ និង​មាន​ចេតនា​ឱ្យ​ពលរដ្ឋ​ចងចាំ​សន្តិភាព​ក្លែងក្លាយ​ដែល​ដឹក​នាំ​ដោយ​ក្រុម​គ្រួសារ​ត្រកូល«ហ៊ុន»។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ បាន​ឆ្លើយតប​នៅ​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ថា គឺជា​រឿង​ហួស​ចិត្ត​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ ប៉ុន្តែ​លោក ហ៊ុន សែន បែរជា​អ្នក​ទទួល​បាន​ពានរង្វាន់​សន្តិភាព​ដើម្បី​មនុស្ស​ជាតិ និង​ភព​ផែនដី​ទៅ​វិញ។ លោក​បន្ត​ថា មេ​ដឹក​នាំ​ផ្ដាច់​ការ​គឺ​ចូលចិត្ត​អួត​សំញែង និង​អួត​ពី​ស្នាដៃ​របស់​ខ្លួន​បើ​ទោះ​ជា​រដ្ឋាភិបាល​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​យ៉ាង​ណា​ក្ដី។

លោក ម៉ែន សុថាវរិន្ទ្រ៖«មិន​អាច​ទេ​មិន​អាច​យក​ពានរង្វាន់​បួន​ដប់​ម្ភៃ​ពានរង្វាន់​មក​លុប​លាង​ទេ។ ខ្ញុំ​ជឿជាក់​ថា ពលរដ្ឋ​មិន​អាច​អត់ឱន​ឱ្យ​បាន​ទេ​ទង្វើ​របស់​គាត់​បាន​កសាង​មក​ជិត ៤០ឆ្នាំ​មក​នេះ​គាត់​បាន​ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្លាំង​មែនទែន។ អ៊ីចឹង​ការ​ឈឺចាប់​របស់​ពលរដ្ឋ​មិន​អាច​លើក​លែង​ឱ្យ​គាត់​បាន​ទេ អ៊ីចឹង​បាន​គណបក្ស​ប្រឆាំង​ធ្វើ​ចលនា​អ្វី​ដូច​ប្រទេស​បង់ក្លាដេស​ហើយ​ពីព្រោះ​មិន​អាច​ចាំ​បាន​ទេ»។

សេចក្ដី​ប្រកាស​របស់​រដ្ឋសភា​កម្ពុជា កាល​ពី​ថ្ងៃទី៧ ខែ​វិច្ឆិកា បង្ហាញ​ថា ក្នុង​កិច្ចប្រជុំ​រយៈ​ពេល៤​ថ្ងៃ​ចាប់​ពី​ថ្ងៃទី២៣ ដល់ ថ្ងៃទី២៦ ខែ​វិច្ឆិកា លោក ហ៊ុន សែន គឺជា​អ្នក​ប្រគល់ «ពានរង្វាន់​សន្តិភាព​ដើម្បី​មនុស្ស​ជាតិ និង​ភព​ផែន​ដី» ជូន​ទៅ​ដល់​ឥស្សរជន​ឆ្នើម​ដែល​បាន​មក​ចូល​ក្នុង​កិច្ច​ប្រជុំ​នោះ តែ​ជាក់ស្ដែង​លោក​ក្លាយ​ទៅ​ជា​អ្នក​ទទួល​ពានរង្វាន់​ទៅ​វិញ។ កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នៃ​ស្ថាប័ន​ដែល​គេ​មិន​សូវ​ស្គាល់​ឈ្មោះ ហៅថា «សភា​អន្តរជាតិ​ដើម្បី​ភាព​អត់​ឱន និង​សន្តិភាព) IPTP លើកទី១១ ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា។ ស្ថាប័ន​នេះ គឺជា​ផ្នែក​មួយ​របស់ «ក្រុម​ប្រឹក្សា​សាកល​ដើម្បី​ភាព​អត់ឱន និង​សន្តិភាព» (GCTP) ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ២០១៧ ដោយ​ក្រុម​អ្នក​ការទូត​នៃ​ប្រទេស​អារ៉ាប់រួម (UAE) ក្នុង​គោលបំណង​ដើម្បី​លើក​កម្ពស់​វប្បធម៌​សន្តិភាព និង​ប្រឆាំង​នឹង​ការ​រើសអើង និង​អំពើ​ជ្រុល​និយម។

ទាក់ទង​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​លោក ម៉ែន ណាត យល់​ឃើញ​ថា លោក ហ៊ុន សែន កំពុង​មាន​ជំងឺ​តួឯក និង​មាន​ចេតនា​ចង់​លុប​បំបាត់​ចោល​នូវ​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ដែល​មាន​ភាគី​ជម្លោះ​ទាំង​៤ ចូលរួម និង​បណ្ដា​ប្រទេស​ចំនួន ១៨ជា​សាក្សី។ លោក​បន្ត​ថា ការ​អួត​របស់​លោក ហ៊ុន សែន មិន​ឆ្លុះបញ្ចាំង​ពី​ការដឹកនាំ​របស់​លោក​នោះ​ទេ ពីព្រោះ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត គឺ​មាន​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

លោក ម៉ែន ណាត៖«គាត់​និយាយ​ពី​សុខ​សន្តិភាព​របស់​គាត់​ចាប់​ពីឆ្នាំ១៩៩៨​មក​គាត់​ថា គាត់​បង្ក្រាប​ពួក​ខ្មែរ​ក្រហម​ជោគជ័យ​លែង​មាន​សង្គ្រាម។ ប៉ុន្តែ​គាត់​ចង់​បំភ្លេច​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ប្រសិន​បើ​គ្មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ទេ មាន​ឆ្នាំ១៩៩៨​មក​ពី​ណា។ ប៉ុន្តែ​គាត់​មិន​ខ្វល់​ទេ​ថា រឿង​ហ្នឹង​វា​កើតឡើង​មក​ពី​ណា​ដើម​ហេតុ​មក​ពី​មូលហេតុ​អី​គាត់​មិន​ខ្វល់​គាត់​គិត​ធ្វើ​ម៉េច​ឱ្យ​តែ​មាន​កេរ្តិ៍ឈ្មោះ​ខ្ពង់ខ្ពស់​ជាង​អ្នក​ដទៃ​អា​ហ្នឹង​ជា​ការ​បំពាន​ជា​អ្នក​រំលោភ​សិទ្ធិ​អ្នក​ដទៃ​ជា​ការ​រំលោភ​អំណាច»។

បើ​ទោះ​បី​ជា លោក ហ៊ុន សែន ខំ​អួត​ពី​ស្នាដៃ​នៃ​ការ​ដឹកនាំ និង​សំញែង​ពានរង្វាន់​យ៉ាងណាក្ដី ក៏​អ្នកឃ្លាំមើល​សង្គម​មើល​ឃើញ​ថា លោក ហ៊ុន សែន គ្មាន​ស្នាដៃ​លេចធ្លោ​ក្នុង​ការ​ជួយ​ពលរដ្ឋ​ឱ្យ​រស់នៅ​ក្នុង​ជីវភាព​សមរម្យ​ឡើយ ហើយ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​កូន​លោក​គឺ លោក ហ៊ុន ម៉ាណែត បាន​ចាប់​សកម្មជន​បរិស្ថាន​ចំនួន ៦នាក់​បន្ថែម​ទៀត កាល​ពីថ្ងៃទី២៣ ខែ​វិច្ឆិកា។ លោក ហ៊ុន សែន ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺជា​អ្នក​គាស់​រម្លើង​ប្រជាធិបតេយ្យ​ដោយ​ការ​រម្លាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ២០១៧ ការ​បង្ក្រាប​ទៅ​លើ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​រាំង​ខ្ទប់​គណបក្ស​ភ្លើង​ទៀន​មិន​ឱ្យ​ចូលរួម​បោះឆ្នោត​ជាដើម។

អ្នក​ឃ្លាំ​មើល​សង្គម​លើក​ឡើង​ថា លោក ហ៊ុន សែន គួរតែ​ឈប់​អួត​ពី​ស្នាដៃ​ដឹកនាំ​ប្រទេស​ក្លែងក្លាយ​ហើយ​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​ឈប់​ចាត់​ទុក​ពលរដ្ឋ​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​សិទ្ធិ​សេរីភាព​ឱ្យ​បាន​ពេញលេញ​គឺជា​សត្រូវ​បន្ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។