លោក ហ៊ុន សែន បញ្ជាក់​ឡើងវិញ​ថា គ្មាន​គម្រោង​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ទេ

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ឡើងវិញ​ថា លោក​គ្មាន​គម្រោង​ដាក់​ប្រទេស​ទាំង​មូល ឬ​ផ្នែក​ណា​មួយ ​ក្នុង​ភាព​អាសន្ន​ទេ។ លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ស្ងប់ស្ងាត់ កុំ​ស្លន់ស្លោ ស្ដាប់​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​រួម​គ្នា​ទប់​ស្កាត់​ជងឺ​កូវីដ១៩ (Covid-19)។ ដោយឡែក ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី៧ ធ្នូ រក​ឃើញ ពលរដ្ឋ ២នាក់​ទៀត ឆ្លង​ជំងឺ​កូវីដ១៩ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ២៨ វិច្ឆិកា។

លោក​ ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា គ្មាន​បំណង​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ ដោយ​សារ​ វិបត្តិ​ជំងឺ​កូវីដ១៩ នៅ​ពេល​នេះ​ទេ ព្រោះ​នឹង​មាន​ផល​ប៉ះពាល់​ធំ​ពេក​ដល់​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន។

ប៉ុន្តែ​ជំនួស​ឲ្យ​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន លោក អំពាវនាវ​កុំ​ឱ្យ​មាន​ការ​ភ័យ​ស្លន់ស្លោ និង​រួម​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩​​ ទាំង​អស់​គ្នា។ លោក ហ៊ុន សែន បញ្ជាក់​ថា ក្រោយ​លោក​បង្ហើប​ថា លោក​បាន​ត្រៀម​បម្រុង​ទុក​នូវ​លិខិត​នានា ដើម្បី​នឹង​សុំ​ព្រះរាជក្រឹត្យ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន នោះ ស្រាប់​តែ​មាន​ការ​បំផ្លើស​នានា បាន​កើត​ឡើង​ថា​នឹង​មាន​ការ​បិទ​ប្រទេស ឬ​បិទ​រាជធានី​ភ្នំពេញ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ហើយ​បំផុស​ឱ្យ​មនុស្ស​ទិញ​ទំនិញ​ត្រៀម​ទុក។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់​អាស៊ី​សេរី ថា ​មក​ដល់​ពេល​នេះ ​រដ្ឋាភិបាល​​អាច​គ្រប់​គ្រង​ស្ថានភាព​បាន។ ដូច្នេះ រដ្ឋាភិបាល​គ្មាន​បំណង​បិទ​ប្រទេស ឬ​បិទ​ផ្នែក​ណា​មួយ​ទេ។ តែ​យ៉ាង​ណា លោក​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ដាក់​បញ្ជា​​ម៉ឺងម៉ាត់ ឲ្យ​ជន​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក ត្រូវ​អនុវត្ត​វិធាន​ការ ​របស់​ក្រសួង​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ស្វែង​រក​ដាន​អ្នក​ពាក់ព័ន្ធ កុំ​ឲ្យ​បាត់​ដាន​ឲ្យ​សោះ៖ « ទម្ងន់​នៃ​ពាក្យ​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន​ គាត់​បាន​បញ្ជា​ឲ្យ​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ជន ដែល​ទទួល​ចត្តាឡីស័ក។ បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ នៅ​ក្នុង​ការ​ តាម​កុំ​ឲ្យ​បាត់​ដាន​របស់​អ្នក​បន្ត​ការ​ផ្ទុក​ជំងឺ​ហ្នឹង ហើយ​ពាក្យ​សា​ថ្មី​ម្ដង​ទៀត​ហ្នឹង​ លោក បាន​ប្រកាស​ថា មិន​មាន​ការ​ប៉ុនប៉ង​​ណា​ ទៅ​បិទ​អ្វី​ទៀត​ទេ។ មាន​ន័យ​ថា បង្ហាញ​ពី​ស្ថាន​ភាព​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​រាជរដ្ឋាភិបាល​រួច​ស្រេច​ហើយ។ រួម​ទាំង​ការ​ចាត់​វិធានការ​ចែក​ម៉ាស់ ចែក​អ្វី»

ទោះ​យ៉ាង​ណា នៅ​មុន​នេះ​មួយ​ថ្ងៃ មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ បាន​ប្រកាស ដោយ​ខ្លួន​ឯង​ថា លោក​បាន​ត្រៀម​លិខិត​នានា​រួចហើយ ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ និង​ដាក់​ជូន​ប្រធាន​រដ្ឋ​សភា និង​ប្រធាន​ព្រឹទ្ធសភា ក្នុង​ការ​​ដាក់​​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ប្រសិន​បើ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ​កាន់​តែ​ធ្ងន់ធ្ងរ៖ «ខ្ញុំ​មិន​ចង់​ឲ្យ​កម្ពុជា​ឈាន​ដល់​ការ​បិទ​ប្រទេស ឬ​បិទ​ផ្នែក​ណាមួយ​​​ទេ ព្រោះ​​បណ្ដាល​ឲ្យ​​សេដ្ឋកិច្ច​កម្ពុជា​ ជាប់​គាំង​ទាំង​ស្រុង និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ»។

ប្រធាន​​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អ៊ុល វ៉ាន់ ស្វាគមន៍​បំណង​របស់​រដ្ឋាភិបាល ក្នុង​ការ​មិន​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន។ លោក​យល់​ថា រដ្ឋាភិបាល គួរ​តែ​បន្ថែម​វិធានការ​ទៀត ដូចជា​ ការ​បង្កើន​ការ​ចែក​សម្ភារៈ​សុវត្ថិភាព​ជូន​ពលរដ្ឋ និង​វិធានការ​ចត្តាឡីស័ក​ ជាដើម ជា​ជាង​ការ​​បិទ​ប្រទេស ឬ​ដាក់​ប្រទេស​ ក្នុង​ភាព​អាសន្ន។

តំណាង​សង្គម​ស៊ីវិល​រូប​នេះ សង្កេត​ឃើញ​ថា ពលរដ្ឋ​ចាប់​ផ្ដើម​ភ័យ​ខ្លាច និង​ចូលរួម​ការពារ​ខ្លួន​ប្រសើរ​ជាង​មុន ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។ តែ​យ៉ាង​ណា លោក អ៊ុល វ៉ាន់ ព្រួយ​បារម្ភ​ថា ការ​​ចាត់​វិធានការ​ភ្លាមៗ ដូច​ជា ការ​បិទ​កន្លែង​អាជីវកម្ម​មួយ​ចំនួន នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ នឹង​បង្ក​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច ដល់​ម្ចាស់​ហាង និង​កម្មករ៖ « រដ្ឋាភិបាល​អាច​ព្យាយាម​ធ្វើ​ការ​កំណត់​អ្នក​ដែល​គាត់​ប៉ះពាល់​ជាមួយ​ព្រឹត្តិការណ៍​​ចម្លង​ទ្រង់ទ្រាយ​ធំ ដូចជា​ការ​ចម្លង​​នៅ​ថ្ងៃ ២៨ វិច្ឆិកា ហ្នឹង​ ហើយ​ធ្វើការ​ទំនាក់ទំនង ក៏​ដូច​ជា​ធ្វើ​ការ​ព្យាបាល ដល់​អ្នក​ដែល​ប៉ះពាល់​បញ្ហា​កូវីដ​ហ្នឹង​ណា អ្នក​ដែល​ចម្លង​ជំងឺ​កូវីដ​ហ្នឹង ឲ្យ​បាន​ប្រសិទ្ធិ​ភាព​ខ្ពស់។ ផ្ដល់​នូវ​ការ​គាំទ្រ​ ដូច​ជា​ សម្ភារៈ​ការពារ​សុវត្ថិភាព​​ដល់​ប្រជាពលរដ្ឋ។ ជាពិសេស​ នៅ​​ទីតាំង​សាធារណៈ នៅ​អគារ​សាធារណៈ​អ្វី​ផ្សេងៗ ដើម្បី​ឲ្យ​ប្រជាជន​ហ្នឹង គាត់​អាច​មាន​លទ្ធភាព​ប្រើប្រាស់​សម្ភារៈ​ទាំង​អស់​ហ្នឹង​ នៅ​ក្នុង​ការ​ការពារ​សុវត្ថិភាព​របស់​ពួកគាត់​ដែរ ដូចជា​ ម៉ាស់ ដូចជា អាល់កុល ទឹក​លាង​ដៃ អ្វី​ជាដើម​ហ្នឹង»

ដោយឡែក នៅ​ថ្ងៃ​ទី៧ ធ្នូ ក្រសួង​សុខាភិបាល បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ២នាក់​ទៀត ពាក់ព័ន្ធ​ព្រឹត្តិការណ៍​ឆ្លង​ចូល​សហគមន៍។ អ្នក​ទាំង ២នាក់​នេះ គឺ​ម្នាក់​ជា​យុវជន​វ័យ ២១ឆ្នាំ ​ស្នាក់​នៅ​បន្ទប់​ជួល ម្ដុំ​វត្ត​សន្សំ​កុសល ក្នុង​សង្កាត់​បឹង​ទំពុន​​ ខណ្ឌ​មានជ័យ ហើយ​ជា​អ្នក​ស្នាក់​នៅ​ជាមួយ​អ្នក​កើត​ជំងឺ​កូវីដ១៩ ធ្វើការ​នៅ​ហាង​លក់​សំលៀក​បំពាក់​​​ប៉េត្រូ «Pedro» ផ្លូវ​ព្រះមុនីវង្ស។ ​ម្នាក់​ទៀត គឺ​ជា​មន្ត្រី​ក្រសួង​មហាផ្ទៃ ភេទ​ស្រី អាយុ​២៩​ឆ្នាំ ​ស្នាក់​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ ​ធ្លាប់​ចូល​ក្នុង​ហាង​លក់​​ ​សំលៀក​បំពាក់ ហ្សែនដូ «Zando» បឹងកេងកង កាល​ពី​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ​ដោយ​មិន​ពាក់​ម៉ាស​។ អ្នក​ជំងឺ​ទាំង​២នាក់ កំពុង​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ។

ក្រសួង​ឲ្យ​ដឹង​ដែរ​ថា ចាប់​តាំង​ពី​ថ្ងៃ​ផ្ទុះ​ជំងឺ​កូវីដ១៩ ពី​ថ្ងៃ​ទី២៩ វិច្ឆិកា ដល់​ថ្ងៃ​ទី៦ ធ្នូ ក្រសួង​ បាន​ធ្វើតេស្ត​មនុស្ស​សរុប ជាង​មួយ​ម៉ឺន (១១.៣០៥) ហើយ​រក​ឃើញ​អ្នក​កើត​ជំងឺ​កូវីដ១៩ ចំនួន ៣២នាក់។ អ្នក​ជំងឺ​ទាំង ៣២នាក់ កំពុង​សម្រាក​ព្យាបាល ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត និង​មណ្ឌល​សុខភាព​ចាក់​អង្រែ។ ក្រសួង​នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២៨ វិច្ឆិកា​ទាំង​អស់ និង​អ្នក​ធ្វើតេស្ត​អវិជ្ជមាន​លើក​ទី១ ទៅ​ធ្វើតេស្ត ជា​បន្ត​បន្ទាប់​ទៀត​ នៅ​ក្នុង​បរិវេណ​ក្រសួង​មហាផ្ទៃ បរិវេណ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក និង​នៅ​តាម​មន្ទីរ​សុខាភិបាល​ខេត្ត​នានា។

ជាមួយគ្នានេះ រដ្ឋាភិបាល​ នៅ​តែ​បន្ត​បិទ​ទីតាំង​អាជីវកម្ម​មួយ​ចំនួន​បន្ត​ទៀត ដូចជា អគារ​កាណាឌីយ៉ា ធនាគារ​កាថេយូណាធីត (Cathay United Bank) នៅ​ផ្លូវ​សម្ដេច​ប៉ាន និង​ហាង​លក់​ទំនិញ​មួយ​ចំនួន ដែល​មាន​ការ​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ១៩ ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​នេះ។ រីឯ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ក៏​បាន​សម្រេច​បិទ​បរិវេណ​ក្រសួង​មហាផ្ទៃ បណ្ដោះ​អាសន្ន​ដែរ ​ដើម្បី​ទប់​ស្កាត់​​ការ​រីក​រាល​ដាល​​ជំងឺ​កូវីដ១៩។ ក្នុង​បទ​បញ្ជា ​ចុះ​ថ្ងៃ​ទី៧ ធ្នូ លោក ស ខេង បញ្ជា​ឲ្យ​ មន្ត្រី​ធ្វើការ ​ក្នុង​ក្រសួង​មហាផ្ទៃ​ទាំង​អស់ ត្រូវ​ធ្វើ​ចត្តាឡីស័ក​ តាម​​ផ្ទះ​ រយៈ​ពេល ១៤ថ្ងៃ និង​ត្រូវ​ទៅ​ធ្វើតេស្ត​ ឲ្យ​បាន​ត្រឹមត្រូវ តាម​វិធានការ​ក្រសួង​សុខាភិបាល។

គិត​ត្រឹម​ថ្ងៃ​ទី៧ ខែធ្នូ កម្ពុជា​បាន​រក​ឃើញ អ្នក​ឆ្លង​​ជំងឺ​កូវីដ​១៩ សរុប ៣៤៨នាក់។ ក្នុង​នោះ​ព្យាបាល​ជា​សះ​ស្បើយ ចំនួន ៣០៦នាក់ និង​កំពុង​សម្រាក​ព្យាបាល ៤២នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។