លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើវេទិកានៃការរំឭកដល់យុទ្ធជនខ្មែរ-បារាំង ដែលបាត់បង់ជីវិតក្នុងសង្គ្រាមលោកលើកទី១ យកមកលើកសរសើរពីតម្លៃនៃសន្តិភាពដែលលោកអះអាងថា កម្ពុជាកំពុងមានសព្វថ្ងៃនេះ។ មន្ត្រីបក្សប្រឆាំង និងអ្នកវិភាគ ថា លោក ហ៊ុន សែន មិនមែនស្រឡាញ់សន្តិភាពពិតប្រាកដនោះឡើយ នៅលើពិភពលោកគ្មានសន្តិភាពឯណាកើតឡើងក្រោមការគំរាមកំហែង ក្រោមការចាប់ចង ក្រោមសម្រែកដ៏ឈឺចាប់របស់ពលរដ្ឋនោះទេ។
ក្នុងពិធីសម្ពោធវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា នេះ លោក ហ៊ុន សែន ថ្លែងចំពោះមុខឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ថា លោកចាត់ទុកការបាត់បង់ជីវិតរបស់យុទ្ធជនខ្មែរទាំង១៩៨នាក់នាពេលនោះ គឺជាការដាស់តឿនដល់យុវជនខ្មែរជំនាន់នេះឱ្យស្គាល់ពីតម្លៃសន្តិភាព។ លោកអំពាវនាវឱ្យពលរដ្ឋចូលរួមថែរក្សាសន្តិភាពនោះ ដោយទប់ស្កាត់នូវល្បិចលនយោបាយដែលបង្កឱ្យមានសង្គ្រាម និងអស្ថិរភាពសង្គម។
លោក ហ៊ុន សែន៖ «មុននឹងបញ្ចប់ ខ្ញុំសូមយកឱកាសនេះ អំពាវនាវបងប្អូនជនរួមជាតិ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសគណបក្សនយោបាយ និងមេដឹកនាំប្រទេស ដែលបងប្អូនស្រឡាញ់ពេញចិត្ត និងជឿជាក់ថា ជាគណបក្សដែលដឹកនាំ ធ្វើឱ្យប្រជាជន រស់នៅក្នុងសុខសន្តិភាព ភាពសុខដុមរមនាគ្រប់ជាតិសាសន៍ មានការអភិវឌ្ឍគ្រប់វិស័យ ជាមួយនឹងភាពសម្បូរសប្បាយរុងរឿងជូនប្រទេសជាតិ និងប្រជាជន ទាំងបច្ចុប្បន្ន និងទៅអនាគារ»។
ទោះជាយ៉ាងណា ការថ្លែងលើកពីគុណតម្លៃសន្តិភាព លោក ហ៊ុន សែន ដដែលៗនេះ ហាក់បង្កប់នូវខ្លឹមសារគំរាមឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតបង្គ្រប់កិច្ចនៅថ្ងៃទី២៣ កក្កដា ខាងមុខ ទោះបីគ្មានវត្តមានគណបក្សប្រឆាំងក៏ដោយ។ កន្លងមកលោក ហ៊ុន សែន ធ្លាប់ភ្ជាប់អត្ថន័យ នៃពាក្យសន្តិភាព ថា “សង្គ្រាមនឹងកើតឡើង ប្រសិនបើគណបក្សកាន់អំណាចរបស់លោកចាញ់ឆ្នោត” និងការគំរាមថា “បោះដើម្បីសន្តិភាព ឬបោះដើម្បីសង្គ្រាម” ជាដើម។
តម្លៃសន្តិភាព ដែលលោក ហ៊ុន សែន តែងតែរំឭកនោះ គឺជាគុណបុណ្យមិនចេះចប់មិនចេះហើយនៃការរំដោះកម្ពុជាចេញពីរបបខ្មែរក្រហម កាលពីជាង៤០ឆ្នាំមុន ទោះបីជា រដ្ឋាភិបាលសភាឯកបក្សមួយនេះ បានគំរាមកំហែង ចាប់សកម្មជន សិទ្ធិមនុស្ស សកម្មជនដីធ្លី និងមន្ត្រីគណបក្សប្រឆាំង ដាក់ពន្ធនាគារ ក្រោមបទចោទក្លែងក្លាយ រំលាយគណបក្សប្រឆាំង បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងប្រើហិង្សាមកលើអ្នកតវ៉ាយ៉ាងណាក្ដី។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ កក្កដា ថា លោក ហ៊ុន សែន មិនមែនជាមេដឹកនាំសន្តិភាពនិយមដូចការលើកឡើងនោះទេ ព្រោះលោកតែងជ្រើសយកការប្រើកម្លាំងបាយ និងល្បិចកលបង្ក្រាបទៅលើគូប្រជែង បំបិទសម្លេងប្រជាធិបតេយ្យ និងធ្វើបាបប្រជាពលរដ្ឋ។ លោកបន្តថា លោក ហ៊ុន សែន តែងឱ្យអនុសាសន៍ទៅប្រទេសដែលកំពុងមានសង្គ្រាមឱ្យជ្រើសរើសយកការចរចាសន្ទនាគ្នាដោយសន្តិវិធី ខណៈបញ្ហានយោបាយក្នុងប្រទេសរបស់ខ្លួន លោកគ្មានសមត្ថភាពដោះស្រាយ និងបិទការចរចាជាមួយបក្សប្រឆាំងទៅវិញ។
លោក ម៉ែន សុថាវរិន្ទ្រ៖ «ហើយបើសិនជាគាត់ អ្នកសន្តិភាពនិយមពិតប្រាកដមែន អ៊ីចឹងខ្ញុំសូមឱ្យអនុសាសន៍ ខ្ញុំចង់ឱ្យមានវប្បធម៌សន្ទនា។ កុំឱ្យគាត់ឱ្យយោបល់ទៅគេ ប៉ុន្តែប្រទេសខ្លួនឯងត្រូវកប់វប្បធម៌សន្ទនា(ដែល)ជាមធ្យោបាយមួយ គឺជាជម្រើសតែមួយទេ ដែលល្អ ដែលខ្មែរយើងធ្លាប់តែមានជាយូរមកហើយៗធ្លាប់បានធ្វើជាមួយគ្នា។ អ៊ីចឹងពួកយើង អត់ចង់ឱ្យអ្នកដឹកនាំប្រើវប្បធម៌ហិង្សា វប្បធម៌អរិយភាព ចង់កម្មចងពៀរនឹងគ្នាគ្មានទីបញ្ចប់ ដូចពាក្យគេថា ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។
ទាក់ទិនរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត យល់ឃើញថា ពាក្យសន្តិភាពដែលលោក ហ៊ុន សែន បានអាននៅចំពោះមុខអគ្គរាជទូតបារាំងនេះ ទំនងជាលោកនិយាយសំដៅទៅលើសមាជិកគ្រួសារ និងមន្ត្រីស្និទ្ធនឹងរដ្ឋាភិបាលលោក ដែលកំពុងរស់នៅបែបអភិជន និងមានអំណាចក្នុងជួររដ្ឋាភិបាល។ លោកបន្តថា ហ៊ុន សែន កំពុងឱ្យនិយមន័យខុសទៅលើពាក្យសន្តិភាព ដែលខ្លឹមសារពិតប្រាកដនៃសន្តិភាពនៅកម្ពុជា នោះគឺការអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារដើមទាំងស្រុងនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ការបើកលម្ហសិទ្ធិសេរីភាពបញ្ចេញមតិ និងការរៀបចំការបោះឆ្នោតដោយត្រឹមត្រូវ ឈរលើគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។
លោក ម៉ែន ណាត៖ «ពាក្យថាសន្តិភាពរបស់លោក ហ៊ុន សែន យើងមើល!សូម្បីតែអ្នកទទួលពានរង្វាន់ណូបែលសន្តិភាព ក៏លោក ហ៊ុន សែន បណ្ដេញចេញពីកម្ពុជាដែរ។ បើសន្តិភាពណូបែលកម្រិតពិភពលោកហើយ លោក ហ៊ុន សែន បណ្ដេញមិនឱ្យចូលកម្ពុជា អ្នកសន្តិភាពមិនការពារអ្នកសន្តិភាពគ្នាឯងផង?ពាក្យសន្តិភាពរបស់គាត់ហ្នឹង មានន័យថា អសន្តិភាព»។
កាលពីឆ្នាំ២០២២ អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចេញរបាយការណ៍មួយស្ដីពីសន្ទស្សន៍នៃការគោរពនីតិរដ្ឋ ដោយបានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា នៅជិតបាតតារាង គឺជាប់លេខ១៣៩ ក្នុងចំណោម ១៤០ប្រទេសដែលមានកេរ្តិ៍ឈ្មោះអសោចខាងការមិនគោរពសិទ្ធិមនុស្ស និងរំលោភប្រព័ន្ធនីតិរដ្ឋ។ ចំណាត់ថ្នាក់បាតតារាងនេះគឺកម្ពុជាស្ថិតនៅលើប្រទេសវេណេហ្ស៊ុយអេឡា(Venezuela)តែមួយគត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។