អ្នក​វិភាគ​ថា លោក ហ៊ុន សែន នឹង​ក្លាយ​ជា​បង​ធំ​ផ្ដាច់ការ​នៅ​តំបន់​អាស៊ាន

ដោយ ទីន ហ្សាការីយ៉ា
2023.06.06
អ្នក​វិភាគ​ថា លោក ហ៊ុន សែន នឹង​ក្លាយ​ជា​បង​ធំ​ផ្ដាច់ការ​នៅ​តំបន់​អាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំអាស៊ាន កាល​ពី​ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ថា របប​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា កំពុង​ដំណើរការ​ទៅ​មុខ។ ប៉ុន្តែ​អ្នក​វិភាគ​មើល​ឃើញ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន គ្រាន់​តែ​ជា​ការ​បោកប្រាស់​ពលរដ្ឋ ហើយ​លោក​នឹង​ត្រូវ​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ជា​បង​ធំ​ផ្ដាច់ការ​នៅ​តំបន់​អាស៊ាន ក្រោយ​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា​ខាង​មុខ។

ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ត្រូវ​បាន​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា កំពុង​ប្រាសចាក​កាន់​តែ​ឆ្ងាយ​ពី​របប​លទ្ធិ​ប្រជាធិបតេយ្យ ខណៈ​អ្នក​វិភាគ​ព្រមាន​ថា នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧ នៅ​ខែ​កក្កដា​ខាង​មុខ ដែល​គ្មាន​គណបក្ស​ភ្លើង​ទៀន​ចូលរួម គឺ​លោក ហ៊ុន សែន នឹង​ទទួល​រង​សម្ពាធ​ធ្ងន់​ពី​សហគមន៍​អន្តរជាតិ។

អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ លើកឡើង​ថា លោក ហ៊ុន សែន បាន​បកស្រាយ​ខុស​ពី​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ពិត​ប្រាកដ។ លោក​បន្ត​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គឺ​មេ​ដឹកនាំ​ចេះ​សម្របសម្រួល​ផ្សះផ្សា​នយោបាយ​ផ្ទៃ​ក្នុង មិន​មែន​គិត​តែ​ពី​ការ​ចាប់ចង​អ្នក​នយោបាយ​មាន​និន្នាការ​ផ្សេង​ដាក់​ក្នុង​ពន្ធនាគារ​ឡើយ។ លោក​បន្ថែម​ថា សង្គម​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ពិត​ប្រាកដ គឺ​មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​លើ​ការ​រំលោភ​អំណាច នៅ​ពេល​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​រំលោភ​សិទ្ធិ​មនុស្ស ការ​បោះឆ្នោត​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​ជា​ដើម។

លោក គឹម សុខ៖ «ហើយ​បើ​និយាយ​ពី​ច្បាប់ ឬ Rule of Law នេះ​វិញ វា​ទាល់​តែ​មាន​ច្បាប់​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ។ (រដ្ឋ) ត្រូវ​មាន​ច្បាប់​ហើយ ប៉ុន្តែ​ច្បាប់​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​និង​សង្គម ហើយ​ការ​អនុវត្ត​ច្បាប់​ហ្នឹង​ទៀត​សោត ត្រូវ​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់ មិន​មែន​បម្រើ​ផល​ប្រយោជន៍​បុគ្គល​ទេ។ កាល​ណា​យក​ច្បាប់​ទៅ​សូត្រ បម្រើ​ផល​ប្រយោជន៍​បុគ្គល និង​គ្រួសារ អាណុង ផ្ដាច់ការ​ហើយ។ ម្ល៉ោះ​ហើយ បាន​ខ្ញុំ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរ​ពិនិត្យ​ឱ្យ​ច្បាស់ ឱ្យ​ច្បាស់​ឡើង​វិញ​ថា​ប្រព័ន្ធ​ដែល​គាត់​ដឹកនាំ គោរព​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ឬ​អត់»

ការ​លើកឡើង​ពី​អ្នក​វិភាគ​រូប​នេះ បាន​ធ្វើឡើង បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា និង​ប្រគល់​សញ្ញាប័ត្រ​ដល់​សិស្ស​វិជ្ជាជីវៈ​តុលាការ​ជិត ២ពាន់​នាក់ នៅ​ថ្ងៃ​ទី៦ មិថុនា​ថា ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា កំពុង​ដំណើរការ​ទៅ​មុខ​។ លោក​បន្ត​ថា បើ​កម្ពុជា​គ្មាន​ការ​អនុវត្ត​ច្បាប់​ទេ នោះ​អ្នក​មាន​អំណាច​នឹង​បំពាន​អ្នក​ខ្សោយ។

លោក គឹម សុខ៖ «ហើយ​យើង​កំពុង​ដំណើរការ​ប្រជាធិបតេយ្យ​នីតិរដ្ឋ ត្រូវ​ចាំ​ឱ្យ​ច្បាស់​អា​ពីរ​ហ្នឹង ប្រជាធិបតេយ្យ ដែល​គ្មាន​ការ​គោរព​ច្បាប់ គឺ​អានាធិបតេយ្យ។ បើ​គិត​តែ​ពី​ការ​អនុវត្ត​ច្បាប់ ដោយ​មិន​បើក​សេរីភាព គឺ​វា​ផ្ដាច់ការ​។ អ៊ីចឹង! វា​ត្រូវ​អម​ដំណើរ​ជាមួយ​គ្នា រវាង​ប្រជាធិបតេយ្យ​នីតិរដ្ឋ នៅ​លើ​ពិភពលោក ក៏​គេ​កំពុង​ធ្វើ​អា​ហ្នឹង​ដែរ»

ទោះបីជា​លោក ហ៊ុន សែន ខំ​លើក​តម្កើង​ថា កម្ពុជា​មាន​នីតិរដ្ឋ​និង​មាន​ការ​បើក​ទូលាយ​សេរីភាព​សម្រាប់​ពលរដ្ឋ ប៉ុន្តែ​ការ​ដឹកនាំ​ជិត ៤០ឆ្នាំ​របស់​លោក ហ៊ុន សែន ត្រូវ​បាន​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​អះអាង​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​អាក្រក់ និង​គ្មាន​ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​ឡើយ។

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើកឡើង​ជា​បន្ត​បន្ទាប់​ថា មាន​ឥស្សរជន​គណបក្ស​ប្រឆាំង​រាប់​រយ​នាក់ អ្នក​កាសែត មេ​ដឹកនាំ​សហជីព និង​អ្នក​ធ្វើ​កិច្ចការ​សង្គម​ជា​ច្រើន​ទៀត ត្រូវ​បាន​សម្លាប់​ដោយ​ហេតុផល​នយោបាយ។ ក្នុង​ករណី​ឃាតកម្ម​ជាច្រើន​នោះ អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​សម្លាប់ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សមាជិក​សន្តិសុខ​រដ្ឋាភិបាល ប៉ុន្តែ​មិន​មាន​ការ​ស៊ើបអង្កេត ឬ​ការ​កាត់ទោស​ដែល​អាច​ជឿ​ទុកចិត្ត​បាន លើ​អ្នក​ទទួល​ខុសត្រូវ​ទាំង​នោះ​ឡើយ។ លើស​ពី​នេះ កង​កម្លាំង​សន្តិសុខ​ក៏​បាន​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត វាយ​ដំ យាយី និង​បំភិតបំភ័យ​អ្នក​រិះគន់​រដ្ឋាភិបាល​ជាច្រើន​ទៀត។

អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ លើកឡើង​ដែរ​ថា លោក ហ៊ុន សែន កំពុង​ព្រួយ​បារម្ភ​ខ្លាំង​ពី​ការ​ដាក់​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃ​ទី២៣ ខែ​កក្កដា​ខាង​មុន​នេះ។ លោក​បន្ត​ថា សម្ពាធ​ទាំង​នោះ រួម​មាន​សហគមន៍​អន្តរជាតិ​និយម​ប្រជាធិបតេយ្យ នឹង​បង្កើត​ការ​សង្ស័យ​វត្តមាន​ទ័ព​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ការ​ព្រមាន​ធ្ងន់ៗ មិន​ទុក​មុខ​ឱ្យ លោក ហ៊ុន សែន នៅ​ពេល​លោក​ចូលរួម​វេទិកា​អន្តរជាតិ​នានា និង​ការ​ដាក់​សម្ពាធ​កាន់​តែ​ធំ​លើ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​កម្ពុជា ដែល​អាច​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​កាន់​តែ​មិន​ចាប់​អារម្មណ៍​ឬ​រក​ស៊ី​ចំណេញ​តិច ហើយ​ត្រូវ​បង្ខំ​ចិត្ត​កាត់បន្ថយ​ការងារ​កម្មករ​កម្មការិនី​បន្ថែម​ទៀត។

អ្នក​វិភាគ​រូប​នេះ​លើកឡើង​ទៀត​ថា លោក ហ៊ុន សែន ក៏​នឹង​មាន​វាសនា​ប្រហាក់ប្រហែល​មេ​ដឹកនាំ​រដ្ឋប្រហារ​មីយ៉ាន់ម៉ា​ឬ​ភូមា​លោក មីន អ៊ុងឡាំង (Min Aung Hlaing) ដែរ។ លោក ហ៊ុន សែន អាច​នៅ​មាន​មុខ​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​អាស៊ាន ប៉ុន្តែ​មិន​សូវ​ទទួល​បាន​ការ​រាប់រក ឬ​រាក់ទាក់ ហើយ​ក៏​មិន​អាច​ទទួល​បាន​កិច្ច​សហប្រតិបត្តិការ​ឡើយ ព្រោះ​មេ​ដឹកនាំ​ភាគ​ច្រើន​របស់​អាស៊ាន នឹង​មើល​លោក ហ៊ុន សែន ក្នុង​សែស្រឡាយ​នៃ​មេ​ដឹកនាំ​រដ្ឋប្រហារ​នៅ​ភូមា។

លោក គឹម សុខ៖ «ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក ហ៊ុន សែន នឹង​ត្រូវ​សហគមន៍​អន្តរជាតិ ចាត់​ទុក​ជា​បង​ធំ​ផ្ដាច់ការ​នៅ​តំបន់​អាស៊ាន រី​ឯ មីន អ៊ុងឡាំង មេ​រដ្ឋប្រហារ​យោធា​នៅ​ភូមា​វិញ គ្រាន់​តែ​ជា​បង​តូច​ម្នាក់ គ្រាន់​តែ​លៃលក​គ្រប់​យុទ្ធវិធី​ក្ដោប​អំណាច តាម​គំរូ​ឧបាយកល​របស់​លោក ហ៊ុន សែន តែ​ប៉ុណ្ណោះ។ របប​ដឹកនាំ​បែប​យោធា​ទាំង​ពីរ នឹង​ប្រឈម​នូវ​បញ្ហា​សេដ្ឋកិច្ច ក្រោម​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ ប្រជាពលរដ្ឋ​អត់​ការងារ​កាន់​តែ​ច្រើន ចំណាក​ស្រុក​ក៏​កាន់​តែ​ច្រើន ហើយ​ជំពាក់​បំណុល​ធនាគារ ក៏​កាន់​តែ​ច្រើន​ដែរ»

ជុំវិញ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ​ដែរ អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គីមសួរ ភីរិទ្ធ មាន​ប្រសាសន៍​ថា កម្ពុជា​មិន​ទាន់​បាន​អនុវត្ត​ចំ​ទាំង​ស្រុង​នៃ​គោលការណ៍​គ្រឹះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ ដោយសារ​តែ​គណបក្ស​ប្រឆាំង ដែល​មាន​សំឡេង​គាំទ្រ​ច្រើន អាច​ប្រកួត​ប្រជែង​ដណ្ដើម​អំណាច​ជាមួយ​គណបក្ស​កាន់​អំណាច ត្រូវ​បាន​រារាំង​ជា​បន្ត​បន្ទាប់ មិន​ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោត។

លោក គីមសួរ ភីរិទ្ធ៖ «ខ្ញុំ​យល់​ថា ប្រជាធិបតេយ្យ​បែប​នេះ មិន​ពេញលេញ​ទេ ហើយ​បើ​ប្រៀបធៀប​ទៅ​ប៉ុន្មាន​ឆ្នាំ​មុន យើង​មិន​អាច​និយាយ​ថា វា​ជឿនលឿន​ទៅ​មុខ​ទេ គឺ​វា​ដើរ​ថយក្រោយ​ហើយ»

ជាមួយ​គ្នា​នេះ សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប បារាំង និង​អូស្ត្រាលី​ជាដើម ដែល​សុទ្ធ​តែ​ជា​ប្រទេស​និយម​ប្រជាធិបតេយ្យ បាន​ជំរុញ​ឱ្យ​កម្ពុជា​ងាក​មក​គន្លង​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ ស្របតាម​ច្បាប់​អន្តរជាតិ​ឡើង​វិញ ខណៈ​ប្រទេស​ទាំង​នោះ ចាត់​ទុក​ការ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន ជា​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​បំផុត ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ​នេះ ជា​ទង្វើ​ប្រាសចាក​ពី​ប្រជាធិបតេយ្យ៕

អត្ថបទពេញនិយម
នយោបាយ
ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ស្នើ​ឱ្យ​អង្គការ​សហប្រជាជាតិ​កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។