មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែនអះអាងថា ពលរដ្ឋខ្មែររស់នៅជាមួយភាពសុខដុមរមនា គ្មានការរើសអើង ពលរដ្ឋគ្រប់រូបទទួលបានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿសាសនា និងទំនៀមទម្លាប់ប្រពៃណី។
លោកហ៊ុនថែ្លងដូចនេះ កាលពីកាលពីថ្ងៃទី១៩ វិច្ឆិកា ក្នុងឱកាសបើកកិច្ចប្រជុំកំពូលអាស៊ី ប៉ាស៊ីហ្វិក លើកទី២ នៅរាជធានីភ្នំពេញ គឺធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ ទាំងក្នុងស្ថានភាពប្រទេសកម្ពុជា កំពុងស្ថិតក្នុងរបបឯកបក្ស៖« បច្ចុប្បន្ន ប្រជាជនកម្ពុជារស់នៅជាមួយនឹងភាពសុខដុមរមនាគ្រប់ជាតិសាសន៍ គ្មានការរើសអើង ប្រជាជនគ្រប់រូបទទួលបានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿសាសនា និងទំនៀមទម្លាប់ប្រពៃណីដោយសេរី និងទទួលបានសេវាសាធារណៈទូលំទូលាយ និងស្មើភាពគ្នា»។
កិច្ចប្រជុំកំពូលអាស៊ី ប៉ាស៊ីហ្វិក ដែលមានអ្នកតំណាងមកពីជាង ៤០ប្រទេស ចូលរួមប្រព្រឹត្តិទៅរយៈ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ វិច្ឆិកា នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ កិច្ចប្រជុំឆ្នាំនេះក្រោមប្រធានបទការឆ្លើយតបចំពោះបញ្ហាប្រឈម គន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល។ កិច្ចប្រជុំនេះ ធ្វើឡើងលើកដំបូង កាលពីឆ្នាំ២០១៨ នៅប្រទេសនេប៉ាល់។
នេះជាកិច្ចប្រជុំថ្នាក់អន្តរជាតិកំពូលលើកដំបូង សម្រាប់ប្រទេសកម្ពុជា ក្រោយការរៀបចំបោះឆ្នោតឆ្នាំ២០១៨ រួចមក ដែលស្ថិតក្នុងកាលៈទេសៈ សហគមន៍អន្តរជាតិ កំពុងទាមទារឲ្យរបបក្រុងភ្នំពេញស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី សង្កេតឃើញថា រដ្ឋាភិបាល បានខិតខំធ្វើកិច្ចការងារការទូតច្រើន ក្រោយបោះឆ្នោតឆ្នាំ២០១៨ រួចមក គឺដើម្បីចង់បង្ហាញប្រាប់អន្តរជាតិថា ជារដ្ឋាភិបាលស្របច្បាប់។ បើទោះជាបែបណា លោកបណ្ឌិត មាស នី ថា ជារឿងធម្មតាកិច្ចប្រជុំធំៗបែបនេះ គឺប្រទេសធំៗ ឬប្រទេសអ្នកមាន ចង់ចំណេញសេដ្ឋកិច្ច ឯក្រុមប្រទេសក្រីក្រ ចង់ចំណេញបានផលប្រយោជន៍នយោបាយ៖ « សម្រាប់ប្រទេសមួយចំនួននោះ ជាពិសេសប្រទេសដែលក្រីក្រ ហើយមិនមានសមត្ថភាពផ្នែកសេដ្ឋកិច្ចហ្នឹង ជាការមើលឃើញរបស់ខ្ញុំ ការចូលរួមហ្នឹង គ្រាន់តែចូលរួមដើម្បីឲ្យបានចំណេញផលប្រយោជន៍ផ្នែកនយោបាយ។ ក៏ប៉ុន្តែ ថាតើខ្លួនឯង អាចទាញយកផលប្រយោជន៍អ្វីខ្លះ ពីសេដ្ឋកិច្ចនៅក្នុងការចូលរួមហ្នឹង យើងមើលទៅ អត់ឃើញចំណេញ។ ខ្ញុំសុំមិននិយាយពី កម្ពុជាថា តើកម្ពុជា នៅត្រង់ណាទេ»។
ក្រៅពីកិច្ចប្រជុំកំពូលអាស៊ី ប៉ាស៊ីហ្វិក ឆ្នាំ២០១៩នេះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប (ASEM) លើកទី១៣ នៅឆ្នាំ២០២០ មួយទៀត ដែលមានតំណាងប្រទេសនៅទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ៥១ប្រទេសចូលរួម ព្រមទាំងតំណាងសហគមន៍អឺរ៉ុប និងតំណាងអាស៊ានចូលរួមផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។