លោកនាយករដ្ឋមន្ត្រី អះអាងថា ទោះលោកឈប់ធ្វើនាយករដ្ឋមន្ត្រី ក៏លោកនៅតែមានសិទ្ធិបញ្ជានាយករដ្ឋមន្ត្រីថ្មី និងរដ្ឋមន្ត្រីដដែល។ លោកព្រមានថា បើអ្នកទាំងនោះមិនស្ដាប់តាមលោក លោកនឹងដកតំណែងចោល។ អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងយល់ថា ការថ្លែងរបស់លោក ហ៊ុន សែន បែបនេះ ជាការទទួលស្គាល់ថា កូនប្រុសលោក គឺលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនពីឪពុកនោះ ជាមនុស្សក្មេងខ្ចីគ្មានស្នាដៃ ទើបលោក ហ៊ុន សែន ឈរនៅពីក្រោយតាមការពារដូច្នេះ។
ក្រុមអ្នកឃ្លាំមើលថា លោក ហ៊ុន សែន ទំនងនឹងលាឈប់ពីតំណែងនាយករដ្ឋមន្ត្រី ដើម្បីប្រគល់តួនាទីនេះឲ្យទៅលោក ហ៊ុន ម៉ាណែត ពេលខាងមុខដ៏ខ្លីនេះ ទើបលោក ហ៊ុន សែន ថ្លែងជាញឹកញាប់ ដែលមានទាំងការសរសើរ និងការព្រមានផង ទៅបេក្ខជននាយករដ្ឋមន្ត្រីបន្ទាប់ពីលោកដូច្នេះ។ ពួកគេព្យាករថា លោក ហ៊ុន សែន អាចនឹងផ្ទេរអំណាចទៅកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ក្រោយការបោះឆ្នោតឆ្នាំ២០២៣។
មន្រ្តីជាន់ខ្ពស់ និងជាអតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ថា លោក ហ៊ុន សែន ប្រកាសឈរពីក្រោយកូនប្រុស ដើម្បីទប់កុំឲ្យមានការបះបោរ នៅពេលលោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេស។ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ លើកឡើងទៀតថា បើលោក ហ៊ុន សែន នៅតែមានឥទ្ធិពលលើការងារដឹកនាំប្រទេសបែបនេះ រដ្ឋាភិបាល ដែលលោកដឹកនាំដោយកូនប្រុសលោក នៅតែមានការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដដែល។ លោកព្រួយបារម្ភថា ពលរដ្ឋកម្ពុជានៅតែជួបការលំបាក ហើយប្រទេសក៏គ្មានការរីកចម្រើននោះដែរ៖ « ជាមេបក្សហ្នឹង ដើម្បីតម្រង់ក្បាល ( លោក ហ៊ុន សែន ) ឬអ្នកណាកូនគាត់ ឬអ្នកដឹកនាំថ្មីហ្នឹង យុវជនដឹកនាំថ្មីអត់ឲ្យងាកចេញពីគោលនយោបាយរបស់បក្ស ដែលដឹកនាំតាមរបៀបកុម្មុយនិស្តផ្ដាច់ការ។ កូន ( លោក ហ៊ុន ម៉ាណែត ) មិនងាករេពីគោលនយោបាយរបស់គាត់ទេ ប៉ុន្តែ គាត់អត់ទុកចិត្តអ្នកផ្សេង អាចធ្វើរដ្ឋប្រហារទម្លាក់កូនគាត់ ឬក៏មានជម្លោះផ្ទៃក្នុងណាមួយ គាត់សម្របសម្រួលជាមួយផ្ទៃក្នុង អ៊ីចឹងបានគាត់នៅចង់ធ្វើប្រធានបក្ស ព្រោះគាត់យល់ថា កូនរបស់មិនអាចគ្រប់គ្រងសភាពការណ៍បានទេ បើសិនគ្មានគាត់ជាប្រធានបក្ស » ។
មន្រ្តីបក្សប្រឆាំងលើកឡើងដូច្នេះ គឺក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ទោះលោកឈប់ធ្វើជានាយករដ្ឋមន្ត្រី ក៏លោកនៅតែបន្តតួនាទីជាប្រធានគណបក្សប្រជាជនកម្ពុជាដដែល។ លោក ហ៊ុន សែន ថា តំណែងប្រធានបក្សនេះអាចឲ្យបញ្ជា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីបានដដែល៖ « បើទោះជាខ្ញុំចាកចេញពីតួនាទីនាយករដ្ឋមន្ត្រី ខ្ញុំនៅតែធ្វើប្រធានប្រជាជនដដែល។ខ្ញុំមានសិទ្ធិត្រួតពិនិត្យលើសកម្មភាពនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនានា បើធ្វើមិនត្រូវដកចេញ ប្រធានបក្សដកចេញចប់។ និយាយអ៊ីចឹងគេថា ត្រៀមបញ្ជា តេឡេកុម្ម៉ង់ទៅនាយករដ្ឋមន្ត្រីតាមក្រោយ អ៊ី បោះឆ្នោតនៅកម្ពុជា គេបោះឲ្យបក្ស រួចហើយបានបក្សទទួលបន្តតែងតាំងនាយករដ្ឋមន្ត្រី » ។
លោក ហ៊ុន សែន ថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ក្នុងខេត្តសៀមរាប ថ្ងៃទី១៣ ខែកញ្ញា។
អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា សាររបស់លោក ហ៊ុន សែន ជាការទទួលស្គាល់ថា លោក ហ៊ុន ម៉ាណែត ដែលនឹងស្នងតំណែងពីលោក ដ្បិតតែមានសញ្ញាប័ត្របណ្ឌិតក្ដី ប៉ុន្តែ លោក ហ៊ុន ម៉ាណែត នៅតែមានភាពក្មេងខ្ចីទាំងការងារនយោបាយ និងការងារដឹកនាំប្រទេស ជាពិសេស គ្មានលទ្ធភាពប្រកួតប្រជែងជាមួយគណបក្សប្រឆាំង៖ « នោះមានន័យច្បាស់ណាស់ថា អំណាចរបស់លោក ហ៊ុន ម៉ាណែត អាចឈរជើងនឹងបានយូរក្នុងករណីតែមួយគត់ គឺធ្វើតាមរបៀបឪ ព្រោះ ហ៊ុន ម៉ាណែត មិនអាចទៅធ្វើជានាយករដ្ឋមន្ត្រី ដោយមានការគាំទ្រពីគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋខ្មែរបានទេ គឺជាអំណាចដែលឪពុកជួយប្លន់ឲ្យ ម៉្លោះហើយបានប្រើវិធីកៀបផ្ទៃក្នុងផង ហើយហ្នឹងកៀបគូប្រជែងនយោបាយពីគណបក្សផ្សេងៗ ទៀតក្រៅរដ្ឋាភិបាលផង » ។
នេះជាលើកទី២ ហើយដែល លោក ហ៊ុន សែន អះអាងថា ខ្លួននៅតែឥទ្ធិពល ទោះលោកមិនអង្គុយកៅអីនាយករដ្ឋមន្ត្រីក្ដី។ កាលពីថ្ងៃទី២៣ ខែសីហា លោក ហ៊ុន សែន បានប្រាប់ទៅកូនប្រុសរបស់លោកថា បើលោក ហ៊ុន ម៉ាណែត មិនដើរតាមគន្លងរបស់លោកទេ នឹងត្រូវគណបក្សប្រជាជនទាត់ចេញពីមុខតំណែង។ លោក ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជាគាំទ្រឲ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ពីលោក ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។