លោក ហ៊ុន សែន ប្រកាស​​ជា​​ថ្មី​ថា ​​នឹង​​ទៅ​​ប្រជុំ​នៅ​​សហរដ្ឋ​អាមេរិកដោយ​​មាន​​អ្នក​​គាំទ្រ​រាប់​ពាន់​ចាំស្វាគមន៍​

ដោយ ទីន ហ្សាការីយ៉ា
2022.05.03
Share on WhatsApp
Share on WhatsApp
លោក ហ៊ុន សែន ប្រកាស​​ជា​​ថ្មី​ថា ​​នឹង​​ទៅ​​ប្រជុំ​នៅ​​សហរដ្ឋ​អាមេរិកដោយ​​មាន​​អ្នក​​គាំទ្រ​រាប់​ពាន់​ចាំស្វាគមន៍​ លោក ហ៊ុន សែន ពេលជួប​ជាមួយ​សិស្ស​ដែល​ប្រលង​ជាប់​និទ្ទេស A ក្នុងការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅ​សាល​សន្និសីទ​ និង​ពិព័រណ៍​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​នៅថ្ងៃទី៣ ខែឧសភា។
រូប៖ ហ្វេសប៊ុក SMP

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងជា​ថ្មី​ថា ការ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អាមេរិក កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អាមេរិក (ASEAN-US Summit) នៅ​ថ្ងៃទី១២​ ខែឧសភា​ខាងមុខនេះ នឹងមាន​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចាំ​ទទួល​ស្វាគមន៍​លោក​រាប់​ពាន់​នាក់។ ប៉ុន្តែ​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ថា ក្រុម​មនុស្ស​ដែល​គាំទ្រ​រដ្ឋាភិបាល​ឯកបក្ស​រូប​នេះ គឺជាក្រុម​ដែល​បាន​ទទួល​លាភ​សក្ការ និង​មាន​ទំនាក់ទំនង​ស្និទ្ធ​នឹង​លោក ហ៊ុន សែន តែ​ប៉ុណ្ណោះ ដើម្បី​បង្កើត​ជា​នយោបាយ​ប្រជាភិថុតិ។

កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន-អាមេរិក (ASEAN-US Summit) កាន់​តែ​ខិតជិត​មក​ដល់ ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ និង​មន្រ្តី​គណបក្ស​ប្រឆាំង​មួយ​ចំនួន ក៏​បាន​ត្រៀម​រៀបចំ​ក្បួន​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដែរ។ 

ក្រៅពី​មាន​អ្នក​ដែល​ចាំ​ប្រឆាំង​នឹង​វត្តមាន​ប្រធាន​ប្តូរវេន​អាស៊ាន​រូប​នេះ លោក ហ៊ុន សែន ក៏ហាក់​បាន​ដឹង​មុន​ថា លោកក៏​មាន​មនុស្ស​រាប់ពាន់​នាក់​ចាំ​ទទួល​ស្វាគមន៍​លោក ពេល​ដែល​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នេះដែរ។ លោក ហ៊ុន សែន អះអាង​ថា ចំនួន​មនុស្ស​ដែល​គ្រាំទ្រ​លោក​នៅ​ក្រៅ​ប្រទេស​ ជានិច្ចកាល​តែង​មាន​ចំនួន​ច្រើន​ជាង​ចំនួន​អ្នក​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក៖ «ហើយ​ខ្ញុំ​ក៏​រង់ចាំ​មើល​ដែរ​ថា​ តើ​អ្នក​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​ខ្ញុំ​មាន​គ្នា​ប៉ុន្មានតែ​ខ្ញុំ​មិន​លើក​ទឹកចិត្ត​ដល់​បងប្អូន​ដែល​មក​ទទួល​ខ្ញុំ​ ធ្វើ​បាតុកម្ម​តប​ត​ជា​មួយ​គេ​ទេ​។ សូម​អង្វរ​ករ ចំពោះ​បងៗ​ ឬ​ប្អូន ក្មួយ​ ឬ​ចៅ មក​ទទួល​ខ្ញុំ​នោះ​ មិន​ចាំបាច់​ឃើញ​គេ​ធ្វើ​បាតុកម្ម​ប្រឆាំង​ខ្ញុំ ហើយ​ធ្វើ​បាតុកម្ម​តប​ត​ទេ។ គ្មានការ​ចាំបាច់​ដើម្បី​ធ្វើ​រឿង​បែប​នេះ​ទេ»

លោក ហ៊ុន សែន ថ្លែងបែបនេះ​ក្នុង​ពីធី​សំណេះសំណាល​ជាមួយ​សិស្ស​ដែល​ប្រលង​ជាប់​និទ្ទេស A ក្នុងការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅ​សាល​សន្និសីទ​ និង​ពិព័រណ៍​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​នៅថ្ងៃទី៣ ខែឧសភា។ លោក ហ៊ុន សែន ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅថ្ងៃទី២១ ខែឧសភា លោក​នឹង​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​សហភាព​អឺរ៉ុប​ទៀតលោក​អះអាង​ថា នៅ​អឺរ៉ុប​ ក៏​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចាំ​ទទួល​ស្វាគមន៍​ នៅ​ទីក្រុង​ស៊ូរិច (Zürich City) នៃ​ប្រទេស​ស្វីស (Switzerland) ផងដែរ។

អគ្គលេខាធិការ​គណបក្ស​សង្រ្គោះជាតិ ដែល​ជា​អ្នក​រៀបចំ​ពលរដ្ឋខ្មែរ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នោះ លោក រី គា អះអាង​ថា លោក ហ៊ុន សែន បាន​ចំណាយ​ថវិកា​ជាច្រើន​ ដើម្បី​កៀងគរ​មនុស្ស​ឲ្យ​មក​រង់​ចំា​ទទួល​ស្វាគមន៍​លោក។ លោកថា លោក ហ៊ុន សែន ចំណាយ​លើ​សំបុត្រ​យន្ត ជួល​សណ្ឋាគារ​សម្រាប់​អ្នក​មក​ទទួល​លោក៖ «ស៊ីភីភី​  (CPP​) រៀបចំ​ឲ្យ​ទាំង​អស់​មាន​ហូតែល​ រឿង​សំបុត្រ​យន្តហោះ​បាន​ខ្លះ​ដែរ ខ្ញុំ​មិន​ដឹង​ច្បាស់។ ហ៊ុន សែន​ យក​លុយ​ជាតិ​មក​ចាយ​ជា​មួយ​អ្នក​មាន​បាយ​ទឹក​ហូប​គ្រប់គ្រាន់ អ្នក​មាន​សេរីភាព​ ហើយ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ​ ក្នុង​ពេល​ពលរដ្ឋ​ខ្មែរ​កំពុង​តែ​អត់​បាយ»

រីឯអ្នក​វិភាគ​នយោបាយ​និរទេស​ខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ (Finland)​ លោក គឹម សុខ វិញ ថ្លែងថា អ្នក​ដែល​ចាំ​ទទួល​ស្វាគមន៍​លោក ហ៊ុន សែន ក្នុង​ការ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អាមេរិក​នេះ គឺ​ជា​ក្រុម​មនុស្ស​ដែល​លោក ហ៊ុន សែន បាន​រៀបចំ​ឱ្យ​មាន​ដំណើរ​កម្សាន្ត​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន តាម​រយៈការ​ចំណាយ​ថវិកា​របស់​ជាតិលើស​ពី​នេះ លោក​ថា ក្រុម​អ្នក​មាន​តំណែង​បុណ្យ​ស័ក្កិ​ជា​មួយ​រដ្ឋាភិបាល​​លោក ហ៊ុន សែន ជា​អ្នក​ជួយ​កៀរគរ ពលរដ្ឋខ្មែរ-អាមេរិកកាំង ដោយ​ប្រើ​អំណាច​ទឹក​លុយ​នេះ៖ «ក្រុម​នេះ​មាន​ចំនួន​មិន​ច្រើន​ទេ​ ហើយ​ក្រុម​នេះ​ គឺជា​សមាជិក​ក្រុមហ៊ុន​ទេសចរណ៍ លួច​ចាយ​លុយ​រដ្ឋ​របស់​លោក​ ហ៊ុន សែន​ សម្រាប់​ធ្វើ​កិច្ចការ​ឱ្យ​លោក ​ហ៊ុន សែន។ ប្រមូល​មនុស្ស​ដើម្បី​ទះដៃ​ឱ្យ​លោក ហ៊ុន សែន​ ហ្នឹង​ហើយ»

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បី​សុំ​ប្រតិកម្ម​ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ​បាន​ទេ​ នៅថ្ងៃទី៣ ខែឧសភា

លិខិត​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក ចូ បៃឌិន (Joe Biden) ចុះ​ថ្ងៃទី​២០ ខែមេសា អញ្ជើញលោក ហ៊ុន សែន ឱ្យ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក​នៅ​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៣ ខែ​ឧសភា។ លិខិត​ដដែល​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ​ គឺ​ចំ​ខួប​លើក​ទី​៤៥ ​នៃ​ទំនាក់ទំនង​អាស៊ាន​-អាមេរិក​ដែរ​។ សហរដ្ឋអាមេរិក​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​កាន់តែខ្លាំង​ថែមទៀត។

ជុំវិញ​រឿងនេះ ​ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) ​លោក រ៉ុង ឈុន​ ជឿជាក់ថា សហគមន៍​អន្តរជាតិ​នឹង​ចោទ​សួរ​សំណួរ​ជាច្រើន​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ករណី​ចាប់​ខ្លួន​មេគណបក្ស​ប្រឆាំង ការធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​សង្គម​ និង​ការ​ចាប់​ខ្លួន​សកម្មជន​យោបាយ​ដាក់​ពន្ធនាគារ​តាម​ទំនើង​ចិត្តលោក​បន្ត​ថា បើទោះបី​រដ្ឋាភិបាល​ប្រឹង​ប្រែង​ព្យាយាម​ប្រមូល​កម្លាំង​គាំទ្រ​ខ្លួន​យ៉ាង​ក្ដី ក៏កម្ពុជា​ហាក់​មិន​មាន​កិត្តិយស​ធំធេង​សម្រាប់​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អាមេរិកដែរ ដោយសារ​សហគមន៍​ជាតិ ​និង​អន្តរជាតិ​មើល​ឃើញ​ថា ​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ ដឹកនាំ​ប្រទេស​កាន់​តែ​ប្រាស​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិតេយ្យ៖ «ជា​ពិសេស​ការ​ចាប់​ឃុំ​ខ្លួន​ លោក គឹម សុខា​ ដែល​មិន​ទាន់​ដោះស្រាយ ក៏​ដូចជា​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស​ និង​នៅ​តាម​ខេត្ត​មួយ​ចំនួន។ បញ្ហា​ទាំងអស់​ហ្នឹង​ ខ្ញុំ​នឹង​គិត​ថា ដោះស្រាយ​នឹង​ល្អ​ប្រសើរ មុន​នឹង​ទៅ​ប្រជុំ​ មាន​កិត្តិយស​ជាង អ្វី​ដែល​ចូល​រួម​ប្រជុំ​ហើយ​ នៅ​តែ​អត់​បាន​ដោះស្រាយ​បញ្ហា​កម្ពុជា»

លោក រី គា បន្ថែម​ថា ពលរដ្ឋ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន សែន មិន​មែន​មាន​តែ​ពលរដ្ឋ​ខ្មែរ​ ប៉ុណ្ណោះ​ទេ គឺ​មាន​ពលរដ្ឋ​ក្នុង​ប្រទេស​អាស៊ាន​មួយ​ចំនួន​នឹង​រួម​គ្នា ដូចជា​ពលរដ្ឋ ភូមា (Burma) ថៃ (Thailand)​ ​ឡាវ​ (Lao) ហ្វីលីពីន ​(Philippine) ដើម្បីទាមទារ​ឲ្យ​កិច្ចប្រជុំកំពូល​ពិសេស​អាស៊ាន-អាមេរិក​នេះ លើក​ពី​របៀបវារៈ “សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ មកជជែក ហើយ​ជំរុញ​ឲ្យ​មេដឹកនាំ​ប្រទេស​ទាំង​នេះ​រួម​ទាំង​លោក ហ៊ុន សែន ផង​អនុវត្ត

លោក រី គា អះ​អាង​ថា ពលរដ្ឋខ្មែរ​ដែល​ត្រៀម​ខ្លួន​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន សែន នេះគឺ​មក​ពី​រដ្ឋ​ផ្សេងៗ ​គ្នា ដោយ​ប្រើប្រាស់​ថវិកា​ផ្ទាល់​ខ្លួន ដោយសារ​តែពួកគាត់​មើល​ឃើញ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស​ បំផ្លាញ​ប្រជាធិបតេយ្យ និង​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ឥត​ស្រាក​ស្រាន្ត​ ខុស​ពី​ពលរដ្ឋខ្មែរ​គាំទ្រ​លោក ហ៊ុន សែន ដែល​គណបក្ស​ប្រជាជន​រៀបចំ​លើ​ថ្លៃស្នាក់​នៅ ​និង​ធ្វើ​ដំណើរ​នោះ​ទេ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល