លោក សម រង្ស៊ី ថា តុលាការប្រទេសបារាំងសម្រេចបដិសេធបណ្ដឹងលោក ហ៊ុន សែន គឺជា ជ័យជម្នះរបស់លោក ។ ទោះយ៉ាងណាភាគីចាញ់ក្ដី គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែអះអាងថា សាលក្រមតុលាការបារាំងបានផ្ដល់យុត្តិធម៌ដល់រូបលោក។ ចំណែកមន្ត្រីសិទ្ធិមនុស្ស និងអ្នកវិភាគយល់ថា អ្វីដែលលោក ហ៊ុន សែន លើកឡើងជា វោហារសាស្ត្រនយោបាយបន្លំការពិតប៉ុណ្ណោះ។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលលោកអះអាងថា ជាអ្នកឈ្នះក្ដីលោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថ្ងៃទី១១ ខែតុលាថា តុលាការសម្រេចច្រានចោលបណ្ដឹងលោក ហ៊ុន សែន និងបដិសេធការចោទប្រកាន់មកលើលោក គឺជាជ័យសម្រាប់អ្នកការពារសេរីភាព។
លោក សម រង្ស៊ី លើកឡើងទៀតថា ចំពោះបណ្ដឹងលោក ឌី វិជ្ជា កូនប្រសាលោក ហ៊ុន សែន វិញ តុលាការក៏សម្រេចលើកលែងការចោទប្រកាន់ដែរ។ លោក សម រង្ស៊ី បានអះអាងថា មិនជាប់ពាក់ព័ន្ធរឿងបរិហារកេរ្តិ៍ទេ។ លោកថា នេះជាជ័យជំនះមួយទៀត។
លោក ហ៊ុន សែន និងកូនប្រសាគឺលោក ឌី វិជ្ជា បានរួមគ្នាប្ដឹងលោក សម រង្ស៊ី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅតុលាការប្រទេសបារាំង ពីបទបរិហារកេរ្តិ៍ ចំពោះការដែលលោក សម រង្ស៊ី ចោទលោក ហ៊ុន សែន ថា ជាអ្នករៀបចំផែនការសម្លាប់ អតីតមេប៉ូលិសក្រុងភ្នំពេញ និងជាដន្លងរបស់ខ្លួន គឺលោក ហុក ឡង់ឌី។
បណ្ដឹងនេះកើតមានឡើងបន្ទាប់ពីលោក សម រង្ស៊ី កាលពីទី២ ខែមិថុនា ឆ្នាំ២០១៩ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា លោក ហ៊ុន សែន ជាអ្នកបញ្ជាឲ្យសម្លាប់លោក ហុក ឡង់ឌី តាមរយៈធ្វើឲ្យផ្ទុះឧទ្ធម្ភាគចក្រ ដែលលោក ហុក ឡង់ឌី កំពុងជិះពីភ្នំពេញទៅខេត្តស្វាយរៀង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨។
តុលាការបារាំងបានបើកសវនាការជំនុំជម្រះរឿងក្ដីនេះ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។ តុលាការបារាំង បានប្រកាសសាលក្រមកាលពីនៅទីថ្ងៃទី១០ ខែតុលា ដោយសម្រេចលើកលែងការចោទប្រកាន់លោក សម រង្ស៊ី ក្នុងសំណុំរឿងបរិហារកេរ្តិ៍ ដែលប្ដឹងដោយលោក ហ៊ុន សែន និងកូនប្រសា គឺលោក ឌី វិជ្ជា។
ទោះបីយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកសាលក្រមតុលាការប្រទេសបារាំងពីភាពស្អាតស្អំថា លោកមិនមែនជាអ្នកនៅពីក្រោយនៃការស្លាប់លោក ហុក ឡង់ឌីទេ។ លោកបន្តថា សាលក្រមនេះ គឺបានកាត់ទោសលោក សម រង្ស៊ី នៅខាងលើ ប៉ុន្តែលើកលែងទោសលោក សម រង្ស៊ី នៅខាងក្រោមវិញ។ លោកក៏ប្រកាសថា ការចាញ់ក្ដីនេះជាជោគជ័យទៅវិញ។ លោក ហ៊ុន សែន បានយកចំណុចតិចតួចនៃសាលក្រមតុលាការបារាំងមកអះអាងថា តុលាការបារាំងបានបញ្ជាក់លោក សម រង្ស៊ី គ្មានភស្តុតាងបញ្ជាក់ថា ឧទ្ធម្ភាគចក្រ ដែលលោកដឹកលោក ហុង ឡង់ឌី ជិះធ្លាក់នោះ ព្រោះករណីរន្ទះបាញ់ ឬផ្ទុះគ្រាប់បែកនោះទេ។
លោក ហ៊ុន សែន ថ្លែងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅព្រឹកថ្ងៃទី១១ ខែតុលា។ លោក ហ៊ុន សែន អួតអាងទៀតថា បណ្ដឹងដែលលោកប្ដឹងលោក សម រង្ស៊ី នេះប្រៀបដូចជាលោកទៅវាយលោក សម រង្ស៊ី ដល់ផ្ទះអ៊ីចឹងដែរ។ ដើមបណ្ដឹងដែលចាញ់ក្ដីចុងចោទរូបនេះថែមទាំងបានហៅខ្លួនឯងថា ជាអ្នកឈ្នះក្ដី លោក សម រង្ស៊ី ព្រោះលោក ហ៊ុន សែន យល់ថា សាលក្រមរបស់តុលាការដែលប្រកាសឱ្យលោក សម រង្ស៊ី ឈ្នះក្ដីដោយការអនុគ្រោះប៉ុណ្ណោះ។
ក្រោយចាញ់ក្ដីលោក សម រង្ស៊ី ពេលនេះលោក ហ៊ុន សែន ក៏មិនហ៊ានតតាំងក្ដីជាមួយលោក សម រង្ស៊ី នៅតុលាការជាន់ខ្ពស់របស់បារាំងទៀតដែរ ដោយលោក ហ៊ុន សែន ប្រកាសថាលោកមិនប្ដឹងទាស់ការសម្រេចរបស់តុលាការបារាំង ទៅតុលាការជាន់ខ្ពស់ ឬសាលាឧទ្ធរណ៍ទេ ព្រោះលោកពេញចិត្តការបកស្រាយសាលក្រមសាលាដំបូងតុលាការប្រទេសបារាំងនេះណាស់។
ចំណែកក្រុមមេធាវីស្ម័គ្រចិត្តរបស់លោក ហ៊ុន សែន ក៏បានចេញសេចក្ដីថ្លែងការណ៍ថា តុលាការព្រហ្មទណ្ឌបារាំង បានរកឃើញការពិតថា សម រង្ស៉ី បានប្រព្រឹត្តអំពើបរិហារកេរ្តិ៍។ សេចក្ដីថ្លែងការណ៍ដដែលលើកឡើងទៀតថា តុលាការបារាំងបានពិចារណា លើគោលការណ៍សមាមាត្រនៃការបញ្ចេញមតិ ក៏ប៉ុន្តែតុលាការនៅតែកំណត់ថា លោក សម រង្សី ពិតជាបានថ្លែងចោទប្រកាន់ទម្លាក់កំហុសលើលោក ហ៊ុន សែន។ ក្រុមមេធាវីលោក ហ៊ុន សែន បន្តថា តុលាការបារាំងបានថ្លឹងថ្លែងថា ប្រសិនបើការចោទប្រកាន់លើលោក សម រង្ស៉ី អាចជាប៉ះពាល់ដល់វិសមាមាត្រ នៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ រវាងដើមបណ្ដឹងជានាយករដ្ឋមន្ត្រីកាន់អំណាច និងជនជាប់ចោទ ដែលពុំមានអំណាច ហើយសិទ្ធិសេរីភាពនេះត្រូវបានការពារដោយសន្ធិសញ្ញាអឺរ៉ុប ស្ដីពីសិទ្ធិមនុស្ស។
ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេតឃើញថា តុលាការប្រទេសបារាំងត្រូវបានមតិជាតិ និងអន្តរជាតិទទួលស្គាល់ថា មានការសម្រេចក្ដីដោយយុត្តិធម៌។ លោកយល់ថា ការដែលលោក ហ៊ុន សែន លើកឡើងថា ខ្លួនទទួលបានយុត្តិធម៌ពីការចាញ់ក្ដីនេះ គ្រាន់តែជាវោហារសាស្ត្រនយោបាយប៉ុណ្ណោះ។ ការសម្រេចក្ដីរបស់តុលាការបារាំង ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការកាត់ក្ដីតុលាការកម្ពុជា ដែលតែងតែសម្រេចក្ដី ឱ្យលោក សម រង្ស៊ី ចាញ់ក្ដីលោក ហ៊ុន សែន ថា ជាការសម្រេចក្ដីបែបណា។
ស្រដៀងគ្នានេះដែរ អ្នកវិភាគនយោបាយជើងចាស់ បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា តុលាការបារាំង ឯករាជ្យ និងឥតលំអៀងបានឃើញការពិតសព្វគ្រប់ ហើយតុលាការសម្រេចលើកលែងការចោទប្រកាន់លោក សម រង្ស៊ី ដោយឈរលើមូលដ្ឋាននៃការពិត។ លោកបណ្ឌិតបន្តទៀតថា តុលាការខ្មែរចាំបាច់ត្រូវរៀនសូត្រពីតុលាការបារាំង និងបង្ហាញឱ្យគេឃើញ និងទុកចិត្តថា ជាតុលាការឯករាជ្យ និងឥតលំអៀង និងយកការពិតធ្វើការសម្រេច ឈរលើមូលដ្ឋាននៃការពិតសព្វគ្រប់នេះ។
ចំណែកអ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា សាលក្រមនេះហាក់រកមិនឃើញអ្នកឈ្នះ និងចាញ់ទេ ព្រោះភាគីទាំងពីរទទួលបានលទ្ធផលមួយ ដែលពួកគេចង់បានរៀងៗ ខ្លួន។ លោកបន្តទៀតថា ការដែលតុលាការបារាំងឱ្យលោក សម រង្ស៊ី ឈ្នះក្ដីលោក ហ៊ុន សែន ទំនងលោក ហ៊ុន សែន មិនទាន់អស់ចិត្តឡើយ ហើយមេដឹកនាំរូបនេះ នឹងបន្តធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំង ឬបន្តផែនការបំបិទផ្លូវលែងឱ្យលោក សម រង្ស៊ី អាចវិលចូលស្រុកវិញបាន។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក៏រំលឹកទៅលោក ហ៊ុន សែន ថា ទន្ទឹមនឹងសំណុំរឿងបរិហារកេរ្តិ៍ ទាំងពីរនេះ នៅមានសំណុំរឿងមួយទៀត ដែលធ្ងន់ធ្ងរជាងនេះ សម្រាប់លោក ហ៊ុន សែន តុលាការប្រទេសបារាំង គឺតុលាការទីក្រុងប៉ារីស បានចេញដីកា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ឱ្យចាប់ខ្លួនមេអង្គរក្សរបស់លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ទាក់ទងអំពើភេរវកម្ម នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ លោក សម រង្ស៊ី យល់ថា លោក ហ៊ុន សែន នឹងត្រូវតុលាការបារាំង បង្គាប់ឱ្យចាប់ខ្លួននៅ ពេលណាលោក ហ៊ុន សែន ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី ព្រោះលោក ហ៊ុន សែន ជាអ្នកបញ្ជាលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ឱ្យរៀបចំអំពើភេរវកម្មនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។