មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ថ្លែងនៅថ្ងៃទី១៨ វិច្ឆិកានេះថា សំណុំរឿងលោក កឹម សុខា នឹងមិនបញ្ចប់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះទេ ទោះជាតុលាការបានបិទបញ្ចប់នីតិវិធីស៊ើបអង្កេតរួចហើយក្តី។ អ្នកវិភាគនយោបាយថា ប្រសាសន៍របស់ប្រមុខរបបក្រុងភ្នំពេញនេះ ជាការដាក់សម្ពាធលើតុលាការ។
មេដឹកនាំរបបឯកបក្ស ហ៊ុន សែន អះអាងថា ករណីលោក កឹម សុខា ត្រូវប្រើរយៈពេលយូរ មិនមែនឆាប់ដូចការគិតរបស់បុគ្គលមួយចំនួននោះទេ។ លោកបន្តថា តុលាការនឹងមិនទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា នោះឡើយ ហើយការលើកលែងទោសវិញ លោកថា ក៏មិនអាចធ្វើទៅបាននោះដែរ ប្រសិនបើមេបក្សប្រឆាំងរូបនេះ មិនទាន់ត្រូវបានកាត់ទោស។ លោកសន្មតទុកជាមុនថា ចៅក្រមនឹងបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ ប៉ុន្តែការជម្រះនៅពេលណានោះ លោកថា ជាសមត្ថកិច្ចរបស់តុលាការ៖ «ដំណើរការក្តីមួយនេះ គឺមិនមែនត្រូវធ្វើមួយថ្ងៃ ពីរថ្ងៃ មួយខែ ឬពីរខែទេ វាត្រូវប្រើរយៈពេលវែង។ រួចហើយមានអ្នកខ្លះថា បន្តិចទៀតព្រះមហាក្សត្រលើកលែងទោស។ បើមិនទាន់កាត់ទោសផង តើព្រះមហាក្សត្រមានទោសឯណាសម្រាប់លែង ?»។
កាលពីថ្ងៃទី១៥ វិច្ឆិកាកន្លងទៅ ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ លោក គី ឫទ្ធី បានប្រកាសបិទការស៊ើបសួរសំណុំរឿងលោក កឹម សុខា ក្រោយចំណាយរយៈពេលស៊ើបអង្កេតអស់ជាង ២ឆ្នាំ។ ប៉ុន្មានថ្ងៃមុនប្រកាសបិទបញ្ចប់នីតិវិធីស៊ើបអង្កេតនេះ តុលាការបានកែប្រែលក្ខខណ្ឌឱ្យលោក កឹម សុខា មានសេរីភាពដើរហើរក្នុងរង្វង់ដែនដីខ្មែរ ប៉ុន្តែហាមឃាត់សកម្មភាពនយោបាយ និងតម្រូវឱ្យលោកឆ្លើយតប ចំពោះការកោះហៅពីគ្រប់សមត្ថកិច្ច។
អ្នកវិភាគនយោបាយចាស់វស្សា បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនគួរធ្វើអត្ថាធិប្បាយណាមួយចំពោះករណីលោក កឹម សុខា ឡើយ ព្រោះសំណុំរឿងនេះកំពុងស្ថិតក្នុងដៃតុលាការ។ លោកថា លោក ហ៊ុន សែន គួរតែទុករឿងនេះឱ្យតុលាការជាអ្នកដោះស្រាយ ដើម្បីកុំឱ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់ស្ថាប័នយុត្តិធម៌នេះ។ ទោះជាយ៉ាងណា បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែងថា ប្រសិនបើតុលាការអនុវត្តច្បាប់ដោយត្រឹមត្រូវនោះ លោក កឹម សុខា ត្រូវរូចផុតពីការចោទប្រកាន់ និងក្លាយជាបុគ្គលមានសេរីភាពពេញលេញជាយូរមកហើយ។ លោកសង្កត់ធ្ងន់ថា មកដល់ពេលនេះ ជោគវាសនានៃសេរីភាព និងនយោបាយរបស់លោក កឹម សុខា កំពុងស្ថិតក្នុងកណ្តាប់ដៃរបស់លោក ហ៊ុន សែន៖ «វាសនានយោបាយរបស់ កឹម សុខា នៅក្នុងកណ្តាប់ដៃនាយករដ្ឋមន្ត្រី។ បើគាត់សប្បាយចិត្តទៅ នោះគាត់អាចជួយស្នើទៅព្រះមហាក្សត្រលើកលែងទោស។ បើគាត់មិនសប្បាយចិត្ត នៅហ្នឹងរហូតទៅ » ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវសមត្ថកិច្ចរបបក្រុងភ្នំពេញ សម្រុកចូលចាប់ខ្លួនដល់ក្នុងផ្ទះទាំងកណ្តាលអធ្រាត្រកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ។ ការចាប់ខ្លួននោះ ធ្វើឡើងនៅក្នុងពេលលោកកំពុងមានអភ័យឯកសិទ្ធិសភានៅឡើយ។ តុលាការដែលស្ថិតក្រោមឥទ្ធិពលលោក ហ៊ុន សែន បានចោទប្រកាន់មេបក្សប្រឆាំងរូបនេះ ពីបទ "សន្ទិដ្ឋិភាព" ឬការត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ លោក កឹម សុខា បានជាប់ឃុំអស់រយៈពេលជាង ២ឆ្នាំ ទាំងការជាប់ឃុំក្នុងពន្ធនាគារ និងក្នុងផ្ទះ។
តុលាការរបបលោក ហ៊ុន សែន ហាក់បានផ្អឹបទុកសំណុំរឿងលោក កឹម សុខា នេះជាយូរខែមកហើយ ក៏ប៉ុន្តែបានបង្ហាញដំណើរការខ្លះៗ វិញ បន្ទាប់ពីសហគមន៍អន្តរជាតិបានទាមទារយ៉ាងទទូចឱ្យមានការដោះលែងរូបលោក ហើយឱសានវាទនៃការដកហូតឋានៈអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប កាន់តែខិតជិតចូលមកដល់។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) និងរដ្ឋាភិបាលនៃប្រទេសប្រជាធិបតេយ្យមួយចំនួន បានទទូចឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទាំងឡាយលើលោក កឹម សុខា ព្រមទាំងផ្តល់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដល់ប្រធានគណបក្សសង្គ្រោះជាតិរូបនេះវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។