លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការបញ្ចប់មុខតំណែង លោក វេង សុខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ ដើម្បីផលប្រយោជន៍កសិកម្ម។ មន្ត្រីសង្គមស៊ីវិល និងអ្នកជំនាញកសិកម្ម និងមន្ត្រីបក្សប្រឆាំងគាំទ្រការដកតំណែងលោក វេង សាខុន ប៉ុន្តែពួកគេយល់ថា ចំណាត់ការរបស់រដ្ឋាភិបាលនឹងមិនធ្វើឱ្យវិស័យកសិកម្មល្អប្រសើរសម្រាប់ពលរដ្ឋដដែល។
ថ្លែងក្នុងពិធីប្រគល់សញ្ញាប័ត្រឱ្យនិស្សិតជាង២ពាន់នាក់ នៅរាជធានីភ្នំពេញនាថ្ងៃទី១១ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ការបញ្ចប់មុខតំណែងលោក វេង សាខុន ចេញពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីសប្តាហ៍មុន ដោយសារអតីតរដ្ឋមន្ត្រីរូបនោះមិនបានបំពេញការងាររបស់ខ្លួនទៅតាមបំណងចង់បានរបស់លោកកន្លងមក។ លោកបន្តថា រដ្ឋាភិបាលត្រូវការមន្ត្រីទទួលទទួលខុសត្រូវលើសពីលោក វេង សាខុន ដើម្បីជំរុញឱ្យវិស័យកសិកម្មជឿនលឿនទៅមុខតែប៉ុណ្ណោះ ហើយលោកអះអាងថា នីតិវិធីដែលសម្រេចដកមន្ត្រីរូបលោកនោះបានអនុវត្តត្រឹមត្រូវតាមច្បាប់ ដោយមិនបានខុសឆ្គងដូចការចោទប្រកាន់របស់មេដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេសនោះទេ៖ « សួរថា វេង សាខុន ទៅណា បញ្ហាវាមិនធ្ងន់ធ្ងរហួសហេតុនោះទេ ប៉ុន្តែអ្វីដែលខ្ញុំចង់បានគឺមិនបានដូចបំណង ថ្ងៃនេះខ្ញុំធ្វើលិខិតចូលទៅព្រះបរមរាជវាំងតែងតាំង វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី យ៉ាងណាសាច់ឈាមរបស់យើង ជាមន្ត្រីដែលធ្វើការជាមួយយើង »។
វិទ្យុអាស៊ីសេរីមិនអាចទាក់អតីតរដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន ដើម្បីបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី១១ ខែតុលា។
កាលពីថ្ងៃទី០៨ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយចាត់តាំងឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យទៅធ្វើជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន ក្រោយពេលព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យបញ្ចប់មុខដំណែង លោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទតាមសំណើរបស់លោក ហ៊ុន សែន នៅថ្ងៃជាមួយគ្នានោះ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានបញ្ជូនឈ្មោះលោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលទៅរដ្ឋសភាឯកបក្ស ដើម្បីស្នើឱ្យរៀបចំបោះឆ្នោតធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន វិញ។ លោក ឌិត ទីណា ដែលគេស្គាល់ថា ជាកូនប្រុសបង្កើតប្រធានតុលាការកំពូលលោក ឌិត មុន្ទី និងជាកូនប្រសាររបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាដែលពួកគេជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ប្រាប់វិទ្យុអាស៊ីសេរីថា ខាងលោកបានទទួលលិខិតពីរដ្ឋាភិបាលដែលស្នើសុំរដ្ឋសភារៀបចំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៃការបំពេញបន្ថែមសមាសភាពសមាជិករដ្ឋាភិបាលដល់លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បន្ទាប់មកលោកបានដាក់សំណើនោះជូនគណៈកម្មាធិការអចិន្ត្រៃយ៍រួមហើយ ដើម្បីពិនិត្យ និងសម្រេចបញ្ជូនឈ្មោះបេក្ខភាពរដ្ឋមន្ត្រីរូបនោះទៅសម័យប្រជុំពេញអង្គឆាប់ៗនេះ។
ក្រោយពីបញ្ចប់មុខដំណែងមិនទាន់បានមួយសប្ដាហ៍ផង ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យតែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីវិញ តាមសំណើរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១១ ខែតុលា ទោះប្រមុខរដ្ឋាភិបាលអះអាងថា មន្ត្រីរូបនោះអសកម្មយ៉ាងណាក្តី។
ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក អ៊ំ សំអាន លើកឡើងថា ការផ្តល់តួនាទីថ្មីក្នុងជួររដ្ឋាភិបាលពីសំណាក់លោក ហ៊ុន សែន នេះ គឺជាមុខតំណែងអានកាសែតមួយសម្រាប់លួងចិត្តលោកលោក វេង សាខុន ដើម្បីកុំឱ្យចាកចេញពីគណបក្សប្រជាជនកម្ពុជា៖ « តែងតាំងគាត់ជាមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីហ្នឹង គឺជាការលួងចិត្តដោយកុំឱ្យគាត់អន់ចិត្តអាចរត់ទៅគាំទ្រគណបក្សប្រឆាំង។ ប៉ុន្តែយើងគាំទ្រការដកលោក វេង សាខុន ហ្នឹងហើយជំរុញឱ្យលោក ហ៊ុន សែន ដកមន្ត្រីមួយចំនួនទៀតនៅក្នុងរដ្ឋាភិបាលរបស់ខ្លួន ដើម្បីឱ្យប្រទេសកម្ពុជាមានការរីកចម្រើន »។
ចំណែកអគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោក គៀន ពន្លក មើលឃើញថា មន្ត្រីនៅតាមក្រសួងស្ថាប័នរបស់រដ្ឋាភិបាលមិនមែនអសកម្មតែលោក វេង សាខុន ម្នាក់ទេ។ លោកយល់ថា បញ្ហាដកលោក វេង សាខុន ទំនងមកពីគាត់មិនស្តាប់ការបញ្ជាលោក ហ៊ុន សែន នាពេលកន្លងមក និងការពង្រឹងអំណាចដឹកនាំរបស់គណបក្សកាន់អំណាចផង។ លោក គៀន ពន្លក បញ្ជាក់ថា ស្ថានភាពកម្ពុជាដឹកនាំប្រទេសតាមបញ្ជាបុគ្គលតែម្នាក់ ទោះបីរដ្ឋាភិបាលប្តូររដ្ឋមន្ត្រីថ្មីដែលមានសមត្ថភាព ក៏លោកមិនសង្ឃឹមថាវិស័យកសិកម្មនឹងរីកចម្រើនធ្វើឱ្យកសិផលមានទីផ្សារ ពលរដ្ឋមានជីវភាពសមរម្យបានទេ ពីព្រោះរដ្ឋមន្ត្រីចូលកាន់តំណែងគ្រាក់ៗកន្លងមកពុំទាន់បង្ហាញស្នាដៃកែទម្រង់ស្ថាប័នរបស់ខ្លួនគួរឱ្យជឿជាក់ជូនពលរដ្ឋរហូតមកដល់ពេលនេះ៖ « លោក វេង សាខុន ក៏ជាមន្ត្រីគណបក្សប្រជាជនដែរ ហើយមើលឃើញថា នេះ គឺជាសញ្ញាមួយដែលនិយាយពីការបែកបាក់ផ្ទៃក្នុងមួយនៅក្នុងជួររបស់គណបក្សកាន់អំណាច ហើយចំពោះភាពអសកម្មនេះយើងទទួលស្គាល់ ពីព្រោះគាត់ពិតជាអសកម្មមែន ក៏ប៉ុន្តែយើងដឹងហើយភាពអសកម្មរបស់គាត់ ដោយសារពេលខ្លះគាត់មិនបានស្តាប់អ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺចង្អុលបង្ហាញ »។
ស្រដៀងគ្នានេះដែរ អតីតមន្ត្រីក្រសួងកសិកម្ម និងជាអ្នកជំនាញផ្នែកកសិកម្មលោក នី ណាក់ មានប្រសាសន៍ថា វិស័យកសិកម្មយ៉ាប់យឺនបានធ្វើឱ្យកសិករខ្មែរជាអ្នករងគ្រោះជាច្រើនឆ្នាំមកហើយ។ លោកមើលឃើញថា ការដករដ្ឋមន្ត្រីចាស់ដាក់រដ្ឋមន្ត្រីថ្មីមកជំនួសមិនមែនដំណោះស្រាយរុញឱ្យវិស័យកសិកម្មល្អប្រសើរសម្រាប់ផលប្រយោជន៍ពលរដ្ឋនោះទេ។ លោកយល់ថា ដំណោះស្រាយចំបង គឺរដ្ឋាភិបាលត្រូវកំណត់ទិសដៅវិស័យកសិកម្មទៅជាវិស័យអាទិភាព ឡើងវិញ ដោយបំបាត់អំពើពុករលួយ និងដំណើរការអនុវត្តការងាររបស់មន្ត្រីឱ្យមានប្រសិទ្ធភាព៖ « ការយល់របស់ខ្ញុំបើលោកនាយករដ្ឋមន្ត្រីចង់ឱ្យវិស័យកសិកម្មរីកចម្រើន ខ្ញុំគិតថា រដ្ឋមន្ត្រី រដ្ឋលេខាធិការក្នុងក្រសួងកសិកម្មដែលមានបទពិសោធន៍ក្នុងហ្នឹងយូរ អាចលើកពួកគាត់ ដោយឱ្យមានការផ្លាស់ប្ដូររចនាសម្ព័ន្ធនៅក្នុងវិស័យកសិកម្មបំបាត់អំពើពុករលួយ និងគ្រប់គ្រងដំណើរការរបស់ក្រសួងទាំងមូលឱ្យធ្វើការប្រកបដោយប្រសិទ្ធភាពហ្នឹង ក្រសួងកសិកម្មនឹងមានការផ្លាស់ប្ដូររហើយ ដោយមិនចាំបាច់ទាមទារទាល់តែត្រូវប្តូរដល់រដ្ឋមន្ត្រីភ្លាមៗអ៊ីចឹងទេបាទ »។
ក្រសួងកសិកម្មក្រោមការដឹកនាំរបស់ លោក វេង សាខុន កន្លងមកធ្លាប់ទទួលរងការរិះគន់ជាច្រើន ដូចជាបញ្ហាការដេញថ្លៃនាំជ្រូកចូលមកទីផ្សារក្នុងស្រុក ភាពមិនប្រក្រតីដែលនាំឲ្យកើតមានបទល្មើសកាប់បំផ្លាញព្រៃលិចទឹក ជុំវិញតំបន់បឹងទន្លេសាបរាប់ពាន់ហិកតារ ពីសំណាក់អ្នកមានលុយមានអំណាចដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ហើយចុងក្រោយ លោក វេង សាខុន ក្នុងតំណែងជារដ្ឋមន្ត្រី ក្រសួងកសិកម្ម ក៏មានជាប់ពាក់ព័ន្ធនឹងការសម្រេចផ្តល់ដីវិនិយោគនៅតំបន់ភ្នំតាម៉ៅទៅឲ្យក្រុមហ៊ុនឡេងណាវ៉ាត្រា ដែលឈានដល់ការឈូសឆាយបំផ្លាញព្រៃឈើមានតម្លៃរាប់រយហិកតារធ្វើឲ្យមានការរិះគន់ប្រឆាំងតវ៉ាយ៉ាងស្វិតស្វាញពីសំណាក់ប្រជាពលរដ្ឋ និងសកម្មជនបរិស្ថានពេញផ្ទៃប្រទេស ទើបមានការសម្រេចពីរដ្ឋាភិបាលជាថ្មីឲ្យលុបចោលគម្រោងនោះទៅវិញ។
ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងប្រជាពលរដ្ឋតែងតែលើកឡើងពីទុក្ខកង្វល់ជាបន្តបន្ទាប់ទាក់បញ្ហាកង្វះទីផ្សារចំពោះកសិផល តម្លៃជី ថ្នាំ និងសម្ភារៈកសិកម្មលើទីផ្សារឡើងថ្លៃ ហើយពលរដ្ឋជួបទុក្ខលំបាកជីវភាពប្រចាំថ្ងៃ រហូតដល់ពលរដ្ឋខ្លះខាត និងធ្វើចំណាកស្រុក ដើម្បីដោះស្រាយជីវភាព និងបំណុលរបស់គ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។