លោក ហ៊ុន សែន គំរាមកំហែងពលរដ្ឋខ្មែរ ដែលធ្វើបាតុកម្មប្រឆាំងលោកនៅទីក្រុងព្រុចសែល (Brussels)
2022.12.13

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសារគំរាមដល់ពលរដ្ឋខ្មែរ ដែលចេញមុខធ្វើបាតុកម្មប្រឆាំងវត្តមានលោកអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល (Brussels) ប្រទេសបែលហ្សិក (Belgium)។ លោកប្រាប់អ្នកគាំទ្រឱ្យថតរូបអ្នកចូលរួមបាតុកម្មប្រឆាំងលោកនៅអឺរ៉ុប យកទៅបិទនៅវាលយន្តហោះ និងគំរាមតាមរកគ្រួសារពួកគេនៅស្រុកខ្មែរ។ មន្ត្រីគណបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្ស ចាត់ទុកសាររបស់លោក ហ៊ុន សែន គឺជាអំពើខុសច្បាប់ រំលោភលើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយធ្ងន់ធ្ងរ។
សារនយោបាយដំបូងដែលលោក ហ៊ុន សែន លើកយកមកនិយាយនៅមុខអ្នកគាំទ្រជាង ២ពាន់នាក់ នៅទីក្រុងព្រុចសែល (Brussels) ប្រទេសបែលហ្សិក (Belgium) កាលពីយប់ថ្ងៃទី១២ ខែធ្នូ គឺលោកលើកសរសើរពីស្នាដៃដឹកនាំប្រទេសរបស់លោក និងថ្លែងសារនយោបាយឌឺដងឱ្យមេបក្សប្រឆាំង លោក សម រង្ស៊ី និងពលរដ្ឋខ្មែររស់នៅបណ្ដាប្រទេសនៃសហភាពអឺរ៉ុបដែលត្រៀមបាតុកម្មប្រឆាំងវត្តមានលោកនៅទីនោះ។ ថ្លែងក្នុងពិធីសំណេះសំណាលនោះដែរ លោក ហ៊ុន សែន បានប្រាប់ទៅក្រុមអ្នកគាំទ្រនៅអឺរ៉ុបឱ្យត្រៀមថតរូបមុខអ្នកចូលរួមបាតុកម្មប្រឆាំងនឹងលោកនៅអឺរ៉ុប ដើម្បីទុកយកទៅបិទនៅវាលយន្តហោះពោធិ៍ចិនតុង ហើយលោកគំរាមឱ្យតាមរកគ្រួសារបងប្អូន និងឪពុកម្ដាយរបស់ពួកគេនៅស្រុកខ្មែរថែមទៀតផង។
លោក ហ៊ុន សែន៖ «អ្នកដែលប្រកូកប្រកាសឱ្យគេធ្វើបាតុកម្មប្រឆាំងនឹងខ្ញុំ ល្អបំផុតចេញមុខមកដឹកនាំបាតុកម្មនៅព្រុចសែល ថ្ងៃទី១៤ ហ្នឹងបានប៉ុន្មាន? មក ប្រមូលមួយអឺរ៉ុបមក។ ពួកយើងក៏ចាំថតដែរ ចាំមើលវាបានប៉ុន្មាន? ហើយថតឱ្យបានមុខទៀតមើលស្រណុកស្រួលយកទៅបិទនៅពោធិ៍ចិនតុង ធ្វើអ៊ីចឹងមិនមែនគំរាមមិនឱ្យចូលស្រុកអីទេ ប៉ុន្តែចង់ដឹងមុខអ្នកឯង ហើយក៏ចង់តាមរកគ្រួសារអ្នកឯងនៅស្រុកខ្មែរ តើវាមិចទៅហើយ»។
សារព្រមាននេះ ធ្វើឡើងបន្ទាប់ពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងពលរដ្ឋខ្មែររស់នៅអឺរ៉ុបរាប់រយនាក់នឹងប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានលោក ហ៊ុន សែន នៅកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល (Brussels) ប្រទេសបែលហ្សិក (Belgium) នៅថ្ងៃទី១៤ ធ្នូ ។
ឆ្លើយតបរឿងនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនៅប្រទេសបារាំង លោក ម៉ែន សុថាវរិន្រ្ទ ថ្លែងថា សារគំរាមកំហែងរបស់លោក ហ៊ុន សែន កំពុងបង្ហាញឱ្យសហគមន៍ជាតិ និងអន្តរជាតិឱ្យមើលឃើញកាន់តែច្បាស់ពីររបៀបដឹកនាំប្រទេសបែបផ្ដាច់ការ និងបំបិទសិទ្ធិពលរដ្ឋ។ លោកបញ្ជាក់ថា ពលរដ្ឋខ្មែររស់នៅតាមបណ្ដាប្រទេសនៃអឺរ៉ុបរាប់រយនាក់នឹងធ្វើដំណើរតាមយន្តហោះ រថភ្លើង និងរថយន្តទៅទីក្រុងព្រុចសែលតាមការគ្រោងទុកដដែល ដើម្បីចូលរួមធ្វើបាតុកម្មតវ៉ាប្រឆាំងវត្តមានលោក ហ៊ុន សែន។ លោក ម៉ែន សុថារវរិន្រ្ទ ឱ្យដឹងថា មុនបាតុកម្មនេះ ក្រុមយុវជនគណបក្សសង្គ្រោះជាតិបានយកញត្តិ ដែលមានហត្ថលេខារបស់ពលរដ្ឋដើមកំណើតខ្មែររស់នៅអឺរ៉ុប ដាក់ជូនស្ថាប័នសហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែធ្នូ រួចហើយ ដើម្បីជំរុញទៅរដ្ឋាភិបាលកម្ពុជាគោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយបើកលំហសិទ្ធិសេរីភាពពលរដ្ឋ សង្គមស៊ីវិល អ្នកសារព័ត៌មាន ហើយដោះលែងអ្នកនយោបាយទាំងអស់ឱ្យមានសេរីឡើងវិញ។
លោក ម៉ែន សុថារវរិន្រ្ទ៖ «ប្រទេសគេប្រជាធិបតេយ្យ គឺប្រជាពលរដ្ឋមានសិទ្ធិធ្វើនយោបាយ គេមានសិទ្ធិគាំទ្រ និងមិនគាំទ្រ។ អ៊ីចឹង សារនយោបាយរបស់លោក ហ៊ុន សែន នេះបង្ហាញឱ្យសហភាពអឺរ៉ុប គេឃើញថា គាត់ជាជនផ្ដាច់ការពិតប្រាកដ ហើយប្រជាពលរដ្ឋខ្មែរនៅទីនេះគេមិនរាថយនោះទេ ពលរដ្ឋរស់នៅប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យនឹងបង្កើនសកម្មភាពតទៅទៀត ដើម្បីប្រឆាំងនឹងគោលនយោបាយ ដែលជនផ្ដាច់ការ គាត់ធ្វើនេះ»។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ការចេញធ្វើបាតុកម្មដោយសន្តិវិធីនៅក្នុងប្រទេសប្រកាន់របបប្រជាធិបតេយ្យមិនខុសច្បាប់នោះទេ។ លោកយល់ថា សារគំរាមកំហែងដល់ក្រុមគ្រួសារនៅក្នុងស្រុក ដើម្បីដាក់សម្ពាធលើអ្នកតវ៉ានៅក្រៅប្រទេស គឺជាបង្ហាញរូបភាពអាក្រក់ដល់សង្គម និងធ្វើឱ្យប៉ះពាល់គោលការណ៍ប្រជាធិបតេយ្យថែមទៀត។ លោកស្នើដល់រដ្ឋាភិបាលងាកមកស្ដាប់មតិយោបល់ពលរដ្ឋ និងរៀបចំការការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក នី សុខា៖ «ទោះបីមតិហ្នឹងភាគតិច ភាគច្រើនក៏ដោយ សូមឱ្យអ្នកដឹកនាំទាំងអស់ហ្នឹងគោរពមតិប្រឆាំង ឬមតិមិនស្រប ដើម្បីយកមកធ្វើការថ្លឹងថ្លែងពិចារណាដោះស្រាយ អានេះវាជារឿងល្អសម្រាប់អ្នកដឹកនាំទៅវិញ ប៉ុន្តែផ្ទុយទៅវិញប្រសិនយើងប្រើប្រាស់នូវយន្តការគំរាមកំហែង រឹតត្បិតសេរីភាពទាំងអស់ហ្នឹង ខ្ញុំគិតថា វាកាន់តែធ្វើឱ្យមហាជនមើលឃើញពីការដឹកនាំមិនល្អ កាន់តែធ្វើឱ្យមហាជនមើលឃើញរូបភាពដឹកនាំបែបលក្ខណៈជាផ្ដាច់ការដោយមិនដើរស្របប្រជាធិបតេយ្យនោះទេ»។
ស្រដៀងគ្នានេះដែរ អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ថ្លែងថា ការចេញបាតុកម្មរបស់ពលរដ្ឋខ្មែររស់នៅអឺរ៉ុបប្រឆាំងនឹងការដឹកនាំរបស់លោក ហ៊ុន សែន កន្លែងមក ដែលពួកគេយល់ថាមិនត្រឹមត្រូវ គឺជាការអនុវត្តសិទ្ធិសេរីភាពនៅក្នុងសង្គមប្រជាធិបតេយ្យ។ ផ្ទុយទៅវិញ លោកថាសារគំរាមលើអ្នកក្រុមបាតុករនៅអឺរ៉ុប និងគ្រួសារនៅស្រុកខ្មែរនេះ គឺជាការដឹកនាំរំលោភសិទ្ធិសេរីភាពបញ្ចេញមតិពលរដ្ឋ និងរំលោភលើរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ។
លោក គៀន ពន្លក៖ «នេះជាសារគំរាមកំហែងខ្លាំងមែនទែនទៅលើពលរដ្ឋដែលរស់នៅលើប្រទេសប្រជាធិបតេយ្យ ហើយទៅលើបងប្អូនពលរដ្ឋទាំងអស់នោះនៅក្នុងប្រទេសកម្ពុជា វាជាការរំលោភលើសិទ្ធិសេរីភាពបញ្ចេញមតិ រំលោភលើសិទ្ធិសេរីភាពធ្វើកូដកម្មដោយអហិង្សាដែលមានចែងក្នុងច្បាប់នៃរដ្ឋធម្មនុញ្ញកម្ពុជា សារនេះទោះបីគាត់ផ្ញើមកពីសហភាពអឺរ៉ុប ក៏ដោយ ប៉ុន្តែវាប៉ះពាល់ខ្លាំង ចំពោះរដ្ឋធម្មនុញ្ញកម្ពុជាទីមួយ និងទីពីរប៉ះពាល់លើលទ្ធិប្រជាធិបតេយ្យ»
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ២ នៃច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធីចែងថា ច្បាប់នេះមានគោលបំណងធានាការពារសេរីភាពខាងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការធ្វើបាតុកម្មដោយសន្តិវិធី។
មាត្រា ៤ នៃច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធីដដែលចែងថា បាតុកម្មដោយសន្តិវិធី សំដៅលើការប្រមូលផ្ដុំគ្នា ឬការដង្ហែក្បួន ដោយមនុស្សមួយក្រុម ដើម្បីទាមទារ តវ៉ា សម្ដែងជាសាធារណៈនូវមនោសញ្ចេតនា គំនិត ឬឆន្ទៈរបស់ខ្លួនតាមរូបភាព ឬមធ្យោបាយផ្សេងៗ ដោយសន្តិវិធី។
ចំណែកសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស មាត្រា ២៧ ចែងថា មនុស្សគ្រប់រូបមានសិទ្ធិចូលរួមដោយសេរីក្នុងជីវភាពវប្បធម៌របស់ខ្លួន។ ដោយឡែកមាត្រា ៣៥ នៃរដ្ឋធម្មនុញ្ញវិញ កំណត់ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ហើយសេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវទទួលការពិនិត្យ និងដោះស្រាយដោយអង្គការរដ្ឋ។
ផ្ទុយទៅវិញ ក្រុមអ្នកសិទ្ធិមនុស្សលើកឡើងថា សារគំរាមរបស់លោក ហ៊ុន សែន ថា តាមថតរូបអ្នកចូលរួមបាតុកម្មប្រឆាំងនឹងលោក និងថែមទាំងព្រមានមិនឱ្យចូលស្រុកនេះ គឺជាទង្វើផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលការណ៍សិទ្ធិមនុស្សជាសកល។ ពួកគេលើកឡើងថា លោក ហ៊ុន សែន ដឹកនាំប្រទេសបែបផ្ដាច់ការដោយបិទសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិប្រមូលផ្តុំ សិទ្ធិអង្គការសង្គមស៊ីវិល និងសិទ្ធិសារព័ត៌មានជាដើម។ ក្រុមអ្នកការពារសិទ្ធិមនុស្សបានហៅសន្តិភាពក្រោមការដឹកនាំរបស់លោក ហ៊ុន សែន គឺជាសន្តិភាពក្លែងក្លាយ និងសន្តិភាពសម្រាប់តែក្រុមបក្ខពួករបស់លោកតែប៉ុណ្ណោះ ពួកលើកឡើងថា លោក ហ៊ុន សែន កំពុងតែទាញកម្ពុជាធ្វើជាកម្ពុជាផ្ដាច់មុខ របស់ក្រុមគ្រួសារត្រកូល ហ៊ុន របស់លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។