លោក ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-ចិន ស្របពេល​ចិន​ចង់​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​​ភូមា​ចូលរួម​ដែរ

0:00 / 0:00

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​​ចូលរួម​​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-ចិន នៅ​ថ្ងៃទី២២ ខែវិច្ឆិកា តាម​ប្រព័ន្ធវីដេអូ តបតាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​​ចិនលោក ស៊ី ជីនពីង (Xi Jinping) ដែល​ជា​សហប្រធាន និង​ជាអ្នករៀបចំ​កិច្ចប្រជុំ​នេះ។

សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា ផ្សាយ​កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឱ្យ​ដឹងថា កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​អាស៊ាន និង​ចិន​នេះ ធ្វើឡើង​ដើម្បី​រំលឹក​ដល់​ខួប​អនុស្សាវរីយ៍​លើកទី៣០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​រវាង​អាស៊ាន និង​ចិន។ ក្រសួង​ការបរទេស​កម្ពុជា ឱ្យដឹងដែរថា នៅក្នុង​កិច្ចប្រជុំ​នេះ ថ្នាក់ដឹកនាំ​អាស៊ាន និង​ប្រធានាធិបតី​ចិនលោក ស៊ី ជីនពីង នឹង​ពិភាក្សា​អំពីទិសដៅ​អនាគត និងរិះរក​មធ្យោបាយ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​អាស៊ាន និង​ចិន​បន្ថែមទៀត។ ក្រៅពីនេះ ភាគីពាក់ព័ន្ធ​ក៏​នឹង​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​ចំណាប់អារម្មណ៍ និង​ការបារម្ភរួម។

នៅ​ប៉ុន្មាន​ថ្ងៃ​មុនពេល​បើក​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ ប្រេសិត​ចិន បាន​ព្យាយាម​បញ្ចុះបញ្ចូល​រដ្ឋសមាជិក​អាស៊ាន​ឱ្យ​អនុញ្ញាត​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) នាយឧត្តមសេនីយ៍ មីន អ៊ុងហ្លាំង (Min Aung Hlaing) អាច​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នេះបាន។ ក៏ប៉ុន្តែ សំណើ​របស់​ចិន​នេះ រង​នូវ​ការជំទាស់​យ៉ាងខ្លាំង​ពី​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន។ ប្រទេស​សមាជិក​អាស៊ាន​ដែល​ជំទាស់​នឹង​ការបញ្ចុះបញ្ចូល​របស់​ចិន​នោះ រួមមាន ម៉ាឡេស៊ី (Malaysia) ឥណ្ឌូនេស៊ី (Indonesia) សិង្ហបុរី (Singapore) និង​ប្រ៊ុយណេ (Brunei)។ នេះ​បើយោងតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន រ៉យទ័រ (Reuters) របស់​អង់គ្លេស កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា។

វិទ្យុអាស៊ីសេរី មិន​ទាន់អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ដើម្បី​សុំ​ការបញ្ជាក់​អំពីជំហរ​របស់​កម្ពុជា​ជុំវិញ​រឿងនេះ បាន​នៅឡើយ​ទេ គិតត្រឹមម៉ោង​ផ្សាយ​នេះ។

យ៉ាងណា នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រមុខ​ការទូត​កម្ពុជាលោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រីថ្មី​នៃក្រសួង​ការបរទេស​ជប៉ុនលោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា (Hayashi Yoshimasa) កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ភាគី​ទាំងពីរ​មាន​ទស្សនៈ​ដូចគ្នា​ថា អាស៊ាន​មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​ប្រទេស​មីយ៉ាន់ម៉ា ស្វែងរក​វិធីដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​នេះ​ដោយសន្តិវិធី។

កាលពីខែតុលា ក្រុមមេដឹកនាំ​អាស៊ាន​ទាំង ១០ប្រទេស បាន​សម្រេចចិត្ត​ដ៏គួរឱ្យ​ភ្ញាក់ផ្អើល​មួយ មិនអនុញ្ញាត​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមាលោក មីន អ៊ុងហ្លាំង អាច​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​អាស៊ាន​បាន ដោយសារតែ​មេដឹកនាំ​រូបនេះ​បាន​បរាជ័យ​មិនព្រម​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច ដែល​បាន​សម្រេច​ដោយ​មេដឹកនាំ​អាស៊ាន​កាលពី​ថ្ងៃទី២៤ ខែមេសា កន្លងទៅ។

បញ្ហា​នៅ​ប្រទេសមីយ៉ាន់ម៉ា បាន​ក្លាយជា​ប្រធានបទ​ដ៏ចម្រូងចម្រាស​មួយ​នៅរៀងរាល់​ពេល​ដែល​មាន​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្រោយ​ពី​មេដឹកនាំ​យោធា លោក មីន អ៊ុងហ្លាំង បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ចេញពី​តំណែង​កាលពី​ដើមខែកុម្ភៈ។ យ៉ាងហោច​ណាស់ មាន​ពលរដ្ឋ​ភូមា​មិនតិច​ជាង ១ពាន់នាក់ឡើយ ត្រូវបាន​សម្លាប់​ដោយរបប​យោធា​ភូមា​នៅ​ក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​នេះ។

កម្ពុជា​នឹង​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរវេន​នៅឆ្នាំ២០២២ ខាងមុខនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។