លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកនឹងបន្តធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី ក្នុងការប្រកួតប្រជែងការបោះឆ្នោតជាតិ នាឆ្នាំក្រោយបន្តទៀត។ លោកថ្លែងបែបនេះក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥១ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នៅថ្ងៃ២៥ មីនា។ លោក ហ៊ុន សែន នឹងបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅឆ្នាំ២០២៣ ខាងមុខនេះទៀត។ ប៉ុន្តែលោកបញ្ជាក់ថា ប្រសិនបើមានការ ផ្លាស់ប្ដូរគឺអាចធ្វើឡើងនៅក្រោយពេលបោះឆ្នោតរួច៖ « ខ្ញុំបានប្រកាសហើយ ខ្ញុំធ្វើរហូតដល់ខ្ញុំឈប់ចង់ធ្វើ ព្រោះអត់ទើសក្បាលអាណាទេ កុំឱ្យវាពិបាកពេក រៀបចំចេះតែរៀបចំហើយ ត្រៀមគឺត្រៀមហើយ គេត្រូវតែត្រៀមហើយ ព្រោះធម្មតាគេត្រៀមមនុស្សសម្រាប់ការបន្តវេនស្អីៗ ហើយឆ្នាំ២០២៣ ខ្ញុំនឹងបន្តក្នុងឋានៈជាបេក្ខជននាយករដ្ឋមន្ត្រី នៃការបោះឆ្នោតជាបន្តទៀត » ។
នៅក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ គណបក្សនេះបានជ្រើសតាំង លោក ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជាតិ ហើយក៏បានបោះឆ្នោតគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគត បន្ទាប់ពីឪពុករបស់លោកដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។